ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ច្រើន​រយ​គ្រឿង​ជាប់​គាំង​លើ​ផ្លូវជាតិ​លេខ​៥ ជាង​២​ម៉ោង​ដោយសារ​ការ​តវ៉ា​បិទផ្លូវ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​លើកគ្នា​តវ៉ា​ផ្លូវ​បិទផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាប់​ព្រំប្រទល់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​បណ្ដាល​ឲ្យ​ស្ទះចរាចរណ៍​ជាង​២​ម៉ោង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​បាន​លើកគ្នា​តវ៉ា​ផ្លូវ​បិទផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាប់​ព្រំប្រទល់​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​បណ្ដាល​ឲ្យ​ស្ទះចរាចរណ៍​ជាង​២​ម៉ោង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ។ ទោះបី​យ៉ាងណា ក្រោយ​ពី​មានការ​សម្របសម្រួល ប្រជាពលរដ្ឋ​ក៏​ព្រម​បើកផ្លូវ​ឲ្យ​ដំណើរការ​វិញ​ហើយ ។

បើ​តាម​លោក ផល សុភាព អភិបាលរង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា វិវាទ​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ ស្ថិត​ក្នុងស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាមួយ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់​នេះ បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ដោយ​មានការ​សម្របសម្រួល​ដោះស្រាយ​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​មិន​ត្រូវ​គ្នា និង​ចុង​ក្រោយ ដោយ​មានការ​ឈូស​ដីស្រែ​ប្រាំង​របស់​ពួក​គាត់​ទៀត​ផង ទើប​មានការ​តវ៉ា​បិទផ្លូវ​បែប​នេះ​។

អភិបាលរង​ស្រុក​បរិបូណ៌​បាន​បញ្ជាក់​ពី​ប្រវត្តិ​នៃ​ដី​ទំនាស់​នេះ​ថា ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ ក្នុងស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​ទៅ​ធ្វើស្រែ​ប្រាំង​នៅ​ចំណុច​ចាន់​ជ្វា ចាន់​ត្រក ខ្មោច​ម៉ា​រាម និង​ទូក​មាស ជាដើម ដែល​ជា​ទឹកដី​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ពួក​គាត់ មាន​ផ្ទៃដី​ស្រែប្រាំង​ក្នុង​ម្នាក់​ៗ​ចាប់ពី​១​ហិច​តា​ឡើង​ដល់​៣​ទៅ​៤​ហិ​កតា ។ ប៉ុន្តែ​ក្រោយមក រដ្ឋបាល​ខេត្ត ពោធិ៍សាត់ បាន​សម្រេច​រឹបអូស​យក​ដី​ទាំងនោះ​វិញ ព្រោះ​ជា​ទឹកដី​គ្រប់គ្រង​ដោយ​រដ្ឋបាល​ខេត្តពោធិ៍​សាត់​។

ប្រភព​ដដែល​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​លើ​ទឹកដី​ទាំងនោះ​ក៏​លើក​ឡើង​ថា ជីវិត​របស់​ពួក​គាត់​រស់​លើ​ជង្រុក​ស្រូវ​ស្រែប្រាំង​នោះ​ហើយ បើ​ដក​ដី​ពី​ពួក​គាត់​ដូច​ឱ្យ​គាត់​ស្លា​.​ប់​យ៉ាង​ដូច្នេះ​ដែរ ។ លុះ​ក្រោយ​ពី​ការ​តវ៉ា​ជា​បន្តបន្ទាប់​ជា​ច្រើន​លើក​ច្រើន​សារ និង​លើក​ចុង​ក្រោយមក​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ បាន​សម្រេច​ប្រគល់​ដី​ចំនួន​កន្លះ​ហិ​កតា​ឲ្យ​ពួក​គាត់​ក្នុង​មួយ​គ្រួសារ​ៗ គឺ​ក្បាល​៥០ និង​បណ្ដោយ​១០០​ម៉ែត្រ​ជា​ដី​ឡូ​តិ៍ ដែល​ពួក​គាត់​មិន​អាច​ធ្វើស្រែ​ប្រាំង​បាន​ឡើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថ្មី​ៗ នេះ រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ក៏​បាន​ដាក់​គ្រឿងចក្រ​មក​ឈូស​ឆាយ​លើ​ស្រែប្រាំង​របស់​ពួក​គាត់ ដោយ​លើក​ជា​ផ្លូវ​ដាក់​បង្គោល​ភ្លើង​ក្នុង​គម្រោង​អ្វីមួយ​មិន​អាច​យល់​បាន ព្រោះ​ជា​ទឹកដី​របស់​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្នុង​នាម​លោក​ជា​រដ្ឋបាល​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​ត្រឹមតែ​ចុះ​សម្របសម្រួល​ជា​ច្រើន​លើក​ច្រើន​សារ​តែ​ប៉ុណ្ណោះ​មិន​អាច​ដឹង​អ្វី​បាន​ទេ ។

ដោយឡែក​លោក ឃួ​ន សៅ​រុំ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​បរិបូណ៌ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ​ដែរ​ក៏​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ឲ្យ​ភ្នាក់​ងារ​យើង​ដឹង​ថា ក្រោយ​ពី​មានការ​សម្របសម្រួល ប្រជាពលរដ្ឋ​ព្រម​ដកថយ និង​បើកផ្លូវ​ឲ្យ​ដំណើរការ​វិញ បន្ទាប់​ពី​បិទ​ចរាចរណ៍​ជាង​២​ម៉ោង ដែល​ធ្វើ​ឱ្យ​ស្ទះ​រថយន្ត​ជា​ច្រើន​រយ​គ្រឿង​។ ពួក​គាត់​សម្រេច​បើកផ្លូវ​ឲ្យ​ដំណើរការ​វិញ ក៏​ដោយសារ​ថ្ងៃស្អែក គឺ​ថ្ងៃ​ទី​២០ ខែកញ្ញា ប្រជាពលរដ្ឋ​ទាំងនោះ​នឹង​មក​ជួប​ដោះស្រាយ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ដើម្បី​រក​ច្រកចេញ​ថា តើ​គួរ​មាន​វិធានការ​បែប​ណា​ដើម្បី​ទទួលយក​បាន​ទាំងអស់​គ្នា​រវាង​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង និង​រដ្ឋបាល​ខេត្តពោធិ៍សាត់​ផង​ដែរ?​។

យ៉ាងនេះ​ក្តី ភ្នាក់ងារ​ប្រចាំ​ខេត្តកំពង់ឆ្នាំង មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់​បាន​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា ដើមហេតុ​នៃ​សាច់​រឿង​បិទផ្លូវ គឺ​ដោយសារ​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​អ្នក​ខេត្តកំពង់ឆ្នាំង ជាមួយ​រដ្ឋបាល​ខេត្តពោធិ៍សាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ