ខេត្តឧត្តរមានជ័យ ៖ ឈើគ្រញួងនៅលើកំពូលភ្នំដងរែកល្បីថា មាន៣ទៅ៤តោន តែពេលកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបចាប់បានតែ៤០០គីឡូក្រាមប៉ុណ្ណោះ ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី១៦ កុម្ភៈ ២០១៦ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ហៅភូមិទំនប់៥ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។
អ្នកភូមិអភិវឌ្ឍន៍ក្នុងឃុំអូរស្វាយបានរៀបរាប់ថា នៅពេលសព្វថ្ងៃនេះ គេសង្កេតឃើញមានមនុស្សចំណាកស្រុក ចូលមកស្នាក់នៅជាច្រើន ពួកគេត្រៀមខ្លួនរង់ចាំថៅកែឈើគ្រញួងបង្គាប់ឱ្យឡើងភ្នំដងរែក ឆ្លងដែនចូលទៅក្នុងទឹកដីថៃ រុករកកាប់ឈើគ្រញួងយកមកលក់ឱ្យពួកខ្លួន ។
អ្នកភូមិដដែលបន្តថា ពលរដ្ឋទាំងអស់នេះ ត្រូវបានក្រុមឈ្មួញរៀបចំជាក្រុមៗ សម្រាប់ងាយស្រួលបង់លុយទៅឱ្យយសមត្ថកិច្ចដែលឈរជើងក្នុងតំបន់នោះ ក្នុងម្នាក់ៗអស់ចំនួន១៦ម៉ឺនរៀល ទើបឆ្លងដែនបាន ហើយបានឈើត្រូវវិលត្រឡប់មកវិញ សមត្ថកិច្ចត្រូវថ្លឹងឈើគ្រញួង ក្នុង១គីឡូក្រាមតម្រូវឱ្យបង់ក្នុងតម្លៃ១ពាន់រៀលទៀត ។
អ្នកភូមិបានបញ្ចាក់ថា នៅក្នុងឃុំអូរស្វាយ និងឃុំទំនប់ដាច់ មានច្រកចេញចូលមិនក្រោម១០ ក៏ប៉ុន្តែច្រកនីមួយៗ សុទ្ធតែមានក្រុមថៅកែឈើគ្រញួងម៉ៅការផ្តាច់មុខ ។
កងកម្លាំងចម្រុះម្នាក់បានឱ្យដឹងថា ឈើគ្រញួងត្រូវបានគេទម្លាក់ពីលើកំពូលភ្នំចំណុចច្រកឈើទាលជ្រុំចំនួន៣តោន ទើបសមត្ថកិច្ចបង្កើតកម្លាំងចម្រុះចុះធ្វើការបង្ក្រាបរកឃើញឈើគ្រញួងចំនួន៤០០គីឡូក្រាម ដឹកឱ្យទៅរក្សាទុកនៅអធិការស្រុកត្រពាំងប្រាសាទជាសម្បត្តិរដ្ឋ ។
គួរំលឹកថា នៅជាយដែនខ្មែរ-ថៃនេះ កន្លងមកចរាចរណ៍ឈើគ្រញួង និងអាយុជីវិតពលរដ្ឋខ្មែរ ដែលបានស្លាប់ដោយសារចុងការណុងកាំភ្លើងក្រុមទាហានថៃ ត្រូវបានស្ងប់ស្ងាត់អស់មួយរយៈ ។ តែសព្វថ្ងៃនេះ ឈើគ្រញួងមានហាងឆេង និងមានចរាចរណ៍ឡើងវិញ ។
គាប់ជួននឹងសមត្ថកិច្ចព្រំដែនបើកដៃឱ្យគេឡើងភ្នំដងរែកចូលដីថៃកាប់ឈើគ្រញូងទៀតនោះ ទើបមជ្ឈដ្ឋាននានាថ្កោលទោសសមត្ថកិច្ច ព្រោះកំពុងយកអាយុជីវិតពលរដ្ឋទៅប្តូរនឹងការធ្វើមានបានរបស់ខ្លួន ។
ចែករំលែកព័តមាននេះ