វីតាមីន E ពិតជាសមាសធាតុប្រឆាំងអុកស៊ីដកម្មដ៏ខ្លាំងក្លាមួយ ហើយប្រសិទ្ធភាពរបស់វាទៅលើសុខភាពមនុស្សក៏មានច្រើនប្រការដែរ ។ វាត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងថ្នាំពេទ្យ និងផលិតផលថែរក្សាសម្ផស្ស ។ តើវាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពមនុស្ស ?
១-ថែរក្សាស្បែកនិងការពារកាំរស្មីយូវី ៖ វាជួយឱ្យស្បែកមានសំណើម កាត់បន្ថយភាពជ្រីវជ្រួញជាពិសេសការពារស្បែកពីការបំផ្លាញដោយកាំរស្មីយូវី គេចផុតពីការប្រែក្លាយជាមហារីក ។
២-ថែរក្សាសុខភាពសក់ ៖ វីតាមីន E បានក្លាយជាសមាសធាតុផ្សំចាំបាច់ជាងគេក្នុងផលិតផលសាប៊ូកក់សក់ ប្រេងអប់សក់ និងម៉ាស់បិទមុខ ។ មុខងារដ៏សំខាន់របស់វាគឺធ្វើឱ្យសក់មានសំណើម ចិញ្ចឹមសរសៃសក់ដែលខូចក៏ដូចជា ឫសសក់និងស្បែកក្បាលស្ងួតផងដែរ ។
៣-ជំរុញដល់សុខភាពខួរក្បាល ៖ ការរកឃើញថ្មីៗនេះបានបង្ហាញថា វីតាមីន E គ្រប់ទម្រង់ទាំងអស់ដើរតួនាទីយ៉ាងសំខាន់ជំរុញដល់សុខភាពខួរក្បាល ។ វាជួយកាត់បន្ថយហានិភ័យពីជំងឺភ្លេចភ្លាំង និងការចុះអន់ថយមុខងារយល់ដឹង ។ ទោះជាយ៉ាងនេះក្តី វីតាមីន E ក្នុងទម្រង់ជាថ្នាំគ្រាប់អាចនឹងបង្កើតបញ្ហាដល់សុខភាព ក្នុងករណីប្រើប្រាស់លើសកម្រិត ។ ចូរផ្តោតជាសំខាន់លើវីតាមីន E ដែលមានក្នុងចំណីអាហារ ។
៤-ជំរុញដល់សុខភាពបេះដូង ៖ បណ្តាអ្នកស្រាវជ្រាវបានរកឃើញថា ប្រើប្រាស់វីតាមីន E គ្រប់គ្រាន់អាចជួយកាត់បន្ថយហានិភ័យពីជំងឺបេះដូងទូទៅ ។ ដើម្បីធ្វើឱ្យបេះដូងនិងបណ្តាសរសៃឈាមកាន់តែរឹងមាំ និងមានសុខភាពល្អ គេគួរទទួលបានវីតាមីន E ប្រចាំថ្ងៃគ្រប់គ្រាន់ ។ វិធីល្អបំផុតដើម្បីទទួលបានវីតាមីននេះគឺដោយការទទួលទានរបបអាហារមានដូចជា គ្រាប់ផ្លែអាល់ម៉ុន សណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន និងបណ្តាបន្លែបៃតងជាដើម ។
៥-ជំរុញដល់ការផលិតកោសិកាឈាម ក្រហម ៖ កោសិកាឈាមក្រហមមាននាទីសំខាន់ក្នុងការចែកចាយអុកស៊ីសែនទៅគ្រប់ផ្នែកនៃរាងកាយ ។ នៅពេលបណ្តាជាលិកាទទួលបានអុកស៊ីសែនគ្រប់គ្រាន់ហើយនោះ ការបំពេញមុខងាររបស់ពួកវាក៏កាន់តែល្អប្រសើរផងដែរ ។ សមាសធាតុប្រឆាំងអុកស៊ីដកម្មរបស់វីតាមីន E ត្រូវគេដឹងថាបានជំរុញឱ្យរាងកាយផលិតកោសិកាឈាមក្រហមថ្មីៗកាន់តែច្រើននិងព្រមទាំងជួយសម្រួលដល់ដំណើរការផលិតនេះឱ្យប្រព្រឹត្តទៅដោយរលូនផងដែរ ។
តើគេអាចទទួលអាហារអ្វីខ្លះដើម្បីបង្កើនវីតាមីន E ឱ្យគ្រប់គ្រាន់ ?
វីតាមីន E សម្បូរនៅក្នុងអាហារមួយចំនួនដូចជា ផ្លែគីវី គ្រាប់ផ្កាឈូករ័ត្ន ផ្លែស្វាយ ប៉េងប៉ោះ គ្រាប់អាល់ម៉ុន ប្រភេទស្ពៃស្លឹក Spinach និងប៊័រធ្វើពីសណ្តែកដីជាដើម ៕
ចែករំលែកព័តមាននេះ