ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះអស់គ្រឿងក្នុងបន្ទប់គេងថៅកែហាងគុយទាវចិន នៅទឹកថ្លា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ហាងគុយទាវ យីហោ «ឡូសឺ» របស់ជនជាតិចិន ត្រូវបានអគ្គិភ័យឆាបឆេះ នៅជាន់ទី២ បណ្តាលអោយ​បន្ទប់គេងរបស់ថៅកែចិន រងការខូចខាតទាំងស្រុង។ ហេតុការណ៍នេះ…

រាជធានីភ្នំពេញ៖ ហាងគុយទាវ យីហោ «ឡូសឺ» របស់ជនជាតិចិន ត្រូវបានអគ្គិភ័យឆាបឆេះ នៅជាន់ទី២ បណ្តាលអោយ​បន្ទប់គេងរបស់ថៅកែចិន រងការខូចខាតទាំងស្រុង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៥ និង ២០នាទី ល្ងាច​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅ​ហាងគុយទាវ ឡូសឺ ដែលស្ថិតនៅផ្ទះលេខP63 ក្នុងក្រុម៥ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហាងគុយទាវ ដែល​ត្រូវភ្លើងឆេះនោះ ​មានម្ចាស់​ឈ្មោះ​ ZHANG PENG ជនជាតិចិន ភេទប្រុស អាយុ ៣២ឆាំ្ន ដែលបានជួល​ពីម្ចាស់ផ្ទះ​ ឈ្មោះ ទី និមល ភេទប្រុស អាយុ ៤២ឆាំ្ន។

សាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះ ផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់ជាន់ទី២ បង្កអោយមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ក្បែរខាង និង​បានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅអន្តរាគមន៍។

​នគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុង​ហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង បានទៅអន្តរាគមន៍ ដោយ​បាញ់ពន្លត់អស់ ៣គ្រឿង ហើយភ្លើង បានរលត់ទៅវិញ នៅវេលាម៉ោងប្រមាណ ៦ល្ងាច ដោយ​ពុំបណ្តាលអោយឆេះរាលដាលទៅផ្ទះអ្នកជិតខាង​ឡើយ។

នគរបាល អោយដឹងថា មូលហេតុ ដែលកើតមានអគ្គិភ័យនេះ​ បណ្តាល​មកពីទុស្សេខ្សែភ្លើង នៅបន្ទប់ដេក ធ្វើពីបេតុង នៅជាន់ទី២។ អគ្គិភ័យនេះ បានឆាបឆេះសម្ភារៈ និងរបស់ប្រើប្រាស់ នៅក្នុងបន្ទប់ដេកជាន់ទី២ទាំងស្រុង តែមិន​បណ្តាលអោយភ្លើងឆេះរាលដាលដល់លំនៅឋានរបស់អ្នកជិតខាងឡើយ៕ ម៉េងធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ