ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ៗអ្នក​ម្តាយលោកឪពុក ​សូម​យក​កូន​អាយុ​ពី៦​ដល់​ក្រោម​១២​ឆ្នាំ ទៅ៤២ទីតាំង​នេះ​ដើម្បី​ចាក់​វ៉ាក់សាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​អាយុ​ចាប់ពី​៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ឱ្យ​ដឹង​ថា ទីតាំង​ចំនួន ៤២ កន្លែង…

រាជធានី​ភ្នំពេញ ៖ ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​អាយុ​ចាប់ពី​៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ឱ្យ​ដឹង​ថា ទីតាំង​ចំនួន ៤២ កន្លែង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​សម្រាប់​ចាក់​ជូន​កុមារ​កម្រិត​ថ្នាក់បឋមសិក្សា ។

រូបកុមារទទយលការព្យាបាលជាសះស្បើយពីកូវីដ-១៩ កន្លងមក

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា កន្លង​មក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ពី​១៨ ឆ្នាំ​ឡើង​ទៅ និង​កុមារ​-​យុវវ័យ ដែល​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ ដល់​ក្រោម ១៨ ឆ្នាំ​សម្រេច​បាន​១០០% នៃ​ផែនការ​កំណត់ ហើយ​កំពុង​បន្ត​ចាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង ហើយ​មាន​វត្ត​មាននៅ​រាជធានី​ភ្នំពេញ និង​កំពុង​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ «​ដូ​ស​ជំរុញ​» នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ផង​ដែរ​។ យ៉ាងណាមិញ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​តេ​ជោ បាន​ដាក់​ចេញ​នូវ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ ក្នុង​គោលដៅ​កាត់​ផ្តាច់​ការ​គំរាមកំហែង​នៃ​មេរោគ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​បង្កើន​ការ​គ្របដណ្តប់​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​៦-១៩ ជា​ពិសេស​ការ​ឈាន​ទៅ​បើក​ដំណើរការ​គ្រឹះស្ថាន​បឋម​សិក្សា​ឡើង​វិញ​។

ក្នុង​ន័យ​នេះ និង​ដោយ​ទទួល​បានការ​ប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស (​គ​.​វ​.​ក​-១៩) ក្នុង​នាម​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​កុមារ​ដែល​មាន​អាយុ​ចាប់ពី ០៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​ដូ​ស​ទី​១ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២១ និង​សម្រាប់​ដូ​ស​ទី​២​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ រៀង​រាល់​ម៉ោង ០៨:០០​នាទី​ព្រឹក ដល់​ម៉ោង ១៧:០០​នាទី​រសៀល តាម​រយៈ​ការ​អញ្ជើញ និង​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​ទីតាំង​ចំនួន ៤២ ទីតាំង ដែល​បាន​កំណត់​ជូន​ដូច​មាន​ក្នុង​ឧ​ប​សម្ព័ន្ធ​នៃ​សេចក្តីជូនដំណឹង​នេះ​។

ទន្ទឹម​នឹង​នេះ​ចំពោះ​កុមារ​ដែល​មាន​អាយុ​ចាប់ពី ០៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ដែល​មក​ទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ សូម​មាតាបិតា​-​អាណាព្យាបាល និង​អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ​ទាំងអស់ មេត្តា​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ និង​អនុវត្ត​គោលការណ៍​ចាំបាច់ ដូច​ខាងក្រោម​៖ – សំបុត្រ​កំណើត ឬ សំបុត្រ​បញ្ជាក់​កំណើត ឬ​លិខិតឆ្លងដែន ឬ​សៀវភៅ​ស្នាក់​នៅ ឬ​សៀវភៅ​គ្រួសារ​ ។ – ចំពោះ​កុមារ ដែល​រស់នៅ​ជាមួយ​មាតាបិតា​-​អាណាព្យាបាល ត្រូវ​មាន​លិខិត​ព្រមព្រៀង​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ជា​លាយលក្ខណ៍អក្សរ​ពី​សំណាក់​មាតាបិតា​-​អាណាព្យាបាល – ចំពោះ​កុមារ ដែល​ស្នាក់​នៅ​ឆ្ងាយ​ពី​មាតាបិតា​-​អាណាព្យាបាល តម្រូវ​ឱ្យ មាតាបិតា​-​អាណាព្យាបាល បំពេញ​នូវ​លិខិត​ព្រមព្រៀង​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ជា​លាយលក្ខណ៍អក្សរ ហើយ​ផ្ញើ​តាម​ប្រព័ន្ធ​អន​ឡាញ​មក បុត្រ​ធីតា​ឬ​សាច់ញាតិ ដើម្បី​ផ្តល់​ឱ្យ​គ្រូពេទ្យ​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង​ផ្ទាល់ – ចំពោះ​កុមារ​កំព្រា​ដែល​រស់នៅ​តាម​មណ្ឌល​នានា ត្រូវ​មាន​លិខិត​ព្រមព្រៀង​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ជា​លាយលក្ខណ៍អក្សរ​ពី​សំណាក់​អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ – ចំពោះ​កុមារ​ដែល​ជា​ជនអនាថា មិន​អាច​កំណត់​អត្តសញ្ញាណ​មាតាបិតា គ្មាន​អាណាព្យាបាល និង​មិន​មាន​ទីតាំង​ស្នាក់​នៅ​ពិតប្រាកដ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​- សម្បទា​រាជធានី​ភ្នំពេញ ដើម្បី​ចេញ​លិខិតបញ្ជាក់ និង​នាំ​យក​ពួក​គេ​មក​ទទួល​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​ៗ​គ្នា​។​

ជា​ថ្មី​ម្តងទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក​និង​អំពាវនាវ ចំពោះ​មាតាបិតា​-​អាណាព្យាបាល​ដែល​ត្រូវ​នាំ​បុត្រ​ធីតា​ឬ​សាច់ញាតិ មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យ​បានជា​ដាច់ខាត​នូវ​ការ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស តម្រង់​ជួរ ចៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា ណែនណាន់តាន់តាប់ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​ការ​ចូលរួម​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ -៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ឈរ​លើ​ស្មារតី​ស្រឡាញ់​ជាតិ សហគមន៍ គ្រួសារ​និង​អាយុជីវិត​ផ្ទាល់ខ្លួន​ក្នុង​ឆន្ទៈ​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ឈាន​ទៅ​កាត់​ផ្តាច់ និង​លុប​បំបាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ក្នុង “​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១​ឱ្យ​បាន​ឆាប់​នា​ពេល​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ