រាជធានីភ្នំពេញ ៖ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ដឹកសង្សារដើរលេងបើកម៉ូតូវ៉ារថយន្តលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ កុម្ភៈ តាមបណ្តោយមហាវិថីព្រះនរោត្តមកែងផ្លូវ២២២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ជិះគ្នា២នាក់គូសង្សារ បើកបរក្នុងទិសដៅពីជើងទៅត្បូង ។ ចំណែរថយន្តរងគ្រោះម៉ាកCOROLLA ពណ៌ស ស៊េរី២០១៦ ជិះម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើង ។ សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ដឹកសង្សារធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម លុះមកដល់ចំណុចផ្លូវកែងលេខ២២២ ដោយសារតែម៉ូតូបើកលឿនហើយវ៉ារថយន្តមួយគ្រឿងនៅពីមុខមិនចាំម៉ាក ស្របពេលរថយន្តបើកបរបញ្ច្រាសទិសគ្នាបម្រុងបត់ឆ្វេងក៏ត្រូវម៉ូតូបុកចំចំហៀងខាងឆ្វេងបណ្តាលម៉ូតូដួលរងរបួសធ្ងន់នារីម្នាក់ រីឯបុរសដែលជាអ្នកឌុបរងរបួសស្រាល ចំណែកម៉ូតូនិងរថយន្តវិញខូចខាតទាំងស្រុង ។
ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះដឹកយកជនរងគ្រោះទាំង២នាក់ទៅព្យាបាលនៅគ្លីនិកឯកជនមួយ រីឯម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅចរាចរណ៍ជើងគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ