ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ភ្នំពេញ​៖  អារម្មណ៍ភ័យផង អរផង បានគ្របដណ្តប់លើ​គ្រូបង្រៀន សិស្សានុសិស្ស និង​ឪពុកម្តាយ​សិស្ស នៅពេល​ដែល​សាលារៀនបើកឡើងវិញ បន្ទាប់ពីការអាក់ខានជិត​មួយឆ្នាំមក។ អារម្មណ៍ត្រេកអរ គឺសិស្ស…

​ភ្នំពេញ​៖  អារម្មណ៍ភ័យផង អរផង បានគ្របដណ្តប់លើ​គ្រូបង្រៀន សិស្សានុសិស្ស និង​ឪពុកម្តាយ​សិស្ស នៅពេល​ដែល​សាលារៀនបើកឡើងវិញ បន្ទាប់ពីការអាក់ខានជិត​មួយឆ្នាំមក។

អារម្មណ៍ត្រេកអរ គឺសិស្ស បានជួបជុំគ្នា និងរៀននៅតាមថ្នាក់ផ្ទាល់ ដែលមានប្រសិទ្ធភាពជាងការរៀនអនឡាញ។ អារម្មណ៍​ភ័យព្រួយ គឺការបារម្ភខ្លាចថា ការរៀនតាមថ្នាក់ផ្ទាល់នេះ នឹងអាចនាំដល់ការឆ្លងរាលដាលមេរោគកូវីដ១៩ កាន់តែធ្ងន់​នៅកម្ពុជា។

អារម្មណ៍ទាំងនេះ កើតឡើង ក្នុងពេល​​អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​បើក​ដំណើការ​សាលារៀន​ឡើងវិញ ទាំង​សាលារៀន​រដ្ឋ និង​ទាំង​សាលា​ឯកជន កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា​នេះ នាំ​ឲ្យ​គ្រូបង្រៀន​ខ្លួន និង​ប្រជាពលរដ្ឋ​មួយចំនួន ជា​អាណាព្យាបាល​សិស្ស ព្រួយបារម្ភ ខ្លាច​បើក​សាលារៀន​ឡើងវិញ ក្លាយជា​រលក​ថ្មី នៃ​ការឆ្លង​កូ​វីដ​១៩​។ ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ យល់ឃើញ​ផ្ទុយ​ពីនេះ ហើយ​ថា មាន​ភាពចាំបាច់ ដែល​សាលារៀន ត្រូវ​បើក​ឡើងវិញ ដើម្បី​ឲ្យ​សិស្សានុសិស្ស មានឱកាស​រៀនសូត្រ​ពេញលេញ ឲ្យ​ទាន់​ប្រទេស​គេ​ផ្សេងទៀត​។​

​ក្តីបារម្ភ​របស់​អាណាព្យាបាល និង​គ្រូបង្រៀន​ខ្លះ ក្នុងពេល​សាលារៀន ពិសេស​នៅ​ភ្នំពេញ បើក​ដំណើរការ​ឡើងវិញ នាពេលនេះ ដោយសារតែ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង ប្រមាណ ១​សប្តាហ៍​នេះ មាន​អ្នក​ឆ្លង​កើនឡើង​ពី​ជាង ៥០០​នាក់ មកដល់​ជាង ៦០០​នាក់ ក្នុង ១​ថ្ងៃៗ ហើយ​ចំនួន​អ្នកស្លាប់​ជា​មធ្យម​ជាង ១០​នាក់ ក្នុង ១​ថ្ងៃ​។​

​យ៉ាងណាក៏ដោយ អំឡុងពេល​សាលារៀន​បើក​ឡើងវិញ​នេះ មិន​ថា នៅ​ភ្នំពេញ ឬក៏​នៅ​បណ្តា​ខេត្ត​នានា​ទេ ទាំង​នៅ​សាលារៀន​រដ្ឋ និង​ទាំង​នៅ​សាលារៀន​ឯកជន គឺមាន​ជម្រើស ២ សម្រាប់​សិស្សានុសិស្ស​។ មក​រៀន​ដោយផ្ទាល់ នៅក្នុង​ថ្នាក់រៀន តាម​ចំនួន​កំណត់ ក្នុង ១​ថ្នាក់ មិន​លើសពី ១៥​នាក់ និង​អាច​ជ្រើស​រើសយក​ការបន្ត​រៀន​តាម​អន​ឡាញ ដូច​រៀងរាល់ថ្ងៃ​។ ក្នុងនោះ មាន​អាណាព្យាបាល​មួយចំនួន ពិសេស​នៅ​សាលារៀន​ឯកជន សម្រេច​ឲ្យ​កូន បន្ត​រៀន​អន​ឡាញ នៅផ្ទះ ក្នុងពេល​សាលារៀន បើកទ្វារ​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃទី​១៥ ខែកញ្ញា​នេះ នៅ​រាជធានី​ភ្នំពេញ​។​

​យ៉ាងណាក៏ដោយ នៅ​មណ្ឌលគិរី បាន​បើក​ដំណើរការ​សាលារៀន ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ចាប់តាំងពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ហើយ​មកដល់ពេលនេះ មិនមាន​បញ្ហា​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ លើ​គ្រូ និង​សិស្ស នៅឡើយ​ទេ​។ រីឯ​នៅ​ខេត្ត​ព្រះសីហនុ ក៏បាន​បើក​ដំណើរការ​សាលារៀន​ឡើងវិញ នៅ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ចំនួន ៥​សាលា នៅតាម​ក្រុង​ស្រុក​ទាំង​៥ នៃ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣​កញ្ញា ដោយ​តម្រូវ​ឲ្យ​ទាំង​គ្រូ និង​ទាំង​សិស្ស ត្រូវធ្វើ​តេស្តរ​កកូ​វីដ​១៩ នៅ​មុនពេល​ចូលរៀន រួមទាំង​អនុវត្ត​វិធានការ​នានា ដែល​ក្រសួង​អប់រំ បានកំណត់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ក្រៅពីនោះ នៅពេល​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ​នេះ តាម​សាលា ក៏មាន​ម៉ាស៊ីន​វាស់​កម្តៅ អាល់កុល ឬ​ជែ​ល កន្លែង​លាង​សម្អាត​ដៃ នៅមុខ​ថ្នាក់រៀន​នីមួយៗ រក្សា​គម្លាត​សុវត្ថិភាព ហើយ​នៅពេល​ចេញលេង មិនត្រូវ​ឱ្យ​សិស្ស​ចេញ​ពេល​ស្របគ្នា​នោះទេ ដើម្បី​ធានា​ដល់​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​កូ​វីដ​-១៩​។​

​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ក្រសួង​អប់រំ បានចេញ​សេចក្តីណែនាំ ស្តីពី គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ សម្រាប់​ការលើកកម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា ក្នុងការ​បង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសាធារណៈ និង​ឯកជន​។ ក្រសួង កំណត់ថា ក្នុងពេល​បើក​សាលារៀន​ឡើងវិញ នាពេលនេះ ទាំង​គ្រូ និង​ទាំង​សិស្ស ត្រូវតែ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ មុនពេល​ចូល​សាលារៀន​។ ចំពោះ​សិស្ស និង​គ្រូ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ មិនគួរ​អនុញ្ញាត​ឲ្យ​ចូលក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ឬ​ការរៀន​តាម​បណ្តុំ​នោះទេ​។ ប៉ុន្តែ​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង ត្រូវ​បង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​។

​ក្នុងនោះ ដើម្បី​ពង្រឹង​យន្តការ​លើកកម្ពស់​សុខ​ភាព និង​សុវត្ថិភាព​សិក្សា ក៏ដូចជា​ការរួមចំណែក​កាត់បន្ថយ​ហានិភ័យ ការបង្ការ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្រសួង​អប់រំ បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​សាលារៀន​រដ្ឋ និង​សាលារៀន​ឯកជន ៧​ចំណុច រួមមាន​៖ ១-​ការបង្កើត​គណៈកម្មកា​រ​សុខភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា ២-​វិធានការ​សុវត្ថិភាព និង​អនាម័យ ៣-​បរិក្ខារ​អនាម័យ ៤-​ការធ្វើ​តេស្ត​រហ័ស អង់​ទី​ហ្សែ​ន រ​កូ​វីដ​១៩ ៥-​ការចាក់​ថ្នាំ​បង្ការ ៦-​សុវត្ថិភាព​ចំណីអាហារ និង​៧-​ការថែទាំ​សុខភាព​ផ្លូវចិត្ត​។​

​ក្នុងពេល​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នេះ ក្រសួង​អប់រំ ក៏បាន​ណែនាំ​ឲ្យ​សាលារៀន​និ​មួយៗ ត្រូវ​រៀបចំ​បន្ទប់​សុខភាព​ក្នុង​គ្រឹះស្ថានសិក្សា ដោយ​បំពាក់​នូវ​សម្ភារៈ​ចាំបាច់​សម្រាប់​សង្គ្រោះ​បឋម និង​ឧបករណ៍​វាស់​ស្ទង់កម្តៅ ម៉ាស់ ទឹក​អាល់កុល ឬ​អាល់កុល​ជែ​ល សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ក្នុងនោះ គ្រូ និង​សិស្ស ត្រូវ​ពាក់​ម៉ាស់ ដែល​អាច​បង្ការ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវ​ទុកដាក់​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ បន្ទាប់ពី​ប្រើប្រាស់​រួច​។ ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​ទឹកស្អាត និង​សាប៊ូ ឬ​ទឹក​អាល់កុល ឬ​អាល់កុល​ជែ​ល ពេល​ចូល​បរិវេណ​គ្រឹះស្ថានសិក្សា មុន​ចូល​បន្ទប់រៀន​តាម​បណ្តុំ មុនពេល​បរិភោគ​អាហារ បន្ទាប់ពី​ក្អក ឬ​កណ្តាស់ ក្រោយពេល​ចេញពី​បង្គន់​អនាម័យ​ឲ្យ​បាន​ញឹកញាប់​។​

​ក្រសួង​អប់រំ ក៏បាន​ណែនាំ​ឲ្យ​សាលារៀន ត្រូវ​រៀបចំ​ឲ្យ​មាន​គម្លាត​សុវត្ថិភាព​នៅ​គ្រប់​ទីតាំង​រៀន​តាម​បណ្តុំ ក្នុង​គ្រឹះស្ថានសិក្សា រួមទាំង​ទីតាំង​តុ កៅអី ក្នុង​បន្ទប់រៀន យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពីគ្នា ដោយ​កំណត់​រូបភាព ជាការ​រៀន​តាម​បណ្តុំ ដែលមាន​ចំនួន​តិចជាង ១៥​នាក់​។​

​មុន​ថ្ងៃ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ គឺ​នៅ​រាជធានី​ភ្នំពេញ បានធ្វើ​តេស្ត​យក​សំណាក​កូ​វីដ​១៩ លើ​គ្រូបង្រៀន និង​បុគ្គលិក​សិក្សា ចាប់ពី​ថ្ងៃទី​១០​កញ្ញា​។ ជាលទ្ធផល អាជ្ញាធររាជធានីភ្នំពេញ ប្រកាសថា រកឃើញគ្រូ និងបុគ្គលិកអប់រំ ២៤នាក់ ឆ្លងកូវីដ១៩ ក្នុងចំណោមលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំ ចំនួន ១០ ៤៤៣​នាក់ ដែលបានធ្វើតេស្ត​រហ័ស រកកូវីដ១៩​។​

យ៉ាងណាក៏ដោយ ទាំងគ្រូ និងទាំង​​សិស្ស ក៏ត្រូវ​តែ​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ទើប​អនុញ្ញាត​ឲ្យ​ចូល​បង្រៀន និង​រៀន ក្នុង​ថ្នាក់​ដោយផ្ទាល់​។​

​ការសម្រេច​បើក​ដំណើរការ​សាលារៀន​ឡើងវិញ នាពេលនេះ ត្រូវ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ពន្យល់​ទៅកាន់​មហាជន​ថា ការបើក​សាលារៀន​ឡើងវិញ​នេះ គឺ​យើង​ចង់បាន​ទាំង​សុខុមាលភាព និង​ទាំង​ចំណេះដឹង​របស់​យុវជន​យើង​។ នៅ​ភ្នំពេញ សព្វថ្ងៃ ទទួលបាន​សុវត្ថិភាព ទោះបីជា​រាល់ថ្ងៃ នៅមាន​ឆ្លង​កូ​វីដមែន តែ​ថយចុះ ទាំង​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ ក៏​ថយ​ដែរ គឺ​ថយ​ពី ៣០​នាក់ ក្នុង ១​ថ្ងៃ មក​នៅត្រឹម ៥​នាក់ ក្នុង ១​ថ្ងៃ​។ តែ​លោ​កថា និយាយ​របៀបនេះ មិនមែន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ បាត់បង់​ការប្រុងប្រយ័ត្ន​ទេ​។

​លោក ឃួ​ង ស្រេង លើកឡើងថា យុវជន​យើង បើ​មិន​បើក​សាលារៀន យើង​នឹង​ដើរ​ក្រោយ​គេ​។ យើង​មាន​ពិសោធន៍​ហើយ ក្នុងសម័យ​ប៉ុលពត រូបលោក​ផ្ទាល់ ខាត​អស់ ៥​ឆ្នាំ ទម្រាំ​តែ​បាន​ចូលរៀន​ឡើងវិញ នៅក្រោយ​ប៉ុលពត ដួលរលំ​។ ធ្វើ​ឲ្យ​ប្រទេស​យើង ដើរ​ក្រោយ​គេ​។ 

​កន្លងមក សិស្សានុសិស្ស រៀន​តាម​អន​ឡាញ អំឡុងពេល​កូ​វីដ​ឆ្លង​រាតត្បាត ចាប់តាំងពី​ដើមឆ្នាំ​២០២០ ហើយ​ចូលរៀន​ឡើងវិញ បាន​បន្តិច នៅ​ចុងឆ្នាំ ក៏ត្រូវ​ផ្អាក​ទៅវិញ នៅពេល​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​កូ​វីដ ថ្ងៃ​២០​កុម្ភៈ ឆ្នាំ​២០២១ បន្ត​ដល់​សព្វថ្ងៃ​។ តែ​ការបើក​សាលារៀន ពិតជា​មានការ​ចាំបាច់​ជាង ដើម្បី​បំពេញ​នូវ​ការខ្វះខាត​ខ្លះៗ ដូចជា សិស្ស​អាច​ដើរហើរ​បាន និង​ជួប​មិត្តភក្តិ​។ ដូច្នេះ​នៅពេល​បើក​សាលារៀន​ឡើងវិញ​នេះ កុមារ អាច​បាន​ឱកាស​រៀន​ជួបគ្នា ហើយក៏​នៅតែមាន​អ្នករៀន​តាម​អន​ឡាញ​ខ្លះ​។ ​

​ដូច្នេះ​បើ​មើល​តាម​ការគិតគូរ​ល្អិតល្អន់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​អាជ្ញាធរ​រាជធានី​ខេត្ត ដែល​បានរៀបចំ និង​បើក​សាលារៀន​ឡើងវិញ​នេះ គឺ​បាន​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សាលារៀន​យ៉ាង​ហ្មត់ចត់​។ ម្យ៉ាងទៀត ទាំង​គ្រូ និង​ទាំង​សិស្ស ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើងទៅ នៅ​កម្រិត​អនុវិទ្យាល័យ ដល់​វិទ្យាល័យ​នេះ សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ រួចរាល់​ទាំង ២​ដូ​ស ហើយ​គ្រូ បាន​ចាក់​ដល់​ដូ​ស​ទី​៣ រួច​ផងដែរ​។​

​តែ​មិនមែន​ថា ចាក់​វ៉ាក់សាំង​រួចហើយ មិន​ឆ្លង​កូ​វីដ​នោះទេ​។ វិធានការ ៣​ការពារ និង ៣​កុំ ក៏​នៅតែ​ត្រូវអនុវត្ត​ជាប់​ជានិច្ច ទាំង​គ្រូ និង​ទាំង​សិស្ស ដោយ​ពាក់​ម៉ាស លាង​សម្អាត​ដៃ និង​រក្សា​គម្លាត​សុវត្ថិភាព​ទាំង​ក្នុង​ថ្នាក់រៀន និង​ទាំង​ពេលចេញ​លេង​។ ម្យ៉ាង​សាលារៀន នៅ​ខេត្តមណ្ឌលគិរី បើក​ដំណើរការ​ឡើងវិញ ចាប់តាំងពី​ថ្ងៃទី​៦ ខែកញ្ញា មកដល់​ថ្ងៃទី​១៤ ខែកញ្ញា គឺ​មិនមាន​បញ្ហា​អ្វី​កើតឡើង ពាក់ព័ន្ធ​នឹង​ការឆ្លង​កូ​វីដ​១៩ ក្នុង​សាលារៀន​ទាំង​នោះទេ​។ នៅ​ខេត្ត​ព្រះសីហនុ ក៏​ដំណើរការ​ដោយ​រលូន​ផងដែរ ទោះបីជា​កូ​វីដ នៅតែ​រកឃើញ​ឆ្លង​រាល់ថ្ងៃ​ក៏ដោយ​៕​