ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់​! ពី​អ្នក​ជូត​ម៉ូតូ​ទឹក​ឱ្យ​គេ សាលី អ៊ូ​មើ​ត ក្លាយជា​ម្ចាស់​មេដាយមាស​អាស៊ី

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រប់យ៉ាងមិនមែនកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ តួយ៉ាងម្ចាស់​មេដាយមាស​អាស៊ី សាលី អ៊ូ​

រាជធានីភ្នំពេញ ៖ គ្រប់យ៉ាងមិនមែនកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ តួយ៉ាងម្ចាស់​មេដាយមាស​អាស៊ី សាលី អ៊ូ​មើ​ត បាន​តស៊ូ​ក្រាញននៀល​ក្នុង​ជីវិត​របស់​ខ្លួនយ៉ាងខ្លាំងក្លា និងបានហែលឆ្លងកាត់ជីវិតជាអ្នកជូតម៉ូតូទឹកឱ្យគេ តែលោកមិនធ្លាប់បោះបង់ការតាំងចិត្តនោះទេ ។ ទីបំផុត លោកក្លាយជា​ម្ចាស់​មេដាយមាស​អាស៊ី ដ៏អស្ចារ្យម្នាក់ ។

កីឡាករ សាលី អ៊ូ​មើ​ត ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​របស់​កម្ពុជា បាន​លើក​បង្ហាញ​ពី​ដំណើរ​ជីវិត​របស់​ខ្លួន​ខ្លះ​ៗ​ពី​ភាព​អំណត់​ព្យាយាម​មិន​តិចតួច​ឡើយ ទាំង​ក្នុង​ដំណើរ​ជីវិត ទាំង​ការ​ហ្វឹកហាត់​សម្រួច​បច្ចេកទេស និង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ក្នុង​ការ​ប្រកួត​ជា​បន្តបន្ទាប់ រហូត​បាន​ក្លាយ​ទៅ​កីឡាករ​ប្រកបដោយ​សក្តានុពល នា​ពេល​បច្ចុប្បន្ន​។

នេះ​ជា​ការ​លើ​ឡើង​របស់​កីឡាករ​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា នៅ​ក្នុង​បទ​សម្ភាសន៍​ថ្មី​ៗ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរកត​តេ​ជោ ក្នុង​ឱកាស​ដែល​កីឡាករ​រូប​នេះ​វិល​ត្រឡប់​មក​មាតុភូមិ​។

កីឡាករ សាលី អ៊ូ​មើ​ត បាន​រំលឹក​​ឱ្យ​ដឹង​ថា «​កាលពី​ដំបូង​ឡើយ ការ​ចាកចេញ​របស់ខ្ញុំ​ពី​ស្រុក​កំណើត​ទៅ​ប្រទេស​ថៃ គឺ​ដោយសារ​មូលហេតុ​កត្តា​ជីវភាព​ខ្វះខាត ដោយ​ចង់​ស្វែងរក​ការងារ​ធ្វើ​រក​លុយ​នៅ​ទីនោះ​។ ខ្ញុំ​បាន​ជួយ​ធ្វើ​ការងារ​ជូត​ម៉ូតូ​ទឹក​ឲ្យ​បងប្រុស​ជីដូនមួយ​របស់ខ្ញុំ ហើយ​ខ្ញុំ​ឃើញ​គេ​ជិះ​ម៉ូតូ​ទឹក​សប្បាយ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ចេះ​ជិះ​ដែរ​។ ខ្ញុំ​តែងតែ​លួច​ហ្វឹកហាត់​ម៉ូតូ​ទឹក​នេះ​ជាមួយ​បងប្រុស​ខ្ញុំ ដោយ​មិន​បើកចំហរ​ទេ ព្រោះ​ម៉ូតូ​ទឹក​នេះ គឺ​សម្រាប់​តែ​ការ​ហ្វឹកហាត់​របស់​ជម្រើសជាតិ​ប៉ុណ្ណោះ​។ ថ្ងៃមួយ មានការ​ប្រកួត​កីឡាករ​ចំណូល​ថ្មី ហើយ​ខ្ញុំ​ក៏​មានឱកាស​បាន​ចូលរួម​ប្រកួត​ជាមួយ​គេ​ដែរ​។ ក្រោម​ការ​លើក​ស្ទួយ​ពី​ម្ចាស់​ក្លឹ​ប​មួយ​នៅ​ថៃ បាន​មើលឃើញ​ថា ខ្ញុំ​មាន​លក្ខណៈ​ពិសេស និង​មាន​ទេព​កោសល្យ​ល្អ​។ ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​ជាមួយ​កីឡាករ​ថៃ ៥​នាក់ ហើយ​កីឡាករ​ថៃ​ទាំង​៥​នាក់​នោះ​បាន​ធ្លាក់​អស់ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​។ ចាប់ពី​ពេល​នោះ​មក ខ្ញុំ​ក៏​បាន​ព្យាយាម​ហ្វឹកហាត់​អំណត់​អត់ធន់​ជា​ខ្លាំង​»​។

មុន​នឹង​ក្លាយជា​កីឡាករ​ម៉ូតូ​ទឹក​ដ៏​មាន​សក្តានុពល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ទ្វីបអាស៊ី សាលី អ៊ូ​មើ​ត គឺជា​អ្នក​ជូត​លាង​ម៉ូតូ​ទឹក​ឲ្យ​កីឡាករ​ម្នាក់​ជា​ជម្រើសជាតិ​ថៃ ដែល​ត្រូវជា​បងជីដូនមួយ​របស់​ខ្លួន​។ ក្នុង​ការងារ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ និង​ថែរក្សា​ម៉ូតូ​ទឹក​ឲ្យ​បងប្រុស​ជីដូនមួយ​របស់​ខ្លួន ក្នុងអំឡុងពេល​រស់នៅ​ជាមួយ​ឪពុកធំ នៅ​ប្រទេស​ថៃ អ៊ូ​មើ​ត អះអាង​ថា ក្នុង​អំឡុង​ស្នាក់​នៅ​បណ្តោះអាសន្ន​នោះ ខ្លួន​ត្រឹមតែ​ជា​អ្នក​ជូត​លាង​ម៉ូតូ​ទឹក​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ការ​ស្រឡាញ់ និង​ចង់​ចេះ​ប្រភេទ​កីឡា​ម៉ូតូ​ទឹក​នេះ រូបគេ​តែងតែ​ហ្វឹកហាត់ ដោយ​ឲ្យ​បងប្រុស​ជា​កីឡាករ​ជម្រើសជាតិ​ថៃ​ជួយ​បង្ហាត់បង្រៀន​។

កីឡាករ សាលី អ៊ូ​មើ​ត រៀបរាប់​ថា មុន​ទទួល​បាន​ឱកាស​ចូល​ហ្វឹកហាត់​ជា​កីឡាករ​អាជីព​ក្នុង​ក្លឹ​ប​ម៉ូតូ​ទឹក Flammingo នៅ​ប្រទេស​ថៃ រូបគេ​ត្រូវ​បាន​ឪពុក​ម្តាយ​រារាំង ដោយ​ទទូច​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​។ ប៉ុន្តែ​ដោយ​ក្តី​ស្រឡាញ់ អ៊ូ​មើ​ត បាន​បដិសេធ​ជា​រឿយ​ៗ​ជាមួយ​ឪពុក​ម្តាយ រហូត​ទទួល​បាន​ឱកាស​ចូល​ហ្វឹកហាត់​ពេញ​សិទ្ធិ​ពី​ម្ចាស់​ក្លឹ​ប រហូត​ក្លាយជា​កីឡាករ​តំណាង​ឲ្យ​ក្លឹ​ប​ចូលរួម​ប្រកួត​ជា​បន្តបន្ទាប់​។ ជាមួយ​និង​ការ​តស៊ូ ក្នុង​ការ​ហ្វឹកហាត់ រួម​ផ្សំ​និង​ទេព​កោសល្យ​ផង​នោះ អ៊ូ​មើ​ត បាន​ចូលរួម​ប្រកួត​ដណ្តើម​មេដាយ​ជូន​ក្លឹ​ប​ពី​ការ​ប្រកួត​កម្រិត​ពិភពលោក នៅ​ក្នុង​តំបន់​អឺរ៉ុប​។

ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​រូប​នេះ បាន​ពន្យល់​ទៀត​ថា ក​ក្តា​ដែល​ជំរុញ​ឲ្យ​រូបគេ​មាន​សមត្ថភាព​រីក​ចម្រើន ឈាន​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​កម្រិត​អាស៊ី និង​ពិភពលោក វា​កើតឡើង​ដោយ​ការ​អំណត់​អត់ធន់​ព្យាយាម​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​។

គួរ​រំឭក​ថា កីឡាករ សាលី អ៊ូ​មើ​ត គឺជា​កូន​ខ្មែរ​អ៊ី​ស្លា​ម កើត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ក្លាយជា​កីឡាករ​ម៉ូតូ​ទឹក តាំង​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០២១​នេះ មាន​វ័យ​២៩​ឆ្នាំ​។

កីឡាករ សាលី អូ​មើ​ត បាន​ឈ្នះ​មេដាយ​មាសធំ​ៗ កម្រិត​ពិភពលោក​ជា​ច្រើន​គ្រឿង​ជូន​ក្លឹ​ប​ម៉ូតូ​ទឹក Flammingo​។ អ្វី​ដែល​ពិសេស​ម្រា​ប់​ជាតិ​កម្ពុជា សាលី អ៊ូ​មើ​ត បាន​ឈ្នះ​មេដាយមាស​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​១​គ្រឿង ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី (ASIAN Games) លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ឆ្នាំ​២០១៨ ជាមួយនឹង​មេដាយមាស​១​គ្រឿង​ទៀត ដែល​ដណ្តើម​បាន​ដោយ​ប្រភេទ​កីឡា ជឺ​ជី​តស៊ូ ដោយ​កីឡាការិនី​កូន​ខ្មែរ​-​អា​មេ​រិ​ក ខាន់ ជេ​សា​។ មេដាយមាស​២​គ្រឿង ក្នុង​ឆ្នាំ​២០១៨​នេះ គឺជា​ការ​បំបែក​កំណ​ត់​ត្រា​ថ្មី​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា បន្ទាប់​ពី​មេដាយមាស​ជា​លើក​ដំបូង​របស់​កីឡាការិនី​តេ​ក្វា​ន់​ដូ (WT) ស៊ន សៀវ​ម៉ី ក្នុង​កីឡា​អាស៊ី លើក​ទី​១៧ ឆ្នាំ​២០១៤ នៅ​កូរ៉េ​ខាង​ត្បួ​ង ដែល​នេះ​ជា​ការ​បំបែក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​រយៈពេល ៦០​ឆ្នាំ ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​ទ្វីបអាស៊ី រៀង​រាល់​៤​ឆ្នាំ​ម្តងនេះ​។ ចំពោះ​ព្រឹត្តិការណ៍​បន្ទាប់ កីឡា​អាស៊ី (ASIAN Games) លើក​ទី​១៩ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន នា​ឆ្នាំ​២០២២ ខាង​មុខ​។ ជាមួយ​គ្នា​នោះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ប្រកាស​ពី​ការ​គាំទ្រ​ដល់​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ចិន និង​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​មេដាយ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture