ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដធ្វើឱ្យអ្នកលក់ខ្ទាតចេញពីផ្សារទៅលក់តាមរទេះ ចិញ្ចើមផ្លូវ និងសំយ៉ាបផ្ទះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផ្សារបានបិទជាញឹកញាប់ មនុស្សមិនសូវចេញពីផ្ទះ មិនចង់ចូលផ្សារ បានជំរុញឲ្យពលរដ្ឋមួយចំនួនបែកគំនិតបង្កើនមុខរបរលក់ដូរតាមរទេះរុញកាន់តែច្រើនឡើង មិនថាលក់បន្លែ ត្រីសាច់ គ្រឿងទេស និងរបស់ផ្សេងៗនោះឡើយ…

រាជធានីភ្នំពេញ ៖ ផ្សារបានបិទជាញឹកញាប់ មនុស្សមិនសូវចេញពីផ្ទះ មិនចង់ចូលផ្សារ បានជំរុញឲ្យពលរដ្ឋមួយចំនួនបែកគំនិតបង្កើនមុខរបរលក់ដូរតាមរទេះរុញកាន់តែច្រើនឡើង មិនថាលក់បន្លែ ត្រីសាច់ គ្រឿងទេស និងរបស់ផ្សេងៗនោះឡើយ ។ ក្រៅពីលក់តាមរឺម៉ក ម៉ូតូកង់បី ខ្លះរុញរទេះលក់ដោយថ្មើរជើង អ្នកខ្លះអង្គុយលក់តាមចិញ្ចើមផ្លូវ តាមសំយ៉ាបផ្ទះគេឲ្យតែបានចំណូលផ្គត់ផ្គង់ជីវភាព ។

 អ្នកស្រី នួន សុផល កំពុងរៀបចំសាច់ជ្រូកដាក់លើរទេះរុញ បម្រុងចេញទៅលក់ បាននិយាយឲ្យដឹងថា ក្នុងសម័យកាលកូវីដ ១៩ ជិត ២ ឆ្នាំចុងក្រោយនេះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃជាខ្លាំងដោយសារគ្មានកន្លែងលក់ដូរត្រឹមត្រូវ ព្រោះនៅផ្សារកណ្តាល ដែលជាកន្លែងចិញ្ចឹមជីវិតគ្រួសារគាត់ ច្រើនឆ្នាំមកហើយនោះ បានផ្អាកមិនឲ្យមានការលក់ដូរនៅផ្នែកខ្លះនៅឡើយទេ ដូច្នេះអ្នកស្រីក៏កែឆ្នៃរទេះដាក់សាច់ជ្រូកលក់ចល័តតាមដងផ្លូវនានា ។

ស្រ្តីរូបនេះនិយាយថា បើមិនច្នៃដូច្នេះប្រាកដជាត្រូវដាច់បាយស្លាប់ ។ ចំណែកការលក់តាមរទេះ  ពេលខ្លះក៏ត្រូវកងសន្តិសុខចាប់បញ្ជូនទៅសាលាខណ្ឌរក្សាទុកមួយថ្ងៃពីនៅទីនោះ ក៏មានតែអ្នកស្រីនៅតែបន្តលក់សាច់ដូរតាមរបៀបចល័តនេះដដែលព្រោះដើម្បីជីវភាព ។ 

អ្នកស្រី សុផល បានត្អូញត្អែរថា «បើមិនលក់បានលុយឯណាចិញ្ចឹមកូនឲ្យរៀនសូត្រ និងរស់នៅរាល់ថ្ងៃនោះ» ។ គាត់បានមើលឃើញថា មុខរបរលក់ បន្លែ ត្រី សាច់ បច្ចុប្បន្ននេះមិនថា តាមទីផ្សារ ឬតាមដងផ្លូវនោះទេហាក់មានការកើនឡើង រហូតដងផ្លូវមួយចំនួនក្លាយជាទីផ្សារទៅហើយ ។ អ្នកលក់ពេលនេះស្ទើរតែច្រើនជាងអ្នកទិញទៅទៀត ។

អ្នកស្រី ចាន់ និមល អាយុជាង ៤០ ឆ្នាំ លក់បន្លែគ្រប់មុខ ត្រី សាច់គោ សាច់ជ្រូក ដោយជួលមុខផ្ទះគេតាមបណ្តោយផ្លូវលេខ ១៣៤ នៅខាងជើងផ្សារសេរីភាព ក្នុងខណ្ឌ៧មករា បានប្រាប់ថា ពីមុនគាត់មានតូបលក់នៅក្នុងផ្សារសេរីភាព  តែដោយសារជំងឺកូវីដ ១៩ មិនថមថយទើបអ្នកគ្រប់គ្រងផ្សារកាត់បន្ថយការលក់ដូរក្នុងផ្សារ ដោយឲ្យអាជីវករមួយចំនួនចេញលក់នៅខាងក្រៅ ក្នុងនោះមានអ្នកស្រីម្នាក់ផងដែរ ។ ដើម្បីជីវភាពប្រចាំថ្ងៃរកលុយចិញ្ចឹមកូនៗ អ្នកស្រីបានជួលមុខផ្ទះគេក្នុងមួយថ្ងៃ២ម៉ឺនរៀលបន្តលក់បន្លែ ត្រីសាច់ទៅ ។ 

បើតាមស្ត្រីអ្នកលក់ បន្លែ ត្រី សាច់ តាមរ៉ឺម៉កម៉ូតូកង់បីម្នាក់ នៅម្តុំផ្សារចាស់និយាយសុំមិនបង្ហាញអត្តសញ្ញាណថា មុនសម័យកូវីដគាត់ធ្វើការនៅរោងចក្រកាត់ដេរនៅស្ទឹងមានជ័យ តែក្រោយមកអ្នកជំងឺកូវីដ ១៩ មិនថមថយពីមួយថ្ងៃទៅមួយថ្ងៃថៅកែរោងចក្រសម្រេចបិទមួយរយៈធ្វើឲ្យអ្នកបាត់ចំណូល ក៏សម្រេចចិត្តលក់បន្លែ ត្រី សាច់ គ្រាន់បានកម្រៃខ្លះ ដោះស្រាយជីវភាពគ្រួសារ ។ ស្រ្តីរូបនេះ បានមើលឃើញថា បច្ចុប្បន្ននេះមិនថាតែស្ត្រីទេ បុរសៗក៏ក្លាយជាអ្នកលក់ដូរតាមម៉ូតូ ឬ រឺម៉ក ម៉ូតូកង់បី ព្រោងព្រៀតដូចគ្នាដើម្បីរកចំណូលចិញ្ចឹមជីវិត ។

ចំណែកអាជីវករដែលបន្តលក់តាមផ្សារថា ការលក់ដូរនៅក្នុងផ្សារមិនដាច់ឡើយ ។ អាជីវករលក់សម្លៀកបំពាក់ម្នាក់នៅផ្សារចាស់បានត្អូញត្អែរថា ថ្ងៃខ្លះលក់មួយថ្ងៃមិនបានកម្រៃសូម្បី៊ ១០០ រៀលផងដែលករណីនេះគេគិតថា បើកូវីដនៅតែអូសបន្លាយពេល យូរអង្វែងតទៅទៀតកុំថា ឡើយអ្នកក្រដែលអាចប្រឈមបញ្ហាជីវភាព សូម្បីអ្នកមានជីវភាពកម្រិតមធ្យមក៏គង់តែលក់ខ្ទេចលក់ខ្ទី គឺលក់ឡាន ឬម៉ូតូដើម្បីដោះស្រាយជីវភាពនៅគ្រាលំបាកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ