ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ក្នុង​ឆាកនយោបាយ​កម្ពុជា រាប់​ត្រឹម​ការបោះឆ្នោត​រៀបចំ​​ដោយ​​អ៊ុនតាក់ នៅ​ឆ្នាំ​១៩៩៣ មកដល់​សព្វថ្ងៃ មាន​អ្នកនយោបាយ​ខ្លះ នៅ​ប្រើប្រាស់​របៀប «​នយោបាយ​ស៊ី​កេរ្តិ៍​»​។ ពោលគឺ​ភ្ជាប់​ខ្លួនឯង ទៅ​អ្នកនយោបាយ…

ភ្នំពេញ​៖ ក្នុង​ឆាកនយោបាយ​កម្ពុជា រាប់​ត្រឹម​ការបោះឆ្នោត​រៀបចំ​​ដោយ​​អ៊ុនតាក់ នៅ​ឆ្នាំ​១៩៩៣ មកដល់​សព្វថ្ងៃ មាន​អ្នកនយោបាយ​ខ្លះ នៅ​ប្រើប្រាស់​របៀប «​នយោបាយ​ស៊ី​កេរ្តិ៍​»​។ ពោលគឺ​ភ្ជាប់​ខ្លួនឯង ទៅ​អ្នកនយោបាយ ដែលមាន​អ្នក​ស្រឡាញ់ ស្គាល់ និង​គាំទ្រ​ច្រើន ខណៈដែល​អ្នកនយោបាយ​​​នោះ ទាំង​មិនមាន​សិទ្ធិ​ធ្វើ​នយោបាយ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព និង​ការគាំទ្រ​ពី​ប្រជាជន​នោះទេ​។​

​ក្នុងការ​បោះឆ្នោត រៀបចំ​ដោយ​អ៊ុនតាក់ កាលពី​ឆ្នាំ​១៩៩៣ និង​ពេលកន្លងមក​ទៀត សម្តេចព្រះ ​នរោត្តម សីហនុ ត្រូវបាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រើប្រាស់​នូវ​ព្រះនាម​របស់​ព្រះអង្គ ដែលនាំអោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដណ្តើមបាន​អាសនៈ​រដ្ឋសភា ចំនួន ៥៨​អាសនៈ ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បានតែ ៥១​អាសនៈ​ប៉ុណ្ណោះ​។ ជា​បន្តបន្ទាប់ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​នៅតែ​ផ្សារភ្ជាប់​នឹង​ព្រះនាម​សម្តេចព្រះ នរោត្តម សីហនុ រហូតដល់​មានច្បាប់​ហាមឃាត់ ជាដើម​។​

​ដោយឡែក លោក កឹម សុខា បាន​ចាប់ដៃ​ជាមួយ​លោក សម រង្ស៊ី បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែតុលា ឆ្នាំ​២០១២ ធ្វើអោយ​គណបក្សប្រឆាំង​នេះ ទទួល​សំឡេងគាំទ្រ ដល់​ទៅ ៥៥​អាសនៈ នៅក្នុង​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៣ ខណៈដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បានតែ ៦៨​អាសនៈ​ប៉ុណ្ណោះ ក្នុងចំណោម​អាសនៈ​រដ្ឋសភា​សរុប ១២៣​អាសនៈ​។

​ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ឃុំ​សង្កាត់ ខែមិថុនា ឆ្នាំ​២០១៧ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល សម្រេច​រំលាយចោល នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តែ​ប៉ុន្មាន​ខែ ក្រោយ​ការចាប់ខ្លួន​លោក កឹម សុខា កាលពី​យប់​ថ្ងៃទី​២ ឆ្លង​ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពីបទ​ក្បត់ជាតិ​។ យ៉ាងណាក៏ដោយ រហូត​ម​ដល់ពេលនេះ ឈ្មោះ និង​រូបថត​របស់លោក​កឹម​សុខា នៅតែ​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់ ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ ពិសេស​ក្រុម​លោក​សមរង្ស៊ី នៅក្រៅ​ប្រទេស​។​

​ដូច្នេះហើយ ជាថ្មី​ម្តងទៀត លោក កឹម សុខា ដែល​កំពុងស្ថិត​ក្រោម​កា​រ​ត្រួតពិនិត្យ​របស់​តុលាការ ក្នុង​សំណុំរឿង​ក្បត់ជាតិ បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃអាទិត្យ ទី​៥ ខែកញ្ញា ឆ្នាំ​២០២១ ថា «​ដោយ​សង្កេតឃើញថា មាន​បុគ្គល ក្រុម គណបក្ស ឬ​ចលនានយោបាយ​ខ្លះ នៅតែ​យកឈ្មោះ និង​រូបភាព​ខ្ញុំ ទៅ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​សកម្មភាព ដើម្បី​បម្រើ​ផលប្រយោជន៍ និង​ម​ហិ​ច្ឆិ​តា​របស់​ពួកគេ ដូច្នេះ​ខ្ញុំ​សូមបញ្ជាក់​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាបថា សេចក្តីថ្លែងការណ៍ ឬ​សេចក្តីប្រកាស​របស់​សហ​មេធាវី ដែលជា​តំណាង​ស្របច្បាប់​របស់ខ្ញុំ​កន្លងមក គឺ​ធ្វើ​ក្នុងនាម​ខ្ញុំ និង​ជា​ឆន្ទៈ​របស់ខ្ញុំ​»​។​

​សេចក្តីថ្លែងការណ៍​រប​ស់​សហ​មេធាវី​លោក កឹម សុខា ចុះ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ បានបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា បុគ្គល ឬ​ក្រុម​ណា ដែលមាន​បំណង​បង្កើត ឬ​បាន កំពុង​បង្កើត ឬ​បាន​បង្កើត​គណបក្សនយោបាយ ឬ​ចលនានយោបាយ​ណាមួយ សូមកុំ​យក​ករណី ឬ​ឈ្មោះ​របស់លោក កឹម សុខា ទៅ​ភ្ជាប់ពាក់​ព័ន្ធ​ជាមួយ​។ បុគ្គល ឬ​ក្រុម​ណា ដែល​ធ្វើ​កិច្ចការ​ខាងលើ សូម​មាន​សេចក្តីក្លាហាន ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​

​ការប្រកាស​បដិសេធ​ជាថ្មី​របស់លោក កឹម សុខា ដើម្បី​ឲ្យ​ឈប់​យកឈ្មោះ និង​រូបភាព​របស់លោក ទៅ​ភ្ជាប់​ជាមួយសកម្មភាពនយោបាយ​​ដូច្នេះ បានធ្វើ​ឡើង ខណៈ​ដែលមាន​បុគ្គល​ឱកាសនិយម និង​ក្រុម​ចលនានយោបាយ ពិសេស​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក​សមរង្ស៊ី នៅតែ​ប្រើប្រាស់​រូបថត​​របស់​លោក កឹម សុខា ចាប់ដៃ​លោក សម រង្ស៊ី ដែល​កាល​នៅ​រួមគ្នា បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។ រូបភាព​នោះ ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់ ដើម្បី​ផលប្រយោជន៍ និង​មហិច្ឆតា​របស់​ក្រុម​នោះ​។​

​ការបញ្ជាក់​ជាថ្មី​ម្តងទៀត ដោយ​លោក កឹម សុខា ដែល​បាន​បដិសេធ ចំពោះ​អ្នកបង្កើត​បក្ស​ថ្មី ឬ​ចលនានយោបាយ​ណាមួយ​ក្តី មិន​ឲ្យ​យកឈ្មោះ និង​រូបភាព​របស់លោក ទៅ​ពាក់ព័ន្ធ គឺធ្វើឡើង ខណៈដែល​លោក​កឹម​សុខា សព្វថ្ងៃ ជាប់​បំរាម មិនអាច​ធ្វើ​នយោបាយ ក្នុង​រយៈពេល ៥​ឆ្នាំ គិតពី​ថ្ងៃទី​១៦​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​លោក​កឹម​សុខា ថែមទាំង​ជាប់ចោទ​ក្នុង​សំណុំរឿង​ក្បត់ជាតិ ដែល​សំណុំ​រឿងនេះ ស្ថិតក្នុង​ដៃ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បើកសវនាការ​ជំនុំជម្រះ​ក្តី កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ហើយក៏​ត្រូវ​ផ្អាកសវនាការ រហូតដល់​សព្វថ្ងៃ ដោយសារតែ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ រីឯ​​លោក កឹម សុខា ត្រូវបាន​បន្ធូរបន្ថយ​ឲ្យ​អាច​ចេញ​ក្រៅ​ផ្ទះ និង​ធ្វើ​អ្វី​ក៏បាន លើកលែងតែ​ធ្វើ​នយោបាយ និង​ចេញ​ក្រៅប្រទេស​។​

​យ៉ាងណាក៏ដោយ គេ​ចាត់ទុកថា លោក​កឹម​សុខា ទ្រាំ​ទទួលយក​ការឈឺចាប់​ម្នាក់ឯង មិន​ចាកចេញ​ក្រៅប្រទេស ដូច​លោក​សមរង្ស៊ី​នោះទេ ហើយ​លោក​កឹម​សុខា សុខចិត្ត​នៅក្នុង​មាតុភូមិ ហើយ​រឹងប៉ឹង មិន​បោះបង់​ឆន្ទៈ​ម្ចាស់ឆ្នោត​នោះទេ ទើប​ធ្វើអោយ​ប្រជាប្រិយភាព​លោក កឹម សុខា ហក់​ឡើង​ខ្ពស់  ដែល​សូម្បី​អ្នកការទូត​មហាអំណាច ក៏​កោតសរសើរ​លោក​ថា ស្អាតស្អំ និង​មាន​កិត្តិយស ពិសេស​លើ​ផ្នែក​សិទ្ធិមនុស្ស​។​

​យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រកាស​បដិសេធ​ជាថ្មី​នេះ ប្រៀបដូចជា​ព្រមាន​អ្នកនយោបាយ​នៅក្នុង និង​ក្រៅ​ស្រុក​ខ្លះ ដែល​បង្កើត​ចលនា ឬក៏​គណបក្សនយោបាយ​ថ្មី ហើយ​ទៅ​ឃោសនា បោកប្រាស់​អ្នកគាំទ្រ ដើម្បី​ផលប្រយោជន៍​អ្វីមួយ​។ ពេលនេះ លោក​កឹម​សុខា មិន​ពាក់ព័ន្ធ​ជាមួយ​ឡើយ ខណៈ​លោក កំពុងតែ​ជាប់​បម្រាមតុលាការ មិនអាច​ធ្វើ​នយោបាយ​បាន​ផង ហើយក៏​ជាប់​បណ្តឹង​នៅ​តុលាការ​ថែម​ទៀតផង​។​

​គេ​ឃើញ​រួចមកហើយ ការឃោសនា​បោកប្រាស់​ម្ចាស់ឆ្នោត ដែល​យក​ព្រះកិត្តិនាម​សម្តេចព្រះ​មហាក្សត្រ នរោត្តម សីហនុ ទៅប្រើ​ ខណៈដែល​ព្រះអង្គ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ គឺ​ចុងក្រោយ គណបក្ស​នោះ មិន​ទទួលបាន​ការគាំទ្រ​ឡើយ​។ ដូចគ្នានេះដែរ នៅពេលនេះ ក្រុម​អ្នកនយោបាយ​ទាំងចាស់ ទាំងថ្មី ក៏​គួរតែ​ឈប់​ស៊ីកេរ្តិ៍សង្គ្រោះជាតិ ពិសេស​យក​លោក កឹម សុខា ទៅ​ពាក់ព័ន្ធ​ត​ទៅទៀត ហើយ​ខិតខំ​រៀបចំ​គោលនយោបាយ​រៀងៗ​ខ្លួន ដើម្បី​ទាក់ទាញ​ការគាំទ្រ ប្រសើរ​ជាជាង​ការឃោសនា​​បោក​ប្រាស់​​​គេ​ឯង​​ដូច្នេះ​​៕