ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីពកំណត់ប្រាក់ខែគោលកម្មករកាត់ដេរនៅឆ្នាំក្រោយចំនួនជាង ២១៤ ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមសហជីព បានកំណត់យកតួលេខរួម ២១៤.២ ដុល្លារ សម្រាប់ប្រាក់ឈ្នួលអតិប្បបរមារបស់កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ  ២០២២ ។…

រាជធានីភ្នំពេញ ៖ ក្រុមសហជីព បានកំណត់យកតួលេខរួម ២១៤.២ ដុល្លារ សម្រាប់ប្រាក់ឈ្នួលអតិប្បបរមារបស់កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ  ២០២២ ។ ការកំណត់ចំនួនខាងលើនេះ គឺសហជីពបានមូលមាត់គ្នាសម្រាប់យកទៅចរចាជាទ្វេភាគី និងត្រីភាគីជាមួយក្រុមតំណាងថៅកែរោងចក្រ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបន្តបន្ទាប់ នៅក្នុងការកំណត់ប្រាក់ខែគោលប្រចំាឆ្នាំនៅក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជានោះ ។

ប្រាក់ឈ្នួលអប្បបរមាប្រចាំខែសម្រាប់ឆ្នាំ ២០២១ មានចំនួន ១៩២ ដុល្លារ ដែលជាចំនួនបានឡើងតែ ២ ដុល្លារពីឆ្នាំ ២០២០ ដោយសារវិបត្តិជំងឺកូវីដ ១៩ ។ ជាទូទៅការកំណត់ពីប្រាក់ខែគោលក្នុងឧស្សាហកម្មកាត់ដេរផ្អែកលើការសិក្សាពីតម្លៃទំនិញលើទីផ្សារ លក្ខណ្ឌរស់នៅរបស់កម្មករ ផលចំណេញរបស់ថៅកែរោងចក្រ កំណើនសេដ្ឋកិច្ចជាដើម ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានឲ្យដឹងថា ការកំណត់យកចំនួនប្រាក់ខែគោល ២១៤.២ ដុល្លារសម្រាប់ចរចានេះ ក្រោយពីតំណាងសហជីពបានប្រជុំគ្នាដោយផ្ទាល់និងតាមអនឡាញ នៅព្រឹកថ្ងៃទី ៦ ខែកញ្ញាឆ្នាំ ២០២១ នេះ ។

តំណាងសហជីព បានលើកឡើងថា ការកំណត់ឈ្នួលអប្បបរមាដូចខាងលើនេះជាការសមរម្យមួយ ពីព្រោះនៅបរិបទកូវីដ-១៩ នេះកម្មករបានជួបការលំបាកជាច្រើន ទំាងលើទំនិញឡើងថ្លៃ និងការប្រឈមការរាតត្បាតជំងឺដ៏សាហាវនេះ ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ត្រូវបានសារព័ត៌មានដកស្រង់ប្រសាសន៍ថា ស្ទើរតែគ្រប់ប្រទេសនៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ។ លោកថា ការរក្សាបានការងារធ្វើកុំឲ្យរោងចក្របិទទ្វារ គឺជាប្រការល្អបំផុតនៅក្នុងកាលៈទេសៈនេះ ។ មន្រ្តីជាន់ខ្ពស់បានអះអាងថា កម្មករនៃប្រទេសមួយចំនួនដូចជាវៀតណាម និងបង់ក្លាដេសជាដើម មិនហ៊ាននិយាយពីបញ្ហាដំឡើងប្រាក់ឈ្នួលនោះទេ ដោយធ្វើយ៉ាងណាត្រឹមមានការងារធ្វើធម្មតាជាមុនសិន ។ ជារៀងឆ្នាំការសម្រេចពីប្រាក់គោលនៅក្នុងឧស្សាហកម្មកាត់ដេរនឹងចេញលទ្ធផលនៅក្នុងខែកញ្ញា ដើម្បីអនុវត្តនៅខែមករាឆ្នាំបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ