ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើករថយន្ត​គ្លីនិក​ឯកជន ចំនួន​២ វាយតប់​ដណ្តើមអ្នក​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្ដាល​អោយ​បុរស​ម្នាក់​ដួល​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូរ​សព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មក​ទទួលយក​ជន​រង​គ្រោះ ស្រាប់តែ​មាន​រថយន្ត​គ្លីនិក​ឯកជន​ចំនួន ២​ផ្សេង​គ្នា​មក​មុន​ក្រោយ​គ្នា​បន្តិច ក៏​ដណ្ដើម​គ្នា កើត​មាន​ជម្លោះ​ឈ្លោះប្រកែក ហើយ​បញ្ចេញ​កម្លាំងបាយ​វាយតប់​គ្នា…

រាជធានី​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្ដាល​អោយ​បុរស​ម្នាក់​ដួល​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូរ​សព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មក​ទទួលយក​ជន​រង​គ្រោះ ស្រាប់តែ​មាន​រថយន្ត​គ្លីនិក​ឯកជន​ចំនួន ២​ផ្សេង​គ្នា​មក​មុន​ក្រោយ​គ្នា​បន្តិច ក៏​ដណ្ដើម​គ្នា កើត​មាន​ជម្លោះ​ឈ្លោះប្រកែក ហើយ​បញ្ចេញ​កម្លាំងបាយ​វាយតប់​គ្នា រហូត​ដល់​បុរស​ដែល​សន្លប់​នោះ ដឹងខ្លួន​វិញ ឃើញ​បញ្ហា​ដូច្នោះ​ក៏​សម្រេចចិត្ត​ក្រោក​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ។

ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ក្លាយជា​ហិង្សា​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​គ្លីនិក​ឯកជន​ទាំង ២​គ្រឿង​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​និង​ដឹង​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៩ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​០១​គ្រឿង ជា​ប្រភេទ​ម៉ូតូ​ធំ​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ពី​ត្បូង​ទៅ​ជើង លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ឃើញ​រថយន្ដ ០១​គ្រឿង ម៉ាក​ហ្វ​ត ពណ៌​ស ជា​រថយន្ត​រត់​ឈ្នួល បើកបរ​ក្នុង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បាន​គៀរ​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ដួល សន្លប់​ស្តូកស្តឹង នៅ​កន្លែង​កើតហេតុ ។

ប្រភព​ដដែល បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​មាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន «​សម្ភព រស្មី​» បាន​ទៅ​ដល់​មុន ហើយ​បម្រុង​លើក​ជន​រង​គ្រោះ​ដាក់​(​ប្រង់​កា​)​លើក​ឡើង​រថយន្ត ក៏​ស្រាប់តែ​មាន​រថយន្ត​គ្លីនិក​ឯកជន «​សម្ភព ស័​ង្គ​ម៉ា​រី​» បាន​មក​ដល់​តាម​ក្រោយ​បន្ទាន់​គ្នា​ដែរ ធ្វើ​ឲ្យ​រថយន្ត
សង្គ្រោះ​ទាំង​២​គ្រឿង ដណ្ដើម​យក​ជន​រង​គ្រោះ ទៅ​ព្យាបាល​រៀង​ៗ​ខ្លួន រហូត​ឈ្លោះប្រកែក​ប្រទាញប្រទង់​គ្នា ប្រើ​ហិង្សា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​បុរស​ម្នាក់ ខាង​រថយន្ត​សង្គ្រោះ​សម្ភព ស័​ង្គ​ម៉ា​រី អះអាង​ថា ខ្លួន​បែក​ត្បូងចិញ្ចៀន ហើយ​បុរស​ម្នាក់​ទៀត​ខាង​មន្ទីរពេទ្យ​សម្ភព​រស្មី អះអាង​ថា ដាច់​ខ្សែ​ក
ខណៈ​ពេល​ខាង​រថយន្ត​សង្គ្រោះ រវល់​តែ​ឈ្លោះប្រកែក​គ្នា ជន​រង​គ្រោះ​ដែល​សន្លប់​នោះ បានដឹង​ខ្លួន​វិញ មិន​ហ៊ាន​ឡើង​រថយន្ត​សង្គ្រោះ​ទៅ​ព្យាបាល​ទេ ក៏​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ ឲ្យ​ដឹក​តាម​ម៉ូតូ​យក​ទៅ​ព្យាបាល​របួស​ដោយ​ខ្លួនឯង​បាត់​ទៅ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ សម្របសម្រួល​រថយន្ត​គ្លីនិក​ឯកជន ទាំង​២​គ្រឿង​ខាងលើ និង​ប្រាប់​ឲ្យ​ភាគី​ណា​ដែល​មិន​សុខចិត្ត សុំ​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ ។ ជា​លទ្ធផល​រថយន្ត​សង្គ្រោះ​ទាំង​២​គ្រឿង មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ បាន​បើករថយន្ត​ចេញ​ទៅ​រៀងខ្លួន​បញ្ចប់រឿង ចំណែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ក៏​មិន​បាន​ប្តឹងផ្តល់​ដែរ សុខចិត្ត​ទៅ​ព្យាបាល​របួស​ដោយ​ខ្លួនឯង បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ