ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញកន្លែងផលិតស្រាថ្នាំ «ទំពាំងបាយជូ» ដែលធ្វើអោយនារីវ័យក្មេង ៣នាក់ ពុលស្លា.ប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ ចំនួន ៣នាក់ ​បាត់បង់ជីវិត កាលពីថ្ងៃទី​១ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ​៖ បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ ចំនួន ៣នាក់ ​បាត់បង់ជីវិត កាលពីថ្ងៃទី​១ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ចុះពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។

​ប្រភពដដែលបានប្រាប់បន្តថា កាលពីថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះដល់​កន្លែងកើតហេតុ និងបានរកឃើញ និងយកគំរូស្រា ដែលជនរងគ្រោះ បានបរិភោគសល់ យកមកវិភាគ នៅមន្ទីរពិសោធន៍ រកសារធាតុមេតាណុល ដែលជាសារធាតុពុល។

លទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បាន​បង្ហាញឱ្យឃើញថា​ ក្នុងចំណោមគំរូស្រាចំនួន ​៥គំរូ ដែលទទួលបានពីកន្លែងកើតហេតុ មាន​ ៣គំរូ មានវត្តមានសារធាតុមេតាណុលពី ១.៣% រហូតដល់ ៨.៨% លើសពីកម្រិតអនុញ្ញាត (០.១៥%) ពី ១៣ ដល់ ៨៨ដង ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុត សម្រាប់អ្នកបរិភោគ។

បន្ទាប់ពីទទួលបានលទ្ធផលវិភាគ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. បានសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ​សិប្បកម្មផលិតស្រាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈកែច្នៃស្រាមួយចំនួនសម្រាប់ធ្វើជាវត្ថុតាង។ ជាមួយគ្នានេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូ និងស្រាស សញ្ញា «មាស ហុង» ចំនួន ៤៨យួរ (មួយយួរ ១២ដប) មករក្សាទុកជាបណ្តោះអាសន្ន។

មន្រ្តីជំនាញ នឹងបន្តចុះប្រមូលនៅតាមបណ្តាផ្សារ និងទីទាំងចែកចាយនានា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការបរិភោគស្រាទំពាំងបាយជូ និងស្រាសសញ្ញា មាស ហុង ជាបន្ទាន់ ដើម្បីការពារអាយុជីវិតរបស់លោកអ្នក។

មន្ត្រី​ជំនាញ សូមអំពាវនាវដល់អាជីវករទាំងអស់ សូមបញ្ឈប់ការលក់ និងចែកចាយស្រាទំពាំងបាយជូ និងស្រាសសញ្ញា មាស ហុង និងសូមទាក់ទងប្រគល់ជូនអគ្គនាយកដ្ឋានក.ប.ប. ដើម្បីធ្វើការកំទេចចោល។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី​០២ ខែ កញ្ញា ឆ្នាំ ២០២១ ម្សិលមិញ​ មានហេតុការណ៍​ដ៏​គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយគេប្រទះឃើញនារីវ័យក្មេងចំនួន ២នាក់ ដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង នៅជាន់ទី​៣ ផ្ទះលេខ​២៧ ផ្លួវសុធារស មុខផ្សារទំនើប អ៊ីអន១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង​នារីម្នាក់ទៀត បានស្លាប់​ នៅស្រុកកំណើតឯខេត្តកណ្តាល។

ក្រោយពីពួកគេ បាននាំគ្នាទិញស្រាថ្នាំ ដែលមានឈ្មោះ ទំពាំងបាយជូ នេះចំនួន ១២ដប យកមកផឹកអស់​ ១១ដប នៅសល់ ១​ដប និង​ពុល​ស្លាប់​បាត់បង់ជីវិតយ៉ា​ង​នេះ៕ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ