ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ក្នុងសង្គម​យើង​សព្វថ្ងៃ ជម្លោះ​ជាច្រើន​កើតឡើង ដោយសារតែ​រឿង​តូចតាច តែ​មនុស្ស​យើង ចូលចិត្ត​ធ្វើ​រឿង​តូច ក្លាយ​ជាធំ រហូត​ឈ្លោះ​គ្នា ឈានដល់​វាយតប់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ថែមទៀត​​។…

ភ្នំពេញ​៖ ក្នុងសង្គម​យើង​សព្វថ្ងៃ ជម្លោះ​ជាច្រើន​កើតឡើង ដោយសារតែ​រឿង​តូចតាច តែ​មនុស្ស​យើង ចូលចិត្ត​ធ្វើ​រឿង​តូច ក្លាយ​ជាធំ រហូត​ឈ្លោះ​គ្នា ឈានដល់​វាយតប់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ថែមទៀត​​។ ជម្លោះ​​ទាំង​នោះ កើតចេញពី​ការផឹក​ស្រា​គ្រឿង​ស្រវឹង និង​សីលធម៌ រួមទាំង​ការមិន​ចេះ​អត់ធ្មត់ អត់អោន អធ្យាស្រ័យ​គ្នា​។​

​កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ នៅក្បែរ​ភ្លើងស្តុប​ណត​ប្រ៊ី​ត តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ជម្លោះ​វាយតប់​គ្នា ដោយសារតែ​រឿង​ជិះម៉ូតូ​សាចទឹក​ភ្លៀង ដែល​ដក់​នៅលើ​ចិញ្ចើមផ្លូវ រវាង​អ្នកបើកបរ​ម៉ូតូ​កង់​បី និង​អ្នកបើកបរ​ម៉ូតូ​។ ជម្លោះ​នោះ ដំបូង​ត្រឹមតែ​ប្រកែក​គ្នា តែ​ក៏​ក្លាយទៅជា​ការប្រើប្រាស់​អំពើ​ហិង្សា វ៉ៃ​គ្នា ផ្អើល​ពេញ​ផ្លូវ រហូតដល់​សមត្ថកិច្ច​មូលដ្ឋាន ទៅ​អន្តរាគមន៍ សម្របសម្រួល នាំទៅ​ប៉ុស្តិ៍​ប៉ូលិស​។​

​នៅ​​មុន​ពេល​​កើត​ហេតុ គឺ​បន្ទាប់ពី​ភ្លៀង​ធ្លា​ក់មួយ​មេ​រួច ទឹក​លិច​ផ្លូវ​២០០៤ នៅ​ចំណុច​ភ្លើងស្តុប​ណត​ប្រ៊ី​ត ហើយ​បុរស​ម្នាក់ អ្នកបើកបរ​ម៉ូតូ​កង់​បី មួយគ្រឿង ដោយមាន​ស្ត្រី​ម្នាក់ រួម​ដំណើរ​ជាមួយ​។ លុះដល់​ចំណុចកើតហេតុ ដែល​កកស្ទះ​ចរាចរណ៍​ផង ស្របពេល​ដែលមាន​ម៉ូតូ​មួយគ្រឿង ម៉ាក XR ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងស្ថានភាព​ស្រវឹង បានធ្វើ​ដំណើរ​ស្រប​ទិសដៅ​គ្នា តាម​ពីក្រោយ​ម៉ូតូ​កង់​បី​។ អ្នកបើកបរ​ម៉ូតូ​នោះ ក៏បាន​ព្យាយាម ជិះ​វ៉ា​ជែង​ខាងស្តាំ​ម៉ូតូ​កង់​បី ធ្វើ​ឲ្យ​សាចទឹក​ភ្លៀង ដែល​ដក់​នៅលើ​ចិញ្ចើមផ្លូវ ទៅ​ត្រូវ​លើ​អ្នកបើកបរ​ម៉ូតូ​កង់​បី​។ បុរស​ទាំងពីរ​នាក់ ក៏​ទាស់សម្តី ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃក រហូត​ឈានដល់​ការប្រើប្រាស់​អំពើហិង្សា ឈានដល់​វាយ​កញ្ចក់​ម៉ូតូ​កង់​បី និង​កុង​ទ័​រ​ម៉ូតូ XR បណ្ដាល​ឲ្យ​បែក ខូចខាត​រៀងៗ​ខ្លួន​។​

​បុរស​ជា​ម្ចាស់​ម៉ូតូ XR ជា​ភាគី​ជម្លោះ​ម្ខាង​ទៀត បាន​ទទួលស្គាល់ថា មុន​កើត​ហេតុនេះ ខ្លួន​បាន​ផឹកស្រា​បៀរ​អស់ ៦​កំប៉ុង គ្នា ៣​នាក់ ហើយ​ពេលដែល​គាត់​ជិះ​ម៉ូតូ ដល់​ចំណុចកើតហេតុ គាត់​ក៏បាន​ជិះ​វ៉ា​ជែង​ម៉ូតូ​កង់​បី ដោយ​ក្នុង​ល្បឿន​យឺតៗ​។ ប៉ុន្តែ​ស្រាប់តែ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី ស្រែកជេរ​ប្រមាទ មកលើ​រូបគាត់ ទើប​គាត់​ឈប់​ម៉ូតូ ចុះទៅ​សួរនាំ ក៏​ក្លាយជា​រឿង​រាវ វាយតប់​គ្នា ដួល​នៅក្នុង​ទឹក បែក​កញ្ចក់​ទូរស័ព្ទ  ដែល​នៅក្នុង​ហោប៉ៅ​ខោ​របស់គាត់​។ អ្នកបើកបរ​ម៉ូតូ​កង់​បី ក៏បាន​វាយ​បំបែក​កញ្ចក់​កុង​ទ័​រ​ម៉ូតូ​របស់គាត់ បណ្តាល​ឲ្យ​បែក ខូចខាត​បន្ថែមទៀត​។​

​យ៉ាងណាក៏ដោយ សមត្ថកិច្ច​មូលដ្ឋាន បានមក​សម្របសម្រួល អន្តរាគមន៍ និង​នាំ​ភាគី​ទាំងពីរ ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​បែកក្អម ដើម្បី​ដោះស្រាយ​គ្នា​។ បន្ទាប់ពី​មាន​សមត្ថកិច្ច ជួយ​សម្របសម្រួល ភាគី​ទាំងពីរ ក៏​ព្រម​បញ្ចប់រឿង នៅ​នឹង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​បែកក្អម ដោយ​សុំទោស​គ្នា ទៅវិញទៅមក និង​យក​ម៉ូតូ និង​កង់​បី ទៅ​ជួសជុល​រៀងៗ​ខ្លួន​។​

​ករណី​ជម្លោះ​នេះ អាច​ផ្តើមចេញពី​ភ្លៀង និងការ​​ផឹកស្រា​។ ដោយសារតែ​ភ្លៀង ធ្វើ​ឲ្យ​ដក់​ទឹក​លើផ្លូវ ហើយ​បុរស​អ្នកបើកបរ​ម៉ូតូ XR ​បានផឹកស្រា រាង​​ស្រឿងៗ​ផង ក៏​ក្លាហាន ក្លាយជា​ជម្លោះ​តែម្តង​។ ម្យ៉ាង​បើសិនជា​បុរស​អ្នកបើកបរ​ម៉ូតូ XR បើក​ជែង កុំ​ឲ្យ​សាចទឹក​ដាក់​កង់​បី ក៏​មិនមាន​រឿងរ៉ាវ​វែងឆ្ងាយ រហូតដល់​វាយតប់ បែក​កញ្ចក់​ទូរស័ព្ទ បែក​កញ្ចក់​ម៉ូតូ​កង់​បី និង​បែក​កុង​ទ័​រ​ម៉ូតូ​នោះ​ទេ​។​

​ព្រះសម្មាសម្ពុទ្ធ បាន​លើកឡើងថា ការផឹក​ស្រា ឬ​គ្រឿង​ស្រវឹង នាំមក​នូវ​វិនាស ៦​ប្រការ គឺ​១-​វិនាស​ទ្រព្យ ២-​បង្កជម្លោះ ៣-​កើតរោគ​ក្នុង​ខ្លួន ៤-​ខូច​ឈ្មោះ ៥-​បង្ហាញ​កេរ្តិ៍ខ្មាស់​ទាំង​រស់ និង​៦-​បាត់បង់​បញ្ញា​។ សព្វថ្ងៃ អ្នក​ផឹកស្រា ក៏បង្ក​គ្រោះថ្នាក់​ចរាចរណ៍ រហូតដល់​របួស និង​ស្លាប់​រៀងរាល់ថ្ងៃ​ថែមទៀត​។​

​មួយវិញទៀត ករណី​ជម្លោះ​នោះ ក៏​ផ្តើម​ពី​រឿង​តូច​មួយ គឺ​សាចទឹក​ដាក់គ្នា ក៏​ក្លាយជា​រឿងរ៉ាវ វ៉ៃ​គ្នា និង​បំផ្លាញ​ទ្រព្យសម្បត្តិ​រៀងៗ​ខ្លួន​ថែមទៀត​។ នេះ​សំណាង​ហើយ មិន​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ ត្រូវ​ចូលដេក​ពេទ្យ​។ ចូរ​កុំភ្លេចថា «​បើ​ខឹង រឿង​តូច នឹង​ក្លាយជា​រឿង​ធំ​»​។ ម្យ៉ាងទៀត «​បើ ត នឹង​វែង​»​។

ជម្លោះ កើតចេញពី​ភាគី​ទាំងសង្ខាង ដូច​ពាក្យចាស់​ថា ទះដៃ​ម្ខាង មិនលឺ​ទេ​។ តែបើ​អ្នកបើក​ម៉ូតូ XR បើ​ថា​ប្រញាប់​ណាស់ ព្រោះ​ត្រូវ​បើក​វ៉ា​ជែង​គេ​ខាងស្តាំ​ដៃ ដែល​ខុស​នឹង​ច្បាប់​ចរាចរណ៍ ហើយ​វ៉ា​ផុត​ហើយ មិន​ព្រម​ជិះ​សំរុក​ទៅមុខ​ទេ តែ​នៅ​មិន​អស់ចិត្ត នឹង​គេ​ស្រែកជេរ​។ រីឯ​អ្នកបើក​កង់​បី ក៏​គួរតែ​គិតថា ស្រែកជេរ​គេ បានអីមកវិញ​? បើ​សាចទឹក​ទទឹក​អស់ហើយ​។ ទោះជា​ជេរ​គេ ក៏​ទឹក​ដែល​សាច​ទទឹក ប្រឡាក់​កង់​បី និង​ខ្លួន​នោះ មិន​ស្ងួត​វិញ​ឯណា​!​។

​ដោយ​សារតែ​មិនមាន​ការអត់ធ្មត់​រៀងៗ​ខ្លួន ក៏​កើតជា​ជម្លោះ បង្ក​ការរំខាន​ដល់​គេឯង ជាអ្នក​ធ្វើដំណើរ​តាមផ្លូវ ហើយ​ត្រូវ​ខាត​ពេល​​ផង បាត់​ម៉ូយ​កំពុង​ជិះ​ផង។ ទាំងពីរនាក់ ក៏​ត្រូវ​ឈឺខ្លួន ដោយ​សារតែ​វាយតប់​គ្នា និង​ខូច​កញ្ចក់​ម៉ូតូ ទូរស័ព្ទ​ថែមទៀត​។ ករណីនេះ ក៏​ចាត់ទុកជា​សំណាង​ហើ​យ ដែល​មិន​បង្ក​គ្រោះថ្នាក់​រ​បួសធ្ងន់ធ្ងរ ដល់​ភាគី​ជម្លោះ។ បើសិនជា​វាយ​គ្នា រហូតដល់​​របួសធ្ងន់​ធ្ង​រ បែកក្បាល ឬ​បាក់ដៃ បាក់ជើង រហូតដល់​ស្លាប់​ផង​នោះ គឺ​ភាគី​អ្នកចាញ់ ត្រូវ​ចូល​​ពេទ្យ ហើយ​អ្នកឈ្នះ ច្បាស់​ជា​ត្រូវ​ដេក​គុក​​ជាមិនខាន​។​

​រឿងនេះ ជាការ​ដាស់​ស្មារតី​ខ្មែរ​យើង​មួយចំនួន ដែល​ឆាប់​ខឹង ហើយ​​មិនចេះ​យោគយល់​អធ្យា​ស្រ័យ​​​គ្នា​​​នោះ​​ឡើយ​​​។ ​រឿង​​​តូច​​តាច​​​សោះ​​ ក៏​​​ខំ​​ប្រឹង​​​បំ​​ប៉ោង ​រហូ​តដល់​ក្លាយជា​​ជម្លោះ​​រឿង​ធំ​។ បើ​​​មាន​ភា​គី​ម្ខា​ង មិន​ឈ្លោះ មិន​ឆ្លង មិនឆ្លើយ នោះ​ក៏​មិនកើត​រឿងរ៉ាវ​វែងឆ្ងាយ​ឡើយ ព្រោះ​ការឈ្លោះគ្នា ជា​រឿង​មិនមាន​ប្រយោជន៍​សោះឡើយ​។ ខាត​ពេល​ផង ខូច​ឈ្មោះ​ផង ហើយ​បើ​រហូត​ក្លាយជា​អំពើហិង្សា វាយតប់​គ្នា គឺ​ឈឺខ្លួន របួស​រៀងខ្លួន និង​អាច​ក្លាយជា​រឿង​ល្មើសច្បាប់ ដែល​ត្រូវ​ជាប់គុក​ថែមទៀត បើសិនជា​បង្ក​ឲ្យ​ភាគី​ម្ខាង របួស ពិការ ឬក៏​រហូតដល់​ស្លាប់​នោះ​។ ល្មមៗ កុំ​ឈ្លោះ​គ្នា​អី​។

​ចូរ​រៀន​អត់អោន ហើយ​ប្រកាន់​នូវ​ព្រហ្ម​វិហារធម៌ ៤ គឺ ១-​មេត្តា (​ស្រឡាញ់ រាប់អាន ការមិន​ប្រើ​អំពើហិង្សា​ដាក់គ្នា​)  ២-​ករុណា ( សេចក្តី​អាណិតអាសូរ​ដាក់គ្នា​) ៣-​មុទិតា (​ការមិន​ច្រណែន​ឈ្នា​និ​ស​គ្នា ការ​ត្រេកអរ​នឹង​អ្នកដទៃ​បាន​សុខ​) និង​ឧបេក្ខា (​ការតាំង​ចិត្តជា​កណ្តាល ប្រកបដោយ​ភាពយុត្តិធម៌​) នោះ​យើង​ម្នាក់ៗ នឹង​បាន​សុខ ហើយ​អ្នកដទៃ ក៏បាន​សុខ ព្រោះ​ជីវិត​យើង​ម្នាក់ៗ​នេះ កើតមក មិនមែន​សម្រាប់តែ​ឈ្លោះទាស់ទែង​គ្នា​នោះទេ នៅមាន​រឿង​ជីវិត​ច្រើន​ទៀត ដែល​យើង​ម្នាក់ៗ ត្រូវ​ប្រឈម និង​ដោះស្រាយ ជួបប្រទះ​រៀងរាល់ថ្ងៃ​៕​