ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ត្រា​គំរូ​ថ្មី​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត សម្រាប់​ប្រើប្រាស់​ជំនួស​ត្រា​ចាស់

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន នា​រសៀល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ប្រគល់​ត្រា​គំរូ​ថ្មី…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន នា​រសៀល​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​ប្រគល់​ត្រា​គំរូ​ថ្មី ដល់​មន្ទីរ​សុខាភិបាល​ខេត្ត សម្រាប់​ប្រើប្រាស់​ជំនួស​ត្រា​ចាស់ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​បទដ្ឋាន​នៃ​ការ​ផ្ទេរ​មុខងារ​គ្រប់គ្រង​មក​ឱ្យ​រដ្ឋបាល​ខេត្ត​។ ពិធី​ប្រគល់​ត្រា​គំរូ​ថ្មី​នេះ មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល នាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលាខេត្ត ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត លោក​ប្រធាន​ការិយាល័យ​សុខាភិបាល ក្រុង ស្រុក​ប្រតិបត្តិ​ទាំង​០២ លោក​ប្រធាន​មន្ទីរពេទ្យ លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​ប៉ៃលិន​។

នា​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ អភិបាលខេត្ត បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​ឱ្យ​មន្ត្រី​ដែល​មាន​ភារកិច្ច​ក្នុង​ការ​រក្សា​ទុក និង​គ្រប់គ្រង​ត្រា គឺជា​មន្ត្រី​ដែល​ទទួល​បន្ទុក​ការងារ រដ្ឋបាល​ចៀសវាង​ប្រគល់​ជូន​មន្ត្រី​ដែល​គ្មាន​ភារកិច្ច​។ លោក​ជំទាវ​បាន​បន្ត​ទៀត​ថា ចាប់តាំងពី​ខេត្ត​ត្រូវ​បាន​ផ្ទេរ​មក​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត មក​ដល់​ពេល​នេះ គឺ​មន្ទីរ​សុខាភិបាល​ខេត្ត និង​អង្គភាព​ក្រោម​ឱវាទ នៅ​តែ​បន្ត​ប្រើប្រាស់​ត្រា​ចាស់​នៅឡើយ​។ ប៉ុន្តែ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​បទដ្ឋាន​នៃ​ការ​ផ្ទេរ​មុខងារ​គ្រប់គ្រង​មក​ឱ្យ​រដ្ឋបាល​ខេត្ត​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល បាន​ចេញ​ប្រកាស​ស្ដី​ពី​ការ​កំណត់​គំរូ​ត្រា​ថ្មី សម្រាប់​ប្រើប្រាស់​ជំនួស​ត្រា​ចាស់ ហើយ​ដែល​យើង​កំពុង​រៀបចំ​ពិធី​ប្រគល់​-​ទទួល​នា​ពេល​នេះ​។

បន្ថែម​ពីលើ​នេះ លោក​ជំទាវ​បាន​ណែនាំ​អំពី​ចំណុច​សំខាន់​ៗ មួយ​ចំនួន ក្នុង​ការ​ប្រើប្រាស់​ត្រា​គំរូ​ថ្មី​មាន​ដូច​ខាងក្រោម​៖ ទី​១.​ត្រា​ត្រូវ​រក្សា​ទុក និង​គ្រប់គ្រង​ទុកដាក់​ឱ្យ​បាន​គង់​វង់​ល្អ ចៀសវាង​ការ​បាត់បង់ និង​ការ​យក​ទៅ​ប្រើប្រាស់​ខុស​គោលដៅ​។ ទី​២.​ត្រា​ត្រូវ​តែ​រក្សា​ទុក​នៅ​ក្នុង​ការិយាល័យ​ជំនាញ​ដែល​មាន​ភារកិច្ច (​ការិយាល័យ​រដ្ឋបាល​) ទី​៣. ត្រា​គឺ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ទុក​នៅ​ក្រៅពី​ការិយាល័យ​ខាងលើ​នេះ ឬ​យក​តាម​ខ្លួន​របស់​អ្នក​ហត្ថលេខី ឬ​ប្រធាន​អង្គភាព ឬ​អ្នក​ដែល​មាន​ភារកិច្ច​គ្រប់គ្រង ឬ​បោះត្រា​ឡើយ​។ ទី​៤.​ការ​ប្រើប្រាស់​ត្រា​របស់​អង្គភាព ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ត្រា​ត្រូវ​តែ​បោះ​លើ​ឯកសារ​ផ្លូវការ​ស្រប​តាម​តួនាទី​ភារកិច្ច និង​បម្រើ​ឱ្យ​ប្រយោជន៍​ស្របច្បាប់​របស់​អង្គភាព ចៀសវាង​ការ​ប្រើប្រាស់​លើ​ឯកសារ​បម្រើ​ឱ្យ​ផលប្រយោជន៍​បុគ្គល នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​អង្គភាព​។

ទី​៥.​ត្រា​គំរូ​ថ្មី ត្រូវ​ចាប់ផ្ដើម​ប្រើប្រាស់​ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២១ តទៅ មាន​ន័យ​ថា ត្រា​ចាស់​ក៏​ត្រូវ​អស់​សុពលភាព​អនុវត្ត ចាប់ពី​ថ្ងៃនេះ​តទៅ​ផង​ដែរ (​រាល់​ឯកសារ ដែល​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១ ខែកញ្ញា តទៅ គឺ​ប្រើប្រាស់​ត្រា​គំរូ​ថ្មី​)​។ ទី​៦.​ត្រា​ចាស់​ទាំងអស់ ត្រូវ​ប្រគល់​ជូន​មក​រដ្ឋបាល​ខេត្ត ដើម្បី​ផ្ញើ​ជូន​ក្រសួងមហាផ្ទៃ​រក្សា​ទុក​។ និង​ទី​៧. អំពី​ការ​ប្រើប្រាស់​ត្រា​ថ្មី​នេះ សូម​ឱ្យ​លោកនាយក​រដ្ឋបាល ចាត់ចែង​រៀបចំសេចក្ដី​ជូនដំណឹង​ទៅ​ដល់​គ្រប់​អង្គភាព និង​អ្នក​ពាក់ព័ន្ធ ពី​កាលបរិច្ឆេទ​នៃ​ការ​បញ្ឈប់​ការ​ប្រើប្រាស់ ត្រា​ចាស់ និង​កាលបរិច្ឆេទ នៃ​ការ​ចាប់ផ្ដើម​ប្រើប្រាស់​ត្រា​ថ្មី (​ដោយ​មាន​ភ្ជាប់​នូវ​គំរូ​ត្រា​ថ្មី​)​។ ជាមួយ​គ្នា​នេះ លោក​ជំទាវ​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩ នេះ មន្ទីរ​សុខាភិបាល​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ ចូលរួម​សហការ​អនុវត្ត​ការងារ​ចាក់​វ៉ាក់សាំង​ដែល​កំពុង​ប្រតិបត្តិការ​ឱ្យ​មានដំណើរ​ការ​ល្អ​ប្រកបដោយ​ប្រសិទ្ធភាព និង​រួម​សហការ​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​សូម​ឱ្យ​មន្ទីរពេទ្យ​ទាំងអស់ បន្ត​ធានា​និរន្តរភាព​ក្នុង​កិច្ចការ​ផ្ដល់​សេវា​សុខាភិបាល ជូន​ដល់​គ្រប់​អ្នកជំងឺ​ដែល​មក​ទទួល​សេវា នៅ​ក្នុង​មូលដ្ឋាន​សុខាភិបាល​៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ