ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ មិនយូរ​ទេ សាលារៀន ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន នឹងត្រូវ​បើកទ្វារ​ឡើងវិញ ឆាប់ៗ​នេះ ខណៈដែល​អត្រា​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង…

ភ្នំពេញ​៖ មិនយូរ​ទេ សាលារៀន ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន នឹងត្រូវ​បើកទ្វារ​ឡើងវិញ ឆាប់ៗ​នេះ ខណៈដែល​អត្រា​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង ហាក់ដូចជា​ថយចុះ ខណៈដែល​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ បាន​កាន់តែច្រើន​។ ប៉ុន្តែ​ទន្ទឹមនឹង​ការបើក​ឡើងវិញ​នូវ​សាលារៀន ខណៈ​អត្រា​អ្នក​ឆ្លង​កូ​វីដ​ថយចុះ​នេះ ក៏​នៅតែ​ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ជាង​មុន ព្រោះ​កូ​វីដ ​មិនទាន់​ទៅណា​ឆ្ងាយ​ឡើយ​។​

​ក្នុង​សារ​ជា​សំឡេង​ជូនទៅ​កាន់​ជាពិសេស​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ពិភាក្សា​ជាមួយ​អភិបាល​រាជធានី​ខេត្ត​ទូទាំងប្រទេស ដើម្បី​រៀបចំ និង​ពិនិត្យ​លទ្ធភាព​បើក​សាលារៀន​ឡើងវិញ ជាពិសេស​នៅ​តំបន់​ជនបទ ដែល​មិនមាន​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ដោយសារតែ​ស្ថានភាព​កូ​វីដ​១៩ ថមថយ ហើយ​កុមារ និង​យុវវ័យ ចាក់​វ៉ាក់សាំង​ក៏បាន​ច្រើន រហូតដល់​ជាង ១​លាន ៥​សែន​នាក់​ហើយ​។ ដូច្នេះ​ក្រសួង​អប់រំ ត្រូវ​ពិភាក្សា​ជាមួយ​ខេត្ត​រាជធានី ដើម្បី​ជ្រើសរើស​សាលា ដែល​ត្រូវ​បើក​ឡើងវិញ ទាំង​ថ្នាក់បឋមសិក្សា មធ្យមសិក្សា​កម្រិត​១ និង​កម្រិត​២ នៅ​កន្លែង ដែល​មិនមាន​ឆ្លង​កូ​វីដ ពិសេស​នៅ​តំបន់​ជនបទ​។​

​សម្តេច​តេ​ជោ លើកឡើងថា ការសម្រេច​បើក​សាលារៀន​ឡើងវិញ តាម​កន្លែង ដែល​មិនមាន​ឆ្លង​កូ​វីដ​នេះ ត្រូវធ្វើឡើង ដោយ​មិន​រង់ចាំ រហូតដល់​បើក​សាលារៀន​នៅ​ទូទាំងប្រទេស​នោះទេ គឺ​បើក​សាលារៀន នៅ​ភូមិ​ឃុំ ដែល​មិនមាន​ឆ្លង​រាលដាល​កូ​វីដ​១៩ ដោយ​ត្រូវ​រក្សា​នូវ​វិធានការ​ចាំបាច់​នានា ដូចជា រក្សា​គម្លាត​សុវត្ថិភាព និង​វិធាន​សុខាភិបាល​នានា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ថា បើ​សាលារៀន នៅ​បន្ត​បិទ​តទៅទៀត នឹងមាន​ការលំបាក​ច្រើន ដោយ​អាចធ្វើ​ឲ្យ​សិស្សានុសិស្ស ឈានទៅ​បោះបង់​ការសិក្សា និង​សិស្ស​មិនចេះ​អក្សរ ទោះជា​រៀន​តាម​អន​ឡាញ ដោយសារតែ​កុមារ និង​សិស្ស​នៅ​ជនបទ ពុំមាន​លទ្ធភាព​រៀន​តា​ម​អន​ឡាញ ដូច​សិស្ស​នៅ​ទីក្រុង និង​ទីប្រជុំជន​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើងថា នៅតាម​ទីប្រជុំជន ដែលមាន​ឆ្លង​កូ​វីដ ឬក៏​ឆ្លង​តិច គឺអាច​ពិនិត្យ​លទ្ធភាព​រៀន​តាម​អន​ឡាញ ឬ​រៀន​តាម​ស្ថានភាព​ដោយផ្ទាល់ ដោយ​រក្សា​គម្លាត​សុវត្ថិភាព និង​រៀបចំ​ឲ្យ​សិស្ស​រៀន​ចម្រុះ​។ តែ​នៅ​ភូមិ​ឃុំ ដែល​មិនមាន​ឆ្លង​កូ​វីដ ត្រូវ​ជ្រើសរើស​បើក​សាលារៀន​ឡើងវិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើងថា មកដល់ពេលនេះ ភាពស៊ាំ បានកើត​ឡើង នៅ​ភ្នំពេញ និង​ខេត្តកណ្តាល ដោយនៅ​ភ្នំពេញ ចំនួន​អ្នក​ឆ្លង​កូ​វីដ ធា្ល​ក់​ចុះ ហើយ​អ្នក​ឆ្លង ក៏​មិន​ធ្ងន់ធ្ងរ ខណៈ​អ្នកស្លាប់ ក៏​ថយចុះ​។ ដូច្នេះ នេះ​ជា​ចំណុច​វិជ្ជមាន​មួយ ដែល​ឈានទៅ​បើក​សង្គម​សេដ្ឋកិច្ច​ទូទាំងប្រទេស​ឡើងវិញ ក្នុងនោះ ក៏មាន​វិស័យ​អប់រំ ផងដែរ​។​

​ក្រសួងសុខាភិបាល ប្រកាសថា គិត​ត្រឹម​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស ចាក់​វ៉ាក់សាំង​កូ​វីដ សរុប​បាន​ចំនួន​ជាង ១០​លាន​នាក់​។ ក្នុងនោះ អ្នក​ចាក់​វ៉ាក់សាំង​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ មាន​ចំនួន​ជាង ៩​លាន ១៧​ម៉ឺន​នាក់​។ ចំណែក​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ រហូតដល់​អាយុ​ក្រោម ១៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃទី​៣០ ខែសីហា ចាក់​វ៉ាក់សាំង បាន​ចំនួន​ជាង ១​លាន ៥១​ម៉ឺន​នាក់​។ រីឯ​អ្នក​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ បាន​ចំនួន​ជាង ៦១​ម៉ឺន​នាក់​។​

​ពាក់ព័ន្ធ​នឹង​ការរៀបចំ​បើក​សាលារៀន​ឡើងវិញ កាលពី​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ស្តីពី ការបង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​ភូមិសាស្ត្រ ដែលមាន​ហានិភ័យ​ទាប​។ ក្នុងនោះ សាលារៀន​រដ្ឋ និង​សាលា​ឯកជន ដែល​ត្រូវ​បើក​បង្រៀន​ឡើងវិញ ត្រូវមាន​សិស្ស​ចូលរៀន មិន​ឲ្យ​លើសពី ១៥​នាក់ ក្នុង ១​ថ្នាក់​។ ប៉ុន្តែ​ក្រសួង​អប់រំ មិនទាន់​ប្រកាសថា សាលារៀន ត្រូវ​បើកទ្វារ​ឡើងវិញ នៅពេលណា​នោះទេ​។​

​ក្នុងពេល​ឆ្លង​កូ​វីដ​១៩ តាមរយៈ​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍ ថ្ងៃ​២០​កុម្ភៈ ឆ្នាំ​២០២១ សាលា​រៀន ទាំង​សាលារៀន​រដ្ឋ និងទាំង​​សាលា​ឯកជន បាន​ផ្អាក​ដំណើរការ ហើយ​បើក​បង្រៀន និង​រៀន​ពី​ចម្ងាយ​តាម​គ្រប់​រូបភាព ដូចជា ការបង្រៀន និង​រៀន​តាម​បណ្តុំ ដែលជា​ការ​មក​រៀន​ជុំគ្នា ក្នុង​ទ្រង់ទ្រាយ​តូច រវាង​គ្រូបង្រៀន និង​សិស្ស នៅ​ទីកន្លែង ដែលមាន​សុវត្ថិភាព ដូចជា នៅ​សាលារៀន នៅតាម​ផ្ទះ តាម​វត្ត​អារាម និង​នៅ​កន្លែង​សមស្រប ក្នុងភូមិ​សាស្ត្រ ដែល​មិនមាន​ឆ្លង​កូ​វីដ ជាដើម​។ នេះ​សម្រាប់​នៅ​តំបន់​ជនបទ ដែល​សិស្ស​ពុំមាន​លទ្ធភាព​រៀន​តាម​អន​ឡាញ​។

​ដោយឡែក នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទីប្រជុំជន ដែល​គ្រូ និង​សិស្ស មានលទ្ធភាព​បង្រៀន និង​រៀន​តាម​អន​ឡាញ ពី​ចម្ងាយ ពិសេស​នៅ​សាលារៀន​ឯកជន គឺ​ការបង្រៀន និង​រៀន ធ្វើឡើង​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អន​ឡាញ ដូចជា តាម​ទូរទស្សន៍​ជាតិ តាម​តេ​ឡេ​ក្រាម តាម Zoom និង​តាម​ប្រព័ន្ធ Microsoft team ជាដើម​។​

​យ៉ាងណាក៏ដោយ សម្រាប់​ការ​តៀម​បើក​សាលារៀន​ឡើងវិញ នាពេល​ឆាប់ៗ​នេះ ក្រសួង​អបរំ បានផ្តល់​អាទិភាព​មុនគេ លើ​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដើម្បី​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ក្នុង​ខែវិច្ឆិកា និង​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ខែធ្នូ ឆ្នាំ​២០២១​។ ក្រុមសិស្ស​នៅ​កម្រិត​មធ្យមសិក្សា ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​នៅ​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ចាក់​បាន ២​ដូ​ស​រួចរាល់​ហើយ ខណៈដែល​គ្រូបង្រៀន នៅ​ទូទាំងប្រទេស ក៏​ស្ថិតក្នុង​ក្រុម​ជួរមុខ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​ដូ​ស​រួចហើយ​ដែរ មកដល់ពេលនេះ​។​

​តែ​យ៉ាងណា​ក៏ដោយចុះ អំឡុងពេល​បើក​សាលារៀន​ឡើងវិញ ឆាប់ៗ​នេះ ក៏​នៅតែ​ទាមទារ​ឲ្យ​ទាំង​គ្រូ ទាំង​សិស្ស និង​នៅក្នុង​បរិវេណ​សាលារៀន ទោះបីជា​សិស្ស ១​ថ្នាក់ មាន​យ៉ាងច្រើន​បំផុត​ត្រឹមតែ ១៥​នាក់​ក្តី ក៏​វិធាន​ការការពារ​កូ​វីដ នៅតែ​ជា​វិធានការ​ចាំបាច់ ពិសេស​ទាំង​សិស្ស​ទាំង​គ្រូ ត្រូវ​ពាក់​ម៉ាស គ្រប់ពេល លាង​សម្អាត​ដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​។ សាលារៀន ត្រូវមាន​អនាម័យ ទ្វារ​បង្អួច បើកចំហរ ឲ្យ​មាន​ខ្យល់អាកាស​ចេញចូល ហើយ​មុននឹង​សិស្ស​ចូលរៀន តាម​សាលា ក៏ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ហើយ​វាស់​កម្តៅ​នៅ​ច្រកចេញចូល​។ បើ​យក​ល្អ ក៏ត្រូវ​ធ្វើតេស្ត​រហ័ស​ ទាំង​គ្រូ ​ទាំង​សិស្ស មុនពេល​ចូលរៀន ដោយ​អាច ១​សប្តាហ៍ ធ្វើតេស្ត​ម្តង ក៏​ល្អ​ដែរ បើសិនជា​សាលារៀន មានលទ្ធភាព ព្រោះ​ឧបករណ៍​ធ្វើតេស្ត ក៏​ធូរ​ថ្លៃ​ដែរ នៅ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ ការធ្វើ​តេស្ត​នេះ គួរតែ​ធ្វើ​លើ​អ្នក​សង្ស័យ ទាំង​គ្រូ​ទាំង​សិស្ស និង​ទាំង​បុគ្គលិក​សាលារៀន​។​

​ក្រៅពី​កំណត់​ឈប់​ឲ្យ​មាន​ការលក់​នំចំណី​ក្នុង​សាលារៀន អំឡុងពេល​សាលារៀន​បើកទ្វារ​ឡើងវិញ ទាំង​សាលារៀន ទាំង​ក្រសួង​អប់រំ ពិសេស​នៅ​សាលា​ឯកជន ក៏​គួរតែ​គិតគូរ​លើ​មធ្យោបាយ​ធ្វើដំណើរ​រួម គឺ​ឡាន​ដឹក​សិស្ស តើ​ត្រូវ​រៀបចំ​ដូចម្តេច ដើម្បី​ឲ្យ​រក្សា​គម្លាត​សុវត្ថិភាព ដូច​នៅក្នុង​ថ្នាក់រៀន ដែល​កំណត់​ចំនួន​សិស្ស មិន​ឲ្យ​លើសពី ១៥​នាក់ ក្នុង ១ថ្នាក់​។ ការជួបជុំ​សិស្ស​ពេលចេញ​លេង និង​នៅក្រៅ​សាលារៀន ក៏​ជា​រឿង​មួយ ដែល​សាលារៀន និង​ក្រសួង​អប់រំ មិនត្រូវ​មើលរំលង​ឡើយ ព្រោះថា យើង​គិតគូរ​តែ​ពី​សុវត្ថិភាព​​​ក្នុង​ថ្នាក់រៀន ហើយ​បើសិន​សិស្សានុសិស្ស ពពាក់​ព​ពួន​នៅ​ម៉ោង​ចេញលេង ឬក៏​តាមផ្លូវ​ធ្វើដំណើរ​ពី​សាលារៀន ទៅផ្ទះ និង​ពេល​នៅផ្ទះ សិស្ស​ដើរលេង មិន​គោរព​វិធាន​ការពារ​ខ្លួន ៣​កុំ និង ៣​ការពារ នោះ​ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ ពិសេស​មេរោគ​បំប្លែងថ្មី ដែល​ អាច​នឹង​កើតឡើង ហើយ​នាំចូល​សាលារៀន ក៏​ថា​បាន​។ ចូរ​កុំភ្លេចថា ទោះបីជា​ចាក់​វ៉ាក់សាំង ២​ដូ​ស ឬក៏ ៣​ដូ​ស​រួចហើយ ក៏ដោយ ក៏​នៅតែ​ឆ្លង​កូ​វីដ និង​ក៏​អាច​ឈានទៅ​ស្លាប់​ដែរ បើសិនជា​ធ្វេសប្រហែស​៕​