ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារធាតុអាសបេស្តុសជាឃាត.ករលាក់មុខវាវិវត្តន៍ យឺតៗក្នុងសួត និងផ្នែកផ្សេងនៃរាងកាយមនុស្សធ្វើឲ្យមានជំងឺ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សារធាតុ​អាស​បេ​ស្តុ​ស​ជា​សារធាតុ​រ៉ែ​មួយ​ប្រភេទ​ធ្វើ​ឱ្យ​ផលិតផល​មានគុណ​ភាព ជា​ពិសេស គឺស្វិត រឹង ហើយ​តម្លៃ​ថោក​អាច​ទទួលយក​បាន ក៏​ប៉ុន្តែ​ការ​ប្រឈម​នឹង​សារធាតុ​អាស​បេ​ស្តុ​ស​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ដូច​ជា មហារីក​សួត ហើយ​ជា​ញឹកញាប់…

រាជធានី​ភ្នំពេញ ៖ សារធាតុ​អាស​បេ​ស្តុ​ស​ជា​សារធាតុ​រ៉ែ​មួយ​ប្រភេទ​ធ្វើ​ឱ្យ​ផលិតផល​មានគុណ​ភាព ជា​ពិសេស គឺស្វិត រឹង ហើយ​តម្លៃ​ថោក​អាច​ទទួលយក​បាន ក៏​ប៉ុន្តែ​ការ​ប្រឈម​នឹង​សារធាតុ​អាស​បេ​ស្តុ​ស​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ដូច​ជា មហារីក​សួត ហើយ​ជា​ញឹកញាប់ សារធាតុ​នេះ ត្រូវ​បាន​គេ​ហៅ​ថា ជា​ឃាត.ករ​លាក់​មុខ ព្រោះ​វា​ត្រូវការ​ពេលវេលា​ច្រើន​ឆ្នាំ ដើម្បី​ចូល​មក​បំផ្លាញ​សុខភាព​របស់​អ្នក​ដែល​បាន​ប៉ះពាល់ ឬ​ក៏​ទទួល​រង​ឥទ្ធិពល​ពី​សារធាតុ​អាស​បេ​ស្តុ​ស​នេះ​ដែល​ភាគច្រើន វា​វ៉ៃ​លុក​ចូល​ទៅ​ក្នុង​សួត និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​មនុស្ស ។

នេះ​បើ​តាម​ការ​ឡើង​របស់​ឯកឧត្តម បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​កសាង​កម្រង​ព័ត៌មាន​ជាតិ​ស្តី​ពី​សារធាតុ​អាស​បេ​ស្តុ​ស នៅ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​សមាសភាព​នៃ​ក្រុមការងារ​កសាង​កម្រង​ព័ត៌មាន​ជាតិ​ស្តី​ពី​សារធាតុ​អាស​បេ​ស្តុ​ស​នៅ​កម្ពុជា ដែល​រៀបចំ​ឡើង​ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ ILO/Japan តាម​រយៈ​គម្រោង​លើកកម្ពស់​ស្តង់ដា​សុខភាព និង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់ និង​អង្គការ​អា​ហ្វី​ដា ដែល​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​Zoom នា​ព្រឹក ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២១ ។

ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង បាន​បញ្ជាក់​ថា ក្នុង​វិស័យ​ឧស្សាហកម្ម​ការ​ប្រើប្រាស់​ធនធាន​វត្ថុធាតុដើម គឺ​វា​តែងតែ​មានមុខ​ពីរ ៖ ទី​១ វា​អាច​បង្កើត​នូវ​ផលិតផល ឬ​ក៏​ធ្វើ​ឱ្យ​ផលិតផល​កាន់តែ​មាន​គុណភាព​សម្រាប់​ការ​ប្រើប្រាស់ ឬ​កាន់តែ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​មួយ​មុខ​ទៀត​បើ​យើង​ប្រើប្រាស់​វា​មិន​បាន​ប្រុង​ប្រយ័ត្ន​ទេ វា​នឹង​បង្កើត​ហានិភ័យ​សម្រាប់​មនុស្ស​មិន​ត្រឹមតែ​កម្មករនិយោជិត​អ្នក​ផលិត​ទេ អ្នក​ប្រើប្រាស់ និង​អ្នក​ជុំវិញ​ក៏​អាច​ជា​អ្នកមាន​គ្រោះថ្នាក់​ដែរ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ត​ថា ៖«​យើង​ទាំងអស់​គ្នា​ប្រហែលជា​ដឹង​ថា ក្នុង​ពិភពលោក​យើង​នេះ ទស្សនៈ​រួម​មិន​ទាន់​មានការ​ឯកភាព​គ្នា​ទាំងស្រុង​ចំពោះ​បញ្ហា​នេះ នៅ​មាន​១​ផ្នែក​ជា​អ្នក​ផលិត និង​ប្រើប្រាស់ និង​មួយ​ផ្នែក​ទៀត​ជា​អ្នក​ឈប់​ផលិត និង​ទប់ស្កាត់ ហើយ​ទស្សនទាន​នោះ វា​មាន​ឥទ្ធិពល​ទៅ​គ្រប់​ទីកន្លែង ហើយ​នៅ​កម្ពុជា​អ្នកដឹង​បញ្ហា​នេះ​មាន​តិច​គ្នា នៅឡើយ ។ ដូច្នេះ​ក្រុមការងារ​យើង មាន​តួនាទី​សំខាន់​ណាស់ ដើម្បី​ចងក្រង​ប្រមូល​ព័ត៌មាន​ទាំងអស់ ហើយ​ផលប្រយោជន៍​យ៉ាងម៉េច? ផល​ប៉ះពាល់​យ៉ាងម៉េច? គ្រោះថ្នាក់​យ៉ាងម៉េច​ក្នុង​ការ​ប្រើប្រាស់?» ។

ឯកឧត្តម​ថា កន្លង​មក​សារធាតុ​អាស​បេ​ស្តុ​ស វា​ប្រើ​ទៅ​លើ​ក្បឿង ហ្វ៊ី​ប្រូ បើ​ធ្វើ​ក្បឿង​ធម្មតា​មិន​ប្រើ​សារធាតុ​អាស​បេ​ស្តុ​សវា​ក្រាស់ ហើយ​កម្លាំង​សង្កត់​ឆាប់​បាក់​ផុយ ដូច្នេះ​អ្នក​ផលិត​ចូល​ចិត្ត​ប្រើ​វា​ជាង ដើម្បី​ធ្វើ​យ៉ាងណា​ធានា​បាន​នូវ​គុណភាព និង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ ។ កន្លង​មក​កម្ពុជា​មាន​កន្លែង​ធ្វើ​ហ្វ៊ី​ប្រូ​ដែរ តែបើ​តាម​របាយការណ៍​ក្នុង​កម្រង​ព័ត៌មាន​ជាតិ​លើក​ទី​១​របស់​យើង ការ​ផលិត​នេះ​មិន​មាន​ប្រើ​អាស​បេ​ស្តុ​ស​ទេ តែ​មានការ​នាំ​ចូល​មក​កម្ពុជា ហេតុនេះ​យើង​ត្រូវ​តែ​ប្រមូល​ព័ត៌មាន​បន្ថែម​។ ឯកឧត្តម​ប្រធាន បាន​លើក​ឡើង​ថា​៖ «​នៅ​ប្រទេស​មួយ​ចំនួន ខ្ញុំ​បាន​ទៅ​មើលឃើញ​មាន​ប្រើ តែ​គេ​ប្រើ​យ៉ាង​ប្រុង​ប្រយ័ត្ន​មែនទែន សូ​ម្បី​កន្លែង​ទុកដាក់ ក៏​ជា​កន្លែង​ទុកដាក់​ដែល​ពិសេស គេ​ដាក់​ក្នុង​បាវ​ជិត ហើយ​មាន​ហ៊ុម​បាំង​ដោយ​វាំងនន ហើយ​មិន​យក​មនុស្ស​ទៅ​ប៉ះពាល់​វា​បាន​ទេ ប្រើ​សុទ្ធតែ​គ្រឿងយន្ត នេះ​ជា​បញ្ហា​មួយ​ដែល​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​» ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​អង្គការ APHEDA ចំពោះ​គំនិត​ផ្តួចផ្តើម និង​អង្គការ​ILO ដែល​បាន​សហការ​គាំទ្រ​ចំពោះ​សុខភាព​សាធារណៈ​។ យើង​ចាប់ផ្តើម​ថ្ងៃនេះ​ក្នុង​កម្រិត​ជា​ក្រុមការងារ​ចងក្រង និង​ប្រមូល​ព័ត៌មាន ហើយ​ការ​ចងក្រង​ប្រមូល​ព័ត៌មាន​របស់​យើង​ទិស​ដៅ​ទៅ​អនាគត​ដោយសារ​តែ​កិច្ចការ​នេះ មិនមែន​តែ​ស្ថាប័ន​មួយ​ទេ​ដែល​ត្រូវ​ដោះស្រាយ​បាន មិនមែន​ក្រសួង​ការងារ​តែ​មួយ ឬ​ស្ថាប័ន​ណាមួយ​ជា​អ្នក​ធ្វើ​ដាច់​តែឯង​បាន​ទេ គឺ​ត្រូវ​រៀបចំ​ជា​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​អ្វីមួយ​របស់​រាជរដ្ឋាភិបាល​សម្រាប់​គ្រប់គ្រង​ប្រើប្រាស់​ដោយ​ប្រុង​ប្រយ័ត្ន​។

ឯកឧត្តម បន្ត​ថា​៖ «​ក្រសួង​ការងារ​ធ្វើ​រឿង​នេះ គឺ​ដើម្បី​គិត​ពី​សុវត្ថិភាព​សម្រាប់​រយៈពេល​វែង សម្រាប់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ទៅ​មុខ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​គិតគូ​ពី​បញ្ហា​សុខភាព បញ្ហា​ការ​បង្ការ គ្រោះថ្នាក់​ការងារ​សព្វបែបយ៉ាង ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្លាំង​ពលកម្ម​របស់​ជាតិ​យើង​ក្លាយជា​សក្តានុពល​ជាតិ​របស់​យើង​សម្រាប់​អនាគត ហើយ​បញ្ហា​ធនធានមនុស្ស​ជា​អាទិភាព​ទី​១»​។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​ក្រុមការងារ និង​អង្គការ​ដៃគូ​អភិវឌ្ឍ​នានា ដែល​បាន​រួម​សហការ​គាំទ្រ​យ៉ាង​សកម្ម ក្នុង​រយៈពេល​កន្លង​មក រហូត​ចេញ​បានជា​រូបរាង​សៀ​ភៅ​កម្រង​ព័ត៌មាន​ជាតិ​ស្តី​ពី​សារធាតុ​អាស​បេ​ស្តុ​ស​លើក​ទី​មួយ ដែល​ទាំងនេះ​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​យើង​សម្រេច​បាន​ជោគជ័យ​ស្រប​តាម​កម្មវិធី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា សារធាតុ​អាស​បេ​ស្តុ​ស ឃើញ​មាននៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ខុស​ៗ​គ្នា នៅ​ក្នុង​ប្រទេស​ដែល​គេ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ ។ ជា​ឧទាហរណ៍​នៃ​ប្រភេទ​ផលិតផល​មួយ​ចំនួន​ដែល​ផ្ទុក​អាស​បេ​ស្ដុ​ស រួម​មាន ៖ សន្លឹក​សម្ភារ​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ និង​សម្ភារ​សំណង់​ផ្សេង​ទៀត​, ប្រព័ន្ធ​ការពារ​កំ​ដៅ និង​ប្រព័ន្ធ​ការពារ​ស្រូប​សំឡេង​, ឧបករណ៍​ពន្លត់អគ្គីភ័យ​, អ៊ី​សូ​ឡង់​(Insulation), កំរាល​ឥដ្ឋ​ជាតិ​ផ្លា​ស្ទិ​ក​, វិស័យ​វាយ​ន​ភណ្ឌ​, សម្ភារ​ដែល​ងាយ​រង​ការ​កកិត (​ហ្វ្រាំងរថយន្ត​), ទ្រនាប់ (​ឡ​ចំហាយ​) និង​សម្ភារ​សម្រាប់​វេច​ខ្ចប់ ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ