ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃណី​ចូល​ឆ្នាំ​ចិន និង​ទំនៀមទម្លាប់​របស់​ជនជាតិ​ចិន

8 ឆ្នាំ មុន

«​ចូល​ឆ្នាំ​ចិន ឬ​ហៅ​ម្យ៉ាងទៀត​ថា ពិធីបុណ្យ​នា​ទិ​ឃ​រដូវ​» គឺជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ប្រទេស​ចិន ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ម្តង​ដែល​មាន​រយៈពេល​៣​ថ្ងៃ ។ ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ចិន ពិធីបុណ្យ​នេះ

«​ចូល​ឆ្នាំ​ចិន ឬ​ហៅ​ម្យ៉ាងទៀត​ថា ពិធីបុណ្យ​នា​ទិ​ឃ​រដូវ​» គឺជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ប្រទេស​ចិន ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ម្តង​ដែល​មាន​រយៈពេល​៣​ថ្ងៃ ។ ជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ចិន ពិធីបុណ្យ​នេះ ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​មួយ នៃ​ខែ​ទី​មួយ​តាម​ច័ន្ទ​គតិ (​ភាសា​ចិន​៖ , pinyin៖ zhēng yuè) ក្នុង​ប្រតិទិន​ចិន ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៥ ដែល​គេ​ហៅ​ថ្ងៃនេះ​ថា ពិធីបុណ្យ​បង្ហោះគោម​។ ពេល​ល្ងាច​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា ជូ​ស៊ី (​ជា​ពាក្យកាត់រ​បស់ពាក្យ នៀ​ន​ជូ​ស៊ី​, ហើយ​ពាក្យ​ជូ​ស៊ី សម្រាប់​ប្រើ​ក្នុង​ប្រទេស​តៃវ៉ាន់​) ។ ពាក្យ​នេះ​មាន​ន័យ​ថា «​ពេល​ល្ងាច​ឆ្លង​ឆ្នាំ​» ។ ពិធីបុណ្យ​នេះ​ត្រូវ​ប្រារព្ធ​ឡើង​នៅ​តំបន់​ដែល​មាន​ចំនួន​ប្រជាជន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដូច​ជា​ប្រទេស​កម្ពុជា​យើង​ជាដើម​។

ពិធី​បុណ្យចូលឆ្នាំ​ចិន ត្រូវ​បាន​ចាត់ទុកជា​ថ្ងៃ​ដ៏​មាន​សារសំខាន់​សម្រាប់​ប្រជាជនចិន ហើយ​វា​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី របស់​ប្រទេស​ជិតខាង​ផង​ដែរ ជា​ពិសេស​ចំណង​វប្បធម៌​ជាមួយ​ប្រជាជន ដែល​ជនជាតិ​ចិន​ធ្វើ​អន្តរ​កម្ម​ជាមួយ ។ ប្រទេស​ទាំងនោះ​រួម​មាន​ប្រជាជន​ដើម​នៃ​ជនជាតិ​តៃវ៉ាន់​, ជនជាតិ​កូរ៉េ​, ជនជាតិ​ម៉ុង​កូ​ល​, ជនជាតិ​នេ​ប៉ា​ល់​, ជនជាតិ​ប៊ូ​តង់​, ជនជាតិ​យួន​, និង​អតីតជន​ជាតិ​ជប៉ុន​នៅ​មុន​ឆ្នាំ​១៨៧៣ ។ ពិធី​បុណ្យចូលឆ្នាំ​ចិន ក៏​បាន​ប្រារព្ធ​ធ្វើ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​, ឥណ្ឌូ​នេ​ស៊ី​, ម៉ា​ឡេ​ស៊ី​, ហ្វ៊ី​លី​ពី​ន​, ថៃ​, កម្ពុជា ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត ដែល​មាន​ប្រជាជន​ចិន​រស់នៅ​ដោយ​ស្របច្បាប់ ភាគច្រើន​គឺ​ប្រទេស​ស្ថិត​នៅ​ក្បែរ​សមុទ្រ​ចិន ។ ពិធីបុណ្យ​នេះ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​កម្រិត ហើយ​ក្លាយទៅជា​ផ្នែក​មួយ​នៃ​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​ទាំងនោះ ។ នៅ​ក្នុង​ប្រទេស​កា​ណា​ដា ទោះបីជា​ពិធី​បុណ្យចូលឆ្នាំ​ចិន មិនមែន​ជា​ថ្ងៃ​ឈប់​សម្រាក​ជា​ផ្លូវការ​ក៏​ដោយ ក៏​ប្រជាជន​ចិន​ជា​ច្រើន​នៅ​តែ​ប្រារព្ធ​ពិធី​នេះ​យ៉ាង​ទូលំទូលាយ ហើយ​ប្រៃសណីយ៍​នៃ​ប្រទេស​កា​ណា​ដា បាន​ចែកចាយ​តែម​សម្រាប់​ប្រើ​នៅ​ឆ្នាំ​ថ្មី នៅ​តាម​គេហដ្ឋាន​នីមួយ​ៗ​ផង​ដែរ​។

ប្រវត្តិ
គេ​ពុំ​អាច​បញ្ជាក់​បាន​ច្បាស់​ថា ការ​ចាប់ផ្ដើម​នៃ​បុណ្យចូលឆ្នាំ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​មុន​សម័យ​រាជវង្ស​ជី​ន​បាន​ឡើយ ។ តាម​ទំនៀមទំលាប់ គេ​និយាយ​ថា​បុណ្យចូលឆ្នាំ បាន​ចាប់ផ្ដើម​ពេញ​មួយ​ខែ​ក្នុង​រាជវង្ស​សៃ ១២​ខែ​ក្នុង​រាជវង្ស​សាង និង​១១​ខែ​ក្នុង​រាជវង្ស​ស៊ូ ។ តែ​យ៉ាងណា​ក៏​ដោយ មាន​ឯក​សារបាន​បង្ហាញ​ថា រាជវង្ស​ស៊ូ បាន​ចាប់ផ្ដើម​ឆ្នាំ​ក្នុង​រយៈពេល ១​ខែ ។

ទេវ​កថា
យោង​ទៅ​តាម​រឿងនិទាន និង​រឿងព្រេង ការ​ចាប់ផ្ដើម​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន បាន​ផ្ដើម​ឡើងជា​មួយ​ការ​វាយ​ប្រយុទ្ធ ប្រឆាំង​ជាមួយ​សត្វ​ក្នុង​ទេវ​កថា មានឈ្មោះ​ថា នៀ​ន មាន​ន័យ​ថា​ឆ្នាំ ជា​ភាសា​ចិន ។ នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ឆ្នាំ​ថ្មី នៀ​ន​បាន​មក​កាប់សម្លាប់​ពួក​បសុសត្វ សូ​ម្បី​តែ​អ្នក​ភូមិ​ក៏​ដោយ ជា​ពិសេស​គឺ​ពួកក្មេង​ៗ​។ ដើម្បី​ការពារ​ខ្លួន ពួក​អ្នក​ភូមិ​បាន​ដាក់​ចំណីអាហារ​នៅ​មុខ​ផ្ទះ​របស់​ពួក​គេ​ជា​រៀង​រាល់​ដើមឆ្នាំ​។ គេ​មាន​ជំនឿ​ថា បន្ទាប់​ពី​នៀ​ន បាន​ស៊ី​ចំណីអាហារ ដែល​ពួក​គេ​ដាក់​ឲ្យ​រួច​ហើយ វា​នឹង​មិន​ធ្វើបាប កាប់សម្លាប់​ប្រជាជន​ទៀត​ទេ ។ គ្រាមួយ អ្នក​ភូមិ​បានឃើញ​នៀ​ន មាន​ភាព​ភ័យ​ខ្លាច ជាមួយនឹង​ក្មេង​ៗ ដែល​ស្លៀកពាក់​ពណ៌​ក្រហម​។ រួច​ហើយ​អ្នក​ភូមិ​ក៏​នាំ​គ្នា​យល់​ថា នៀ​ន ខ្លាច​ពណ៌​ក្រហម ។ ហេតុនេះ​ហើយ​នៅ​ពេល​ដែល​ឆ្នាំ​ថ្មី​មក​ដល់ អ្នក​ភូមិ​នាំ​គ្នា​បំពាក់​គោម​ពណ៌​ក្រហម និង​បិត​ក្រដាស​ពណ៌​ក្រហម​នៅ​តាម​ទ្វារ និង​បង្អួច​ផ្ទះ​រៀង​ៗ​ខ្លួន ។ អ្នក​ភូមិ​ក៏​បាន​ប្រើ​ផាវ ដើម្បី​បណ្ដេញ​នៀ​ន​ឲ្យ​ទៅ​ឆ្ងាយ​ផង​ដែរ​។ បន្ទាប់​ពី​ពេល​នោះ​មក​នៀ​ន​ពុំ​បាន​មក​ក្នុងភូមិ​ម្ដងទៀត​ឡើយ ។ នៅ​ចុង​ក្រោយ ហុង​ជុន​ឡាវ​ស៊ូ ជា​ព្រះសង្ឃ​សាសនា​តា​វ​បុរាណ​ម្នាក់ បាន​ចាប់​សត្វ​នៀ​ន​នោះ ។ សត្វ​នៀ​ន​ក៏​ខ្លាច​ទៅ​ជា យានជំនិះ​របស់​ព្រះសង្ឃ​ហុង​ជុន​ឡាវ​ស៊ូ​ទៅ ។

អំពី​ជំនឿ​ផ្សេង​ៗ​របស់​បងប្អូន​ជនជាតិ​ចិន​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន
ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ចិន ឬ​ក៏​ពី​ធី​ផ្សេង​ៗ​ជា​ជំនឿ​របស់​បងប្អូន​ជាប់​សែរ​ស្រ​ឡាយ​ចិន មានការ​គោរព​ប្រណិប័តន៍ នូវ​ជំនឿ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​នោះ មានការ​បិទ​យ័ន្ត​នៅ​មុខ​ផ្ទះ មានការ​ដុត​ផាវ មានការ​លោត​ម៉ុង​សាយ មានការ​សែនព្រេន មានការ​ដុត​ក្រដាស ដុត​ធូប​នៅ​ព្រះ​វិហារ ការ​នាំ​យក​អំពៅខ្មៅ និង​ស្លឹក​មៀន និង​ការ​តាំង​ផ្កា​អង្គាសីល​ក្នុងផ្ទះ​ជាដើម ។​ល​។

ជំនឿ និង​ត្រណម​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន
តាម​ប្រវត្តិសាស្ត្រ​ចិន មាន​ជំនឿ​លើ​ការ​គោរព​បុណ្យចូលឆ្នាំ​ថ្មី​យ៉ាង​ខ្ជាប់ខ្ជួន ។ គេ​មាន​ត្រណម​ជា​ច្រើន នៅ​ក្នុង​អំឡុង​ចូល​ឆ្នាំ​បី​ថ្ងៃ ជា​ពិសេស​ថ្ងៃ​ទី​១ ឫ​ហៅ​ថា​ឈឺ​អីុ​ច ។ ក្នុង​រយ​: ពេល​៣​ថ្ងៃនេះ គេ​ចាត់ទុកជា​ថ្ងៃ​ពិសេស​បំផុត​ដែល​មិន​ត្រូវធ្វើ​អ្វី​ល្អក់កករ​នាំ​ឱ្យ​ប៉ះពាល់​ដល់​មង្គល ឬ​ដល់​ឆ្នាំ​ថ្មី​ឡើយ ។ គេ​ត្រួ​វ​ធ្វើ​ឱ្យ​សប្បាយ​នាំ​សិរី​សួស្តី​ចូលខ្លួន និង​ក្រុម​គ្រួសារ​។ ត្រណម​មួយ​ចំនួន​មិន​ត្រូវ​ឱ្យ​កើត​មាន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​គឺ ៖

-​ត្រណម​មិន​យំ
ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ជនជាតិ​ចិន​មាន​ត្រណម​មិន​ឱ្យ​កើតរឿង​យំសោក​សៅ ពីព្រោះ​វា​អាច​នាំ​មក​នូវ​រឿង​អពមង្គល​ដល់​ឆ្នាំ​ថ្មី រហូត​ពេញ​មួយ​ឆ្នាំ ។ ត្រណម​នេះ​សូ​ម្បី​តែ​កូនចៅ ដែល​រឹងរូស​ក៏​ឪពុក​ម្តាយ ឬ​មនុស្ស​ចាស់​មិន​វាយ​ប្រៀនប្រដៅ​ដែរ គឺ​អត់ទ្រាំ​រហូត​ចប់​បុណ្យចូលឆ្នាំ​ថ្មី​សិន ។

-​មិន​ឱ្យ​បែក​ចាន ឬ​កែវ
ក្នុងថ្ងៃនេះ​គេ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​កាន់​ចាន ឬ​កែវ ព្រោះ​បើ​មាន​បង្ក​ឱ្យ​ប្រេះស្រាំ ឬ​ធ្លាក់ បែក​ជា​ការ​នាំ​ឱ្យ​បាត់បង់​ជោគ​លាភ ហើយ​ជីវិត​ក្នុង​ឆ្នាំ​នោះ​នឹង​ជួប​តែ​រឿងប្រេះឆា​ពុំ​សូវ​មាន​សេចក្តីសុខ​ឡើយ ។ ក្រៅពី​តំណម​ខាងលើ​នេះ​មាន​តំណម​ជា​ច្រើន​ទៀត​ដូច​ជា ៖

-​មិន​ត្រូវ​ឈ្លោះប្រកែក​គ្នា (​នាំ​ឱ្យ​កើត​មានទុក្ខ​សោក​ពេញ​១​ឆ្នាំ​)
-​មិន​ត្រូវ​បោកគក់​សម្លៀក​បំពាក់ (​ព្រោះ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​គឺជា​ទឹកមន្ត​ប្រោស​ព្រំ​)
-​មិន​ត្រូវ​កាត់សក់ ក្រចកដៃ (​ព្រោះ​នាំ​ក្តី​ឈឺចាប់​ដល់​សមាជិកគ្រួសារ​)
-​មិន​ត្រូវ​ប្រមូល​លុយ​ពី​អ្នក​ជំពាក់​បំណុល (​មាន​ន័យ​ថា​អ្នក​នឹង​ត្រូវ​ស្វែងរក​អ្នក​ជំពាក់​បំណុល​ក្នុង​ឆ្នាំ​ថ្មី​ពេញ​១​ឆ្នាំ​)
-​មិន​ត្រូវ​ទិញ​សៀវភៅ​ពេល​ចូល​ឆ្នាំ​ចិន​ទេ​ព្រោះ​ពាក្យ «​សៀវភៅ​» ជា​ភាសា​ចិន​គឺ «​ស្ស៊ូ​» មាន​ន័យ​ថា «​បាត់បង់​» ៕