រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាមប្រុស-ស្រី១៨នាក់ដែលរស់នៅ និងធ្វើការដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីរៀបចំសំណុំឯកសារបណ្ដេញចេញពីប្រទេសកម្ពុជា ។ ហេតុការណ៍ឃាត់ខ្លួនជនជាតិវៀតណាមនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅចំណុចទីតាំងកែច្នៃឈើ៣កន្លែង នៅតាមបណ្ដោយផ្លូវប្រឡាយទឹកស្អុយ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ប្រតិបត្តិការខាងលើនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី និងចូលរួមសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនជាតិវៀតណាម១៨នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានសមត្ថកិច្ចរកឃើញថារស់នៅ និងធ្វើការងារដោយខុសច្បាប់ ព្រមទាំងគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធអ្វីទាំងអស់ ។
លោកបន្តថា ក្រោយពេលឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រង់ចាំចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ ។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បញ្ជាក់ថា ចំពោះជនឆ្លងដែនខុសច្បាប់ណាដែលមានតែលិខិតឆ្លងដែនតែជាលក្ខណៈទេសចរណ៍ ហើយគ្មានលិខិតអនុញ្ញាតការងារត្រឹមត្រូវ ជននោះនឹងត្រូវធ្វើការផាកពិន័យចំនួន៥០ម៉ឺនរៀលចូលរដ្ឋ រួចរង់ចាំផុតទិដ្ឋការ ហើយធ្វើការបណ្តេញចេញ ។ ដោយឡែកចំពោះជនដែលគ្មានលិខិតស្នាមអ្វីទាំងអស់នោះ ជាក់ស្តែងដូចនៅពេលនេះ យើងនឹងកសាងសំណុំបែបបទស្នើទៅក្រសួងមហាផ្ទៃ សុំធ្វើការបណ្តេញចេញពីកម្ពុជាតែម្តង ៕
ចែករំលែកព័តមាននេះ