រាជធានីភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកំណាត់ខាងមុខ ក្រោយម្ចាស់ចាក់សោរចេញទៅក្រៅ បន្ទាប់ពីសែនចូលឆ្នាំចិន ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ១០នាទីថ្ងៃត្រង់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ ៣៥៦ កែងផ្លូវលេខ ១០៥ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេបានឃើញផ្ទះខាងលើ កំពុង អុជធូបដុតក្រដាសសែន ដើម្បីសែនព្រេន នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដូចគេឯងដទៃទៀត ហើយម្ចាស់ផ្ទះក៏បានចាក់សោរផ្ទះធ្វើដំណើរចេញទៅក្រៅបាត់ទៅ ។ លុះមួយសន្ទុះក្រោយមក ក៏ស្រាប់តែមានផ្សែងខ្មៅហ៊ុយខ្មួលខ្មាញ់ លាយលំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅផ្នែកខាងមុខផ្ទះ ។ ភ្លាមៗ អ្នកក្បែរខាងបានប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ នៅចំណុចផ្ទះខាងលើ ដើម្បីបាញ់ពន្លត់ជៀសវាងមានការរាលដាល ។
អគ្គិភ័យនេះដែរបានបង្កការខូចខាតអស់សម្ភារៈមួយចំនួន ប៉ុន្តែមិនមានការរាលដាលនោះឡើយ ។ ក្នុងនោះរថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកដល់ទីតាំងចំនួន ០៤គ្រឿង និង រថយន្តជំនួយ ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ ៕





ចែករំលែកព័តមាននេះ