ភ្នំពេញ៖ អំឡុងពេលអនុវត្តវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ អាជ្ញាធរសមត្ថកិច្ចរាជធានីខេត្ត ពិសេសអាជ្ញាធរនៅថ្នាក់ខណ្ឌក្រុងស្រុក ក៏បន្តនូវវិធានការម៉ឹងម៉ាត់ ចាប់បង្ក្រាបនូវមុខរបរ ឬអាជីវកម្មណា ដែលមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចជា ហាងម៉ាស្សា ខារ៉ាអូខេ ឬក៏កន្លែងផឹកស៊ីគ្រឿងស្រវឹង ជាដើម។
ដើម្បីអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំជាថ្មីទៀត ទៅកាន់អាជ្ញាធរខណ្ឌទាំង១៤ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកម្សាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួន។ បទបញ្ជាជាថ្មីនេះ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឈានទៅបើករាជធានីភ្នំពេញ ជាធម្មតាឡើងវិញ។
ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌ ចំនួន ២រូប គឺលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មី ជាអភិបាលខណ្ឌឫស្សីកែវ ចំណែកលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែងជាអភិបាលខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ឃួង ស្រេង បានលើកឡើងថា មកដល់ពេលនេះ មានក្លឹបកម្សាន្ត ខារ៉ាអូខេ និងការជួបជុំផឹកស៊ី នៅកើតមានលួចលាក់ ក្នុងខណ្ឌមួយចំនួន នៅភ្នំពេញ។ ដូច្នេះអាជ្ញាធរខណ្ឌទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលបាន និងកំពុងលួចបើកទាំងនេះ។
លោកអភិបាលរាជធានីភ្នំពេញ លើកឡើងថា យើងមិនត្រូវអប់រំ ណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាប ដោយបិទតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំលែងថ្មី ប្រភេទដែលតា និងដើម្បីឈានទៅបើកឡើងវិញ នៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស។
លោក ឃួង ស្រេង ក៏បានណែនាំដល់អភិបាលខណ្ឌទាំង ១៤ខណ្ឌ នៅភ្នំពេញ ត្រូវល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើស និងទប់ស្កាត់ឲ្យបាននូវការជួបជុំផឹកស៊ី ដែលអាចបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ជារៀងរាល់ថ្ងៃ អំឡុងពេលអនុវត្តវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានចំនួនមនុស្សចូលរួម មិនលើសពី ១៥នាក់ ជាដើមនោះ អាជ្ញាធរសមត្ថកិច្ច ក៏តែងតែចុះបង្ក្រាប បិទទីតាំងលួចបើកភោជនីយដ្ឋាន លក់គ្រឿងស្រវឹង ហាងខារ៉ាអូខេ និងការប្រមូលផ្ដុំមនុស្ស ផឹកស៊ី ជាបន្តបន្ទាប់។
អាជ្ញាធរសមត្ថកិច្ច តាមខណ្ឌ ក៏បានដឹកនាំកម្លាំងចម្រុះ ល្បាតក្នុងភូមិសាស្ត្រនៃមូលដ្ឋានរៀងៗខ្លួន ដោយណែនាំ ផ្សព្វផ្សាយ ក៏ដូចជាអនុវត្តន៍តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងនៃការឆ្លងរីករាលនៃជំងឺកូវីដ១៩។ ប៉ុន្តែអំឡុងពេលអាជ្ញាធរខណ្ឌ ឆ្មក់ចូលតាមហាងលក់ចំណីអាហារ គ្រឿងហូបចុក នៅពេលយប់នេះ ក៏មានអាជ្ញាធរសមត្ថកិច្ចខ្លះ អនុវត្តលើសសេចក្តីណែនាំ ដែលធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីមួយចំនួន។
ចំពោះហាងលក់ដូរម្ហូបអាហារ ហើយមានលួចលក់គ្រឿងស្រវឹង ស្រាបៀរ ឬស្រាដបនានា គឺពិតជាខុសនឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយត្រូវចាប់ឃាត់ខ្លួនអ្នកចូលហូបចុក និងម្ចាស់ហាង ដោយការផាកពិន័យ ម្នាក់ៗ ពី ១លានរៀល ទៅ ២លានរៀល ហើយបើធ្ងន់ធ្ងរ ហាងនោះ ត្រូវបិទ លែងឲ្យដំណើរការថែមទៀត។
ប៉ុន្តែក៏នៅមានករណីហាងដូរ ក៏ដូចជាហាងលក់សាច់អាំងពេលយប់ ដែលគោរពតាមត្រឹមត្រូវនូវវិធានការរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបើកលក់តែម្ហូបអាហារ ភេសជ្ជៈនានា ដោយមិនមានគ្រឿងស្រវឹងសោះនោះ ហើយរក្សានូវវិធានាសុខាភិបាល អនាម័យយ៉ាងល្អហើយ ក៏នៅតែត្រូវអាជ្ញាធរចម្រុះតាមខណ្ឌ ចុះទៅត្រួតពិនិត្យ តែមានលក្ខណៈដូចចុះទៅបង្ក្រាបបទល្មើសដែរ នាំឲ្យភ្ញៀវភ័យខ្លាច រត់ចេញអស់ពីហាង ក៏មាន។ ករណីនេះ គួរតែអាជ្ញាធរសមត្ថកិច្ច កែសម្រួលវិធានការ ហើយត្រួតពិនិត្យឡើងវិញ ធ្វើយ៉ាងណា ឲ្យហាងលក់ដូរ ដែលបើករកស៊ីត្រឹមត្រូវ មិនមានលក់គ្រឿងស្រវឹង អំឡុងពេលនេះ អាចរកស៊ីបានផង។
វិធានការរដ្ឋបាល ដែលហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន រួមទាំងការផ្អាកលក់ និងជួបជុំផឹកស៊ីគ្រឿងស្រវឹង ក្នុងអំឡុងពេលនេះ ដាច់ខាតហើយ ត្រូវតែម្នាក់ៗ អនុវត្ត និងគោរពហើយ។ តែក៏ត្រូវតែមានការអនុវត្តឲ្យស្មើភាពគ្នា ហើយដោយតម្លាភាពផងដែរ។ អ្នកបើកហាងលក់ដូរ ក៏ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ ពិសេសវិធានសុខាភិបាល ដោយធ្វើយ៉ាងណា កុំឲ្យមានឆ្លងកូវីដ។ រីឯវិធានការរដ្ឋបាល ក៏ត្រូវតែអនុវត្ត ពិសេសផ្អាកលក់គ្រឿងស្រវឹង ក្នុងរយៈពេលហាមឃាត់នេះ។
ហាងណា ដែលគោរពតាមការណែនាំរបស់អាជ្ញាធរ គួរតែទុកឲ្យគ្នាបើកលក់ដូរធម្មតា ព្រោះថា នរណាក៏ខ្លាចឆ្លងកូវីដដែរ។ តែកូវីដ បានអូសបន្លាយយូរពេក ធ្វើឲ្យអ្នកប្រកបរបរបើកហាងលក់ដូរម្ហូបអាហារ ក៏ដូចជា កន្លែងផឹកស៊ីគ្រឿងស្រវឹង ពិសេសហាងម៉ាស្សា ខារ៉ាអូខេ ក្លិបកម្សាន្ត និងក្លិបហាត់ប្រាណ ជាដើម ត្រូវបិទទ្វារ និងផ្លាស់ប្តូរមុខរបរអស់ច្រើនហើយដែរ។
ប៉ុន្តែវិធានការរឹតបន្តឹងនេះ ក៏ដើម្បីតែទប់ស្កាត់ កុំឲ្យឆ្លងរាលដាលកូវីដប៉ុណ្ណោះ។ ដូច្នេះអាជ្ញាធរសមត្ថកិច្ចយើង តាមមូលដ្ឋាន ក៏ត្រូវតែហ្មត់ចត់ ថាហាង ដែលមិនមានលក់គ្រឿងស្រវឹង និងអនុវត្តវិធានសុខាភិបាល វិធានការរដ្ឋបាល រួមទាំងការរក្សាគម្លាតបានត្រឹមត្រូវ គួរតែអាចបើកលក់ដូរបានជាធម្មតា។ អាជ្ញាធរសមត្ថកិច្ចយើង ក៏ត្រូវតែជៀសវាងការលើកឡើងកន្លងមកថា ហាងណា ដែលមិនបង់លុយឲ្យអាជ្ញាធរសមត្ថកិច្ច គឺត្រូវអាជ្ញាធរសមត្ថកិច្ច រករឿង ខុសនេះ ខុសនោះ មិនឲ្យបើករកស៊ី លក់ដូរបាននោះទេ។ មានម្ចាស់ហាងមួយចំនួន នៅភ្នំពេញ លើកឡើងករណីអាជ្ញាធរសមត្ថកិច្ច ចុះត្រួតពិនិត្យ នៅពេលយប់ៗ ដែលធ្វើឲ្យភ្ញៀវភ័យ រត់អស់ពីហាង ខណៈហាងទាំងនោះ មិនមានលក់ ឬក៏លួចលាក់លក់គ្រឿងស្រវឹងនោះឡើយ។
មួយវិញទៀត អាជ្ញាធរសមត្ថកិច្ចតាមមូលដ្ឋាន ក៏មិនគួរយកវិធានការរដ្ឋបាលទប់ស្កាត់កូវីដនេះ ដើម្បីធ្វើជាលេស របៀបជាការគោះលុយ បើហាងលក់ដូរ ពិសេសកន្លែងម្ហូបអាហារពេលយប់ ដែលមិនរៀបចំកញ្ចប់លុយឲ្យខ្លួនទេ គឺអាជ្ញាធរ មិនអនុញ្ញាតឲ្យបើកលក់ដូរនោះឡើយ។ ការធ្វើដូច្នេះ គឺជារឿងមួយ មិនត្រូវកើតមានទាល់តែសោះ ក្នុងបរិបទកូវីដ ដែលម្នាក់ៗ ជួបការលំបាកក្នុងការរកលុយផង និងក៏អាចប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលកូវីដទៅទៀត បើសិនជាហាងលក់ដូរនោះ មិនគោរពតាមវិធានសុខាភិបាលត្រឹមត្រូវ។ តែបើអាជ្ញាធរអនុញ្ញាតឲ្យលក់ដូរ ដោយសារតែមានការត្រូវរ៉ូវគ្នា ក្រៅផ្លូវការណាមួយ គឺជាគ្រោះថ្នាក់។ ដូច្នេះករណីនេះ គួរតែមានស្តង់ដារវាយតម្លៃមួយ កុំឲ្យសម្រេចតែលើបបូរមាត់របស់អាជ្ញាធរមូលដ្ឋាន បកស្រាយថា ហាងណាខុសមានហានិភ័យ ហើយហាងណា មិនមានហានិភ័យ ឆ្លងកូវីដ។
ជាសរុបទៅ ការបើកហាងផឹកស៊ីគ្រឿងស្រវឹង ក្លិបកម្សាន្ត ហាងម៉ាស្សា និងហាងខារ៉ាអូខេ រួមទាំងការជួបជុំផឹកស៊ី ក្នុងអំឡុងពេលហាមឃាត់ ដែលអនុវត្តវិធានការរដ្ឋបាលនាពេលនេះ គឺជារឿង ដែលត្រូវហាមឃាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ តែបើហាងលក់ដូរម្ហូបអាហារ ឬភោជនីយដ្ឋានណា ដែលគោរពអនុវត្តតាមការណែនាំ និងវិធានការទប់ស្កាត់កូវីដបានត្រឹមត្រូវ ដោយមិនមានលក់ដូរគ្រឿងស្រវឹងទេ នោះគួរតែអាជ្ញាធរសមត្ថកិច្ច អនុញ្ញាតឲ្យគ្នារកស៊ីបានដោយស្រួលផង៕
ចែករំលែកព័តមាននេះ