ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ នេះ បានសម្រេច​បន្ត​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ ៣៥ ក្នុងភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម…

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ នេះ បានសម្រេច​បន្ត​បិទ​ខ្ទប់​កំណាត់​ផ្លូវ​លេខ ៣៥ ក្នុងភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដែលមាន​ការឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ ​ដែល​តា សម្រាប់​រយៈពេល ៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៧ ខែសីហា រហូតដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១​។ ការបន្ត​បិទ​ខ្ទប់​នេះ គឺមាន​គោលដៅ ដើម្បី​ទប់ស្កាត់ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នូវ​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា នៅក្នុង​សហគមន៍​។​

​កំណាត់​ផ្លូវ​លេខ ៣៥ ក្នុងភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ត្រូវបាន​បិទ​ខ្ទប់ ១៤​ថ្ងៃ​រួចមកហើយ ក្នុងពេល​ផ្ទុះ​ការឆ្លង​រាលដាល​កូ​វីដ ប្រភេទ​បំប្លែង​ថ្មី ដែល​តា​ នៅតំបន់នោះ។ ការបន្ត​បិទ​ខ្ទប់ ៧​ថ្ងៃ​ថែមទៀត នៅ​ថ្ងៃទី​២៦​សីហា ឆ្នាំ​២០២១ បង្ក​ឲ្យ​អ្នកភូមិ​ក្នុង​តំបន់​បិទ​ខ្ទប់​នោះ ផ្ទុះ​ការតវ៉ា​នឹង​អាជ្ញាធរ​។​

​អ្នកភូមិ​ក្នុង​តំបន់​បិទ​ខ្ទប់ បានលើកឡើង​នូវ​ការលំបាក​ជាច្រើន ក្នុងអំឡុងពេល​នៃ​ការបិទ​ខ្ទប់ ដែល​មិនអាច​ចេញទៅ​ណា​មក​ណា​បាន ហើយ​មិនអាច​បើកទ្វារ​លក់ដូរ និង​មិនអាច​ចេញទៅ​ធ្វើ​ការងារ ​​ប្រក​បមុខ​របរកស៊ី​អ្វី​​​បានឡើយ​។ ចំណូល​មិនមាន ហើយ​មានតែ​ការចំណាយ​។ 

​ប៉ុន្តែ​វិធាន​ការបិទ​ខ្ទប់ មិន​ថា​នៅ​កំណាត់​ផ្លូវ​លេខ ៣៥ ក្នុងភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឬក៏​នៅ​តំបន់​ផ្សេង នៅ​ផ្សារ នៅ​ហាង ក្រុមហ៊ុន​ណា​នោះទេ អាជ្ញាធរ​សមត្ថកិច្ច ​មិនមាន​ជម្រើស​អ្វី​ផ្សេង​ឡើយ​។ ពោលគឺ​ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​កូ​វីដ ពិសេស​កូវីដ បំប្លែង​ថ្មី ប្រភេទ​ដែល​តា ត្រូវតែ​បិទ​ខ្ទប់ ហើយ​ពេទ្យ​ទៅយក​សំណាក​អ្នកពាក់ព័ន្ធ​ភ្លាមៗ​។ បើ​រកឃើញ​អ្នក​វិជ្ជមាន ត្រូវ​បញ្ជូនទៅ​សម្រាក​ព្យាបាល ហើយ​តំបន់​នោះ ផ្សារ ឬហាងទាំងនោះ ត្រូវ​បិទ​ខ្ទប់ តាម​រយៈពេល​កំណត់​ពី ៧​ថ្ងៃ ឬ១៤​ថ្ងៃ និង​ឡើងដល់ ២១​ថ្ងៃ ព្រោះថា មេរោគ​ថ្មី ដែល​តា អាច​ដល់​ទៅ ២១​ថ្ងៃ ទើប​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​។

​ជាការ​ពិត ការបិទ​ខ្ទប់​ពិតជាបង្កផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​​ក្នុង​តំបន់​នោះ ហើយ​សូម្បី​អាជ្ញាធរ​សមត្ថកិច្ច​យើង ក៏​នៅ​មិន​សុខ ដេក​មិន​លក់​ឡើយ។ ​នឿយហត់​ជាងគេ ពេទ្យ​តែម្តង​។  ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​អាជ្ញាធរ​មូលដ្ឋាន ត្រូវដាក់​កម្លាំង​ចូលរួម​អនុវត្ត​ការបិទ​ខ្ទប់ រៀបចំ​ទីតាំង​សម្រាប់​ពេទ្យ យក​សំណាក មិន​ថា ភ្លៀង ក្តៅ ឬក៏​យប់​ឡើយ​។ ក្រោយ​យក​សំណាក​ហើយ អាជ្ញាធរ​សមត្ថកិច្ច ក៏ត្រូវ​ដាក់ពង្រាយ​កម្លាំង យាម​នៅ​ទីតាំង​បិទ​ខ្ទប់​ទាំងនោះ ថែមទៀត​។ នៅ ២៤​ម៉ោង លើ ២៤​ម៉ោង ក្នុង ១​ថ្ងៃៗ ហើយ​មិន​ថា ថ្ងៃ យប់ ក្តៅ ត្រជាក់ ឬ​ភ្លៀង​ទេ កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច នៅ​ប្រចាំការ ឈរជើង ដេក អង្គុយ​​នៅកន្លែង​បិទ​ខ្ទប់​នោះ​ថែមទៀត​។​

​ការលះបង់ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​សមត្ថកិច្ច និង​ពេទ្យ​ជាយូរ​ខែ​ឆ្នាំ រហូតដល់​សព្វថ្ងៃនេះ ក្នុង​ប្រយោជន៍​សុខភាព​សាធារណៈ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ កុំ​ឲ្យ​រាតត្បាត​ពី​កន្លែង​បិទ​ខ្ទប់​នោះ រាល​ទៅកាន់​កន្លែង​ផ្សេងទៀត​។ ដូច្នេះ​ប្រជាពលរដ្ឋ​យើង មិន​ថា នៅ​តំបន់​បិទ​ខ្ទប់ ឬ​នៅក្រៅ​តំបន់​បិទ​ខ្ទប់ នៅ​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​ណា​នោះទេ គួរតែ​យល់​ពី​ការលំបាក និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​ការបិទ​ខ្ទប់។

ជាមួយគ្នានោះ វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​ជាច្រើន​ទៀត ដែល​ដាក់ចេញ នៅរាជធានីខេត្តនានា ក៏​ដើម្បី​តែ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ តែប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​យើង​ម្នាក់ៗ គួរតែ​យល់ថា មកដល់​ឥឡូវនេះ ទោះបីជា​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ បាន​ថយចុះ​ ហើយ​មក​នៅ​ថេរ​ប៉ុន្មាន​ថ្ងៃនេះ ត្រឹម​ជាង ៤០០​នាក់ និង​ស្លាប់​ថយ​ពី​ជាង ១០​នាក់ មក​ត្រឹម​ក្រោម ១០​នាក់ ក្នុង ១​ថ្ងៃៗ ក៏ដោយ ក៏​កូ​វីដ​មិនបាន​ទៅណា​ឆ្ងាយ​ពី​យើង​ឡើយ ពិសេស​ប្រភេទ​បំប្លែង​ថ្មី ដែល​តា ដ៏​កាច​សាហាវ​នេះ​តែម្តង​។​

​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ ប្រភេទ​ដែល​តា កើនឡើង​ដល់ ១៣២៥​នាក់ នៅក្នុង ២៣​រាជធានី​ខេត្ត លើកលែងតែ​ខេត្ត​កែប និង​ខេត្តក្រចេះ​ទេ ដែល​មិនទាន់មាន​ឆ្លង​ដែល​តា​។​

​ម្យ៉ាងទៀត វិធាន​ការបិទ​ខ្ទប់​ភូមិ​នេះ មិនមែន​ធ្វើឡើង​តែ​នៅ​កំណាត់​ផ្លូវ​លេខ ៣៥ ក្នុងភូមិ​ព្រែក​តា​ឡុង​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ទេ គឺ​រាជធានី​ភ្នំពេញ មាននៅ​ច្រើន​សហគមន៍​ទៀត ហើយ​ផ្សារ ​ក៏ត្រូវ​បិទ​ច្រើន​ដែរ​។ តាម​ខេត្ត​ជាច្រើន ក៏​អនុវត្ត​នូវ​វិធាន​ការបិទ​ខ្ទប់​ដូច្នេះ ដើម្បី​ទប់ស្កាត់​កូ​វីដ​។​

​ពេលនេះ ​ប្រជាពលរដ្ឋ គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​ចូលរួម​អនុវត្ត និងគោរពតាម​សេចក្តីសម្រេច និង​វិធានការ​នានា​របស់​អាជ្ញា​ធរ​សមត្ថកិច្ច​ប៉ុណ្ណោះ ព្រោះ​ចូរកុំ​ភ្លេចថា វិធានការទាំង​​នេះ ជា​ច្បាប់ តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវតែ​អនុវត្ត និង​ត្រូវតែគោរពតាម​​។ ម្យ៉ាង​ប្រជាពលរដ្ឋ​យើង ក៏​គួរតែ​គិតថា រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ ប្រសើរ​ជាង​ទៅ​នៅក្នុង​មន្ទីរពេទ្យ ឬ​កន្លែង​សម្រាក​ព្យាបាល បើសិនជា​ឆ្លង​កូ​វីដ ហើយ​ធ្ងន់ធ្ងរ​ទៀត បើ​ល្មើ​សនឹង​បម្រាម អាច​ត្រូវ​ចាប់ខ្លួន ផ្តន្ទាទោស រហូតដល់​ជាប់ពន្ធនាគារ​ថែមទៀត​។ មួយវិញទៀត បើ​ឆ្លង​កូ​វីដ ហើយ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ត្រូវ​ចូល​ពេទ្យក៏មានហានិភ័យ ​អាច​រហូតដល់​ស្លាប់ ​ក៏មានជាហូរ​ហែ មិនលោះថ្ងៃសោះឡើយ​ មកដល់ពេលនេះ​​។​

​យ៉ាងណាក៏ដោយ អាជ្ញាធរ​សមត្ថកិច្ច​យើង ក៏​គួរតែ​គិតគូរថ្លឹងថ្លែងឲ្យ​ហ្មត់ចត់​​ផង​​។ បើសិនជា​ស្ថាន​ភាព​​នៅ​​តំបន់​បិទ​ខ្ទប់​​នោះ ធូរស្រាល​ហើយ ក៏​សូម​អាជ្ញាធរ​​សមត្ថកិច្ច​យើង គួរតែ​បន្ធូរបន្ថយ ហើយ​បង្រួម​ការបិទ​ខ្ទប់ ពី​ការបិទ​ខ្ទប់​ផ្លូវ បិទខ្ទប់សហគមន៍​ទាំងមូល មកត្រឹម​ជា​ការបិទ​ខ្ទប់​តាម​ខ្នង​ផ្ទះ ដែលមាន​អ្នក​កើត​កូ​វីដ ឬ​អ្នក​ប៉ះពាល់​ផ្ទាល់​នឹង​អ្នកជំងឺ​កូ​វីដ​។ ដោយឡែក ផ្ទះ​អ្នក​មិនមាន​ប៉ះពាល់​នឹង​អ្នកជំងឺ​កូ​វីដ​ទេ គួរតែអាជ្ញាធរសមត្ថកិច្ចយើង អនុញ្ញាត​ឲ្យ​គ្នា​ចេញចូល​បើទ្វារតាម​ធម្មតា​ឡើងវិញ​​ផង​។ ម្នាក់ៗ ខ្លាចកូវីដហើយ តែម្នាក់ៗ ក៏ចង់រស់ ដោយត្រូវការរកស៊ី ទទួលទាន​រាល់ថ្ងៃ​ដែរ​​​​៕​