ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកាពីបទចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំរហូតបានសម្រេចកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅភូមិក្រេលើ ឃុំក្រេ ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីរត់ទៅសម្ងំលាក់ខ្លួននៅទីនោះក្រោយពីធ្វើសកម្មភាព ។ ដោយការសហការគ្នារវាងប៉ូលិសស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងប៉ូលិសស្រុកចិត្របុរី ខេត្តក្រចេះ តាមដីកាបញ្ជាឲ្យនាំខ្លួនលេខ០៩ប.ចខ ចុះថ្ងៃទី២២ខែមករា ឆ្នាំ២០១៦ របស់លោក គង់ រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យពីបទចាប់រំលោភសេពសន្ថវៈ បានសម្រេចលើជនរងគ្រោះជាកុមារី អនិតិជន ។
លោកវរសេនីយ៍ទោ ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉េង ណុយ ហៅខ្នុយ ភេទប្រុស អាយុ២៣ឆ្នាំ បានធ្វើសកម្មភាពចាប់ក្មេងស្រីអាយុ៩ឆ្នាំរំលោភបានសម្រេចកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ខណៈពេលក្មេងស្រីរងគ្រោះធ្វើដំណើរតាមដងផ្លូវលំទៅសាលាបឋមសិក្សាតាដេវ ក្នុងភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តមែន ។ យោងតាមចម្លើយនឹងយោងតាមពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ