- ភ្នំពេញ
ភ្នំពេញ៖ អំឡុងពេលនេះ កូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ដែលតា នៅតែបន្តឆ្លងរាលដាលក្នុងសហគមន៍យើង ពិសេសនៅភ្នំពេញ ឆ្លងច្រើនជាងគេ។ ក្នុងនោះ ការលួចលាក់បើកហាងផឹកស៊ី…
ភ្នំពេញ៖ អំឡុងពេលនេះ កូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ដែលតា នៅតែបន្តឆ្លងរាលដាលក្នុងសហគមន៍យើង ពិសេសនៅភ្នំពេញ ឆ្លងច្រើនជាងគេ។ ក្នុងនោះ ការលួចលាក់បើកហាងផឹកស៊ី…
ភ្នំពេញ៖ អំឡុងពេលនេះ កូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ដែលតា នៅតែបន្តឆ្លងរាលដាលក្នុងសហគមន៍យើង ពិសេសនៅភ្នំពេញ ឆ្លងច្រើនជាងគេ។ ក្នុងនោះ ការលួចលាក់បើកហាងផឹកស៊ី ដែលជួបជុំមនុស្សច្រើន ក៏ជាហានិភ័យមួយ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ បន្តមាន មិនដាច់ដែរ។ ការបើកហាងផឹកស៊ី ល្មើសវិធានការសុខាភិបាលនេះ នឹងធ្វើអោយពិបាកទប់ស្កាត់កូវីដ។
កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ បានចុះបិទអាហារដ្ឋានមួយ ឈ្មោះ «ឬស្សីផ្អែម» ដែលមានទីតាំង នៅតាមផ្លូវបេតុង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ហាងនេះ លួចបើកដំណើរការ ទទួលភ្ញៀវឲ្យចូលហូបចុក ផឹកស៊ី ដោយអាជ្ញាធរ អះអាងថា ល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដ១៩។
ក្នុងប្រតិបត្តិការនោះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឃាត់មនុស្សប្រុសស្រីជាង ១០០នាក់។ ក្នុងនោះ មានភ្ញៀវចំនួន ៧នាក់ ដែលចូលទៅហូបចុក និងផឹកស៊ីគ្រឿងស្រវឹង ព្រមទាំងមេកា ២នាក់ នៅក្នុងហាង ឬស្សីផ្អែម ត្រូវបានផាកពិន័យ ម្នាក់ៗ ២លានរៀល ទើបត្រូវបានដោះលែង ឲ្យវិលត្រឡប់ទៅផ្ទះវិញ ទាំងយប់។ រីឯបុគ្គលិកជិត ៩០នាក់ ក៏ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ក្រោយពីអាជ្ញាធរ អប់រំរួច។ ប៉ុន្តែថៅកែហាង មិនត្រូវបានឃាត់ខ្លួន ផាកពិន័យ ឬក៏ចាត់ការតាមច្បាប់ឡើយ ខណៈដែលកន្លងមក អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានទៅហាមឃាត់ និងធ្វើកិច្ចសន្យា ចំនួន ២លើករួចមកហើយ ប៉ុន្តែម្ចាស់ហាង នៅតែពុំព្រមស្ដាប់ ហើយថៅកែហាង បានលួចបើកដំណើរការ ទទួលភ្ញៀវ ឲ្យចូលផឹកស៊ីដដែល។
ករណីលួចបើកហាងផឹកស៊ីនេះ ជាការបំពានបម្រាមសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលមកដល់ថ្ងៃទី២៤សីហានេះ កូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ដែលតា នៅតែបន្តឆ្លងរាលដាល ក្នុងសហគមន៍យើង ពិសេសនៅភ្នំពេញ ឈានដល់ការបិទខ្ទប់សហគមន៍ និងផ្សារជាច្រើនរួចមកហើយ។
ក៏ប៉ុន្តែនិយាយដូច្នេះ ក៏មិនមែនមានន័យថា អាជ្ញាធរសមត្ថកិច្ច ចេះតែសំអាងថា ទប់ស្កាត់កូវីដៗ ក៏ចុះបិទហាងគេតាមចិត្តនោះទេ។ ផ្ទុយទៅវិញ នៅពេលម្ចាស់ហាង រត់ការ បង់លុយហើយ បែរថា ហាងនោះ ត្រូវអាជ្ញាធរសមត្ថកិច្ច អះអាងថា គោរពតាមបទដ្ឋាន និងវិធានសុខាភិបាល ហើយអនុញ្ញាតឲ្យបើកលក់ដូរឡើងវិញនោះឡើយ។ តែត្រូវតែប្រាកដថា បើហាងគេបានគោរព និងអនុវត្តតាមវិធានការទប់ស្កាត់កូវីដបានត្រឹមត្រូវហើយ អាជ្ញាធរសមត្ថកិច្ច ត្រូវតែអនុញ្ញាតឲ្យគេបើករកស៊ីជាធម្មតា ដើម្បីអ្នកបម្រើការងារនៅក្នុងហាងនោះ មានការងារធ្វើ ទទួលចំណូលចិញ្ចឹមជីវិត ក្នុងគ្រាកូវីដនេះផង។ ពេលនេះ មិនខ្វះទេ ហាងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ដែលបានបើកលក់ដូរ មិនថា នៅភ្នំពេញ ឬនៅតាមខេត្តនោះទេ។
ក្រសួងសុខាភិបាល ប្រកាសថា ចាប់តាំងពីថ្ងៃទី៣១ ខែមីនា រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេស បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា សរុបប្រមាណ ៩៩៩នាក់ នៅ ២៣ រាជធានីខេត្ត លើកលែងតែ ២ខេត្តប៉ុណ្ណោះ គឺខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញនៅឡើយ។ ក្នុងនោះ នៅភ្នំពេញ រកឃើញច្រើនជាងគេ រហូតដល់ ២៣៨នាក់។
នៅពេលនេះ រាជធានីភ្នំពេញ បានប្រែក្លាយវិមានពិភពថ្មី សែន សុខ នៅជិតផ្សារអេអន២ ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា ដែលមកទល់ថ្ងៃទី២៤សីហានេះ ទទួលអ្នកជំងឺជិត ៤០០នាក់ហើយ។ ក្រៅពីនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានបង្កើតមណ្ឌលចត្តាឡីស័ក ចំនួន ២កន្លែង គឺអនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ និងវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា សម្រាប់ដាក់ពលករ មកពីប្រទេសថៃ និងប្រទេសវៀតណាម ដែលអាចមានលទ្ធភាពទទួលអ្នកធ្វើចត្តាឡីស័កចំនួន ៥៥០ នាក់។ ពលករមកពីប្រទេសថៃ និងវៀតណាម ដែលគេសង្ស័យថា អាចឆ្លងកូវីដ១៩ ហើយជាប្រទេសមេរោគបំប្លែងថ្មី ដែលតា។
ជាការពិត រាជរដ្ឋាភិបាល បានសម្រេចដកចេញនូវវិធានការរដ្ឋបាល និងបម្រាមគោចរ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីអនុវត្តរយៈពេល ២១ថ្ងៃ រួចមក គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែការសម្រេចនេះ មិនមែនមានន័យថា ឥឡូវ នៅកម្ពុជាយើង លែងមានការឆ្លងរាលដាលកូវីដ១៩ ទៀតនោះទេ។ រាល់ថ្ងៃ នៅមានអ្នកឆ្លងកូវីដ ជាង ៤០០នាក់ ក្នុង ១ថ្ងៃ និងបាត់បង់ជីវិត ជាង ១០នាក់។ ក្នុងនោះ ឆ្លងសហគមន៍ខ្ទង់ជាង ៣០០នាក់ ហើយករណីនាំចូលពីក្រៅប្រទេស ក៏ត្រូវក្រសួងសុខាភិបាលប្រកាសថា នៅមានជាង ១០០នាក់ ក្នុង ១ថ្ងៃៗ។
យើងម្នាក់ៗ ត្រូវតែយល់ទាំងអស់គ្នាថា កូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ ហើយទីបញ្ចប់ ក៏នៅឆ្ងាយ។ កូវីដ១៩ នៅជាមួយយើងនៅឡើយ ដែលទាមទារឲ្យយើងម្នាក់ៗ មិនត្រូវធ្វេសប្រហែស ខណៈដែលរាជរដ្ឋាភិបាល បន្ធូរបន្ថយ បើកឡើងវិញ ដោយមិនឲ្យមានបម្រាមគោចរ ជាដើម គឺយើងម្នាក់ៗ មិនត្រូវនាំគ្នាសម្រុកចូលទៅទីតាំង ដែលបិទជិតៗ ឬក៏នាំគ្នា សម្រុកជួបជុំ ចូលហាងផឹកស៊ី ដោយយល់ថា ឥឡូវលែងអីនោះទេ។
ពោលគឺយើងត្រូវតែរួមដៃគ្នា ដើម្បីទប់ស្កាត់នូវការចម្លងវីរុសកូវីដ១៩ ជាពិសេស ដែលតា ដោយមិនត្រូវភ្លេចខ្លួនឡើយ។ បើយើងធ្វេសប្រហែស នោះនឹងអាចមានផ្ទុះការឆ្លងរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍យើង ជាមិនខាន។
កន្លងមក មានទាំងការចាត់ចែងយុទ្ធនាការបិទខ្ទប់ រួមទាំងការហាមឃាត់ មិនឲ្យបើកហាងផឹកស៊ីផង គឺយើងគ្រាន់តែទប់ស្កាត់ មិនឲ្យផ្ទុះកូវីដ ឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំប៉ុណ្ណោះ។ តែនៅបន្តមានឆ្លងទ្រង់ទ្រាយតូចៗ ឈានដល់ការបិទខ្ទប់ផ្សារ សហគមន៍តាមភូមិនានា នៅភ្នំពេញ និងនៅតាមបណ្តាខេត្តជាច្រើន។ ដូច្នេះនៅពេលនេះ បើយើងម្នាក់ៗ មិនបន្តអនុវត្តវិធីការពារទាំងអស់គ្នាទេនោះ ការឆ្លងកូវីដតូចៗក្នុងសហគមន៍យើង នឹងអាចផ្ទុះ ទៅជាឆ្លងទ្រង់ទ្រាយធំ ហើយជាពិសេសនៅពេលដែលយើងបើក និងបន្ធូរបន្ថយនេះ ហើយប្រជាពលរដ្ឋយើង មិនបានគិតគូរ ឲ្យបានគ្រប់ជ្រុងជ្រោយទេ នោះទង្វើរបស់យើង ជួបជុំ ពិសេសការស្វែងរកការសប្បាយ ដោយចូលហាងផឹកស៊ី វានឹងបង្កឲ្យមានការចរាចរណ៍ និងឆ្លងកូវីដ ពិសេសប្រភេទ ដែលតា ខ្លាំងក្លាក្នុងសហគមន៍។
ចូរកុំភ្លេចថា បើសិនជាយើង នៅបង្កឲ្យមានការជួបជុំ និងទៅកន្លែង ដែលបិទជិតៗ ឬក៏កន្លែងណា ដែលបង្កឲ្យមានមនុស្សម្នាច្រើន គឺជាឱកាសនៃការឆ្លងកូវីដ។ ដូច្នេះការអនុវត្តនូវវិធានការការពារ តាមរយៈវិធានការ ៣ការពារ និង៣កុំ នៅតែជាវិធានការដ៏មានប្រសិទ្ធភាព គួបផ្សំនឹងវ៉ាក់សាំង នឹងជួយការពារយើងបានពីការវាយលុកធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។ ជាក់ស្តែង សព្វថ្ងៃ នៅកម្ពុជាយើង ថយចុះនូវអត្រាឆ្លង និងមរណភាពជាបណ្តើរៗ។
យើងត្រូវរៀនរស់នៅជាមួយនឹងកូវីដ១៩ ពីព្រោះយើង មិនអាចលុបបំបាត់កូវីដទាំងស្រុងបានទេ។ តែមិនមែនមានន័យថា យើងបណ្តោយខ្លួន ឬភ្លេចខ្លួនឲ្យឆ្លងកូវីដឡើយ។ មានន័យថា រស់នៅតាមគន្លងថ្មី គឺផ្លាស់ប្តូរទម្លាប់នៃការជួបជុំមិត្តភក្តិបងប្អូន ឬជួបជុំអ្នកធ្វើការនៅក្រៅផ្ទះ មកជាការរៀនរស់នៅ ដោយផ្អាកការជួបជុំទាំងនោះ ហើយបន្តអនុវត្ត ៣កុំ និង៣ការពារ។ ក្នុងកាលៈទេសៈនេះ ម្នាក់ៗ ត្រូវធ្វើយ៉ាងណា កុំឲ្យឆ្លងកូវីដ លើខ្លួនឯង និងលើក្រុមគ្រួសារ នោះមិនយូរទេ យើងនឹងអាចឈានទៅរកការរស់នៅតាមបែបធម្មតា និងតាមគន្លងថ្មី ដើម្បីកុំឲ្យឆ្លងកូវីដ៕
ចែករំលែកព័តមាននេះ