ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ហេនដ្រីក ( HENDRICK motor sports ) ពណ៌លឿងលាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BM 0024 បានបើកបុកបង្គោលភ្លើងរដ្ឋដាក់បំភ្លឺតាមបណ្ដោយផ្លូវសាធារណៈបានធ្វើអោយខូចខាតពីខាងមុខរថយន្ដខ្ទេចតែម្ដង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយវិថីឯករាជ ក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
តាមប្រភពកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដស៊េរីទំនើបខាងលើ បានបើកចេញយ៉ាងលឿនមកពីផ្លូវថៃបុនរ៉ុង (១១៥) លុះមកដល់ត្រង់ចំណុចកើតហេតុបំរុងនឹងបត់ តែប្រហែលជាកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោលភ្លើងនោះតែម្ដង បណ្ដាលអោយរថយន្តខ្ទេចខាងមុខទាំងស្រុង ។
ប្រភពដដែលនេះបានបន្តទៀតថា នៅក្នុងឡានរងគ្រោះខាងលើគឺមានមនុស្ស២នាក់ ដោយម្នាក់ជាបុរសជនជាតិបរទេសជាអ្នកបើករថយន្ដមិនស្គាល់ឈ្មោះ បានរងរបួសស្រាល ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងស្ត្រីម្នាក់ទៀតមិនស្គាល់ឈ្មោះ ជាជនបរទេសដែរ តែពុំមានរងរបួសអ្វីនោះទេ ។
ក្រោយបេលពីកើតហេតុ មន្ត្រីប៉ូលិសចរាចរណ៍ផ្លូវគោក ក៏បានមកដល់កន្លែងកើតហេតុ រួចសួរនាំ និងយករថយន្ដសន្ទូចមកយករថយន្តរងគ្រោះខាងលើទៅកន្លែងការិយាល័យ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ