រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី២៣ មករា ២០១៦ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទាំងអាក្រាត ស្ថិតនៅចំណុច «ជ្រោះបាត់ស្នេហ៍» ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
សពជនរងគ្រោះត្រូវបានស្គាល់ឈ្មោះរិន សុខា អាយុ២២ឆ្នាំ ជាអ្នកនេសាទ មានប្រពន្ធឈ្មោះយ៉េន សុខនី អាយុ២២ឆ្នាំ ពួកគេមានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ ។
បើតាមស្ត្រីជាប្រពន្ធឱ្យដឹងថា ប្តី(ជនរងគ្រោះ)របស់ខ្លួន បានបាត់ពីផ្ទះកាលពីវេលាម៉ោង០៨យប់ថ្ងៃទី២០ មករា កន្លងមក ដោយប្រាប់ថា ទៅដាក់មង តែមិនបានត្រឡប់មកផ្ទះវិញទេ ។ លុះនៅព្រឹកថ្ងៃទី២៣ នេះ ត្រូវអ្នកភូមិប្រទះឃើញសពក៏រត់មកប្រាប់ខ្លួន បង្កឱ្យភ្ញាក់ផ្អើលតែម្តង ។
គួរបញ្ជាក់ថា ទីតាំងប្រទះឃើញសពខាងលើ ជារណ្តៅដីជីកយ៉ាងធំតាំងពីយូរឆ្នាំមកហើយ ដោយកន្លងមកមានគូស្នេហ៍ជាច្រើនតែងតែមកកម្សាន្តលេង ហើយក៏បានលង់ទឹកស្លាប់ ឬសម្លាប់ខ្លួនជាច្រើននាក់ដែរ ហើយក៏ត្រូវអ្នកស្រុកបានហៅទីនោះថា ជា«ជ្រោះបាត់ស្នេហ៍ ឬជ្រោះព្រាត់ស្នេហ៍» ។
ចែករំលែកព័តមាននេះ