ខេត្តកណ្តាល ៖ ជិះម៉ូតូឌុបគ្នា៣នាក់ចេញពីស៊ីការត្រូវរថយន្តបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះ សួង ភណ្ឌ័ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ, ២-ឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ និង ៣-ឈ្មោះ គង់ ស្រីវង់ ភេទស្រី អាយុ១៦ឆ្មាំ ជនជាតិខ្មែរ ជាសិស្ស រងរបួសធ្ងន់ ។ ទាំង៣នាក់មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ជិះម៉ូតូ១គ្រឿងជាមួយគ្នាម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1E-8749 ។ ចំណែករថយន្តម៉ាក LEXUS RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-0342 មានម្ចាស់ឈ្មោះ ជុំ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងគ្រឿងសង្ហារឹម មានទីលំនៅភូមិដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាល ។
ប្រភពឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូឌុបគ្នាចេញពីស៊ីការគេក្នុងទិសដៅពីផ្លូវស្រែអំពិលទៅកំពង់ស្វាយ (ទៅផ្ទះ) លុះមកដល់ចំណុចខាងលើក៏ត្រូវរថយន្តបញ្ច្រាសទិសគ្នាបើកបរក្នុងល្បឿនលឿនបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ និងរបួសតែម្តង ។
បន្ទាប់ពីកើតហេតុ មន្ត្រីជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ធ្វើការវាស់វែងប្រមូលយកមធ្យោបាយទាំង២គ្រឿង និងម្ចាស់រថយន្តទៅកាន់អធិការដ្ធាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ