ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ កូវីដ​ បានឆ្លងរាលដាលនៅកម្ពុជាយើង ចាប់តាំងពីដើមឆ្នាំ២០២០ ហើយ​បន្តកាន់តែ ធ្ងន់ធ្ងរ​ រហូតឆ្លងចូលសហគមន៍​​នៅ​ទូ​ទាំង​ប្រទេស តាម​រយៈ​ព្រឹត្តិ​ការណ៍​ឆ្លង​​សហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ…

ភ្នំពេញ៖ កូវីដ​ បានឆ្លងរាលដាលនៅកម្ពុជាយើង ចាប់តាំងពីដើមឆ្នាំ២០២០ ហើយ​បន្តកាន់តែ ធ្ងន់ធ្ងរ​ រហូតឆ្លងចូលសហគមន៍​​នៅ​ទូ​ទាំង​ប្រទេស តាម​រយៈ​ព្រឹត្តិ​ការណ៍​ឆ្លង​​សហគមន៍ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ មក​ដល់ពេលនេះ កូវីដ មិនទាន់ស្ងប់ស្ងាត់ នៅឡើយទេ​។ កូវីដ ​បានបង្កផលប៉ះពាល់​ធ្ងន់ធ្ងរលើគ្រប់ផ្នែក មិនថា វិស័យទេសចរណ៍ សាលារៀន ក្រុមហ៊ុន រោងចក្រកាត់ដេរ និងផ្នែករដ្ឋាភិបាល​​នោះទេ​។

អំឡុង​​ពេល​​​ម្នាក់​​ៗ ​ជួ​ប​​ការ​លំ​​បាក​​ក្នុងជីវភាព ទាំងមុខរបរ​ ទាំងការងារ និងទាំងការ​រកស៊ីតូចធំ ស្រាប់​តែ​នៅក្នុងឆ្នាំសិក្សាថ្មី ឆ្នាំ២០២១-២០២២ បែរជាសាលារៀនចំណេះទូទៅឯកជនមួយចំនួន ឡើងថ្លៃ​សិក្សាទៅវិញ​។ សាលាខ្លះ ឡើងថ្លៃពី ១០០ដុល្លារ ទៅដល់ជិត ២០០ដុល្លារ ទៅតាម​កម្រិតថ្នាក់​រៀន​​របស់​សិស្សានុសិស្ស​ ខណៈដែល​ចាប់តាំងពីកូវីដ​ឆ្លងរាតត្បាត សាលា​បាន​បង្រៀន​តាមអនឡាញ ​​រហូត​ម​ក​។

ក្នុងរយៈពេល​ប៉ុន្មានថ្ងៃម​កហើយ មាតាបិតាអាណាព្យាបាល បានត្អូញត្អែរថា សាលាឯកជន នៅភ្នំពេញ មានដូចជា សាលាសុវណ្ណភូមិ ជាដើម​ បានឡើងថ្លៃសិក្សា ក្នុងពេលកូវីដ ធ្វើ​ឲ្យ​ជីវភាព មុខរបរ និងការងាររបស់ពួកគាត់ ប៉ះពាល់ និងធ្វើ​ឲ្យបាត់បង់ចំណូល។ ដូច្នេះ អាណាព្យាបាល បានសំណូមពរដល់សាលាឯកជន ក៏ដូចជា សំណូមពរទៅក្រសួងអប់រំ ធ្វើយ៉ាងណា ឱ្យចុះ​ថ្លៃ​សិក្សា ឬយ៉ាងហោចណាស់ ក៏សូម​កុំឡើងថ្លៃ ក្នុងអំឡុងពេល កូវីដឆ្លង រាតត្បាតនេះ។

​អំឡុងពេលកូវីដឆ្លងរាតត្បាត គឺចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២០ មក ការសិក្សារបស់សិស្សានុសិស្ស មិនថា នៅសាលារៀនរដ្ឋ ឬសាលារៀនឯកជននោះទេ គឺត្រូវរៀន​តាមអនឡាញ ដោយសារតែ​ដើម្បីការពារ កុំ​ឲ្យឆ្លងកូវីដ​។ ការរៀនតាមអនឡាញនេះ ធ្វើ​ឲ្យអាណាព្យា​បាល ឪពុកម្តាយ ត្រូវចំណាយថវិកាច្រើនជាងមុន ទៅលើ​ថ្លៃឧបករណ៍​សម្ភារៈសិក្សា ដូចជា ទូរស័ព្ទ ឬអាយផេត កុំព្យួទ័រ និង​​ថ្លៃ​សេវាអ៊ីនធឺណេត តាមទូរស័ព្ទ ឬក៏តភ្ជាប់ខ្សែអ៊ិនថឺណេត Wifi ជាដើម​​។ ​រីឯការសិក្សារបស់សិស្ស ក៏ហាក់ដូចជា មិនបានរៀនសូត្រ​ពេញលេញ ​ដូចកាលពីពេលរៀន​ក្នុងថ្នាក់រៀនដោយផ្ទាល់​នោះឡើយ។​

​យ៉ាងណាក៏ដោយ សម្រាប់​អ្នកគ្រប់គ្រងសាលាឯកជន​នានា ដែលត្រូវបានមាតាបិតាអាណាព្យាបាលសិស្ស លើកឡើងថា បានឡើងថ្លៃសិក្សា បានឆ្លើយតបថា សាលាឯកជនទាំងនោះ គ្រាន់តែអនុវត្តតាមគោលការណ៍ ដែលមានស្រាប់ប៉ុណ្ណោះ ហើយថា បើទោះបីជាការសិក្សាតាម​អនឡាញ ដែល​ធ្វើឱ្យសាលាកាត់បន្ថយថ្លៃទឹក និង​ថ្លៃភ្លើងបានមួយកម្រិតក៏ពិតមែន ប៉ុន្តែសាលា ក៏នៅតែចំណាយទៅលើថ្លៃផ្សេងៗទៀត ដូចជា ថ្លៃឈ្នួលអគារ ថ្លៃឈ្នួលគ្រូបង្រៀន ជាដើម ខណៈថ្លៃសេវា​មួយចំនួនទៀត ដូចជា ថ្លៃអ៊ីនធឺណេត សម្រាប់គ្រូ និង​បុគ្គលិក ជាដើម គឺបានកើនឡើង បើធៀបទៅនឹងការបង្រៀន​ដោយផ្ទាល់ ក្នុងថ្នាក់រៀន​​។

 ការផ្ទៀងផ្ទាត់ និង​ប្រៀបធៀបទៅលើតារាងតម្លៃសិក្សា បង្ហាញថា តម្លៃសិក្សានៅ​សាលាឯកជនខ្លះ កើនឡើង​មែន ប៉ុន្តែតាមរបៀបផ្សេង​គ្នា បន្តិចបន្តួច។ សាលាខ្លះ ឡើងថ្លៃជាប្រព័ន្ធ ជាលក្ខណៈបច្ចេកទេស Marketing ដូចជា ឡើងថ្លៃ ដោយសារសិស្សឡើងថ្នាក់សិក្សា ខណៈសាលា​ខ្លះ​​ទៀត ឡើង​ថ្លៃ ក៏ពិតមែន ប៉ុន្តែក៏បាន​បន្ថែមរយៈពេលសិក្សា​ នេះ។ីដឆ្លងរាតត្ជាការទូទាត់ជំនួសវិញ ដូចជា បង់ ១​ឆ្នាំ សាលាបន្ថែមជូន ៣ខែ រហូតដល់ ៦ខែ ក៏មាន។

​ប៉ុន្តែ​មាតាបិតាអាណាព្យាបាលសិស្សខ្លះ បានសំណូមពរ សូមឲ្យ​សាលា មិនចាំបាច់បន្ថែមរយៈពេលសិក្សាជូនក៏បានដែរ ប៉ុន្តែសូមឱ្យរក្សាតម្លៃដើមដដែល បើមិនបានចុះថ្លៃ។ ទន្ទឹមនឹងនេះ មាតាបិតាអាណាព្យាបាលសិស្សខ្លះ ក៏បានសំណូមពរទៅក្រសួងអប់រំ យុវជន និងកីឡា មេត្តាជួយអន្តរាគមន៍ធ្វើយ៉ាងណា កុំឱ្យសាលាឯកជន ឡើងថ្លៃសិក្សា ក្នុងពេលកូវីដ នៅបន្តឆ្លងរាលដាលដូច្នេះ​។

ជុំវិញការលើកឡើងរបស់អាណាព្យាបាលសិស្សពីសាលារៀនឯកជនឡើងថ្លៃនេះ ​ក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តដល់អ្នកផ្តល់សេវាអប់រំឯកជន អ្នកទទួលសេវាអប់រំឯកជន និងភាគីពាក់ព័ន្ធ បន្តពិភាក្សាចរចា​គ្នា រកដំណោះស្រាយសមស្រប ប្រកបដោយការយោគយល់គ្នា កម្រិតខ្ពស់ និងសម្បទានគ្នាទៅវិញទៅមក ព្រោះទាំងអស់គ្នា សុទ្ធតែបានរងផលប៉ះពាល់អវិជ្ជមានពីការរាតត្បាត នៃជំងឺកូវីដ-១៩។  

​កន្លងមក អំឡុងពេល​ឆ្លងកូវីដដំបូង ហើយសាលារៀន ត្រូវបិទទ្វារ កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២០ ក៏មានអាណាព្យា​បាល និងឪពុកម្តាយសិស្សមួយចំនួន បានលើក​បដាតវ៉ា​នឹងសាលារៀនឯកជនមួយចំនួន ​ផ្នែក​ចំណេះទូទៅ និងភាសាអង់គ្លេស ដោយសារតែការបង្រៀន​តាមអនឡាញ ដែលសិស្ស​​រៀន មិនបានដិតដល់ ហើយ​សាលារៀន នៅយកថ្លៃ​ដដែល ខណៈ​ដែលអាណាព្យាបាល និងឪពុកម្តាយ​សិស្សខ្លះ ​ប៉ះពាល់ចំណូល ដោយសារតែកូវីដ​។

កាលណោះ ក៏មានការសម្របសម្រួល ហើយសាលាឯកជនជាច្រើន ក៏បានចុះថ្លៃសិក្សាដល់ទៅ ៥០ ភាគរយ ឬលើសពី ៥០ ភាគរយ បើ​ទោះបី​ជាសាលាឯកជនមួយចំនួន ជួបការលំបាក និងប្រឈមនឹងការក្ស័យធន ត្រូវបិទទ្វារក៏ដោយ។​

យ៉ាងណាក៏ដោយ មកដល់ពេលនេះ សាលារៀនឯកជន​ បានកាត់បន្ថយចំណាយ កាត់​បុគ្គលិក​ និងកាត់​បន្ថយ​​ប្រាក់ខែគ្រូ និងបុគ្គលិក ដោយសំអាងថា ប៉ះពាល់ដោយសារតែកូវីដ ខណៈដែល​សិស្ស ត្រូវ​បង់លុយពេញៗ ហើយពេលនេះ ឡើងថ្លៃ​ថែមទៀត។ ចំណែកម្ចាស់អគារ ដែលជួលឲ្យសាលាឯកជន​ជាច្រើន ក៏បាន​ចុះថ្លៃឈ្នួល តាមការអំពាវនាវ​របស់រាជរដ្ឋាភិបាល កន្លងមក​។

 ​ករណីនេះ ក្រសួងអប់រំ គួរតែ​អន្តរាគមន៍ ដើម្បី​ឲ្យមានយុត្តិធម៌ទាំងអស់គ្នា គឺទាំង​សាលារៀន ទាំង​បុគ្គលិក ទាំងគ្រូ​បង្រៀន និងទាំង​អាណាព្យាបាលសិស្ស​ ព្រោះ​ថា សាលារៀនឯកជន អះអាង​ពីការចំណាយ​ខ្ពស់​ ខណៈដែលការ​បង្រៀនធ្វើតាម​អនឡាញ ហើយ​កាត់​បន្ថយបុគ្គលិក និង​គ្រូបង្រៀន រីឯ​ថ្លៃឈ្នួលអាគារសិក្សា ក៏​ត្រូវបានចុះថ្លៃផង​។ ចំណែក​​អាណាព្យាបាល​សិស្ស និងឪពុកម្តាយ ខិតខំ​រកលុយបង់ថ្លៃសាលាកូន ក្នុងពេលកូវីដ ដែលប៉ះពាល់​មុខរបរ ការរកស៊ី និងការងារ ចាប់តាំងពីឆ្នាំមុន​​ ហើយពេលនេះ មិនបានចុះថ្លៃ បែរជាសាលារៀន ឡើងថ្លៃខុសពីឆ្នាំមុនទៅទៀត​។

ចំណុចនេះ គួរ​តែ​សាលារៀនឯកជនមួយចំនួន ដែលឡើងថ្លៃ​សិក្សា នៅឆ្នាំសិក្សាថ្មី ពិចារណា និងដាក់ចេញនូវគោលការណ៍ថ្មី ហើយ​បើមិន​បានចុះថ្លៃទេ ក៏សូម​ត្រឹមកុំឡើងថ្លៃ។ សាលារៀនទាំងនោះ ក៏គួរតែ​កាត់​បន្ថយចំណាយមិនចាំ​បាច់របស់ខ្លួន ខណៈដែល​សិស្ស​ មិនបានទៅ​សា​លារៀនផង តែ​សាលា​នៅ​គិតលុយ​ថែមផ្សេងៗទៀត​ ដូចជា ថ្លៃ​រដ្ឋបាល និងឯកសណ្ឋាន ជា​ដើម​។​

ករណីនេះ មិនមែនជាការជ្រៀតជ្រែក​កិច្ចផ្ទៃក្នុងសាលារៀន ក្នុងវិស័យឯកជន​ទេ តែរាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អប់រំ ត្រូវមានតួនាទី ក្នុងការ​តម្រង់ទិស​ ដើម្បី​កុំ​ឲ្យសាលារៀនឯកជន កេងចំណេញ​ និងឡើងថ្លៃតាមតែអំពើចិត្ត អំឡុងពេល​ឪពុកម្តាយ អាណាព្យា​បាលសិស្ស កំពុងលំបាក​គ្រប់ៗគ្នា ដោយសារតែការឆ្លងរាតត្បាត​ជំងឺកូវីដ​១៩ នៅឡើយ នាពេលនេះ៕