រាជធានីភ្នំពេញ ៖ រថយន្តបាឡែន១គ្រឿងបានបើកបុកម៉ូតូជនពិការ(ស្វិតជើង)បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលខាំកូស៊ីធី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះ យ៉ាត់ សុវណ្ណា ភេទប្រុស អាយុ៦១ឆ្នាំ ជាជនពិការ (ស្វិតជើង) រស់នៅក្បែររង្វង់មូលខាំកូស៊ីធី ចំណែកអ្នកបើកបររថយន្តកាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-3021 ឈ្មោះ ដាញ់ សុវង្ស ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅផ្ទះលេខ២ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ដែលជាជនពិការ(ស្វិតជើង)បានជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តបាឡែនបើកតាមបណ្តោយផ្លូវលេខ៥៩៨ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចរង្វង់មូលខាំកូស៊ីធីរថយន្តក៏ជ្រុលទៅបុកម៉ូតូជនពិការបណ្ដាលធ្លាក់បោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗមួយរំពេច ។
ក្រោយពេលកើតហេតុភ្លាមៗ សពជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅគេហដ្ឋានរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តត្រូវប្រជាពលរដ្ឋចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ចដើម្បីដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ