- ភ្នំពេញ
ភ្នំពេញ៖ ពិធីសែនក្បាលទឹក នៅឆ្នាំនេះ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។ ពិធីសែនក្បាលទឹកនេះ ត្រូវបានបងប្អូនខ្មែរកាត់ចិន រៀបចំបាយម្ហូបនំចំណី…
ភ្នំពេញ៖ ពិធីសែនក្បាលទឹក នៅឆ្នាំនេះ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។ ពិធីសែនក្បាលទឹកនេះ ត្រូវបានបងប្អូនខ្មែរកាត់ចិន រៀបចំបាយម្ហូបនំចំណី…
ភ្នំពេញ៖ ពិធីសែនក្បាលទឹក នៅឆ្នាំនេះ ត្រូវនឹងថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។ ពិធីសែនក្បាលទឹកនេះ ត្រូវបានបងប្អូនខ្មែរកាត់ចិន រៀបចំបាយម្ហូបនំចំណី សែនតាមផ្ទះរៀងៗខ្លួន ជូនដល់កុងម៉ា ញាតិសន្តាន ដែលបានចែកឋាន។ ប៉ុន្តែពិធីបុណ្យសែនក្បាលទឹក ដែលការធ្វើដំណើរ និងការជួបជុំ នាពេលនេះ អាចធ្វើអោយកូវីដ ឆ្លងរាលដាលបាន។
សែនក្បាលទឹក ត្រូវបានបងប្អូនខ្មែរកាត់ចិន ធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជាយើង ដូចនឹងពិធីបុណ្យភ្ជុំបិណ្ឌដែរ។ ពិធីបុណ្យសែនក្បាលទឹក ជាពិធីបុណ្យធំមួយ បន្ទាប់ពីបុណ្យចូលឆ្នាំចិន។ បុណ្យសែនក្បាលទឹក រៀបចំសែន ពីរដង គឺលើកទីមួយ នៅពេលព្រឹក ឬពេលថ្ងៃ សែនដល់កុងម៉ា ញាតិសន្តាន ដែលស្លាប់ និងសែនលើកទីពីរ នៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិ មិនឃើញ។

ការសែននេះ ត្រូវបានធ្វើតាមទម្លាប់រៀងៗខ្លួន។ គ្រួសារខ្លះ សែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់ សែនបាយសម្លរម្តងទៀត ដោយមិនសែនពេលល្ងាចនោះទេ។ តែគ្រួសារខ្លះ ក៏សែនល្ងាចម្តងទៀត។ បន្ទាប់ពីសែនរួច គេដុតក្រដាសសែន លុយសែន មាសប្រាក់ សម្លៀកបំពាក់ ប៉ាស្ព័រ វីសា សំបុត្រយន្តហោះ រថយន្ត ផ្ទះក្រដាស សម្រាប់សែន ដើម្បីសុខសប្បាយ និងរកស៊ីមានបាន តាមការជឿរបស់គេរៀងៗខ្លួន។
ទាំងអស់នេះ ជាជំនឿមួយ ក្នុងចំណោមជំនឿរបស់ខ្មែរកាត់ចិន ដែលត្រូវបានធ្វើឡើងយូរឆ្នាំមកហើយ នៅក្នុងប្រទេសកម្ពុជាយើង មិនថា នៅភ្នំពេញ ឬនៅតាមខេត្តនានានោះទេ។ ក្នុងពិធីបុណ្យសែនក្បាលទឹកនេះ ខ្មែរយើង ដែលអះអាងថា កាត់ចិន-យួន តែងតែសែនគ្រប់ផ្ទះ ហើយអ្នកខ្លះ ធ្វើដំណើរទៅស្រុកកំណើត ជួបជុំឪពុកម្តាយបងប្អូន ញាតិមិត្ត នៅស្រុកកំណើត។ បន្ទាប់ពីសែនហើយ ក៏ជួបជុំបងប្អូន ញាតិមិត្ត ទទួលទានបាយរួមគ្នា ហើយភាគច្រើន តែងតែផឹកស៊ីគ្រឿងស្រវឹងថែមទៀត។
ម្យ៉ាងនៅពេលនេះ កូវីដនៅឆ្លងរាលដាលនៅឡើយ។ តែការជួបជុំក្នុងរង្វង់គ្រួសារ ញាតិមិត្ត បងប្អូន មិត្តភក្តិ ក្នុងពិធីសែនក្បាលទឹក នាថ្ងៃអាទិត្យ ទី២២សីហានេះ នៅតែធ្វើឡើង ហើយត្រូវបានថតបង្ហោះព្រោងព្រាតតាមហ្វេសប៊ុក។ ការជួបជុំនោះទៀតសោត ក៏មិនពាក់ម៉ាស និងមិនមានរក្សាគម្លាត ឲ្យបានត្រឹមត្រូវទេ ដោយសារតែអ្នកជួបជុំទាំងអស់នោះ អាងតែជាឪពុកម្តាយ បងប្អូនកូនក្មួយនឹងគ្នា ទោះបីជាមានកូនចៅច្រើនរស់នៅភ្នំពេញ និងបណ្តាខេត្តផ្សេងក៏ដោយ។

ការជួបជុំសែនក្បាលទឹក នៅឆ្នាំនេះ ជាសារបង្ហាញថា ខ្មែរយើងមួយចំនួន ដែលអះអាងថា កាត់ចិន ជាប់សែស្រឡាយចិន-យួន នៅតែបន្តជួបជុំ ក្នុងរង្វង់គ្រួសារ ហើយធ្វើដំណើរចល័តពីភ្នំពេញ និងតាមបណ្តាខេត្តនានា ទៅកាន់ស្រុកកំណើត។ ការជួបជុំនោះ ក៏មិនអនុវត្តតាមវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លងរាលដាលកូវីដឡើយ។ ដូច្នេះសូមកុំឲ្យផ្ទុះកូវីដ ក្នុងអំឡុងពេលសែនក្បាលទឹកនេះ ព្រោះប្រទេសយើង កំពុងតែបន្តឆ្លងរាលដាលកូវីដរៀងរាល់ថ្ងៃ ចន្លោះពីជិត ៥០០នាក់ ទៅជាង ៥០០នាក់ ហើយក៏មានអ្នកស្លាប់ជាង ១០នាក់ ក្នុង ១ថ្ងៃៗ ស្រាប់ទៅហើយ។
របាយការណ៍ប្រចាំថ្ងៃ បង្ហាញថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានករណីឆ្លងថ្មី ៤៩៦នាក់ ជាសះស្បើយ ៥៧៥នាក់ និងស្លាប់ ១៤នាក់។ ក្នុងនោះ ៣២០នាក់ ជាករណីឆ្លងសហគមន៍ និង ១៧៦នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ ជារួម គិតត្រឹមថ្ងៃទី២១សីហា នៅទូទាំងប្រទេស មានករណីឆ្លងកូវីដសរុប ចំនួន ៨៩២៣១នាក់។ ករណីជាសះស្បើយ មានចំនួនសរុប ៨៥០៨១នាក់ និងករណីស្លាប់សរុប កើនឡើងដល់ ១៧៩២នាក់។
កាលពីថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការរកឃើញមេរោគកូវីដ បំប្លែងថ្មី ដែលតា សរុបចំនួន ៩៩៩នាក់ គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា។ មេរោគបំប្លែងថ្មី ដែលតា ទាំងនេះ រកឃើញនៅ ២៣ រាជធានី-ខេត្ត លើកលែងតែខេត្តកែប និងខេត្តក្រចេះ ហើយនៅរាជធានីភ្នំពេញ មានចំនួនច្រើនជាងគេ រហូតដល់ ២៣៨នាក់។

ដូច្នេះការជួបជុំសែនក្បាលទឹក នៅថ្ងៃអាទិត្យនេះ ជាសារដាស់តឿនថា ទោះជាកូវីដ នៅឆ្លងរាលដាលខ្លាំង ហើយរាតត្បាតប្រភេទដែលតា យ៉ាងណាក៏ដោយ ក៏ប្រពៃណីមួយចំនួន នៅធ្វើតាមធម្មតា នៅតាមផ្ទះ រួមទាំងការធ្វើដំណើរឆ្លងរាជធានីខេត្ត ក៏នៅតែកើតឡើង ខណៈដែលវិធានសុខាភិបាល មិនត្រូវអនុវត្ត ដោយមានការជួបគ្នាច្រើន មិនពាក់ម៉ាស និងមិនរក្សាគម្លាតឲ្យបានត្រឹមត្រូវឡើយ។
នៅពេលខាងមុខ រាល់ការជួបជុំ ពិសេសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៥-៧ ខែតុលាខាងមុខនេះ រាប់ទាំងក្នុងរង្វង់គ្រួសារ ដែលមានកូនចៅនៅរាជធានីភ្នំពេញ និងខេត្តផ្សេងទៀត មិនត្រូវធ្វេសប្រហែសនោះទេ។ ការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ត្រូវធ្វើជាចាំបាច់ ព្រោះថា វិធានការនេះ សាមញ្ញ និងនៅតែចាំបាច់គ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ព្រោះ ដែលតា កំពុងវាយលុក ដែលម្នាក់ៗ តោងកុំប្រហែស ហើយក៏កុំហៅបងប្អូនមិត្តភក្តិផឹកស៊ី ជុំគ្នាដូច្នេះ។
ឪពុកម្តាយនៅស្រុក មិនហ៊ានទៅណា តែបើកូនចៅនាំគ្នាទៅលេង ទៅជួបជុំ ដោយសំអាងថា ជាទម្លាប់សែន តាមប្រពៃណី ដើម្បីបានសេចក្តីសុខ និងសុំឲ្យកុងម៉ា ញាតិសន្តាន ជួយឲ្យមានបាន តែការពិត បែរជានាំកូវីដទៅឆ្លងដល់អ្នកផ្ទះ និងឪពុកម្តាយ នៅស្រុកកំណើតវិញនោះ គឺជារឿងមួយ ដែលមិនគួរកើតឡើងទាល់តែសោះ។
ចូរចាំថា គ្មានការបន់ស្រន់ណា ហើយក៏គ្មានការសែនព្រេនឯណា អាចផ្តល់នូវសេចក្តីសុខ លាភសំណាង និងជួយឲ្យកូនចៅ មានបាននោះទេ បើសិនជា កូនចៅមិនខិតខំប្រឹងប្រែងដោយខ្លួនឯង។ ផ្ទុយទៅវិញ ការសែនព្រេន និងជំនឿ ដោយការយល់ខុសទាំងនេះ បានធ្វើឲ្យកូនចៅ ត្រូវចំណាយលុយ និងពេលវេលាមិនតិចនោះទេ។ នេះមិនទាន់គិតដល់មហន្តរាយ ដែលកើតពីការធ្វេសប្រហែសនៃការសែន ដុតទៀនធូប ដុតក្រដាសសែន រហូតដល់ឆេះផ្ទះ និងការស្រូបផ្សែងទៀនធូប ដែលនាំឲ្យខូចសុខភាព ដោយមិនដឹងខ្លួនផងនោះ៕



ចែករំលែកព័តមាននេះ