- ភ្នំពេញ
ភ្នំពេញ៖ បន្ទាប់ពីអនុវត្តបាន ២១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ…
ភ្នំពេញ៖ បន្ទាប់ពីអនុវត្តបាន ២១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ…
ភ្នំពេញ៖ បន្ទាប់ពីអនុវត្តបាន ២១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ត្រូវបានបិទបញ្ចប់ហើយ។ ប៉ុន្តែនេះមិនមែនមានន័យថា កម្ពុជាអាចជិះសេះលែងដៃបានទេ។ ម្នាក់ៗ ត្រូវប្រយ័ត្នបំផុត ដើម្បីរួមគ្នាទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ១៩នេះ។
ក្នុងសារលិខិត ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ជារួម ការអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរឹងនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅទូទាំងប្រទេស រយៈពេល ២១ថ្ងៃ កន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលវិជ្ជមាន ដោយបានជួយដល់ការគ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងសហគមន៍នៃមេរោគកូវីដ១៩ប្រភេទដែលតា។ ជាក់ស្តែង ការវិវត្តសភាពការណ៍ ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ បង្ហាញថា អត្រានៃការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ និងអត្រាអ្នកជំងឺកូវីដ១៩ កម្រិតមធ្យម ក៏ដូចជាអត្រាអ្នកស្លាប់ដោយសារជំងឺនេះ មាននិន្នាការថេរ ហើយទន្ទឹមនេះ អត្រាអ្នកជាសះស្បើយ ក៏មានការកើនឡើង បើទោះបីជាមេរោគកូវីដ១៩ ប្រភេទដែលតា បានឆ្លងរាលដាលក្នុងសហគមន៍ ក្នុងចំនួនកាន់តែច្រើនឡើងៗ ហើយបច្ចុប្បន្ន បានរីករាលដាលរហូតទៅដល់ ២៣រាជធានីខេត្តក្តី។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ជាមួយនឹងការរកឃើញជាបន្តបន្ទាប់ ក្នុងចំនួនច្រើន និងនៅស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស លទ្ធភាពនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងពេលខាងមុខនៃមេរោគកូវីដ១៩ ប្រភេទដែលតានេះ នៅបន្តជាបញ្ហាប្រឈមចំពោះមុខដ៏គួរឲ្យព្រួយបារម្ភ សម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បន្តថា ដោយសារតែការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈយុទ្ធនាការនៅទូទាំងប្រទេស ក្នុងរយៈពេល ២១ថ្ងៃ កន្លងមកនេះ បានរួមចំណែកដ៏សំខាន់ ក្នុងការជួយទប់ស្កាត់បានមួយកម្រិតនូវល្បឿននៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទ ដែលតា ក្នុងសហគមន៍ ហើយវិធានការទាំងនេះ ក៏មិនបានធ្វើឲ្យប៉ះពាល់ជាដុំកំភួនដល់សកម្មភាពខាងផ្នែកសង្គម និងសេដ្ឋកិច្ច ក៏ដូចជាជីវភាពប្រចាំថ្ងៃរបស់ប្រជាជននោះទេ។ រាជរដ្ឋាភិបាល យល់ឃើញថា វិធានការទាំងនេះ នៅតែជាវិធានការគន្លឹះ និងមានភាពចាំបាច់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ក្នុងបរិបទនៃការឆ្លងរាលដាលនៃមេរោគប្រភេទ ដែលតា ក្នុងសហគមន៍។
ក្នុងលិខិតដដែល សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ នៅតាមបណ្តារាជធានីខេត្តនិមួយៗ មានលក្ខណៈខុសៗគ្នា ដូចនេះ រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ការអនុវត្ត «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩» នៅទូទាំងប្រទេស តាមកាលបរិច្ឆេទកំណត់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះ និងសូមធ្វើការណែនាំដល់បណ្តាគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្តឹងវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែង នៃជំងឺនេះ ក្នុងភូមិសាស្ត្ររាជធានីខេត្ត ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ក្រោមការសម្របសម្រួលរបស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការ ដែលមានការពាក់ព័ន្ធ។
នៅថ្ងៃទី១៩ ខែសីហា ដែលជាថ្ងៃចុងក្រោយ ក្នុងរយៈពេល ២១ថ្ងៃ នៃយុទ្ធនាការទប់ស្កាត់កូវីដ គឺយ៉ាងហោចណាស់ មានរាជធានីខេត្ត ៦ បានប្រកាសបន្តអនុវត្តនូវវិធានការរដ្ឋបាល និងបម្រាមគោចរ រយៈពេលចាប់ពី ៧ថ្ងៃ ទៅ ១៤ថ្ងៃទៀត គិតចាប់ពីថ្ងៃទី២០ ខែសីហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលជំងឺកូវីដ១៩ នៅបន្តឆ្លងរាលដាលក្នុងសហគមន៍ តាមរាជធានីខេត្តទូទាំងប្រទេស ហើយអ្នកធ្វើដំណើរឆ្លងដែន មកពីក្រៅប្រទេស ក៏នៅតែបន្តរកឃើញឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។
រាជធានីខេត្តទាំង ៦នោះ រួមមាន ខេត្តស្វាយរៀង បន្ទាយមានជ័យ ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងនៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេល នៃការបន្តអនុវត្តវិធានការរដ្ឋបាល រយៈពេល ៧ថ្ងៃ រហូតដល់ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០សីហាតទៅ នៅក្នុងខេត្តទាំងនោះ ក៏បន្តអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះពីម៉ោង ២១ ដល់ម៉ោង ៣ទៀបភ្លឺ។ នៅខេត្តខ្លះ ក៏បានសម្រេចហាមដាច់ខាតនូវរាល់ការលក់ ចែកចាយស្រា ស្រាបៀរ រួមនឹងភេសជ្ជៈ ដែលមានជាតិអាល់កុល ( បណ្តាលឲ្យស្រវឹង ) ផងដែរ។
ក្នុងអំឡុងពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាលនេះ ក៏ត្រូវបានកំណត់ឲ្យផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖ សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងទាំងឯកជន ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត និងក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
ចំណែករាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលមិនត្រូវបានហាមឃាត់ខាងលើនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិ ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង ៣កុំ»។
នៅភ្នំពេញ ទោះជាលើកលែងបម្រាមគោចរ នៅពេលយប់ក៏ដោយ តែវិធានការរដ្ឋបាល នៅតែបន្តអនុវត្ត ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
ចំណែកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែសីហា ក៏បានប្រកាសសម្រេច បន្តបិទខ្ទប់ និងកំណត់ស្រុកជាំក្សាន្ត ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី ដែលតា។ ការបិទខ្ទប់នេះ មានរយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២១ ខែសីហា រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។
ដូច្នេះនៅពេលនេះ បើទោះបីជារាជរដ្ឋាភិបាល បញ្ចប់យុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់កូវីដ រយៈពេល ២១ថ្ងៃ ក៏ពិតមែន តែក៏មិនមែនមានន័យថា អាជ្ញាធរសមត្ថកិច្ចតាមរាជធានីខេត្ត មិនអើពើចាត់វិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ពិសេសមេរោគបំប្លែងថ្មី ដែលតា នោះទេ។ ប្រជាពលរដ្ឋ ក៏ដូចគ្នា។ តិចលឺថា រាជរដ្ឋាភិបាលបញ្ចប់យុទ្ធនាការហើយ បែរជាលែងខ្លាច ហើយលែងប្រុងប្រយ័ត្ន លែងការពារអ្វីទាំងអស់ នោះគឺជាការយល់ខុសមួយ ដែលអាចជាគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ក្នុងសារលិខិត នៅថ្ងៃទី១៩សីហា ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងរួចហើយថា បច្ចុប្បន្ន ដែលតា បានរីករាលដាល រហូតទៅដល់ ២៣រាជធានីខេត្តហើយ ខណៈដែលមុនថ្ងៃទី១៣សីហា ដែលតា ឆ្លងនៅត្រឹម ២២ខេត្តរាជធានី។ ក្នុងនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានលើកឡើងដែរថា «ជាមួយនឹងការរកឃើញជាបន្តបន្ទាប់ ក្នុងចំនួនច្រើន និងនៅស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស លទ្ធភាពនៃការឆ្លងរាលដាលទ្រង់ទ្រាយធំ ក្នុងពេលខាងមុខនៃមេរោគកូវីដ១៩ ប្រភេទដែលតានេះ នៅបន្តជាបញ្ហាប្រឈម ចំពោះមុខ ដ៏គួរឲ្យព្រួយបារម្ភ សម្រាប់កម្ពុជា»។
នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសថា គិតត្រឹមថ្ងៃទី១៩ ខែសីហា រកឃើញកូវីដបំប្លែងថ្មី ដែលតា សរុប ៨៣៦នាក់ ( ស្ត្រី ៤០៥នាក់ )។ អ្នកឆ្លងកូវីដ ដែលតា ជាអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស ហើយបានប៉ះពាល់ដល់ ២៣រាជធានី-ខេត្ត លើកលែងតែ ២ខេត្តប៉ុណ្ណោះ គឺខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញនៅឡើយ។
ក្រសួងសុខាភិបាល ក៏ប្រកាសថា កូវីដ ដែលតា ទាំង ៨៣៦នាក់ នៅ ២៣រាជធានីខេត្ត គឺច្រើនជាងគេ នៅភ្នំពេញ ១៦៨នាក់ ខេត្តឧត្តរមានជ័យ ១៦៥នាក់ សៀមរាប ១៣០នាក់ និងខេត្តបន្ទាយមានជ័យ ១១៦នាក់។
តាមទីប្រជុំជន តាមខេត្ត តាមផ្សារ តាមសហគមន៍ ពិសេសនៅភ្នំពេញ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ឲ្យតែរកឃើញថា មានអ្នកឆ្លងកូវីដ ដែលតា ធ្លាប់ចូលទៅផ្សារ ឬនៅផ្ទះម្តុំណា គឺអាជ្ញាធរសមត្ថកិច្ច ចាត់វិធានការបិទខ្ទប់ផ្សារ និងតំបន់នោះ ហើយពេទ្យ ចាត់ចែងយកសំណាក ធ្វើតេស្តរកកូវីដ មិនថា ថ្ងៃ ឬយប់ ឬក៏ភ្លៀងនោះទេ។ វិធានការឆ្លើយតបបន្ទាន់ភ្លាមៗដូច្នេះ ដើម្បីឈានទៅគ្រប់គ្រង និងទប់ស្កាត់ឲ្យបានលឿន ខណៈដែលកូវីដប្រភេទបំប្លែងថ្មី ដែលតា ត្រូវបានគេដឹងថា ឆ្លងលឿន និងកាចសាហាវជាងកូវីដធម្មតា។
ដូច្នេះនៅខេត្តរាជធានី ដែលបន្តដាក់ចេញនូវវិធានការរដ្ឋបាល និងបម្រាមគោចររយៈពេល ៧ថ្ងៃ ទៅ ១៤ថ្ងៃបន្ថែមទៀត គឺប្រជាពលរដ្ឋយើង សូមបន្តអនុវត្ត និងគោរពឲ្យបានខ្ជាប់ខ្ជូន ដើម្បីកុំឲ្យរងនូវការផាកពិន័យផង និងដើម្បីសំខាន់បំផុត កុំឲ្យឆ្លងកូវីដផង។ ចំណែកអ្នកនៅក្នុងខេត្ត ដែលមិនមានបន្តដាក់ចេញនូវវិធានការរដ្ឋបាលទេ ក៏រឹងរឹតតែត្រូវគោរពតាមវិធានការសុខាភិបាល ពិសេសវិធានការ ៣កុំ និង៣ការពារ ឲ្យបានម៉ឺងម៉ាត់ដូចគ្នា។ ចូរកុំភ្លេចថា កូវីដ ទៅដល់គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ហើយឆ្លងគ្រប់គ្នា បើយើងធ្វេសប្រហែសតែបន្តិច។ ដូច្នេះ ត្រូវតែគ្រប់គ្នា ពាក់ម៉ាស លាងសម្អាតដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពជាប់ជាប្រចាំ ពិសេសជៀសវាងការជួបជុំ នៅទីសាធារណៈ ចាប់ពី ២នាក់ឡើងទៅ៕
ចែករំលែកព័តមាននេះ