ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមពិត គណបក្ស «កែទម្រង់កម្ពុជា» ជារបស់លោក ប៉ុល ហំម សោះ!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ស្ងាត់ៗ អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម បានដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​បើក​គណបក្ស​ថ្មី​មួយ ឈ្មោះថា «​គណបក្ស​កែទម្រង់​កម្ពុ​ជា​»​។…

ភ្នំពេញ​៖ ស្ងាត់ៗ អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ​ម បានដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​បើក​គណបក្ស​ថ្មី​មួយ ឈ្មោះថា «​គណបក្ស​កែទម្រង់​កម្ពុ​ជា​»​។ គណបក្ស​ថ្មី​នេះ ត្រូវបាន​ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​បង្កើត​ហើយ តែ​តម្រូវ​ឲ្យ​បំពេញ​បែប​មួយចំនួនទៀត ក្នុង​រយៈពេល ១៥​ថ្ងៃ ដើម្បី​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​។​

​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ ក្រសួងមហាផ្ទៃ បានចេញ​លិខិត​មួយច្បាប់ ជម្រាបជូន​លោក ប៉ុល ហំ​ម ដែល​បានដាក់​លិខិត​ស្នើសុំ​ចុះឈ្មោះ «​គណបក្ស​កែទម្រង់​កម្ពុ​ជា​» ក្នុង​បញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ​។​

លោក ប៉ុល ហំម អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ពេលនេះ បង្កើតគណបក្សកែទម្រង់កម្ពុជា

​ប៉ុន្តែ​ក្នុង​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា ក្រសួងមហាផ្ទៃ បានទទួល​សំណើសុំ​ចុះឈ្មោះ «​គណបក្ស​កែទម្រង់​កម្ពុ​ជា​» ក្នុង​បញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ ប៉ុន្ដែ​ពាក់ព័ន្ធ​នឹង​សំណើ​នេះ ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញថា ស្ថាបនិក​គណបក្ស កែទម្រង់​កម្ពុជា​ពុំទាន់​បាន​បំពេញ​សំណុំ​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ស្របតាម​បញ្ញត្តិ​មាត្រា​៩ និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ គណបក្ស​នេះ ពុំបាន​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​មួយចំនួន រួមមាន ៖ ទី​១-​សេចក្ដីសម្រេច បង្កើត​គណៈកម្មាធិការ​បណ្ដោះអាសន្ន ,​ទី​២-​គោលនយោបាយ និង​កម្មវិធី​នយោបាយ​សំខាន់ៗ​របស់​គណបក្ស និង​ទី​៣-​លក្ខន្តិកៈ​គណបក្ស​ពុំមាន​ចុះ​កាលបរិច្ឆេទ និង​ហត្ថលេខា​របស់​ប្រធាន​គណបក្ស​ឡើយ​។​

​ទន្ទឹមនេះ លក្ខន្តិកៈ​គណបក្ស​មាន​កំហុស​អក្ខរាវិរុទ្ធ​ជាច្រើន ហើយ​ខ្លឹមសារ​ប្រការ​មួយចំនួន មាន​លក្ខណៈ​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

​ផ្អែកលើ​មូលដ្ឋាន​ដូច​បាន​គូសបញ្ជាក់​ជូន​ខាងលើ ក្រសួងមហាផ្ទៃ សូម​ស្នើ​ឲ្យ គណបក្ស​កែទម្រង់​កម្ពុ​ជា ត្រូវធ្វើ​ការកែសម្រួល​ខ្លឹមសារ​ក្នុង​លក្ខន្តិកៈ​គណបក្ស​ឲ្យ​បានច្បាស់លាស់​ត្រឹមត្រូវ​ស្របតាម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ឡើងវិញ​។ រីឯ លក្ខន្តិកៈ​គណបក្ស​ដែល​បាន​កែសម្រួល​ត្រូវ​ចុះ​កាលបរិច្ឆេទ និង​ចុះហត្ថលេខា​របស់​ប្រធាន​គណបក្ស រួចហើយ​ត្រូវ​ផ្ញើជូន​មក​ក្រសួងមហាផ្ទៃ​វិញ ដោយ​ភ្ជាប់​មកជា​មួយ​ផងដែរ ដូចជា ៖ ទី​១-​សេចក្តីសម្រេច​បង្កើត​គ​ណៈ​ក​ម្មា​ធិ​ការ​បណ្តោះអាសន្ន និង​ទី​២-​គោលនយោបាយ និង​កម្មវិធី​នយោបាយ​សំខាន់ៗ​របស់​គណបក្ស ក្នុង​រយៈពេល​យ៉ាងយូរ ១៥​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ទទួល​លិខិត ជូនដំណឹង​នេះ​ជា​កំហិត​។​

​មាន​អាយុ ៧៥​ឆាំ នៅ​ឆ្នាំ​២០២១​នេះ លោក ប៉ុល ហំ​ម អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​។ ភ្លាមៗ លោក ប៉ុល ហំ​ម ក៏​ទទួល​សម្បទា មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។

​លោក ប៉ុល ហំ​ម ជា​អ្នកនយោបាយ​ជំនាន់​លោក កឹម សុខា តាំងពី​នៅ​អតីត​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកតា សឺ​ន សាន ដែល​បាន​ចូលរួម​ការបោះឆ្នោត កាលពី​ឆ្នាំ​១៩៩៣​។ សូម្បីតែ​លោក​កឹម​សុខា ឈប់​ធ្វើ​នយោបាយ នៅ​ឆ្នាំ​២០០២ ទៅ​បង្កើត​អង្គការសិទ្ធិមនុស្ស ក៏​លោក ប៉ុល ហំ​ម ទៅតាម​លោក​កឹម​សុខា ហើយ​ពេល​បើក​គណបក្ស​សិទ្ធិមនុស្ស នៅ​ឆ្នាំ​២០១៧ ក៏​លោក ប៉ុល ហំ​ម បានរួម​គ្នា​បង្កើត​គណ​បក្ស​ថ្មី​នោះ ជាមួយ​លោក កឹម សុខា ដែរ​។

​ក្នុងនោះ នៅពេល​លោក កឹម​សុខា និង​លោក​សមរង្ស៊ី រួមគ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១២ ក៏​លោក ប៉ុល ហំ​ម បន្ត​ដើរ​តាម​លោក កឹម សុខា ធ្វើ​នយោបាយ ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ​។ ជាងនេះទៅទៀត នៅពេល​លោក កឹម សុខា ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ លោក ប៉ុល ហំ​ម ក៏​ត្រូវបាន​ជ្រើសតាំង ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយមាន​អនុប្រធាន ២​រូប​ទៀត គឺ​លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង ដែលជា​ភាគី​ខាង​លោក​សមរង្ស៊ី​។ ពោលគឺ​លោក ប៉ុល ហំ​ម ជា​មនុស្ស​សំខាន់​ទី​២ បន្ទាប់ពី​លោក កឹម សុខា នៅក្នុង​ជីវិត​នយោបាយ​របស់លោក​ទាំងពីរ នៅ​កម្ពុជា​។​

​គិត​មកដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ មាន​អតីត​តំណាងរាស្ត្រ និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប ២៦​នាក់​ហើយ បានស្នើ​សុំ និង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុងចំណោម​អ្នកនយោបាយ ១១៨​នាក់ ដែល​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈពេល ៥​ឆ្នាំ តាម​អំណាច​ដីកា​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទាំង ២៦​នាក់ រួមមាន​៖ ១-លោក គង់ គាំ ២-​លោក គង់ បូរ៉ា ៣-​លោក ស៊ីម សុវណ្ណនី ៤-​លោក ច័ន្ទ សិលា ៥-លោក រៀល ខេមរិន្ទ ៦-លោកស្រី ទេព សុ​ទ្ធី ៧- លោក កង គឹម​ហាក់ ៨- លោក ជីវ កត្តា ៩- លោក សុន ឆ័យ ១០- លោក តាវ គឹម​ឈន ១១- លោក វ៉ា សាម៉ុន ១២- លោក ស៊ុន សុ​ភ័​ក្រ ១៣- លោកស្រី លី ស្រី​វី​ណា ១៤- លោក អ៊ូ ច័ន្ទ​រ័ត្ន ១៥- លោក ថាច់ សេដ្ឋា ១៦- លោក យ៉ែម បុញ្ញឫទ្ធិ ១៧- លោក មុត ចន្ថា ១៨- លោក ជុំ ច័ន្ទ​ដា​រិ​ន ១៩- លោក ទួត យឿ​ត ២០- លោក ឡា​ត់ លិ​តេ​យ្យ ២១- លោក ឡុង គឹម​ឃ​ន ២២- លោកស្រី យង់ ផាន់​ណេ​ត ២៣- លោក ប៉ុល ហំ​ម ២៤-​លោក ផាន់ ច័ន្ទ​សាក់ ២៥-​លោក ឃឹម ឡាក់​គី និង​២៦-​លោក ម៉ៅ សុផល​។​

​ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម និង​បង្កើត​គណបក្ស​ថ្មី យ៉ាងហោចណាស់ ៦​គណបក្ស រួមមាន​៖ ១-​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​គង់​គាំ ចូលរួម​ដឹកនាំ​ជាមួយ​កូនប្រុស​ពៅ ២-​គណបក្ស​ខ្មែរ​អភិរក្ស របស់​ក្រុម​លោក រៀល ខេ​ម​រិ​ន្ទ្រ ៣-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា ៤-​គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក ប៉ុល ហំ​ម ៥-​គណបក្ស​កម្ពុជា​និយម របស់លោក យ៉ែម បុញ្ញឫទ្ធិ ៦-​គណបក្ស​បេះដូង​ជាតិ ដែល​បង្កើត​ដោយ​ក្រុម​លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ​៕​