រាជធានីភ្នំពេញ ៖ យុវជនបានជិះម៉ូតូចេញពីធ្វើការ ហើយត្រលប់មកផ្ទះវិញ ក៏ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធភ្ជង់ប្លន់យកម៉ូតូបានសម្រេច កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៩ មករា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក តែបានក្លាយជារឿងសំណាងវិញ ដោយម៉ូតូរបស់ជនរងគ្រោះដាក់ប្រពន្ធ័ GPS ក៏ត្រូវសមត្ថកិច្ចដេញតាមយកម៉ូតូបានមកវិញនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យភា្លមៗ តែចាប់ជនសង្ស័យចាប់មិនបាន ។
ជនរងគ្រោះឈ្មោះប៉ូ សិទ្ធរៈ អាយុ២៣ឆ្នាំ បុគ្គលិកផ្នែកITនៅណាហ្គាវ៉ើល បានរៀបរាប់ថា មុនពេលកើតហេតុ រូបគេជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ 1BD-3337 ចេញពីធ្វើការនៅណាហ្គាវើល ហើយជិះត្រលប់មកផ្ទះវិញ ស្រាប់តែគេជិះម៉ូតូមកឈប់ដល់ចំណុចមុខផ្ទះរបស់ខ្លួន ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សមិនចាំស្លាកលេខ បានមកឈប់ម៉ូតូក្បែរគេ (ជនរងគ្រោះ) រួចក៏ដកកាំភ្លើងខ្លីមួយដើមពណ៌ខ្មៅ ភ្ជង់សំដៅមកលើខ្លួនគេ ដោយភិតភ័យពេក បានផ្តួលម៉ូតូរបស់ខ្លួន រួចរត់គេចរកកន្លែងមានសុវត្ថិភាព ។
ភ្លាមៗជនសង្ស័យបានលើកម៉ូតូជិះចេញទៅបាត់ស្រមោល ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ផ្សារដេប៉ូ១ សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយជនរងគ្រោះប្រាប់សមត្ថកិច្ចថា ម៉ូតូដែលត្រូវចោរប្លន់យកទៅនោះ គឺគេបានដាក់ប្រពន្ធ័GPS នៅជាប់ម៉ូតូរបស់គេ ហើយគេអាចដឹងថា ម៉ូតូនេះជិះទៅដល់ចំណុចណាខ្លះ។
ទោះជាយ៉ាងណា ករណីប្លន់យកម៉ូតូបានសម្រេចនៅខណ្ឌទួលគោកនេះ ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ យកម៉ូតូជនរងគ្រោះបានមកវិញ ដោយសារប្រពន្ធ័GPS ដែលជនរងគ្រោះតជាប់ជាមួយម៉ូតូរបស់គេនោះ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិក្នុងក្បាលដំរី សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យបានវិញភ្លាមៗ តែគួរឱ្យសោកស្តាយសមត្ថកិច្ចចាប់មិនបានជនល្មើស សូម្បី តែម្នាក់ ។
ចែករំលែកព័តមាននេះ