ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ក្នុងពេល​កូ​វីដ ពិសេស​មេរោគ​បំប្លែង​ថ្មី អាល់​ហ្វា និង​ដែល​តា កំពុង​ឆ្លង​រាតត្បាត​ក្នុង​សហគមន៍​តាម​រាជធានី​ខេត្ត ពិសេស​ប៉ុន្មាន​ថ្ងៃនេះ នៅ​ភ្នំពេញ ឈានដល់ការបិទ​ខ្ទប់​តំបន់ និង​ផ្សារ​ជាច្រើន…

ភ្នំពេញ​៖ ក្នុងពេល​កូ​វីដ ពិសេស​មេរោគ​បំប្លែង​ថ្មី អាល់​ហ្វា និង​ដែល​តា កំពុង​ឆ្លង​រាតត្បាត​ក្នុង​សហគមន៍​តាម​រាជធានី​ខេត្ត ពិសេស​ប៉ុន្មាន​ថ្ងៃនេះ នៅ​ភ្នំពេញ ឈានដល់ការបិទ​ខ្ទប់​តំបន់ និង​ផ្សារ​ជាច្រើន ដោយសារតែ​ពាក់ព័ន្ធ​មេរោគ​កូ​វីដ បំប្លែង​ថ្មី គឺ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ក៏ត្រូវ​បានធ្វើ​ឡើង​ជាប​ន្ត​បន្ទាប់​។ ចាប់ផ្តើម​មុនគេ ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ តាំងពី​ថ្ងៃទី​៨ ខែសីហា​។​

​​​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​នេះ ត្រូវបាន​ធ្វើឡើង លើ​មន្ត្រី​ជួរមុខ និង​កងកម្លាំងប្រដាប់អាវុធ ហើយ​មកដល់​ថ្ងៃទី​១៩ ខែសីហា គឺ​បាន​ពង្រីក​ដល់​រាជធានី​ខេត្ត នៅ​ទូទាំងប្រទេស​ហើយ​។ ចំណែកការចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ដល់​ប្រជាពល​រដ្ឋ​សាមញ្ញ ត្រូវបាន​ប្រជុំ​សិក្សា កាលពី​ថ្ងៃទី​១៨ ខែសីហា​រួចហើយ តែ​លោក ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រាប់​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា​ថា នៅ​មិនទាន់មាន​ការសម្រេច​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បើក​ឲ្យ​ដំណើរ​ការចាក់ នៅពេលណា​នៅឡើយ​ទេ​។​

​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ដែល​កម្ពុជា ប្រើប្រាស់​នាពេលនេះ ជា​វ៉ាក់សាំង ប្រភេទ AstraZeneca ផលិត​នៅ​ជប៉ុន និង​នៅ​ប្រទេស​អង់គ្លេស​។

អ្នកជំនាញ លើកឡើងថា ជាទូទៅ វ៉ាក់សាំង តែងតែមាន​ប្រតិកម្ម​ឆ្លើយតប ហើយក៏​អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​វ៉ាក់សាំង​នីមួយៗ​ផងដែរ​។ ខ្លះ​ចាក់​ទៅ​ក្ដៅខ្លួន ឈឺ​មួយ​ចំហៀង​ខ្លួន ឈឺក្បាល ក្អួត និង​ឈឺពោះ ជាដើម​។ នេះ​ជា​ប្រតិកម្ម ជាធម្មតា​របស់​វ៉ាក់សាំង​តែប៉ុណ្ណោះ​។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ កុំ​មានការ​ព្រួយ​បារ​ម្ដ ហើយ​ការចេញ​នូវ​សញ្ញា​នេះ មានន័យថា វ៉ាក់សាំង កំពុងតែធ្វើការ​ជាមួយ​សរីរាង្គ​របស់​យើង​។ រោគសញ្ញា​ខាងលើនេះ នឹង​អាច​បាត់​ទៅវិញ ក្នុង​រយៈពេល ២៤​ម៉ោង ៤៨​ម៉ោង។ អ្នកខ្លះ ដល់ ៧២​ម៉ោង ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ អ្នកជំនាញ​សុខាភិបាល បាន​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​យើង ត្រូវមាន​ការប្រយ័ត្នប្រយែង ប្រសិនបើ​ថប់ដង្ហើម ក្រោយ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​រួច សូម​ប្រញាប់ ជួប​ជាមួយ​គ្រូពេទ្យ កុំ​សំងំ​នៅផ្ទះ​។ ប៉ុន្ដែ​អ្នកជំនាញ អះអាងថា ចាប់តាំងពី​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ មកទល់នឹង​ពេលនេះ នៅ​កម្ពុជា​យើង មិនទាន់មាន​បងប្អូន​​ណា​ម្នាក់ មាន​បញ្ហា​នេះ នៅឡើយ​ទេ​។​

​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ត្រូវបាន​ធ្វើឡើង ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។ នៅ​ប្រទេស​ថៃ ឥណ្ឌូនេស៊ី និង​ប្រទេស​កាណាដា ជាដើម ក៏បាន​អនុវត្ត​នូវ​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ដែល​មិនមាន​បញ្ហា​អ្វី​កើត​ឡើងដល់​សុខភាព​នោះទេ​។ ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ នៅ​កម្ពុជា ត្រូវគេ​រំពឹងថា ដើម្បី​ឲ្យ​អ្វីៗ វិល​មក​សភាព​ធម្មតា​វិញ​ឆាប់ៗ ពោលគឺ​បញ្ឈប់​ការឆ្លង ការចូល​សម្រាក​ពេទ្យ និង​បញ្ចប់​ការស្លាប់​ដោយសារ​កូ​វីដ​តទៅទៀត​។​

​ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា មកដល់ពេលនេះ ត្រូវបាន​ចាត់ទុកថា ជា​ជោគជ័យ​ដ៏​ធំ​១​។ ពោលគឺ​ចាប់តាំងពី​ចាក់​វ៉ាក់សាំង​កូ​វីដ កាលពី​ថ្ងៃទី​១០​កុម្ភៈ ឆ្នាំ​២០២១ មកដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស បាន​ចំនួន ៩ ៣៨៨ ៧៣៥​​នាក់ ស្មើនឹង ៥៨,៦៨% នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ១៦​លាន​នាក់​។ ក្នុងនោះ មនុស្សពេញវ័យ​​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ចាក់​វ៉ាក់សាំង បាន​ចំនួន ៨ ៦១២ ១៣៧​​នាក់​។ រីឯ​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ ចាក់​វ៉ាក់សាំង បាន​ចំនួន ៧៧៦ ៥៩៨​​នាក់ គិត​ត្រឹម​ថ្ងៃទី​១៩ ខែ​​សីហា​។ ដោយឡែក អ្នក​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ គិត​ត្រឹម​ថ្ងៃទី​១៩ សីហា នៅ​ទូទាំងប្រទេស ចាក់​បាន​ចំនួន ៣៩១ ៤០១​​នាក់​។​

​អ្នកជំនាញ លើកឡើង​រួចមកហើយ​ថា ការចាក់​វ៉ាក់សាំង មិនមែនជា​វិធានការ​ទិព្វ ដើម្បី​ទប់ស្កាត់​ កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩ នោះទេ​។ ប៉ុន្តែ​វ៉ាក់សាំង អាចជួយ​មិន​ឲ្យ​អ្នក​ឆ្លង​កូ​វីដ​ ចូល​សម្រាក​ពេទ្យ ឬក៏​ឈានដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ច្រើនពេក​នោះឡើយ​។ មិន​ថា នៅ​កម្ពុជា​យើង​ទេ នៅ​ប្រទេស​នានា លើ​ពិភពលោក នៅ​អាមេរិក នៅ​ប្រទេស​អឺរ៉ុប ជាដើម អ្នក​ចាក់​វ៉ាក់សាំង​រួចហើយ ក៏​នៅតែ​ឆ្លង​កូ​វីដ​១៩ ​ឲ្យ​តែ​ធ្វេសប្រហែស​។​

​នៅពេលនេះ កំណើនអ្នកចាក់វ៉ាក់សាំង កាន់តែច្រើនឡើងៗ ហើយ​​នៅពេល​មន្ត្រី​ជួរមុខ និង​កងកម្លាំងប្រដាប់អាវុធ បាន​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ រួចរាល់​ហើយ មិន​ថា នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ឬក៏​នៅ​រាជធានី​ខេត្ត​នានា នៅ​ទូទាំងប្រទេស​នោះទេ គឺ​ចំនួន​អ្នក​ឆ្លង​កូ​វីដ បាន​ថយចុះ​ថេរ មក​ត្រឹម​ជាង ៥០០​នាក់ ក្នុង ១​ថ្ងៃៗ ហើយ​អ្នកស្លាប់​ដោយសារ​កូ​វីដ ប៉ុន្មាន​ថ្ងៃនេះ ក៏​ធ្លា​ក់មក​ត្រឹម​ជាង ១០​នាក់​។ ប៉ុន្តែ​កូវីដ​បំប្លែងថ្មី ដែល​តា វាយលុក​ចូល​សហគមន៍ ចូល​ផ្សារ​ជាច្រើន នៅពេលនេះ ខណៈដែល​ប្រជាពលរដ្ឋ​ទូទៅ ដែល​បាន​ចាក់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ឬ​ស៊ី​ណូ​ហ្វា​ម ២​ដូ​ស​រួចមកហើយ មិនទាន់​ទទួលបាន​វ៉ាក់សាំង ដូ​ស​ទី​៣ នៅឡើយ​។​

​ដូច្នេះ​ពេលនេះ បន្ទាប់ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ជួរមុខ ចាក់​រួចរាល់​ហើយ រាជរដ្ឋាភិបាល គួរតែ​សំរុក​ចាក់​ដូ​ស​ទី​៣ ដល់​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ ហើយ​ចាប់ផ្តើម​មុនគេ នៅ​ភ្នំពេញ ដែល​កំពុង​ឆ្លង​រាលដាល​កូ​វីដ ប្រភេទ​បំប្លែង​ថ្មី ដែល​តា និង​អាល់​ហ្វា​។ បន្ទាប់មក ប្រើ​យុទ្ធសាស្ត្រ​ផ្កា​រីក ចាក់​ដូ​ស​ទី​៣ ចេញពី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​នានា ដូច​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​១ កន្លងមក​។​

​ទន្ទឹមនឹង​ការរង់ចាំ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ដែល​ក្រសួងសុខាភិបាល បាន​ប្រជុំ​រៀបចំ និង​ដាក់ជូន​សម្តេចនាយករ​ដ្ឋ​មន្ត្រី សម្រេច​​រួចហើយ​នេះ ប្រជាពលរដ្ឋ​យើង​ម្នាក់ៗ មិន​ថា នៅ​ភ្នំពេញ ឬ​នៅតាម​បណ្តា​ខេត្ត​នានា​នោះទេ អំឡុង​ពេលនេះ ត្រូវតែ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​កូ​វីដ ដោយ​អនុវត្ត​វិធានការ​សាមញ្ញៗ គឺ ៣​កុំ និង​៣​ការពារ ឲ្យ​បាន​ខ្ជាប់ខ្ជួន​តទៅទៀត​។ ចូរ​កុំភ្លេចថា ចាក់​វ៉ាក់សាំង​ហើយ ក៏​នៅតែ​អាច​ឆ្លង​កូ​វីដ​ដែរ បើសិនជា​យើង​ធ្វេសប្រហែស​៕​