អ្នកណាក៏ដឹងដែរថា ព្រះពុទ្ធជាជនជាតិឥណ្ឌា តែគុណធម៌របស់ព្រះអង្គមិនមែនសម្រាប់តែប្រទេសឥណ្ឌាទេ គឺផ្សាយទៅយ៉ាងទូលំទូលាយពាសពេញពិភពលោកថាជាទ្រឹស្តីបែបវិទ្យាសាស្ត្រពិតៗ ជាទ្រឹស្តីប្រកបដោយគុណប្រយោជន៍ធំធេងឱ្យសត្វលោកបានសុខរស់នៅដោយសន្តិភាព ។

គុណធម៌របស់ព្រះមិនឱ្យមនុស្សប្រកាន់ វណ្ណៈ ជាតិ សាសន៍ បុគ្គល សាសនាអ្វីទេ ជាគុណធម៌ធម្មជាតិល្អប្រពៃដែលមាននៅលើលោក មិនថាអ្នកជាអ្វីក៏ដោយ ឲ្យតែអ្នកសាងអ្វីនឹងបានផលយ៉ាងនោះដូចៗគ្នា ។
តួអង្គព្រះពុទ្ធមិនមែនមានតែសម្បកខាងក្រៅទេ គឺសំដៅដល់គុណធម៌របស់ព្រះអង្គដែលផុសចេញពីទឹកព្រះទ័យពិតៗមាន ករុណាគុណ វិសុទ្ធិគុណ និងបញ្ញាគុណជាប់ក្នុងសន្តានជានិច្ច ។

ព្រះទ័យករុណានិងគុណធម៌របស់ព្រះអង្គបានផ្សាយដល់សព្វសត្វក្នុងចក្កវាឡទាំងមូល ទ្រង់មិនដែលរើសអើង ឬប្រកាន់ដោយអគតិធម៌ចំពោះសត្វលោកឡើយ ។ ប្រសិនបើគុណធម៌របស់ព្រះអង្គផ្សាយទៅមិនទូលំទូលាយ ម្ល៉ោះមិនមែនគេគោរពព្រះអង្គគ្រប់ជាតិសាសន៍លើសកលលោកដូចសព្វថ្ងៃនេះទេ ។

ព្រះពុទ្ធជាអ្នកប្រាជ្ញវិទ្យាសាស្ត្រមួយអង្គដែលជ្រាបច្បាស់នូវច្បាប់ធម្មជាតិក្នុងត្រៃភព រាល់មេរៀនដែលព្រះពុទ្ធបង្រៀនគឺសុទ្ធតែជាការណ៍ពិតមាននៅលើលោកនេះប្រាកដ ដែលយើងឲ្យឈ្មោះថាសច្ចធម៌ទាំង៤នោះឯង ។ ព្រះពុទ្ធមិនដែលប្រកាន់ ជាតិ សាសន៍ វណ្ណៈ សាសនា ពណ៌សម្បុរអ្វីឡើយ មិនថាអ្នកជាបុគ្គលបែបណាក៏អាចសិក្សាមេរៀនរបស់ព្រះអង្គបានទាំងអស់ឱ្យតែមានចិត្តចង់ចេះ ៕ សាន សារិន
ចែករំលែកព័តមាននេះ