តើអ្នកធ្លាប់ឆ្ងល់ទេថា បន្ទប់សណ្ឋាគារថ្លៃបំផុតនៅលើពិភពលោកនៅទីណា ? ហើយមានតម្លៃប៉ុន្មានដែលវាអាចជាប់ជាសណ្ឋាគារថ្លៃជាងគេលើលោក ។ ពិតណាស់ វាថ្លៃជាងផ្ទះវីឡាមួយនៅស្រុកខ្មែរយើងទៅទៀត ហើយតម្លៃនេះមិនមែនយើងអាចស្នាក់នៅបានច្រើនយប់នោះទេ គឺតម្លៃខ្ទង់ម៉ឺនដុល្លារ អាចស្នាក់នៅបានតែមួយយប់ប៉ុណ្ណោះ ។ ហើយប្រសិនបើយើងនិយាយពីតម្លៃរបស់វា ប្រាកដណាស់ថា វាមានសុវត្ថិភាពប៉ុនណា ស្រស់ស្អាតយ៉ាងណា សេវាកម្មល្អឥតខ្ចោះ និងបំពាក់ឧបករណ៍ គ្រឿងសង្ហារឹមមានតម្លៃយ៉ាងណា ។ តោះ ! មកដឹងពីតម្លៃស្នាក់នៅក្នុងសណ្ឋាគារលំដាប់ពិភពលោក ថាតើមួយយប់តម្លៃប៉ុន្មាន ?
Ty Warner Penthouse – Four Seasons សណ្ឋាគារលំដាប់ទី ៥ ៖ Ty Warner Penthouse – Four Seasons មានតម្លៃ 60,000 ដុល្លារអាមេរិកសម្រាប់ការស្នាក់នៅ ១ យប់ នៅបន្ទប់ដែលខ្ពស់ជាងគេបំផុត គឺនៅជាន់ទី ៥២ ។ សណ្ឋាគារនេះស្ថិតនៅក្នុងទីក្រុង New York ហើយវាត្រូវបានគេដាក់តាមឈ្មោះម្ចាស់របស់វា គឺលោក Ty Warner ។ សណ្ឋាគារនេះចំណាយទឹកប្រាក់ ៥០ លានដុល្លារអាមេរិកក្នុងការសាងសង់ ។ ក្នុងការស្នាក់នៅ ១ យប់ក្នុងសណ្ឋាគារនេះ ភ្ញៀវនឹងទទូលបានបន្ទប់គេងមួយឈុត ក្នុងបន្ទប់នោះមានបន្ទប់ស្ប៉ាមួយ បន្ទប់គេមេដែលមានការតុបតែងដោយថ្មគ្រិសស្ទាល់យ៉ាងស្រស់ស្អាត ជណ្តើរយន្តឯកជន អាងហែលទឹកដែលមានរំលេចជាមួយទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង មានអ្នកគ្រប់គ្រងដែលយកចិត្តទុក្ខដាក់ផ្ទាល់ខ្លួនអ្នក និងមានការបម្រើដោយប្រើប្រាស់រថយន្តទំនើប ម៉ាក Rolls Royce ផងដែរ ។
The Mark Penthouse – The Mark Hotel សណ្ឋាគារលំដាប់ទី ៤ ៖ The Mark Penthouse – The Mark Hotel មានតម្លៃ 75,000 ដុល្លារអាមេរិកសម្រាប់ការស្នាក់នៅ ១ យប់ ។ វាសណ្ឋាគារដែលធំជាងគេបំផុតក្នុងសហរដ្ឋអាមេរិក សម្រាប់តម្លៃនេះផងដែរ ភ្ញៀវនឹងទទួលបានបន្ទប់គេង ៥ បន្ទប់ទឹក ៦ ចង្ក្រានកំដៅចំនួន ៤ បន្ទប់បារ២ បន្ទប់ម្សៅ ២ និងបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយមួយផងដែរ ។ នៅបន្ទប់ទទួលភ្ញៀវក៏មានកន្លែងធ្វើកម្មវិធីជប់លៀងផ្ទាល់ខ្លួនផងដែរ ហើយវាក៏អាចផ្លាស់ប្តូរ ទៅជាសាលធំទូលាយបានដែរ ដោយពិដានរបស់បន្ទប់មានកម្ពស់ ២៦ ហ្វីត ។ លក្ខណៈពិសេសបំផុតនៃបន្ទប់ penthouse នេះគឺអ្នកអាចមើលទេសភាពចំកណ្តាលទីក្រុងតែម្តង ។ ដូច្នេះប្រសិនបើអ្នកចង់ដើរតួ ជាស្តេច/មហាក្សត្រីញូវយ៉កមួយរយៈ អ៊ីចឹងប្រញាប់កក់សម្រាប់ការស្នាក់នៅពីរបីយប់អីទៅ ! ក្រោយចប់កូវីដ អ្នកអាចទៅបាន ។
The Royal Penthouse – Hotel President Wilson សណ្ឋាគារលំដាប់ទី ៣ ៖ The Royal Penthouse – Hotel President Wilson មានតម្លៃ 80,000 ដុល្លារអាមេរិក សម្រាប់ការស្នាក់នៅ ១យប់ ក្នុងបន្ទប់ដែលខ្ពស់បំផុតនៅក្នុងសណ្ឋាគារនេះ ។ វាមានទីតាំងស្ថិតនៅក្នុងទីក្រុង Geneva ក្នុងប្រទេស Switzerland ហើយបន្ទប់ដែលខ្ពស់ជាងគេបំផុតក្នុងសណ្ឋាគារនេះ គឺនៅជាន់ទី ៨ ។ សម្រាប់ការស្នាក់នៅសណ្ឋាគារនេះ ភ្ញៀវនឹងទទួលបានការមើលទេសភាពដ៏ស្រស់ស្អាតនៃទន្លេ Lake Geneva និង Mont Blanc ក្នុងបន្ទប់ផងដែរមានបន្ទប់គេងចំនួន ១២ បន្ទប់ទឹកចំនួន ១២ និងអាងហែលទឹកដែលអាចមើលឃើញទេសភាពនៃទន្លេបានថែមទៀតផង ។ ក្នុងកញ្ចប់នៃការប្រើប្រាស់បន្ទប់តម្លៃប៉ុណ្ណេះ អ្នកនឹងមានជំនួយការ ២៤ ម៉ោងលើ ២៤ ម៉ោង មានអ្នកបម្រើ និងអ្នកចម្អិនម្ហូបផ្ទាល់ខ្លួនទៀតផង ។ នៅក្នុងបន្ទប់ក៏មានបំពាក់ឧបករណ៍ទំនើបៗ និងឧបករណ៍តន្ត្រីផងដែរ ។
Empathy Suite – The Palms សណ្ឋាគារលំដាប់ទី ២ ៖ Empathy Suite – The Palms មានតម្លៃ 100,000 ដុល្លារអាមេរិក សម្រាប់ការស្នាក់នៅ ១ យប់នៅកំពូលរបស់សណ្ឋាគារ ។ ក្នុងតម្លៃនេះ ពីបន្ទប់របស់អ្នកនឹងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៃ the Las Vegas នៅក្នុងបន្ទប់មានបន្ទប់គេងធំពីរ តុម៉ាស្សា បន្ទប់ស្ពង់មួយ ។ បន្ទប់បានតុបតែងបែបអ្នកសិល្បៈ ទាំងការរូបគំនូរ គ្រឿងសង្ហារឹម វត្ថុនានាសុទ្ធសឹងតែរចនាតាមបែបអ្នកសិល្បៈតែម្តង ហើយវត្ថុទាំងនោះមិនមានតម្លៃថោកនោះទេ ។ និយាយរួមឈុតសណ្ឋាគារនេះ គឺពិតជាសម្រាប់អ្នកចូលចិត្តសិល្បៈ បូករួមនឹងទេសភាពលំហអាកាសរួមបញ្ចូលគ្នា ។
Lover’s Deep – Luxury Submarine Hotel សណ្ឋាគារលំដាប់ទី ១ ៖ Lover’s Deep – Luxury Submarine Hotel មានតម្លៃ 150,000 ដុល្លារអាមេរិក សម្រាប់ការស្នាក់នៅ ១ យប់ ។ វាជាសណ្ឋាគារនៅក្នុងនាវាមុជទឹក មានន័យថា អ្នកនឹងស្នាក់នៅក្នុងទឹកសមុទ្រ និងមើលទេសភាពទឹកសមុទ្រ ។ ក្នុងការស្នាក់នៅអ្នកនឹងទទួលបាន អ្នកបើកបរនាវាមុជទឹកផ្ទាល់ខ្លួន សេវាកម្មបម្រើមានចុងភៅផ្ទាល់ខ្លួនមួយ មានទូកមានល្បឿនលឿនផ្ទាល់ខ្លួនមួយ មានឧទ្ធម្ភាគចក្រចាំទទួលអ្នកទៅវិញទៅមក ឧបករណ៍ទំនើប និងថ្លៃៗ ហើយសណ្ឋាគារលំដាប់ផ្កាយ ៥ ។ វាមានទីតាំងនៅកោះ St Lucia ។
សូមជម្រាបជូនផងដែរថា ប្រសិនបើអ្នកចាប់អារម្មណ៍ស្នាសក់នៅសណ្ឋាគារទាំង ៥ ដូចបានរៀបរាប់ខាងលើ អាចមើលទុកឱ្យហើយ ក្រោយចប់កូវីដ អ្នកអាចធ្វើដំណើរកម្សាន្ត ហើយស្នាក់នៅទីនោះបាន ៕ ប្រភព ៖ wealthygorilla
ចែករំលែកព័តមាននេះ