ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនីរងគ្រោះម៉ាស៊ីនស្រូប​សក់​សល់តែលលាដ៍ក្បាលទទួលអំណោយ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​កោះ​សន្តិភាព​​បាន​ផ្សាយ​ព័ត៌​មាន​ពីនាង​ក្រមុំ​ដ៏អភ័ព្វ​ម្នាក់ ​ជា​កម្មការិនី​រោង​ចក្រ​​កិនជ័រ​ក្រែប ជួប​គ្រោះ​អកុសល​​សក់​ចូល​ម៉ាស៊ីន​និង​ស្រូប​បកអស់​សល់​តែ​លលាដ៍​ក្បាល​ធ្វើ ​ឱ្យ​មានការ​អាណិតអាសូរ​ជាខ្លាំង​ពីសំណាក់​សប្បុរសជន​នានាទាំង​ក្នុង​និង​ ក្រៅប្រទេស​។​ នៅព្រឹក​ថ្ងៃទី​៧ ខែធ្នូ​​​ ព្រះតេជគុណ​​គឹម ជាកុសល គង់​នៅវត្ត​សាមគ្គី​ធរារាម ក្រុង​ខេមឌិន រដ្ឋញូវចឺ​ស៊ី សហរដ្ឋ​អាមេរិក បាន​ជួយ​ឧបត្ថម្ភ​នូវ​ទឹក​ប្រាក់​ចំនួន​១០០​ដុល្លារ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​កោះ​សន្តិភាព​​បាន​ផ្សាយ​ព័ត៌​មាន​ពីនាង​ក្រមុំ​ដ៏អភ័ព្វ​ម្នាក់​ជា​កម្មការិនី​រោង​ចក្រ​​កិនជ័រ​ក្រែប ជួប​គ្រោះ​អកុសល​​សក់​ចូល​ម៉ាស៊ីន​និង​ស្រូប​បកអស់​សល់​តែ​លលាដ៍​ក្បាល​ធ្វើ​ឱ្យ​មានការ​អាណិតអាសូរ​ជាខ្លាំង​ពីសំណាក់​សប្បុរសជន​នានាទាំង​ក្នុង​និង​ក្រៅប្រទេស​។​ នៅព្រឹក​ថ្ងៃទី​៧ ខែធ្នូ​​​ ព្រះតេជគុណ​​គឹម ជាកុសល គង់​នៅវត្ត​សាមគ្គី​ធរារាម ក្រុង​ខេមឌិន រដ្ឋញូវចឺ​ស៊ី សហរដ្ឋ​អាមេរិក បាន​ជួយ​ឧបត្ថម្ភ​នូវ​ទឹក​ប្រាក់​ចំនួន​១០០​ដុល្លារ​ តាម​រយៈ​កោះសន្តិ​ភាព​ ហើយ​នៅ​ព្រឹក​នោះដែរ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ក៏​បាន​នាំយកអំណោយ​នោះទៅប្រគល់​ជូន​ម្តាយកម្មការិនី​រូបនេះ​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ រាជធានីភ្នំពេញ ។ នាង​ក្រមុំ​ដ៏អភ័ព្វ​​រូប​នេះ​ឈ្មោះ​ភី ស្រី​ណេត អាយុ​១៧ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ហួចលិច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​កំពង់​ចាម ហើយ​បាន​​រងគ្រោះ​ថ្នាក់​សក់ចូល​​ក្នុង​ម៉ាស៊ីន​​កិនជ័រ​ក្រែប​ កាលពី​វេលា​ម៉ោង​៦​និង​៣០នាទី​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១០ នៅ​ក្នុង​រោង​ចក្រ​ក្បែរ​​ទីបញ្ជាការ​សឹករង​ស្រុក​ពញា​ក្រែក ខេត្ត​កំពង់​ចាម ពេល​កំពុង​ធ្វើ​ការ ។

តាមព្រះតេជគុណ​​គឹម ជាកុសល បាន​មាន​ថេរ​ដីកា​តាមទូរស័ព្ទ​ថា បន្ទាប់ពី​អានវ៉េបសាយ​កោះ​សន្តិភាព​ឃើញ​ក្មេង​ស្រី​រូបនេះ​​រងគ្រោះ​ថ្នាក់​ដោយ​ម៉ាស៊ីន​​ស្រូប​យក​សក់​អស់​ ព្រះអង្គ​​​មាន​ការ​អាណិតអាសូរ​ជាខ្លាំង​ហើយ​បាន​ផ្តល់​​ថវិកា​ចំនួន​១០០​ដុល្លារ​តាម​រយៈ​កោះ​សន្តិភាព​​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ក្មេង​ស្រី​ដែល​កំពុង​ជួបការ​​លំបាក ។ ​ទោះបីព្រះអង្គ​ស្ថិត​នៅ​សហរដ្ឋ​អាមេ​រិក​​​​ក៏ដោយ​ ក៏ព្រះអង្គ​តែងតែ​នឹក​ដល់​ប្រទេស​កម្ពុជា​ និង​តែង​តែ​ផ្តល់​ថវិកា​ជួយ​ឧបត្ថម្ភ​​ដល់​ជន​រងគ្រោះដោយប្រការ​​​ផ្សេងៗ ​ជាការ​ចូលរួម​ជួយ​ផ្នែក​មនុស្ស​ធម៌ ដូចជា​ចូលរួម​ជួយ​ជនរង​គ្រោះ​ក្នុង​ឧទ្ទវហេតុ​នៅលើ​ស្ពាន​ពេជ្រ​ជាដើម ។ អ្នក​មីង​​សុខ សារ៉ាត់ អាយុ​៤៧ឆ្នាំ ត្រូវ​ជា​ម្តាយនាង​ភី ស្រីណេត បន្ទាប់​ពី​ទទួល​បាន​អំណោយ​​​នេះ​ក៏​បាន​ថ្លែងអំណរគុណ​រកអ្វី​ប្រៀប​ផ្ទឹមមិន​បាន​ នៅ​ក្នុង​ស្ថាន​ភាព​ដែល​គាត់​កំពុង​ជួប​ការ​​លំបាក​បាន​ព្រឹក​ខ្វះ​ល្ងាចបានល្ងាច​ខ្វះ​ព្រឹក​​ហើយ​កំពុង​បន្ត​ព្យាបាល​​កូន​ស្រី​ក្នុង​រយៈពេល​ដ៏វែង​ទៀត ។ តាម​គ្រូពេទ្យ​ឱ្យ​ដឹងថា ក្មេង​ស្រី​រងគ្រោះ​​​ត្រូវ​ការ​សំរាក​ព្យាបាល​ក្នុង​រយៈពេល​យ៉ាង​យូរ និងត្រូវ​​ធ្វើ​ការ​វះ​កាត់​យកស្បែកគ្រប​ពី​លើ​លលាដ៍​ក្បាល ៕