ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ រហូតមកដល់ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ គឺ​រាជធានី​ខេត្ត​ទាំង ២៥ នៅ​ទូទាំងប្រទេស ត្រូវបាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ជាប់​កាតព្វកិច្ច ត្រូវ​ពាក់​ម៉ាស…

ភ្នំពេញ​៖ រហូតមកដល់ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ គឺ​រាជធានី​ខេត្ត​ទាំង ២៥ នៅ​ទូទាំងប្រទេស ត្រូវបាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ជាប់​កាតព្វកិច្ច ត្រូវ​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​។ កាតព្វកិច្ច​នេះ ជា​វិធាន​ការបង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ពិសេស​មេរោគ​ថ្មី ដែល​តា ដែល​កំពុង​ឆ្លង​រាលដាល​ខ្លាំង ក្នុង​សហគមន៍​យើង​។​

​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ដាក់​ឲ្យ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព នៅ ១៥​ខេត្ត​ទៀត រួមមាន​៖ ខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ខេត្ត​ទាំង ១៥​នេះ ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ ដែលមាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។​

​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានចេញ​ប្រកាស ស្តីពី កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​។ ការកំណត់​នេះ បានធ្វើ​ឡើង ក្នុងពេល​ជំងឺ​កូ​វីដ​១៩ បាន​បន្ត​ឆ្លង​រាលដាល​ខ្លាំង នៅ​កម្ពុជា​។ ពោលគឺ​ចាប់ពី ២​នាក់​ឡើងទៅ នៅ​ទីសាធារណៈ ឬ​នៅ​ទីកន្លែង ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស និង​រក្សា​គម្លាត ​បើ​ប្រជាពលរដ្ឋ​ណា​ម្នាក់ មិន​ពាក់​ម៉ាស់ ឬក៏​មិន​រក្សា​គម្លាត​សុវត្ថិភាព យ៉ាងតិច ១,៥​ម៉ែត្រ​ពីគ្នា ត្រូវ​ផាកពិន័យ​ពី ២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល​។​

​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានកំណត់​ជា​លើកដំបូង​នូវ​ភូមិសាស្ត្រ ដែល​ត្រូវតែ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព នៅ ៥​រាជធានី​ខេត្ត រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និង​ខេត្តសៀមរាប​។​

​បន្ទាប់មក កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានដាក់​ខេត្តស្វាយរៀង ជា​តំបន់​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​តម្រូវឱ្យ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​។​

​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល ក៏មាន​កំណត់​យក​ខេត្ត ៣​ទៀត គឺ​តាកែវ កំពង់ចាម និង​ខេត្តកំពង់ស្ពឺ ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ខណៈដែល​នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ ខេត្តបន្ទាយមានជ័យ ក៏បាន​ប្រកាស ដាក់ចេញ​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩​។​

​ដូច្នេះ គិត​ត្រឹម​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ គឺ​រាជធានី​ខេត្ត​ទាំង ២៥ នៅ​ទូទាំងប្រទេស ត្រូវបាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ជាប់​កាតព្វកិច្ច ត្រូវ​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​។ ជា​វិធានការ​បន្ទាន់ និង​សាមញ្ញ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ពិសេស​មេរោគ​កូ​វីដ បំប្លែង​ថ្មី ដែល​កំពុង​ឆ្លង​រាតត្បាត នៅក្នុង​សហគមន៍​យើង​ជាច្រើន នាពេលនេះ​។​

​មកដល់ពេលនេះ ប្រជាពលរដ្ឋ​យើង​មួយចំនួន ហាក់ដូចជា​ស៊ាំ​នឹង​កូ​វីដ​។ ប៉ុន្តែ​ភាពស៊ាំ​នេះ ត្រូវតែ​ជាការស៊ាំនឹង​ការ​រស់នៅ​តាម​គន្លង​ថ្មី ក្នុង​បរិបទ​កូ​វីដ​។ ពោលគឺ​វិធានការ ៣​កុំ និង​៣​ការពារ នៅតែ​បន្ត​អនុវត្ត រួមទាំង​ការផ្លាស់ប្តូរ​ទម្លាប់​ក្នុង​ជីវិត​ប្រចាំថ្ងៃ ពិសេស​កាត់បន្ថយ​ការចេញ​ក្រៅ​ផ្ទះ ដែល​មិនចាំបាច់ ពិសេស​គឺ​ការជួបជុំ​ផឹកស៊ី​គ្រឿង​ស្រវឹង និង​ផឹក​កាហ្វេ មិន​ថា បងប្អូន មិត្តភក្តិ អ្នកធ្វើការងារ ឬក៏​អ្នកជិត​ខាង​នោះទេ​។​

​ចូរ​កុំភ្លេចថា កូ​វីដ​១៩ នៅ​ឆ្ងាយ​ពី​ទីបញ្ចប់ បើទោះបីជា​ប្រទេស​កម្ពុជា​យើង មាន​សញ្ញា​នៃ​ការថយចុះ​នូវ​ការចម្លង និង​ការស្លាប់​​​​ក្តី តែ​ហានិភ័យ​នៃ​ការកើនឡើង​នៃ​ករណី​ជំងឺ​កូ​វីដ​១៩ ដោយសារតែ​វីរុស​កូ​វីដ​១៩ ប្រភេទ​ដែល​តា ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាស​កាលពី​ថ្ងៃទី​១៦ ខែសីហា​ថា មាន​ខ្ពស់​ណាស់​។ 

​របាយការណ៍​របស់​ក្រសួងសុខាភិបាល បង្ហាញថា ចាប់ពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១៣​សីហា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ប្រភេទ ដែល​តា លើ​ពលករ​ត្រលប់​ពី​ប្រទេស​ថៃ ពលករ​មកពី​ប្រទេស​វៀតណាម អ្នកដំណើរ​មក​តាម​ជើងហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រីរាជការ និង​អ្នកភូមិ​នៅក្នុង​សហគមន៍ សរុប​ទាំងអស់ ចំនួន ៤៩៤​នាក់ ( ស្ត្រី ២៤៣​នាក់ ) និង​បាន​ប៉ះពាល់​ដល់​បណ្តា​រាជធានី​ខេត្ត ចំនួន ២២ រួចទៅហើយ លើកលែងតែ​ខេត្ត​ចំនួន ៣​ប៉ុណ្ណោះ គឺ​ខេត្ត​កែប ខេត្តតាកែវ និង​ខេត្តក្រចេះ ដែល​នៅ​មិនទាន់មាន​របាយការណ៍​ពី​ករណី ដែល​តា នេះ​នៅឡើយ​។​

ដោយឡែក ក្នុងរយៈពេល​ ២៤ម៉ោងចុងក្រោយ​ ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៥៦​នាក់ ជាសះស្បើយ ៧១៦​នាក់ និងស្លាប់ថ្មី ១៤នាក់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១​។​ ក្នុងចំណោម​អ្នកឆ្លងថ្មីទាំង ៥៥៦នាក់ កាលពីថ្ងៃទី១៦ ខែសីហា គឺមាន ១៦៧​នាក់ ជាករណីនាំចូល​ពីក្រៅ​ប្រទេស​ ដែលសំដៅលើ​អ្នកដំណើរតាមយន្តហោះ និងពលករខ្មែរ ឆ្លងដែនមកពីប្រទេសថៃ​។​ គិតត្រឹមថ្ងៃទី១៧ ខែសីហា នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងកូវីដ សរុ​ប​ចំនួន ៨៦​៥៩៧​នាក់។ ជាសះស្បើយ ៨១៩១៨​នាក់ និងករណី​​ស្លាប់​សរុប ចំនួន ១៧១៨​នាក់។

​ដូច្នេះ​បើត្រូវ​​ចេញ​ក្រៅ​ផ្ទះ គ្រប់គ្នា​ក៏ត្រូវតែ​ពាក់​ម៉ាស និងរក្សា​គម្លាត​សុវត្ថិភាព​។ បើ​មិន​ពាក់​ម៉ាស និង​មិន​រក្សា​គម្លាត​សុវត្ថិភាព  អាចមាន​ហានិភ័យ​ឆ្លង​កូ​វីដ​ផង ហើយក៏​អាច​ត្រូវ​ផាកពិន័យចន្លោះ​ពី ២០​ម៉ឺន​រៀល ទៅដល់ ១​លាន​រៀល​ទៀត ក្នុង​ម្នាក់ៗ​។ ហេតុនេះ បើ​មិន​ចង់​អស់​លុយ ហើយ​ជាពិសេស​បើ​មិន​ចង់​ឆ្លង​កូ​វីដ ត្រូវតែ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​។ វិធានការ ៣​កុំ និង​៣​ការពារ ក៏នៅតែ​ចាំបាច់ ​សម្រាប់​គ្រប់គ្នា និង​គ្រប់​កាលៈទេសៈ​។

សូម​ពាក់​ម៉ាស និងសូម​រក្សា​គម្លាត​សុវត្ថិភាព ឲ្យ​ដូច​យើង​ពាក់មួក​សុវត្ថិភាព នៅពេល​បើកបរ និង​ធ្វើដំណើរ​តាម​ម៉ូតូ​។ តែ​មិនមែន​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព និង​ពាក់មួក​សុវត្ថិភាព ដោយសារតែ​ដើម្បី​កុំ​ឲ្យ​ប៉ូលិស​ចាប់​ផាក​លុយ​នោះទេ។ សំខាន់បំផុត ទាំងអស់គ្នា ត្រូវយល់ថា ដើម្បី​​សុវត្ថិ​ភាពជា​ចម្បង និង​មុនគេ​របស់​បុគ្គល​អ្នក​ពាក់​ម៉ាស អ្នករក្សា​គម្លាត និង​សម្រាប់​អ្នក​ពាក់​មួក​សុវត្ថិភាព​​នោះឯង​៕​ មុត ស្រីពៅ