ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​-​កម្ម​ការិនី​បិទ​ច្រក​ចេញ​ចូល​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​ភ្នំពេញ​តវ៉ា​ថៅកែ​រោង​ចក្រមិន​បើក​ប្រាក់​ខែ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មករ-កម្មការិនី​រោងចក្រ​កាត់​សម្លៀក​បំពាក់​យីហោ​វី​ន​កូ ដែល​ថៅកែ​ជនជាតិ​តួ​ក​គី​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ បាន​ធ្វើ​បាតុកម្ម​បិទផ្លូវ​ច្រក​ចេញចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ស្ថិត​ក្នុងភូមិ​ត្រពាំង​គល់

រាជធានី​ភ្នំពេញ ៖ កម្មករ-កម្មការិនី​រោងចក្រ​កាត់​សម្លៀក​បំពាក់​យីហោ​វី​ន​កូ  ដែល​ថៅកែ​ជនជាតិ​តួ​ក​គី​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ បាន​ធ្វើ​បាតុកម្ម​បិទផ្លូវ​ច្រក​ចេញចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ស្ថិត​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​​​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​ការ​តវ៉ា​នោះ​មាន​រយៈពេល​ជិត​១​អាទិត្យ​មក​ហើយ​នៅ​តែ​គ្មាន​ដំណោះស្រាយ​នោះ ។ ការ​តវ៉ា​នោះ​មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ទេ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​វិ​កូន​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​កម្មករ កម្មការិនី​បម្រើ​ការងារ​សរុប​ជាង​១២០០​នាក់ ដែល​មជ្ឈដ្ឋាន​នានា សង្ស័យ​ថា​រោងចក្រ​ជួប​បញ្ហា​ក្ស័យ​ធុន ទើប​គ្មាន​លុយ​បើក​ឱ្យ​កម្មករ​បែប​នេះ ។ កម្មករ​បាន​ធ្វើ​កូដកម្ម​រយៈពេល​ជិត​១​អាទិត្យ​កន្លង​មក​ហើយ បន្ទាប់​ពី​ថៅកែ​មិន​បើក​ប្រាក់ខែ​ឱ្យ ហើយ​កម្មករ​ទាំងនោះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ខ្លាច​ថៅកែ​វេច​បង្វេច​រត់​ចោល​ថែម​ទៀត​ផង ។ ពួក​គេ​បាន​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​២​ចំណុច គឺ​៖ទី​១-​សូម​ឱ្យ​ថៅកែ​ជនជាតិ​តួ​ក​គី​បើកប្រាក់​ឈ្នួល​ដែល​ពួក​គេ​ធ្វើការ​នៅ​ក្នុង​ខែធ្នូ ឆ្នាំ   ២០១៥ ។ ប៉ុន្តែ​ក្រោយ​ពេល​មានការ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​រវាង​តំណាង​កម្មករ និង​ថៅកែ​រោងចក្រ​ទើប​កម្មករ ព្រម​បើកផ្លូវ​វិញ​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​ការ​ដោះស្រាយ​នោះ​សិន ។

ក្រុម​កម្មករ​អះអាង​ថា ប្រាក់​ឈ្នួល​ដែល​ពួក​គេ​ម្នាក់​ត្រូវ​ទទួល​បាន ហើយ​ថៅកែ​មិន​ព្រម​បើក​ឱ្យ​នោះ ចាប់ពី​១២៥​ដុល្លារ​ឡើង​ទៅ ហើយ​ពួក​គេ​ត្រូវការ​ចំណាយ​ទៅ​លើ​ការ​ជួល​ផ្ទះ​ស្នាក់​នៅ ការ​ធ្វើ​ដំណើរ និង​ការ​ហូប​ចុក ផ្សេង​ៗ​ទៀត មិនតែប៉ុណ្ណោះ​ម្ចាស់ផ្ទះ​បាន​ទារ​លុយ​ហើយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​លំបាក​ខ្លាំង​ណាស់ ព្រោះ​ថៅកែ​មិន​ព្រម​បើក​ឱ្យ​បែប​នេះ ។ ទី​២-​សូម​ឱ្យ​ថៅកែ​កំណត់​គោលការណ៍​ឱ្យ​បាន​ច្បាស់លាស់​ថា​តើ​ត្រូវ​បិទទ្វារ​រោងចក្រ ឬ​ក៏​បើកទ្វារ​បន្ត​ទៀត ។ បើ​បិទទ្វារ​រោងចក្រ​លែង​ដំណើរការ​ហើយ ថៅកែ​ត្រូវ​តែ​គិតគូរ​ទូទាត់​ប្រាក់​ឈ្នួល​និង​ប្រាក់​ដំណាច់ឆ្នាំ ប្រាក់​រង្វាន់​ផ្សេង​ៗ​ទៅ​តាម​ច្បាប់​ការងារ​ជូន​ពួក​គេ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា រោងចក្រ​ខាងលើ​នោះ ត្រូវ​ក្ស័យធន​ទើប​ថៅកែ​គ្មាន​លុយ​សម្រាប់​បើក​ឱ្យ​កម្មករ បង្ក​ឱ្យ​មានការ​ផ្ទុះ​ជា​កូដកម្ម បាតុកម្ម​បែប​នេះ​ឡើង ប៉ុន្តែ​កម្មករ​បាន​និយាយ​ថា ពួក​ខ្លួន​មិន​បានដឹង​ថា តើ​រោងចក្រ​ត្រូវ​ក្ស័យធន​មែន ឬ​បែប​ណា​នោះ​ឡើយ ។ កន្លង​មក​មិន​មាន​សញ្ញា​ណាមួយ​ដែល​គួរ​ឱ្យ​សង្ស័យ​ថា រោងចក្រ​ក្ស័យធន​នោះ​ទេ  ព្រោះ​ការងារ​មាន​ធ្វើ​មិន​ដែល​ខាន មិន​ដែល​មាន​ពេល​ឈប់​សម្រាក​១​ថ្ងៃ​ណា​ឡើយ ហើយ​កន្លង​មក​ពេល​ដល់​ដាច់​ខែ​គឺ​ថៅកែ​បើក​លុយ​ឱ្យ​ហើយ​។ ប៉ុន្តែ​ពេល​នេះ ដល់​ពេល​កំណត់​បើកប្រាក់​ឈ្នួល​ហើយ ស្រាប់តែ​ថៅកែ​គ្មាន​លុយ​បើក​ឱ្យ និង​ម្តង​ថា ថ្ងៃនេះ ម្តង​ថា​ថ្ងៃ​នោះ ទើប​ពួក​គេ​នាំ​គ្នា​បះបោរ ។ ពី​ដំបូង​តវ៉ា​នៅ​មុខ​រោងចក្រ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​អស់​រយៈពេល​ជិត​១​អាទិត្យ​ហើយ គ្មាន​ដំណោះស្រាយ​ណាមួយ​ទាល់តែ​សោះ​នោះ ទើប​នាំ​គ្នា​ចេញ​ពីមុខ​រោងចក្រ រួច​តវ៉ា​បិទផ្លូវ​នៅ​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​បែប​នេះ​វិញ ដើម្បី​ព​ន្លឿ​ន​ការ​ដោះស្រាយ ។

ដោយឡែក​រោងចក្រ​មួយទៀត យីហោ​ហុ​ី​យ៉ង​ជី​ន មាន​កម្មករ​ប្រមាណ​២៥០​នាក់ ជា​រោងចក្រ​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ក៏​បាន​ផ្ទុះ​ការ​តវ៉ា​ដែរ​នៅ​ពេល​ចេញ​ហូប​បាយ​ថ្ងៃត្រង់ ។ មូលហេតុ​បណ្តាល​មក​ពី​ថៅកែ​មិន​ព្រម​បើកប្រាក់​ឈ្នួល​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ ឱ្យ​ដូច​គ្នា​ទៅ​នឹង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​វី​កូ​ដែរ ។

កម្មករ​-​កម្មការិនី​ទាំងនោះ​បាន​នាំ​គ្នា​ចាក​ចេញពី​រោងចក្រ ទាំងអស់​បោះចោល​ការងារ ហើយ​មួយ​ចំនួន​ត្រឡប់​ទៅ​ផ្ទះ និង​មួយ​ចំនួន​ទៀត​បាន​នាំ​គ្នា​ប្រមូលផ្តុំ​នៅ​មុខ​រោងចក្រ ទាមទារ​រក​ដំណោះស្រាយ​ពី​ថៅកែ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ។ រោងចក្រ​នោះ​ក៏​ត្រូវ​បាន​សង្ស័យ​ថា ក្ស័យធន​ដែរ ៕