ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​សាច់​ និង​គ្រឿងក្នុង​ជ្រូក​ជាង​១​តោន​ មន្ត្រី​ និង​អ្នកស្រុក​សង្ស័យ​ថា ​ចេញ​តាម​ច្រករបៀង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សាច់ និង​គ្រឿងក្នុង​ជ្រូក​១៥០០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​សហ​ការណ៍​ជាមួយ​កម្លាំងយោធា​សឹក​រង ស្រុក​ម៉ា​ឡៃ ចាប់​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ២០២១…

បន្ទាយ​មាន​ជ័យ ៖ សាច់ និង​គ្រឿងក្នុង​ជ្រូក​១៥០០​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​សហ​ការណ៍​ជាមួយ​កម្លាំងយោធា​សឹក​រង ស្រុក​ម៉ា​ឡៃ ចាប់​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ២០២១ លើ​ដងផ្លូវ​លំ​មួយ​ជិត​បន្ទាត់​ព្រំដែន ក្នុងភូមិ​សន្តិភាព​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។

សាច់ និង​គ្រឿងក្នុង​ជ្រូក​ចម្រុះ​នេះ មន្ត្រី​ជំនាញ​ចាប់​បាន​ស្ថិត​លើ​រថយន្ត​ម៉ាក​កូរ៉េ​១​គ្រឿង ពាក់​ស្លាក​លេខ​បាត់ដំបង ៣A.២៥៦១ ដោយ​ក្នុង​នោះ​មាន​៣០​កេះ​ស្នោ ដែល​ក្នុង​១​កេះ​មាន​ទម្ងន់​៥០​គីឡូក្រាម សរុប​១៥០០​គីឡូក្រាម ។

ប្រភព​ពី​មន្ត្រី​ជំនាញ​ថា ក្រោយ​ឃាត់​បាន​ពុំ​មាន​ជន​ណា​ម្នាក់ ចេញ​មុខ​ទទួលខុសត្រូវ​ថា ជា​ម្ចាស់​ឡើយ ខណៈ​អ្នកបើកបរ​រថយន្ត​ដឹក​សាច់ និង​គ្រឿងក្នុង​ខាងលើ​ឆ្លើយ​បែប​ដោះសា​រថា ខ្លួន​គ្រាន់តែ​ស៊ីឈ្នួល​ដឹក​ឲ្យ និង​មិន​ស្គាល់​ម្ចាស់​នោះ​ទេ ហើយ​ថា សាច់​ទាំងនេះ​គ្រោង​ដឹក​ទៅ​កាន់​ខេត្តបាត់ដំបង ។

លោក​ហ៊ុយ ទូច ប្រធាន​កា​រិ​យា​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ខាង​លោក​បាន​សហ​ការណ៍​ជាមួយ​កម្លាំងយោធា​សឹក​រង​ស្រុក​ម៉ា​ឡៃ​ពិតជា​បាន​ធ្វើការ​ចាប់​សាច់ និង​គ្រឿងក្នុង​ជ្រូក​ខាងលើ​មែន ។

ប្រធាន​ការិយាល័យ​រូប​នេះ​បន្ត​ថា ករណី​ចាប់​សាច់ និង​គ្រឿងក្នុង​ជ្រូក​នេះ គឺ​ឃាត់​មនុស្ស​២​នាក់​ផង​ដែរ (​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត និង​ម្នាក់​ជា​អ្នក​រួម​ដំណើរ​) ហើយ​យោង​តាម​ការ​សាកសួរ​អ្នកបើកបរ​រថយន្ត​ដឹក​សាច់ និង​គ្រឿងក្នុង​ខាងលើ​ហាក់​និយាយ​ដោះសា​រថា ខ្លួន​មិន​ស្គាល់​ម្ចាស់​សាច់​ទាំងនេះ​ទេ ។

លោក​ហ៊ុយ ទូច បន្ត​ថា សាច់​ទាំងនេះ និង​មនុស្ស​ទាំង​២​នាក់ កំពុង​នាំ​យក​ទៅ​សាកសួរ​បន្ត​នៅ​ការិយាល័យ ។ លោក​បញ្ជាក់​ថា សាច់​ទាំងនេះ​គ្មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​ឡើយ ហើយ​ការ​វេច​ខ្ចប់​នេះ​ទៀត​សោត​ក៏​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា ឬ​បទដ្ឋាន​បច្ចេកទេស​នោះ​ដែរ ។ លោក​បន្ត​ថា បើ​ការ​ដឹក​ជញ្ជូន​មាន​លក្ខណៈ​ស្តង់ដា ឬ​តាម​បទដ្ឋាន​បច្ចេកទេស​តែ​អត់​ច្បាប់​ខាង​លោក​គ្រាន់តែ​ធ្វើកា​ផាកពិន័យ​តែ​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា សាច់ និង​គ្រឿងក្នុង​ជ្រូក​ទាំងនេះ​បាន​រាយការណ៍​ជូន​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​សុំ​គោលការណ៍​ដុត​កម្ទេច​ចោល​រួច​ហើយ​ៗ គ្រោង និង​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃស្អែក និង​យក​សំណាក​វិភាគ​សាច់​ទាំងនេះ​ទៅ​ធ្វើតេស្ត​រក​មេរោគ​ផង​ដែរ ។ ពេល​សាកសួរ​ថា តើ​សាច់សត្វ​ទាំងនេះ​អាច​នាំ​ចូល​តាម​ច្រករបៀង ឬ​យ៉ាងណា?

មន្ត្រី​ខាងលើ​លើក​ឡើង​បែប​សង្ស័យ និង​យោង​ពី​ប្រភព​នានា​ថា អាច​នាំ​ចូល​ពី​ថៃ​តាម​ច្រករបៀង​ក្នុងស្រុក​កើតហេតុ ខណៈ​អ្នកស្រុក​ក៏​សង្ស័យ​ដូច​មន្ត្រី​ខាងលើ​ដែរ ។

ជុ​វិញ​ប្រភព​ព័ត៌មាន​ខាងលើ មេ​ប៉ុស្តិ​អូរ​ល្ហុង​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​លោក​ព្រុំ ភ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ចុច​ចូល​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ