ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថាធិប្បាយ៖ រាស្រ្តពិបាក ព្រះសង្ឃរឹតតែយ៉ាប់ ដូច្នេះត្រូវបន្ថយចំណាយតាមវត្ត

1 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ កូ​វីដ​១៩ មិន​ត្រឹមតែ​ឆ្លង​រាតត្បាត និង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រួមទាំង​មុខរបរ ការងារ និង​អាជីវកម្ម​មួយចំនួន​ទេ តែ​កូ​វីដ ក៏បាន​ឆ្លង​ចូល​វត្ត និង​បង្ក​ឲ្យ​វត្ត​អារាម​នានា…

ភ្នំពេញ​៖ កូ​វីដ​១៩ មិន​ត្រឹមតែ​ឆ្លង​រាតត្បាត និង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រួមទាំង​មុខរបរ ការងារ និង​អាជីវកម្ម​មួយចំនួន​ទេ តែ​កូ​វីដ ក៏បាន​ឆ្លង​ចូល​វត្ត និង​បង្ក​ឲ្យ​វត្ត​អារាម​នានា នៅ​កម្ពុជា ពិសេសវត្ត​​នៅក្នុង​រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការលំបាក​ខ្វះ​ចង្ហាន់ព្រះសង្ឃ និង​ខ្វះ​បច្ច័យ សម្រាប់​បង់ថ្លៃ​ទឹក​ភ្លើង ជាដើម​។

នៅ​វត្ត​ខ្លះ ក្នុង​រាជធានី​ភ្នំពេញ គ្រាន់តែ​ចំណាយ​ថ្លៃ​ទឹក​ភ្លើង ១​ខែៗ ចូលដល់​ខ្ទង់ជាង​ ២០០០​ដុល្លារ ហើយ​ថ្លៃ​ចង្ហាន់ គឺ​ពី ៣០​ម៉ឺន​រៀល ទៅ ៤០​ម៉ឺន​រៀល ក្នុង ១​ថ្ងៃ​។​ ដូច្នេះ ១ខែៗ ចំណាយមិនក្រោមជាង​​​ ៥០០០ដុល្លារឡើយ​។

Picture

​នៅ​មុន​​ពេល​​កូ​វីដ ឆ្លង​រា​តត្បាត រាល់​ការចំណាយ​ក្នុង​វត្ត លើ​ថ្លៃ​ទឹក​ភ្លើង និង​ចង្ហាន់ គឺ​បានមកពី​ការបរិច្ចាគ​ពី​ប្រជា​ពុទ្ធបរិស័ទ អ្នកមាន​ទ្រព្យធន​មួយចំនួន បច្ច័យ​ពី​ពុទ្ធបរិស័ទ​នៅ​រៀងរាល់​ថ្ងៃសីល រួមទាំង​ការឧបត្ថម្ភ​ពី​អាជ្ញាធរ​សមត្ថកិច្ច ជាដើម​។ ក្រៅពីនោះ ព្រះសង្ឃ​នៅវត្តខ្លះ ក៏អាចរក​បច្ច័​យ បានមកពី​បុណ្យទាន សូត្រមន្ត ទេសនា និង​ការ​ប្រោះព្រំ ស្រោច​ទឹក លើករាសី ជាដើម​។​

​ក្នុង​ពេល​កូ​វីដ​១៩ កំពុង​ឆ្លង​រាតត្បាត​នេះ តាម​វត្ត​អារាម ស្ងាត់ពុទ្ធ​បរិស័ទ។ ​វត្ត​ខ្លះ ក៏ត្រូវ​បិទ​ខ្ទប់ ដោយសារតែ​ខ្លាចឆ្លង​កូ​វីដ ហើយវត្តខ្លះ បិទខ្ទប់ ដោយសារតែឆ្លងកូវីដ​​​​។ ប្រជា​ពុទ្ធបរិស័ទមួយចំនួន ក៏​លែង​ចេញ​​ចូលធ្វើ​បុណ្យ និង​យក​ចង្ហាន់​​មក​ប្រគេន​ព្រះសង្ឃ ដូច​មុន​ផ្ទុះ​កូ​វីដ ដោយ​សារតែ​ទាំង​ព្រះសង្ឃ និង​ទាំង​ពុទ្ធបរិស័ទ ព្រួយបារម្ភ និង​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព ក៏ដូចជា​ ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​១៩​។​

​វត្ត​ខ្វះខាត​បច្ច័យ សម្រាប់​បង់ថ្លៃ​ទឹក ភ្លើង និង​ចំណាយ​ថ្លៃ​ចង្ហាន់ ក៏ដូចជា​បច្ច័យ សម្រាប់​កសាង​​សមិទ្ធផល​នានា នៅក្នុង​វត្ត គឺ​កើតឡើង​ស្ទើរតែ​គ្រប់​វត្តទូទាំង​ប្រទេស ព្រោះ​ព្រះសង្ឃ ពឹង​​អាស្រ័យ​ទាំងស្រុង​​លើ​ប្រជា​ពុទ្ធបរិស័ទ​នេះឯង​។ ព្រះសង្ឃ​ មិនមាន​មុខរបរ ឬ​ចំណូល​ឯណា យកមក​ទ្រទ្រង់ សូម្បីតែ​ចង្ហាន់​ប្រចាំថ្ងៃ​។

កន្លងមក អំឡុងពេល​បិទ​ខ្ទប់ និង​ឆ្លង​រាតត្បាត សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ យកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​ចង្ហាន់​ព្រះសង្ឃ នៅតាម​វត្ត​អារាម​ទូទាំង​​ប្រទេស​។ អាជ្ញាធរ​សមត្ថកិច្ច​រាជ​ធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ក៏បាន​នាំយក​អង្ករ និង​ទ័យ​ទាន​ជាច្រើន​ ទៅ​ប្រគេន​ព្រះសង្ឃ ​តាម​វត្ត​ក្នុង​ដែនដី​របស់ខ្លួន ជា​បន្តបន្ទាប់​។ ប៉ុន្តែ​កូ​វីដ អូសបន្លាយ ហើយ​ប្រជា​ពុទ្ធបរិស័ទ​មួយចំនួន ក៏​ជួប​បញ្ហា​ជីវភាព ការងារ និង​មុខរបរអាជីវកម្ម ខណៈ​អាជ្ញាធរ​សមត្ថកិច្ច ក៏មាន​ការងារ និង​ការទទួលខុសត្រូវ​ច្រើន ក្នុងអំឡុងពេល​កូ​វីដ​នេះ​។​

​នៅ​វត្ត​ញាណ​រង្សី ក្នុង​ខណ្ឌឫស្សីកែវ ជិត​អង់​តែ​ន​ទូរទស្សន៍​ទួលគោក ក្នុងរាជធានីភ្នំពេញ មាន​ព្រះសង្ឃ​ចំនួន ១៧​អង្គ និង​គ្រហស្ថ ដែល​ជាតា​យាយ និង​សិស្ស​និស្សិត ស្នាក់នៅវត្ត ប្រមាណ​ជាង ១០​នាក់ ហើយ​ព្រះចៅអធិការវត្តត្រូវទទួល​រ៉ាប់រង​ចំណាយ​លើ​ចង្ហាន់ និង​ថ្លៃ​ទឹក​ភ្លើង​។ ក្នុងនោះ ទឹក ២​​ខែ ចំណាយ​​ជាង ១​លាន​រៀល និង​ភ្លើង ១​ខែ អស់​ប្រមាណ ១​លាន ២០​ម៉ឺន​​រៀល​។ វត្ត​ញាណ​រង្សី ក៏ត្រូវ​បន្ត​កសាង​សាលាឆាន់​មួយ​យ៉ាង​ធំ​ស្កឹមស្កៃ ដែលមាន​តម្លៃ​ប្រមាណ ២​លាន​ដុល្លារ​។ សាលា​ឆាន់​​ដ៏​ធំ​មួយ​នេះ មាន​ទំហំ ២៨,៨​ម៉ែត្រ គុណ ៥០​ម៉ែត្រ មាន​កម្ពស់ ៣​ជាន់ ទាំង​ជាន់​ផ្ទាល់​ដី ហើយ​មក​ពេលនេះ សាងសង់​បាន​ប្រមាណ ៨០​ភាគរយ​ហើយ​។ 

Picture

​ដោយឡែក វត្ត​ទួល​ទំពូង ស្ថិតក្នុង​ខណ្ឌចំការមន ក្នុង​រាជធានី​ភ្នំពេញ គឺជា​វត្ត​មួយ ក្នុងចំណោម​វត្ត​ជាង ១០ នៅ​រាជធានី​ភ្នំពេញ ដែលមានព្រះសង្ឃ និង​អ្នកស្នាក់នៅវត្ត ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​​។ វត្ត​ទួល​ទំពូង មាន​ព្រះសង្ឃ តាអាច្ចារ្យ យាយជី និង​សិស្ស​និស្សិត អ្នកស្នាក់នៅ​វត្ត សរុប ១៣០​អង្គ និង​នាក់​។ មកដល់​ពាក់​កណ្តាលខែ​សីហា​នេះ វត្ត​ទួល​ទំពូង​ នៅ​បន្ត​បិទទ្វារ តែ​ចាប់ផ្តើម​​មាន​បញ្ហា​ខ្វះ​ចង្ហាន់​បណ្តើរៗ​ហើយ ជាពិសេស​ខ្វះ​បច្ច័យ​បង់ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង​​។ ថ្លៃ​ទឹក និង​ភ្លើង នៅក្នុង​វត្ត​ទួល​ទំពូង ក្នុង ១​ខែ ត្រូវ​ចំណាយ​ជាង ២​០០០​ដុល្លារ ខណៈ​ការចំណាយ​លើ​ថ្លៃ​ចង្ហាន់ ក្នុង ១ ថ្ងៃ ប្រមាណ​ជា ៣០​ម៉ឺន ទៅ ៤០​ម៉ឺន​រៀល​ផ្សេងទៀត​។​ 

​ដូច្នេះ​បើ​សរុបទៅ ការចំណាយ​លើ​ថ្លៃ​ចង្ហាន់ និង​ថ្លៃ​ទឹក​ភ្លើង​តាម​វត្ត​និ​មួយៗ នៅ​រាជធានី​ភ្នំពេញ មិនតិចជាង ៥០០០​ដុល្លារ ក្នុង ១​ខែៗ​ឡើយ​។ នេះ​ជា​ចំណាយ​មួយ​ដ៏​ច្រើន ខណៈដែល​ព្រះសង្ឃ​តាម​វត្ត ត្រូវគេដឹងថា ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រជា​ពុទ្ធបរិស័ទ ហើយ​ចំពេល​កូ​វីដ​ឆ្លង​រាតត្បាត​ទៀត​នេះ កាន់តែ​ជា​បញ្ហា សម្រាប់​ព្រះសង្ឃ តាម​វត្ត​អារាម​​ថែមទៀត​។​

​ការចំណាយ​ថ្លៃ​ទឹក​ភ្លើង តាម​វត្ត គួរតែត្រូវ​​គិតគូរ​ឡើងវិញ ទាំង​រាជរដ្ឋាភិបាល ពិសេស​អគ្គិសនី​កម្ពុជា រដ្ឋាករទឹក និង​អាជ្ញាធរ​រាជធានី​ខេត្ត ស្រុក​ខណ្ឌ​ក្រុង និង​ឃុំ​សង្កាត់ ព្រមទាំង​ព្រះចៅអធិការ​វត្ត និង​គណៈកម្មការ​វត្ត​និ​មួយៗ​។ នោះ​​គឺ​រៀបចំ​ការប្រើប្រាស់​ភ្លើងអគ្គិសនី តាម​វត្ត​ឡើងវិញ នៅ​ទូទាំងប្រទេស គឺ​ដាក់​ភ្លើងអគ្គិសនី តាមតែ​កន្លែង​ចាំបាច់ក្នុងវត្ត ប្រើប្រាស់​ដោយ​សន្សំសំចៃ​បំផុត ដើម្បី​កាត់បន្ថយ​ការចំណាយ​។

Picture

កន្លែង​ខ្លះ អាច​ប្រើ​អំពូល​សូ​ឡា ក៏​គួរតែ​លៃលក​រៀបចំ​។ តាម​ព្រះវិហារ តាម​របង​វត្ត ក្លោងទ្វារ ឬ​តាមផ្លូវ ក៏​ដាក់​អំពូល បើកភ្លើង​ប្រើប្រាស់​ តែ​ពេល​ចាំបាច់​បំផុត និង​កំណត់​ម៉ោង​ច្បាស់លាស់ ត្រូវ​បើកភ្លើង​​។ ក្នុង​វត្ត មិនត្រូវ​ប្រើ​ម៉ាស៊ីនត្រជាក់​ឡើយ ដាក់​តែ​កង្ហារ ហើយក៏​ប្រើ​ដោយ​សន្សំសំចៃ​។ ទឹកស្អាត ក៏​ដូចគ្នា ត្រូវតែ​រៀបចំ និង​ប្រើប្រាស់​ដោយ​សន្សំសំចៃ​បំផុត ទាំង​ព្រះសង្ឃ និង​ទាំង​អ្នកស្នាក់​​នៅ​វត្ត​ទាំងអស់​។​

​បន្ទាប់ពី​រៀបចំ​សន្សំសំចៃ​ភ្លើងអគ្គិសនី និង​ទឹក​តាម​វត្ត​ហើយ រាជរដ្ឋាភិបាល និង​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​អគ្គិសនី​កម្ពុជា រួមទាំង​រដ្ឋាករទឹក គួរតែ​លើកលែង​ថ្លៃ​អគ្គិសនី និង​ថ្លៃ​ទឹក តាម​វត្ត​ណា ដែល​គោរព​តាម​ការរៀបចំ​ភ្ជាប់​អំពូល​ភ្លើងអគ្គិសនី និង​ប្រើប្រាស់​ទឹកភ្លើង​ដោយ​សន្សំសំចៃ​។ ក្នុងនោះ បើ​មិនបាន​លើកលែង​ថ្លៃ​អគ្គិសនី និង​ថ្លៃ​ទឹក ១០០%​ទេ ក៏​សុំ​ឲ្យ​មានតម្លៃ​ទាប​ពិសេស​ណាមួយ ឬក៏​លើកលែង​ប៉ុន្មាន​ភាគរយ ហើយ​នៅ​ប៉ុន្មាន​ភាគរយ​ទៀត ដែល​វត្ត​ត្រូវ​បង់ថ្លៃ ក្នុង​កម្រិត​ទាប តាម​គោលការណ៍​កំណត់​ច្បាស់លាស់​។​

​ធ្វើដូច្នេះបាន ក៏​អាស្រ័យ​តាម​វត្ត​អារាម​និ​មួយៗ ត្រូវតែ​ដាក់ចេញ​នូវ​គោលការណ៍​ច្បាស់លាស់ ពី​ការប្រើប្រាស់​ភ្លើងអគ្គិសនី និងប្រើប្រាស់​ទឹក​ស្អាត​។ មិនមែន​មហា​កុដិ​មួយៗ ដាក់​សុទ្ធតែ​ម៉ាស៊ីន​ត្រជាក់​គ្រប់​បន្ទប់ ហើយ​មិនមែន​សម្រាប់តែ​ព្រះសង្ឃ​ទេ សូម្បីតែ​អ្នកស្នាក់នៅ​វត្ត ដែល​មិនមែនជា​សិស្ស​និស្សិត​ផង គឺ​អ្នកមាន​ការងារ​ធ្វើ រកលុយ​បាន​ហើយ មាន​ទាំង​ឡាន​ជិះ​ទៀត ក៏​បែរជា​បន្ត​ស្នាក់នៅ​វត្ត​ មានទាំង​បន្ទប់ស្នាក់​នៅ​របៀប VIP ប្រើ​សុទ្ធតែ​ទូរ​ទឹកកក និង​ម៉ាស៊ីនត្រជាក់​នោះឡើយ​។ ករណីនេះ កើត​មាន​រួចមកហើយ នៅតាម​វត្ត​ជាច្រើន នៅ​រាជធានី​ភ្នំពេញ​។​

Picture

​ដូច្នេះ​​តាម​វត្ត​នានា ត្រូវ​រៀបចំ​ឡើងវិញ​។ អ្នកណា​មិនមែនជា​សិស្ស​និស្សិត ដែលជាអ្នក​​ទីទ័លក្រ មក​ស្នាក់នៅ​វត្ត ដើម្បី​រៀនសូត្រទេ គឺ​មិន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុង​វត្ត​ឡើយ​។ អ្នករៀន​ចប់ មានការ​ងារ​ធ្វើ ក៏​មិនត្រូវ​ឲ្យ​បន្ត​នៅ​វត្ត​ទៀត​ដែរ​។ ព្រះសង្ឃ ក៏​ដូចគ្នា​។ អ្នកបួស ជា​ព្រះសង្ឃ ត្រូវ​លះបង់​សម្ភារៈ​និយម ហើយក៏​រឹតតែ​មិនត្រូវ​ការ​មហា​កុដិ​ស្កឹមស្កៃ បំពាក់​សុទ្ធតែ​ម៉ាស៊ីនត្រជាក់ ឬក៏​បន្ទប់ទឹក​ដាក់​សុទ្ធតែ​ម៉ាស៊ីនទឹក​ក្តៅ ឬក៏​មាន​ទាំង​បាស់​សាំងត្រាំ​ទឹក ដែល​ត្រូវ​ប្រើ​ភ្លើង​អគ្គិសនី និង​ទឹក​​ច្រើន​នោះទេ​។​

​ចំពោះ​ចង្ហាន់ ប្រជា​ពុទ្ធបរិស័ទ ដែលមាន​សទ្ធា​ជ្រះថ្លា ឧកញ៉ា មន្ត្រីជាន់ខ្ពស់ អាជ្ញាធរ​សមត្ថកិច្ច នៅតែ​បន្ត​ឧបត្ថម្ភ តាម​សទ្ធា​ដល់​វត្ត​និ​មួយៗ​។ កាកបាទក្រហម ក៏នៅតែអាច​បញ្ចេញជំនួយ ជួយតាមវត្ត ដែលខ្វះខាត​។ តែ​ក្នុងពេល​កូ​វីដ​នេះ តាម​វត្ត ក៏​គួរតែ​សន្សំសំចៃ​​ផងដែរ​។​

​ជា​សរុប​ទៅ តាម​វត្ត​នានា ពិសេស​វត្ត​នៅ​ភ្នំពេញ ត្រូវតែ​គិតគូរ​ឡើងវិញ លើ​ការប្រើប្រាស់​ភ្លើងអគ្គិសនី និង​ទឹកស្អាត ដើម្បី​កុំ​ឲ្យ​ក្លាយជា​បន្ទុក​ធ្ងន់ធ្ងរ រហូតដល់​ត្រូវ​ចំណាយ​ជាង ៥០០​ដុល្លារ ទៅ​ដល់ជាង​ ២០០០​ដុល្លារ ក្នុង ១​ខែៗ។ នេះជា​អត្រា​ខ្ពស់ ខណៈដែល​ព្រះសង្ឃ មិនត្រូវ​មានមុខ​រប​រ និង​មិនត្រូវ​រក​ចំណូលឯណា ដើម្បី​មក​ផ្គត់ផ្គង់​លើ​ការចំណាយ​ដ៏​ខ្ពស់​នេះ​ទេ​។ ភាពជា​បុព្វ​ជិត ត្រូវតែ​ជ្រះ​ស្រលះ មិន​ជាប់ជំពាក់​នឹង​ចំណង​ទាំងអស់​នេះឡើយ រាប់ទាំង​ចង្ហាន់​ប្រចាំថ្ងៃ​​ផង​ ក៏​ព្រះសង្ឃ មិនត្រូវ​ខ្វល់ខ្វាយច្រើន​នោះទេ​៕

Picture
Picture