រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងតាមបណ្ដោយផ្លូវត្រសក់ផ្អែមរវាងម៉ូតូហុងដា ឌ្រីម សេ១២៥ និងម៉ូតូកង់បីបើកបញ្ច្រាសទិសដៅចរាចរណ៍ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទី តាមបណ្ដោយផ្លូវត្រសក់ផ្អែម (ផ្លូវលេខ៦៣) ចំណុចមុខផ្ទះសំណាក់ សេង ហុង ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង សុខផល អាយុ៤៥ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅតាមបណ្ដោយផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ចំណែកម៉ូតូកង់បីបានបើកគេចខ្លួនបាត់ក្រោយពេលកើតហេតុភ្លាមៗ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BL-3696 បើកយ៉ាងលឿនតាមបណ្ដោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើង (ស្របទិសដៅចរាចរណ៍) ចំណែកម៉ូតូកង់បី ពណ៌ក្រហម បើកបញ្ច្រាសទិសដៅចរាចរណ៍យ៉ាងលឿនផងដែរ ខណៈមកដល់កន្លែងកើតហេតុក៏បានបុកគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលបុរសអ្នកបើកម៉ូតូសេ១២៥ផ្លោងជ្រុះមួកសុវត្ថិភាពពីក្បាល ហើយហោះទៅបុកនឹងដៃម៉ូតូកង់បីធ្លាយក្បាលស្លាប់ភ្លាមមួយរំពេច ។ ភ្លាមៗនោះអ្នកបើកម៉ូតូកង់បីបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុសមត្ថិច្ចបានចុះមកធ្វើការវាស់វែង និងទំនាក់ទំនងទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីមកយកសពទៅធ្វើបុណ្យតាមប្រពៃណី ព្រមទាំងស្រាវជ្រាវរកម្ចាស់ម៉ូតូកង់បីដើម្បីនាំយកមកដោះស្រាយតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ