ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ វិធាន​​ការ​បិទ​ខ្ទប់ រយៈពេល ១៤​ថ្ងៃ ចាប់ពីថ្ងៃទី២៩កក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា បាន​​ជួយ​ដល់​ការគ្រប់គ្រង និង​ការ​ពន្យារពេលបាន​មួយកម្រិត​នូវ​ការឆ្លង​រាលដាល កូវីដប្រភេទ…

ភ្នំពេញ៖ វិធាន​​ការ​បិទ​ខ្ទប់ រយៈពេល ១៤​ថ្ងៃ ចាប់ពីថ្ងៃទី២៩កក្កដា រហូតដល់​ថ្ងៃទី​១២ ខែសីហា បាន​​ជួយ​ដល់​ការគ្រប់គ្រង និង​ការ​ពន្យារពេលបាន​មួយកម្រិត​នូវ​ការឆ្លង​រាលដាល កូវីដប្រភេទ បំប្លែងថ្មី ដែលតា កុំ​ឲ្យឆ្លង​ទ្រង់ទ្រាយ​ធំ​ ក្នុង​សហគមន៍យើង។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសម្រេចថែម ៧ថ្ងៃទៀត ចា​ប់​ពី​ថ្ងៃ​ទី​១៣​សីហា ដល់​ថ្ងៃ​ទី​១៩​សីហា ដើម្បីបន្ត​អនុវត្តយុទ្ធនា​ការ​​​ពង្រឹង​​​វិធាន​ការ​​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩។​

កន្លងមកនេះ ដើម្បី​ធានាបាន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស​ក្នុង​បរិបទ ដែល​កម្ពុជា កំពុង​ប្រឈម​នឹង​ការមកដល់​នៃ​រលក​ទី​៣ នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​​បណ្តាល​មក​ពី​​មេរោគ​បំប្លែង​ខ្លួន​​ថ្មី ប្រភេទ​ដែល​តា Delta រាជរដ្ឋាភិបាល បានសម្រេច​ដាក់ចេញ​នូវ «​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទ​ប​ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩» នៅ​ទូទាំងប្រទេស និង​វិធាន​ការបិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ខេត្តសៀមរាប សម្រាប់​រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​វេលា​ម៉ោង ២៣:៥៩​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ម៉ោង ២៣:៥៩​នាទី ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១។ ក្នុងរយៈពេល ១៤ថ្ងៃមកនេះ រាជរដ្ឋាភិបាល និងបណ្តា​រាជធានីខេត្តទូទាំងប្រទេស បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន ដែល​ត្រូវអនុវត្ត​ជាបន្ទាន់ សំដៅ​ការ​ពារ​​សុខភាព និង​​អាយុ​ជីវិត​​របស់​​ប្រជាពលរដ្ឋ​។​

​រាជរដ្ឋាភិបាល ទទួលស្គាល់ថា ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែនថៃ និង​ខេត្តសៀមរាប និង​យុទ្ធនាការ​ថ្នាក់ជាតិ​រយៈពេល ១៤​ថ្ងៃ កន្លងមកនេះ បាន​ជួយ​ដល់​ការគ្រប់គ្រង និង​ការ​ពន្យារពេលបាន​មួយកម្រិត​នូវ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ ក្នុង​សហគមន៍​នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ​ដែល​តា​។ ជាក់ស្តែង អត្រា​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រចាំថ្ងៃ ​មាន​លក្ខណៈ​ថេរ ហើយថយចុះមកពីចំនួនអ្នកឆ្លងថ្មី ៦៦៨នាក់ ស្លាប់ ២៥នាក់ នៅថ្ងៃទី២៩កក្កដា មកនៅត្រឹមអ្នកឆ្លងថ្មី ចំនួន ​៤៥៥​នាក់ ​និង​ស្លាប់ ​២០​នាក់ នៅថ្ងៃទី១១ ខែសីហា  បើទោះបីជា​មេរោគ​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា បាន​ធ្លាយ​ឆ្លងចូលក្នុង​សហគមន៍ ហើយ​បច្ចុប្បន្ន បាន​រីក​រាលដាល រហូត​ទៅដល់ ១៧​រាជធានី​ខេត្ត ក្តី​។​

​យ៉ាងណាក៏ដោយ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព ក្នុង​ការបន្ត​គ្រប់គ្រង​ហានិភ័យ​នៃ​ការឆ្លង​​រាល​ដាល​​ទ្រង់​ទ្រាយ​​ធំ ​ក្នុង​​សហគមន៍​​នៃ​​មេរោគ​​មេរោគ​​កូ​វីដ​​១៩ ប្រភេទ​​ដែល​តា ជាពិសេស ក្រោយ​​វិធាន​​ការ​បិទ​​ខ្ទប់​​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​ខេត្តសៀមរាប ត្រូវ​បញ្ចប់​តាម​កាលកំណត់ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង ២៣:៥៩​នាទី ​​រាជរដ្ឋាភិបាល  ​បានសម្រេច​បន្ត​ការអនុវត្ត «​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩» នៅ​ទូទាំងប្រទេស សម្រាប់​រយៈពេល ៧​ថ្ងៃ​​បន្ថែមទៀត រហូត​ដល់​​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១​។​

​ក្នុង​អំឡុងពេលបន្ត​ការអនុវត្ត «​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​​នៃ​ជំងឺ​កូ​វីដ​១៩» នៅ​ទូទាំងប្រទេស សម្រាប់​រយៈពេល ៧​ថ្ងៃ​​បន្ថែមទៀត​នេះ ​រាជរដ្ឋាភិបាល បាន​​​ធ្វើ​​ការ​ណែនាំ​​ដល់​​គណៈ​អភិបាល​​រាជ​ធានី​​ខេត្ត នៅ​​ទូទាំង​ប្រទេស ត្រូវ​បន្ត​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ម៉ឺងម៉ាត់​ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ក្នុងអំឡុងពេល​នៃ​ការបន្ត​ការអនុវត្ត​យុទ្ធនាការ​រយៈពេល ៧​ថ្ងៃ​បន្ថែមទៀត​នេះ ត្រូវ​បន្ត​ដាក់ចេញ និង​ជំរុញ​ការអនុវត្ត​វិធានការ​រឹតត្បិត​ចាំបាច់​ទាំងឡាយ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ឲ្យ​បាន​ព្រមៗ​គ្នា នៅ​ទូទាំងប្រទេស ដោយ​អនុលោម​តាម​ការណែនាំ​ក្នុង​សារាចរ​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ស្តីពី​ការដាក់ចេញ​យុទ្ធនា​ការពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

ឆ្លើយតបនឹង​វិធានការរបស់រាជរដ្ឋាភិបាលខាងលើ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បានដាក់ចេញនូវ​សេចក្តីសម្រេច  ដោយបន្តអនុវត្ត​វិធានការ​រដ្ឋបាល ​ផ្អាក​ជា​បណ្តោះ​អាសន្ន ចំពោះ​​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស ជា​លក្ខណៈ​ឯកជន រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​១៣ ខែសីហា រហូតដល់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​។​

​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​ត្រូវ​បន្ត​ផ្អាក​សកម្មភាព រយៈពេល ១៤​ថ្ងៃ​តទៅទៀត នៅ​រាជធានី​ភ្នំពេញ រួមមាន​៖ សាលារៀន រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ទាំង​ក​ជន តែ​អាចធ្វើ​ការបណ្តុះបណ្តាល​តា​ម​ប្រព័ន្ធ​អន​ឡាញ​។ អាជីវកម្ម​ក្លិប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ​។ រមណីយដ្ឋាន សារមន្ទីរ សួន​កុមារ និង​សួន​កម្សាន្ត​នានា​។ អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ទី​ម​គ្រប់​ប្រភេទ​។ ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។ រោងភាពយន្ត រោង​សម្តែង​សិល្បៈ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​។​

​នៅភ្នំពេញ ក៏បានសម្រេច​បន្តអនុវត្តនូវ​​​​​បម្រាម​​​គោចរ ដែល​​​ហាម​​ឃាត់​​រា​ល់​​​ការ​​ធ្វើ​​​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ពី​ម៉ោង ២២ ឬ​ម៉ោង ១០​យប់ ដល់​ម៉ោង ៣​ទៀបភ្លឺ ក្នុង​រយៈពេល ៧​ថ្ងៃ​ទៀត គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​១៣​សីហា រហូតដល់​ថ្ងៃទី​១៩ ខែសីហា​។​

រីឯ​ខេត្ត​ផ្សេង​ទៀត ក៏​បាន​ប្រកាស​បន្ត​អនុវត្ត និង​ដាក់​ចេញនូវ​វិធានការរដ្ឋបាល រួមទាំង​បម្រាមគោចរ ក្នុង​រយៈពេល ៧ថ្ងៃ​បន្ថែមទៀត ពីថ្ងៃទី១៣ ខែសីហា រហូតដល់ថ្ងៃទី១៩ ខែសីហា។ ក្នុង​​នោះ ខេត្ត​ជាប់ព្រំ​ដែនថៃ ដែលត្រូវ​បិទខ្ទប់រយៈពេល ១៤ថ្ងៃកន្លងមក ចាប់ពីថ្ងៃទី២៩កក្កដា រហូតដល់ថ្ងៃទី១២សីហា ក៏​បាន​សម្រេច​បិទ​ខ្ទប់​ដោយខ្លួន​ឯង ៧ថ្ងៃទៀត ចាប់ពីថ្ងៃទី១៣សីហា ដល់ថ្ងៃទី១៩សីហាផងដែរ។

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ អភិបាលខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ បានចេញសេចក្តីសម្រេច ស្តីពី​ការបន្តហាមឃាត់ការធ្វើដំណើរ​ឆ្លងកាត់ ចេញ-ចូល ពីខេត្ត​ប៉ៃលិន ទៅបណ្តាខេត្ត​ផ្សេងៗទៀត ជា​បណ្តោះអាសន្ន​ សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោង ២៣ និង ៥៩នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រភេទដែលតា។

នៅពេលផុតកំណត់​វិធានការ​រដ្ឋបាល និង​អនុវត្ត​បម្រាម​គោចរ រយៈពេល ១៤​ថ្ងៃ ត្រឹម​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ គឺ​​ព្រំដែន​កម្ពុជា​-​ថៃ ក៏ត្រូវបើកឡើងវិញ ហើយពលករ​ខ្មែរ​យើង ដែល​​មិនអាច​ឆ្លងដែន ចេញពី​ថៃ ចូលមក​កម្ពុជា កន្លងមកនោះ នឹង​អាចធ្វើដំណើរ​ឆ្លងដែន​ចូលមក​ទឹកដីកំណើតរបស់ខ្លួនឡើងវិញ​។ អ្នកឆ្លងដែនថ្មីទាំងនោះ នឹងត្រូវត្រួតពិនិត្យសុខភាព ធ្វើតេស្តរកកូវីដ ហើយ​ត្រូវធ្វើចត្តាឡីស័ក នៅតាមមណ្ឌល និងទីកន្លែងចត្តាឡីស័ក ក្នុងខេត្តជាប់ព្រំដែន មុននឹងត្រូវដឹកជញ្ជូន​ យកទៅធ្វើចត្តាឡីស័កបន្តនៅតាមរាជធានីខេត្ត នៅជួរក្រោយ​។

តែតាមគោលការណ៍ ក្នុងករណីអ្នកមកពីថៃ ច្រើនលើសចំណុះ​មណ្ឌលចត្តាឡីស័ក តាមព្រំដែន គឺក្រោយពិនិត្យ​សុខភាព និងធ្វើតេស្ត ហើយអវិជ្ជមានកូវីដ១៩  គឺអ្នកទាំងនោះ ត្រូវដឹកជញ្ជូនតាមរថយន្តកងទ័ព ចូល​មករាជធានីខេត្ត នៅជួរ ក្រោយ​តែម្តង​។ នេះជាអ្វីដែល​ត្រូវយកចិត្តទុកដាក់​។

​​កន្លងមក នៅកម្ពុជាយើង មេរោគ​កូ​វីដ​ធម្មតា​ក្តី រួមទាំង​មេរោគ​កូ​វីដ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​​ដែល​​តា​ក្តី​ គឺ​សុទ្ធតែ​ត្រូវបាន​​នាំ​ចូល​​ពី​ក្រៅប្រទេស ហើយ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​។ ក្នុងនោះ ភាគច្រើន ត្រូវបាន​នាំចូល​តាមរយៈ​ពលករ​ខ្មែរ ដែល​ធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ខណៈដែល​នៅ​ថៃ បាន និង​កំពុង​ឆ្លង​រាលដាល​កូ​វីដ​ធ្ងន់ធ្ងរ​។​

ជាងនេះទៅទៀត កាលពីថ្ងៃទី១២សីហា រដ្ឋបាលខេត្តព្រះសីហនុ ទើបតែ​ប្រកាសពីការរកឃើញ​​ក្មេង​ប្រុស​ម្នាក់ អាយុ ៨ឆ្នាំ ឆ្លងកូវីដ១៩ ប្រភេទ​បំប្លែង​ថ្មី ដែលតា បន្ទាប់ពីក្មេង​ប្រុសនោះ ធ្វើដំណើរ​មកពីប្រទេសថៃ ហើយ​បានធ្វើតេស្ត អវិជ្ជមានកូវីដ និងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១​។​

​ដូច្នេះ​​ចាប់​ពីថ្ងៃ​ទី​១៣​សីហា​តទៅ នៅពេលព្រំដែនថៃ ​ត្រូវ​បើកឡើងវិញ ពលករខ្មែរ​មកពីថៃ វិលត្រឡប់ចូល​មកកម្ពុជាវិញ ហើយអាចនឹងត្រូវដឹកជញ្ជូន​ទៅកាន់រាជធានីខេត្ត នៅជួរក្រោយ ផ្ទៃក្នុងប្រទេសផងនោះ គឺទាមទារ​ឲ្យ​អាជ្ញាធរសមត្ថកិច្ចយើង មិនថា ជួរមុខ ឬនៅជួរក្រោយទេ ត្រូវ​បង្កើនការ​ប្រុង​ប្រយ័ត្ន ហើយអនុវត្តដោយហ្មត់ចត់ ម៉ឺងម៉ាត់​លើការងារនេះ ចាប់តាំងពីព្រំដែន ការពិនិត្យ ធ្វើតេស្ត ការដឹកជញ្ជូន​ រហូតដល់​នៅកន្លែងធ្វើចត្តាឡីស័ក តាំងនៅតាមខេត្តជាប់ព្រំដែន និងទាំងនៅតាមរាជធានីខេត្តទូទាំង​ប្រទេស​។

ការធ្វើចត្តាឡីស័ក លើពលករ ក៏ត្រូវបានបង្កើនពីរយៈពេល ១៤ថ្ងៃ កាលពីមុន រហូតទៅដល់ ២១ថ្ងៃ ហើយ​ការធ្វើតេស្ត​ ក៏ត្រូវធ្វើរហូតដល់ ៤ដង គឺ ៣ដង តាមតេស្តរហ័ស និងម្តងទៀតចុងក្រោយ ត្រូវធ្វើតេស្តដោយ​ម៉ាស៊ីន PCR។ វិធានការថ្មីនេះ ក៏ត្រូវអនុវត្តសម្រាប់​អ្នកប៉ះពាល់​ផ្ទាល់​នឹងអ្នកជំងឺកូវីដ១៩ ប្រភេទដែលតា ផងដែរ​។ ការ​ធ្វើ​ដូច្នេះ ដើម្បី​​ឲ្យ​ប្រាកដ​ថា កូវីដ ពិ​​សេស​​​​កូ​វីដ​​​​បំ​ប្លែង​​ថ្មី ដែលតា មិនឆ្លង​ចូលសហគមន៍​​ នៅពេល​បញ្ចប់ចត្តាឡីស័ក​។

​រីឯរាជធានីខេត្តទូទាំងប្រទេស ដែលបន្ត​វិធានការ​រដ្ឋបាល រួមទាំង​វិធានការ​រឹតត្បិត រាប់ទាំង​ការដាក់ចេញ​នូវ​បម្រាម​គោចរ ១​សប្តាហ៍ ទៅ ២​សប្តាហ៍​បន្ទាប់ទៀត​នេះ​ ក៏ត្រូវ​អនុវត្តដោយ​ហ្មត់​ចត់ និងម៉ឺងម៉ាត់​។ ចំណែក​ប្រជាពលរដ្ឋយើងគ្រប់រូប ក៏ត្រូវបន្តអត់ធ្មត់ និងគោរពតាមការណែនាំ ពិសេស​អនុវត្តនូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ បន្តនៅផ្ទះ និង​កុំទាន់​ជួបជុំ​មិត្តភ័ក្តិ បងប្អូន ហើយសូម្បីអ្នកជិតខាងក៏ដោយ​។ ពោលគឺនរណា អ្នកផ្ទះណា នៅផ្ទះនោះ។ បើត្រូវទៅធ្វើការ ក៏ត្រូវចេញត្រង់តែពីផ្ទះ ទៅកន្លែងធ្វើការ ហើយក៏ត្រូវអនុវត្តវិធាន ការការពារ កូវីដ ជាប់ជា​ប្រចាំ គឺពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាត៕