- ភ្នំពេញ
ភ្នំពេញ៖ ក្នុងពេលកូវីដ១៩ ឆ្លងរាតត្បាត គឺតាំងពីដើមឆ្នាំមុនមកម្លេះ រថយន្តក្រុងសាធារណៈរបស់រដ្ឋ នៅរាជ ធានីភ្នំពេញ បានផ្អាក លែងដំណើរការ។ តើពេលណា…
ភ្នំពេញ៖ ក្នុងពេលកូវីដ១៩ ឆ្លងរាតត្បាត គឺតាំងពីដើមឆ្នាំមុនមកម្លេះ រថយន្តក្រុងសាធារណៈរបស់រដ្ឋ នៅរាជ ធានីភ្នំពេញ បានផ្អាក លែងដំណើរការ។ តើពេលណា…
ភ្នំពេញ៖ ក្នុងពេលកូវីដ១៩ ឆ្លងរាតត្បាត គឺតាំងពីដើមឆ្នាំមុនមកម្លេះ រថយន្តក្រុងសាធារណៈរបស់រដ្ឋ នៅរាជ ធានីភ្នំពេញ បានផ្អាក លែងដំណើរការ។ តើពេលណា ទើបឡានក្រុងទាំងនេះ អាចបម្រើដល់ការធ្វើដំណើររបស់ប្រជាជនឡើងវិញ?
ការអូសបន្លាយនៃស្ថានភាពកូវីដ១៩ បានធ្វើឲ្យសេវារថយន្តក្រុងសាធារណៈ នៅរាជធានីភ្នំពេញ ត្រូវបន្តចត ក្នុងចំណត ដោយមិនអាចដំណើការដឹកជញ្ជូនសាធារណជននោះទេ។ ប៉ុន្តែក្នុងពេលរាតត្បាតជំងឺកូវីដ១៩ នេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុង ១២គ្រឿង ដើម្បីចូលរួមក្នុងសកម្មភាពដឹកជញ្ជូនអ្នកដំណើរ មកពីក្រៅពីប្រទេស នៅព្រលានយន្តហោះ យកទៅធ្វើចត្តាឡីស័ក តាមសណ្ឋាគារនានា និងនៅមណ្ឌលចត្តាឡីស័កនានា នៅភ្នំពេញ។ ក្រៅពីនោះ រថយន្តក្រុងជិត ២០០គ្រឿងទៀត ត្រូវបានរក្សាទុកនៅចំណត និងត្រៀម សម្រាប់ការដឹកជញ្ជូនបន្ទាន់ណាមួយ ទៅតាមការបញ្ជាពីរដ្ឋបាលរាជធានីភ្នំពេញ។
រថយន្តក្រុងសាធារណៈរបស់រដ្ឋ គឺមានចំនួនសរុប ២៣៥គ្រឿង។ ក្នុងនោះ ៥៤គ្រឿង ដែលមានសភាពចាស់ទ្រុតទ្រោម ត្រូវបានស្នើដកចេញ។ ដូច្នេះមកដល់ពេលនេះ នៅសល់រថយន្តក្រុងសាធារណៈ សម្រាប់ដឹកអ្នកដំណើរ នៅរាជធានីភ្នំពេញ សរុបចំនួន ១៨១គ្រឿង។ ជប៉ុន នៅតែបន្តផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ដូចជា ការថែទាំ ជួសជុលរថយន្តក្រុងទាំងនោះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានស្នើសុំទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដំណើរការឡើងវិញដែរ តែមិនទាន់បានដឹងថា ពេលណា ពិតប្រាកដ ដែលរាជរដ្ឋាភិបាល នឹងអនុញ្ញាតឲ្យប្រតិបត្តិការឡើងវិញនោះទេ។ តែគេរំពឹងថា ការបើកជើងដឹកជញ្ជូនរថយន្តក្រុងសាធារណៈនេះ អាចនឹងធ្វើឡើង ជាជំហានៗ ក្នុងខ្សែផ្លូវណាមួយ និងក្នុងកម្រិតណាមួយ នៅពេលឆាប់ៗ ក្នុងពេលកូវីដស្រាក់ស្រាន្តដែរ។
បច្ចុប្បន្ន រដ្ឋាករស្វយ័តដឹកជញ្ជូនរថយន្តក្រុង City Bus បានត្រៀមខ្លួន និងកំពុងអនុវត្តវិធានការការពារការឆ្លងកូវីដ១៩ បណ្តុះបណ្តាលបុគ្គលិក និងការប្រើប្រាស់ឧបករណ៍កម្ចាត់មេរោគ និងរបាំងការពារ ដែលជាជំនួយពីជប៉ុន ក៏ដូចជាវិធានការមួយចំនួនទៀត ដើម្បីការពារទាំងអ្នកបើកបររថយន្តក្រុង និងទាំងអ្នកដំណើរតាមរថយន្តក្រុង ឲ្យមានសុវត្ថិភាពពីជំងឺកូវីដ១៩ នៅពេលបើកប្រតិបត្តិការឡើងវិញ។
កាលពីចុងឆ្នាំ២០១៤ សាលារាជធានីភ្នំពេញ សហការជាមួយទីភ្នាក់ងារជប៉ុន JICA បានដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរ តាមរថយន្តក្រុងសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ទៅដល់ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្តិចក្រោយមក សេវារថយន្តក្រុងសាធារណៈ ត្រូវបានពង្រីកច្រើនផ្លូវថែមទៀត នៅភ្នំពេញ។ សេវាដឹកជញ្ជូនសាធារណៈ មិនថា ឡានក្រុង រថភ្លើងចម្ងាយខ្លី និងកាណូតដឹកអ្នកដំណើរភ្នំពេញ-តាខ្មៅទេ គឺបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសកាត់បន្ថយចំណាយលើការធ្វើដំណើរ បង្កើនសុវត្ថិភាពចរាចរណ៍ រួមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ទៀតផង។
ក៏ប៉ុន្តែសេវាដឹកជញ្ជូនសាធារណៈទាំងរថយន្តក្រុង ទាំងកាណូត និងទាំងរថភ្លើងចម្ងាយខ្លី ពីស្ថានីយកណ្តាល-អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហាក់ដូចជាទទួលបាននូវការគាំទ្រ និងការប្រើប្រាស់មិនច្រើនប៉ុន្មានទេ ពីសំណាក់មហាជន។ ក្នុងនោះ រថភ្លើងដឹកអ្នកដំណើរចម្ងាយខ្លីពីព្រលានយន្តហោះភ្នំពេញអន្តរជាតិ ឆ្ពោះទៅស្ថានីយរថភ្លើងភ្នំពេញ ដែលបានបើកដំណើរដឹកជញ្ជូនអ្នកដំណើរ នៅក្នុងខែមេសា ឆ្នាំ២០១៨ ហើយបានដឹកជញ្ជូនអ្នកដំណើរ ដោយមិនគិតថ្លៃ រហូតដល់ថ្ងៃទី៣១ ខែកក្កដា និងបន្តមិនយកលុយរហូតដល់ដាច់ឆ្នាំ២០១៨ គឺរថភ្លើងដឹកអ្នកដំណើរក្នុងរាជធានីភ្នំពេញនេះ បានបិទទៅវិញ នៅអំឡុងខែកក្កដា ឆ្នាំ២០២០ ដោយសារតែមិនមានអ្នកជិះ។ មិនមានអ្នកជិះរថភ្លើងពីព្រលានយន្តហោះ-ស្ថានីយរថភ្លើងកណ្តាល ក៏ដោយសារតែមិនមានយន្តហោះចេញចូលច្រើនផង ដោយសារតែបញ្ហាកូវីដ១៩។ តែកាលពីមុន ពេលមានកូវីដឆ្លងរាតត្បាត។
ដោយឡែក សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ ដែលបានដាក់ឱ្យប្រើប្រាស់ កាលពីចុងឆ្នាំ២០១៤ ក៏មិនបានរកប្រាក់ចំណូល ទប់ទល់នឹងការចំណាយបានឡើយ។ ពោលគឺកុំថាឡើយ ដល់ថ្នាក់ចំណេញ គឺឲ្យតែរួចខ្លួន ១ខែៗ ក៏មិនទាំងបានផង។ រថយន្តក្រុងសាធារណៈនៅភ្នំពេញនេះ បានចាប់ផ្តើមនៅម៉ោង ៥ និង ៣០នាទីព្រឹក ដល់ ៨ និង៣០នាទីយប់ ក្នុងតម្លៃសំបុត្រ ១៥០០៛/ម្នាក់/លើក។ ក្នុងនោះ ក៏លើកលែង មិនយកលុយពីព្រះសង្ឃ ចាស់ជរា ជនពិការ កម្មករ កម្មការិនី សិស្ស និស្សិត កីឡាករកីឡាការិនី និងកុមារកំពស់ក្រោមមួយម៉ែត្រ។
រថយន្តក្រុង ចាប់ផ្តើមដំណើរការដំបូង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានខ្សែរត់ ចំនួន ៣ខ្សែ រថយន្តក្រុងចំនួន ៤៣គ្រឿង។ នៅឆ្នាំ២០១៧ បានបន្ថែមខ្សែរត់ចំនួន ៥ខ្សែ មានរថយន្តចំនួន ១៥៥គ្រឿង និងឆ្នាំ២០១៨ បន្ថែមខ្សែរត់ចំនួន ៥ខ្សែទៀត សរុបចំនួន ១៣ខ្សែ ដោយបានប្រើប្រាស់រថយន្ត រហូតដល់ចំនួន ២៣៥គ្រឿង ក្រោមការជួយឧបត្ថម្ភ គាំទ្រ និងផ្តល់ជំនួយរថយន្តក្រុងទាំងនេះ ពីប្រទេសជប៉ុន និងប្រទេសចិន។
យ៉ាងណាក៏ដោយ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង ពិសេសនៅភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកសេវារថយន្តក្រុង City Bus និងសេវាកាណូត (Taxi Boat) ជាបណ្ដោះអាសន្ន។ រហូតដល់ពេលនេះ សេវាដឹកជញ្ជូនសាធារណៈទាំងពីរ នៅបន្តផ្អាកដំណើរការនៅឡើយ។
ជារួម នៅពេលធូរស្បើយឆ្លងកូវីដ ហើយដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរសាធារណៈតាមរថយន្តក្រុង និងតាមកាណូត បើកឡើងវិញ ឆាប់ៗនេះ គួរតែគោរពតាមវិធានសុខាភិបាល មានអាល់កុល ជែលលាងដៃ មានម៉ាស៊ីនវ៉ាស់កំដៅ នៅមាត់ទ្វារឡើងចុះ។ អ្នកដំណើរទាំងអស់ រួមទាំងអ្នកបើកបរ ត្រូវពាក់ម៉ាស់ រក្សាគម្លាត ដោយរៀបចំកៅអីអង្គុយឃ្លាតៗពីគ្នាជាងមុន ហើយបើកបង្អួចកញ្ចក់ឡានក្រុងទាំងនោះ ដោយមិនប្រើម៉ាស៊ីនត្រជាក់ ដូចមុនឡើយ។
អ្នកជិះឡានក្រុងសាធារណៈទាំងអស់ ក៏ត្រូវស្មោះត្រង់ ដោយបង់លុយគ្រប់ចំនួនកំណត់ ដើម្បីទប់ទល់ និងទ្រទ្រង់នូវការចំណាយ។ អ្នកដំណើរ ក៏ត្រូវរៀបចំលុយ ១៥០០រៀល រួចស្រេច ដើម្បីដាក់ចូលក្នុងធុង ឬប្រអប់លុយ នៅទ្វារឡើង ដើម្បីកាត់បន្ថយការប៉ះពាល់ ឬនៅជិតគ្នា ត្រូវអាប់លុយចុះឡើង។ ការបង់លុយ កន្លងមក ក៏ប្រើតាម App លើទូរស័ព្ទ តាម Wing ផងដែរ។
ម្យ៉ាងទៀត នៅក្រោយវិបត្តិកូវីដនេះ ដើម្បីឲ្យការដឹកជញ្ជូនសាធារណៈរបស់រដ្ឋ អាចរកចំណូល ទប់ទល់នឹងការចំណាយ ហើយបន្តដំណើរការឡើងវិញ មិនថា ឡានក្រុង ឬកាណូតដឹកអ្នកដំណើរនោះទេ គឺទាមទារឲ្យប្រជាពលរដ្ឋយើង ចូលរួមគាំទ្រ តាមរយៈការប្រើប្រាស់សេវាដឹកជញ្ជូនទាំងអស់នេះ។ សេវាដឹកជញ្ជូនតាមរថយន្តក្រុង តាមកាណូត ដែលចំណាយលុយតិចជាងការប្រើមធ្យោបាយដឹកជញ្ជូនផ្ទាល់ខ្លួន ពិសេសរថយន្ត និងម៉ូតូ ហើយក៏អាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។
ក្រៅពីនោះទៀត អាជ្ញាធរសមត្ថកិច្ច ដែលគ្រប់គ្រងលើការដឹកជញ្ជូនសាធារណៈទាំងអស់នេះ ក៏គួរតែរៀបចំម៉ោងពេល ឲ្យបានទៀងទាត់ រៀបចំផ្លូវរត់ពិសេស និងសម្រួលចរាចរណ៍ សម្រាប់រថយន្តក្រុងសាធារណៈ ដើម្បីឲ្យអ្នកជិះ អាចទៅធ្វើការ អាចទៅរៀនទាន់ម៉ោង ទាន់ពេល និងមិនរង់ចាំយូរ។ កន្លងមក ការបង្កើតផ្លូវរត់កាន់តែច្រើន និងមានរថយន្តកាន់តែច្រើន ត្រូវបានធ្វើរួចហើយ តែក៏សូមឲ្យទៀងម៉ោង និងបានគ្រប់ផ្លូវធ្វើដំណើរ ដែលមានមនុស្សរស់នៅច្រើន ពិសេសនៅតំបន់កម្មកររោងចក្រកាត់ដេរ និងសាលារៀន។
សំខាន់ជាងនេះទៅទៀតនោះ ទាំងអ្នកគ្រប់គ្រងឡានក្រុង និងទាំងអ្នកដំណើរទាំងអស់ ក៏ត្រូវគិតគូរ និងមាន សុវត្ថិភាព។ វិធានការសុខាភិបាល ម្នាក់ៗ ត្រូវបន្តប្រកាន់ខ្ជាប់ជាប្រចាំ ធ្វើយ៉ាងណា កុំឲ្យឆ្លងកូវីដ ព្រោះយើងមិនដឹងថា នរណាម្នាក់ៗ ផ្ទុកកូវីដនោះទេ បើមិនធ្វើតេស្តយកសំណាកពិនិត្យទេនោះ។ ដូច្នេះយើងប្រើសេវារថយន្តក្រុងសាធារណៈ គឺយើងត្រូវការសុវត្ថិភាព ដែលជាសុវត្ថិភាពពីគ្រោះថ្នាក់ចរាចរណ៍ផង រួមទាំងសុវត្ថិភាពពីកូវីដដែរ៕
ចែករំលែកព័តមាននេះ