ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​ជិត 100 នៅ​ខេត្តសៀមរាប​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អង្គរវត្ត​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩២​មក ប៉ុន្តែ​មាន​អ្នក​យល់​ច្រឡំ​ថា ការ​ចុះបញ្ជី​នេះ គឺ​សំដៅ​ទៅ​លើ​ប្រាសាទអង្គរវត្ត តាម​ពិត​មិនមែន​មាន​តែ​ប្រាសាទអង្គរវត្ត​មួយ​ទេ ។

ខេត្តសៀមរាប ៖ អង្គរវត្ត​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៩២​មក ប៉ុន្តែ​មាន​អ្នក​យល់​ច្រឡំ​ថា ការ​ចុះបញ្ជី​នេះ គឺ​សំដៅ​ទៅ​លើ​ប្រាសាទអង្គរវត្ត តាម​ពិត​មិនមែន​មាន​តែ​ប្រាសាទអង្គរវត្ត​មួយ​ទេ ។ អង្គរវត្ត​គ្រាន់តែ​ជា​ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ជិត​១០០ ក្នុង​រមណីយដ្ឋាន​អង្គរ​ទាំងមូល ដែល​មាន​ប្រាសាទបុរាណ ស្ថានីយ​បុរាណវិទ្យា បរិស្ថាន និង​សហគមន៍​មនុស្ស​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

តំបន់​អង្គរ ឬ​រមណីយដ្ឋាន​អង្គរ​ដែល​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ មាន​ផ្ទៃដី​សរុប​៤០១​គីឡូម៉ែត្រ​ក្រឡា បែងចែក​ជា​បី​តំបន់ ធំ​ៗ គឺ ៖ តំបន់​កណ្តាល​ដែល​មាន​ប្រាសាទ​ច្រើន ដូច​ជា​ប្រាសាទអង្គរវត្ត បាយ័ន តា​ព្រហ្ម នាគព័ន្ធ …​មាន​ផ្ទៃដី​សរុប ៣៥.១០០​ហិ​កតា ។ តំបន់​ខាងជើង​ដែល​មាន​ប្រាសាទបន្ទាយស្រី មាន​ផ្ទៃដី​សរុប​២០០០​​ហិ​កតា ។ តំបន់​ខាងត្បូង ឬ​ហៅ​ថា តំបន់​រលួស​ដែល​មាន​ប្រាសាទបាគង ព្រះ​គោ លលៃ​…​មាន​ផ្ទៃដី​សរុប​៣០០០​ហិ​កតា ។ សរុប​តំបន់​ទាំង​បី​នេះ​មក ហៅ​ថា «ឧទ្យាន​អង្គរ ឬ​រមណីយដ្ឋាន​អង្គរ​» ។ នៅ​ក្នុង​ឧទ្យាន​អង្គរ​ទាំងមូល​មាន​របស់​៣ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន គឺ​ប្រាសាទ បរិស្ថាន និង​សហគមន៍​មនុស្ស ឬ​ហៅ​ម្យ៉ាងទៀត​ថា «​វប្បធម៌ ទេសភាព និង​ប្រជាជន​» ។

លោក​អឹុ​ម សុខ​រិ​ទ្ធី អ្នក​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ប្រាសាទ , ស្ថានីយ​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ សរុប​ចំនួន​៩១ ដែល​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយសារ​យោង​តាម​បញ្ជី​ចាស់ ដែល​ធ្លាប់​បាន​ស្រាវជ្រាវ​កន្លង​មក និង​ដោយ ត្រួស​ៗ​ប៉ុណ្ណោះ​។ ក្រោយមក​ទៀត អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​ប្រាសាទ និង​ស្ថានីយ​បុរាណ​រាប់រយ​ទៀត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អង្គរ តែ​មិន​ទាន់​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​នៅឡើយ ។ គ្រាន់តែ​ប្រភេទ​ឧបោសថាគារ នៅ​អង្គរធំ ជុំវិញ​ប្រាសាទបាយ័ន និង​ក្នុង​ព្រៃ​មាន​ដល់​ទៅ​១០០ ហើយ​គ្រឹះ​ប្រាសាទ​ដែល​កប់​ក្នុង​ព្រៃ​មាន​ដល់​រាប់រយ​ទៀត ។

ចំណែក​បរិស្ថាន​ដែល​សំខាន់​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ គឺ​ព្រៃឈើ និង​ទឹក បើ​តាម​សិ្ថ​តិ​ជំរឿន​ព្រៃឈើ​ក្នុង​ឆ្នាំ​២០១៣ របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ព្រៃឈើ​នៅ​ក្នុង​ឧទ្យាន​អង្គរ​មាន​ប្រមាណ​ជាង​៥៧០០​ហិ​កតា គឺ​ស្មើនឹង​១៣%​នៃ​ផ្ទៃដី​ទាំងមូល ។ ព្រៃឈើ​មិន​ត្រឹម​ជា​ប្រភព​នៃ​ភ្លៀង​ប៉ុណ្ណោះ​ទេ តែ​មាន​តួនាទី​ពិសេស​សម្រាប់​ប្រាសាទ ធ្វើ​ជា​រនាំង​ការពារ​ប្រាសាទ ទប់ទល់​នឹង​ខ្យល់ព្យុះ ភ្លៀង​ខ្លាំង​ដែល​បក់​បោក​មក​លើ​ប្រាសាទ និង​ជា​ម្លប់​ការពារ​ប្រាសាទ​ទៀត​ផង ។ ជា​ពិសេស​ព្រៃឈើ​ប្រៀប​ដូច​ជា​សម្លៀក​បំពាក់ ឬ​ជា​អលង្ការ ដែល​ធ្វើ​ឲ្យ​ប្រាសាទ​រឹងរឹតតែ​ស្រស់បំព្រង​ថែម​ទៀត ។ ប្រាសាទតាព្រហ្ម គឺជា​ឧទាហរណ៍​ជាក់ស្តែង​មួយ ដែល​បាន​ទាក់ទាញ​ទេសចរ​រាប់​ពាន់​នាក់​ចូល​ទៅ​ទស្សនា​រៀងរាល់ថ្ងៃ ។

ក្រៅពី​ព្រៃឈើ ទឹកជា​បរិស្ថាន​ដ៏​សំខាន់​មួយទៀត​ផ្សារ​ភ្ជាប់​នឹង​អង្គរ​ដែរ ។ កាលណា​គេ​និយាយ​ពី​អង្គរ គេ​តែង​នឹក​ដល់​បារាយណ៍​ខាងលិច ដែល​ហៅ​ថា​បារាយណ៍ទឹកថ្លា មាន​ទំហំ​៨​គីឡូម៉ែត្រ​គុណ​នឹង​២,២​គីឡូម៉ែត្រ ជា​សំណល់​នៃ​វិស្វកម្ម​ធារាសាស្ត្រ ទុក​ប្រើប្រាស់​ជា​ពិសេស​សម្រាប់​ការងារ​កសិកម្ម​រហូត​ដល់​សព្វថ្ងៃ​។ បារាយណ៍​ខាងជើង ដែល​បាន​រីងស្ងួត​ទឹក​ជាង​៥០០​ឆ្នាំ​កន្លង បាន​អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ប្រព័ន្ធ​ទឹក​បុរាណ បញ្ចូល​ទឹក​ពេញ ដែល​មាន​ប្រាសាទនាគព័ន្ធ​នៅ​ចំ​កណ្តាល​គួរ​ឱ្យ​ចង់​គយគន់​ក្រៃ​លែង ។ ក្រៅពី​នេះ ប្រព័ន្ធ​ផ្លូវទឹក​ខ្វាត់ខ្វែង កសិណ​ទឹក ស្រះ​បុរាណ ដែល​មាននៅ​ក្នុង​ឧទ្យាន​អង្គរ ហាក់ដូចជា​សរសៃឈាម​នៃ​រាង​កាយ​របស់​មនុស្ស​យើង​ដូច្នោះ​ដែរ ។ បណ្តាញ​ធារាសាស្ត្រ​ដ៏​ធំ​នេះ គឺ​សម្រាប់​បញ្ជៀ​ស​ទឹកជំនន់ មិន​ឱ្យ​លិចលង់​ដល់​ប្រាសាទ និង​ក្រុង​សៀមរាប​ទាំងមូល ។ ជា​ពិសេស​ទឹក​ក្នុង​កសិណ​ជុំវិញ​ប្រាសាទ​នានា ជា​ប្រភព​ទឹក​ផ្ទុក​នូវ​សំណើម​ជា​ប្រចាំ ថែរក្សា​គ្រឹះ​ប្រាសាទ​ដែល​ជា​ខ្សាច់​កុំឱ្យ​ស្ងួត ធ្វើ​ឱ្យ​ដួល​រលំ ឬ​ទ្រេត​ប្រាសាទ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រាសាទ​ជា​ច្រើន​ផង​ដែរ ។

ប្រជាជន​នៅ​តំបន់​ជុំវិញ​ប្រាសាទ​សុទ្ធតែ​ក្នុងភូមិ​នៅ​ឧទ្យាន​អង្គរ បច្ចុប្បន្ន​មាន​១១៣​ភូមិ​២១​ឃុំ​សង្កាត់ ។ ភូមិ​ទាំងនេះ​មាន​ប្រជាជន​រស់នៅ ត​ៗ​គ្នា​រាប់​ជំនាន់​មក​ហើយ​ដែល​បាន​ផ្តល់​ឱ្យ​នូវ​លក្ខណៈ​ពិសេស​ដល់​ឧទ្យាន​អង្គរ ឱ្យទៅ​ជា​មត៌ក​រស់​រវើក ។ អ្នកស្រុក​ទាំងនេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​បេតិកភណ្ឌ ដោយសារ​អ្នក​ទាំងនោះ​បាន​ថែរក្សា​បេតិកភណ្ឌ​អរូបី​ដែល​មាន ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យ​ទាន បន់ស្រន់ សាសនា ព្រមទាំង​សិប្បកម្ម និង​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ តាំងពី​យូរលង់​ណាស់​មក​ហើយ ។ ភាសា​និយាយ​ក៏​ជា​មត៌ក​ដែរ ដូច​ជា​អ្នក​ភូមិ​ព្រះ​ដាក ភូមិ​អូរ​ទទឹង ជាដើម មាន​ភាសា និង​សំនៀង​ប្លែក​ពី​គេឯង ។

បច្ចុប្បន្ន​ប្រពៃណី​មួយ​ចំនួន ដែល​អ្នក​នៅ​តំបន់ ផ្សេង​ៗ​បាន​បំភ្លេច​ចោល ឬ​មិនសូវ​យកចិត្តទុកដាក់ ប៉ុន្តែ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​នៅ​តែ​កំពុង​បន្ត​ប្រតិបត្តិ​ដោយ​អ្នកស្រុក​អង្គរ​ដដែល ។

ទំនៀមទម្លាប់​ទាំងនោះ​មាន​ដូច​ជា ពិធី​កោរ​ជុក ពិធី​ឡើងអ្នកតា ពិធី​ហៅ​ទឹកភ្លៀង ពិធី​ហៅ​ព្រលឹង …​។ អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​ភារកិច្ច​គ្រប់គ្រង អភិវឌ្ឍ​រមណីយ​ដ្ឋាន​អង្គរ កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​លើ​ទំនៀមទម្លាប់​ទាំង​អស់នេះ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​នៅ​គង់វង្ស​តកូនតចៅ​រហូត​តទៅ ៕