ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ឡាន​​ដឹក​​ដី ​ដឹក​​ខ្សាច់ ក្រួស​ថ្ម បម្រើ​ឲ្យ​ការដ្ឋាន​សំណង់​នានា ពិសេស​នៅ​ជាយ​រាជធានី​​ភ្នំពេញ ​និង​​​នៅ​​តាខ្មៅ ​ខេត្ត​កណ្តាល​ នា​ពេល​នេះ​ នៅតែ​បង្ក​ឲ្យ​មាន​បាតុភាព​ខូច​ផ្លូវ…

ភ្នំពេញ​៖ ឡាន​​ដឹក​​ដី ​ដឹក​​ខ្សាច់ ក្រួស​ថ្ម បម្រើ​ឲ្យ​ការដ្ឋាន​សំណង់​នានា ពិសេស​នៅ​ជាយ​រាជធានី​​ភ្នំពេញ ​និង​​​នៅ​​តាខ្មៅ ​ខេត្ត​កណ្តាល​ នា​ពេល​នេះ​ នៅតែ​បង្ក​ឲ្យ​មាន​បាតុភាព​ខូច​ផ្លូវ និង​ធ្លាយ​ដី និង​ខ្សាច់​​រាយប៉ាយ​​លើផ្លូវ​នៅឡើយ​។ ​បញ្ហា​​នេះ​ ​ទាម​ទារ​​ឲ្យ​​ម្ចាស់​​​ឡាន​ ​​ម្ចាស់​​​ដេប៉ូ​ ​​និង​​​ម្ចាស់​​​ការដ្ឋាន​សំណង់ ​ត្រូវ​គិតគូរ​ឡើងវិញ ខណៈដែល​អាជ្ញាធរ​សមត្ថកិច្ច ក៏បាន​ផ្សព្វផ្សាយ អប់រំ ណែនាំ​ដល់​អ្នកបើកបរ និង​ម្ចាស់​ដេប៉ូ​ខ្សាច់ ក្រួស​ថ្ម​ទាំងនោះ​​ផងដែរ​។​

​កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១ មន្ត្រី​បច្ចេកទេស​តាម​ស្ថានីយ​ជញ្ជីង​អចល័ត​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បានធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន ដែល​ឆ្លងកាត់​ស្ថានីយ និង​ចុះ​ពន្យល់​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​កិន​ថ្ម ដេប៉ូ​ខ្សាច់ និង​រណ្តៅ​ដី អំពី​ច្បាប់ ស្តីពី ផ្លូវថ្នល់ ក្នុង​មាត្រា​២៦ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ និង​លិខិតបទដ្ឋាន​ផ្សេងៗ​ទៀត ដែលមាន​ជា​ធរមាន​។

​សកម្មភាព​នៃ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង​ឱ្យ​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​កិន​ថ្ម ខ្សាច់ និង​ដី​នៅ​ទូទាំងប្រទេស ចូលរួម​គោរព​តាម​បទដ្ឋាន​ប​ច្ចក​ទេស ស្ដីពី ការដឹកជញ្ជូន ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការដឹក​លើស​ទម្ងន់ ដែល​នាំ​ឲ្យ​ផ្លូវថ្នល់​ឆាប់​ខូច និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​ដើម្បី​អប់រំ ជុំវិញ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការផាកពិន័យ និង​ការឃាត់ទុក​យានយន្ត​ដឹកជញ្ជូន ដែល​អនុលោម​តាមច្បាប់​ផ្លូវថ្នល់ មាត្រា​៦០​។​

​មាត្រា​៦០ នៃ​ច្បាប់ ស្តីពី ផ្លូវថ្នល់ បាន​កំណត់ថា «​រាល់​យានយន្ត ដែល​ដឹក​លើស​ទម្ងន់ ចាប់ពី ២០% នៃ​ទម្ងន់​អនុញ្ញាត ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់ រើ​ទំនិញ​ចេញ និង​ឃាត់​យានជំនិះ​ទុក​ចំនួន ១​ឆ្នាំ​»​។ ដូចនេះ សូម​ម្ចាស់​យានយន្ត​ទាំងអស់ ត្រូវ​ដឹង​អំពី​ទម្ងន់​ផ្ទុក​អនុញ្ញាត​នៃ​ប្រភេទ​យានយន្ត​របស់ខ្លួន ជៀសវាង​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ដែលនាំឱ្យ​ខាតបង់​ថវិកា និង​ពេលវេលា​រកស៊ី​របស់ខ្លួន​។​

​មន្ត្រី​​ជំនាញ ក៏​បាន​​អំពាវនាវ ចំពោះ​ក្រុមហ៊ុន និង​អ្នក​ប្រកប​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន តាម​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ត្រូវ​ចូលរួម​គោរព​តាម​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លើកឡើងថា «​ការប្រកបមុខរបរ​ទទួលទាន ក៏ដូចជា ការបំពេញ​ការងារ តាម​វិជ្ជាជីវៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ការយក​ចិត្តទុកដាក់ និង​ការទទួលខុសត្រូវ គឺថា​ការ​តបស្នង​ដ៏​សំខាន់ ដល់​សង្គមជាតិ ដែល​កំពុងមាន​សន្តិភាព និង​ការរីកចម្រើន អរគុណ​សន្តិភាព​» និង​ចូលរួម​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រាជរដ្ឋាភិបាល ដើម្បី​គោរព និង​អនុវត្តតាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​រួមចំណែក​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ជាប់​គង់វង្ស​តាម​អាយុកាល​កំណត់​។​

​វិធាន​ការអប់រំ​ផ្សព្វផ្សាយ​នេះ បានធ្វើ​ឡើង បន្ទាប់​កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ ក្រុម​អ្នក​បើក​ឡាន​​ដឹក​ដី ដឹក​ខ្សាច់ និង​ដឹក​ថ្ម ប្រមាណ ៣០០​នាក់ បាន​ប្រមូលផ្តុំ​តវ៉ា​​ពី​ការដាក់​​ជញ្ជីង​ចល័ត នៅក្បែរ​ស្ពាន​​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្រុម​អ្នក​បើក​​ឡានធំ​ទាំងនោះ បាន​លើក​​បដា និង​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយ​ស្នើ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ធូរបន្ថយ​ការចាប់​ឃាត់​យានយន្ត​របស់​ពួកគេ ដែល​ដឹក​លើស​ទម្ងន់​ពី​ច្បាប់​កំណត់​។

​ចំពោះ​ការតវ៉ា ដែល​បាន​ធ្វើឡើង នៅត្រង់ចំណុច​ជញ្ជីង​ចល័ត ក្បែរ​ស្ពាន​ព្រែក​ហូរ ផ្លូវ ៦០​ម៉ែត្រ ក្នុង​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល គឺ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ច្រានចោល​នូវ​សំណូម​ពរ​ទាំង​នោះ ហើយ​តម្រូវ​ឲ្យ​ក្រុមអ្នកតវ៉ា ដែលជា​អ្នកបើកបរ​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ក្រួស​ថ្ម ក៏ដូចជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ ត្រូវតែ​ចូលរួម​គោរព​ច្បាប់ ពោលគឺ​កុំ​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​។​

​ដូច្នេះ​ក្នុងពេល​ចុះ​ផ្សព្វផ្សាយ​អប់រំ នាពេល​​នេះ ក្រៅតែពី​ឲ្យ​រថយន្ត​ដឹកជញ្ជូនទាំងអស់ ត្រូវ​គោរ​ព​​តាមច្បាប់ កុំ​ដឹក​លើស​ចំណុះ​ហើយ​នោះ មន្ត្រី​ជំនាញ​យើង ក៏​គួរតែ​អប់រំ ណែនាំ​ដល់​អ្នក​បើកឡាន​​ដឹកជញ្ជូន​ទាំងអស់ ទាំង​ឡាន​ដឹក​ដី ដឹក​ថ្ម ក្រួស ដឹក​ខ្សាច់ រួមទាំង​ឡាន​កុងតឺន័រ​ផង ត្រូវ​បើកបរ​ ដឹកជញ្ជូន​ដោយ​គោរព​ច្បាប់ អ្នកបើកបរ​ត្រូវ​ចេះ​បើកបរ ឆ្លងកាត់​សាលារៀន​ត្រឹមត្រូវ និង​ប្រឡង​ជាប់ បាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​ផងដែរ​។​

​សម្រាប់​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ក្រួស​ថ្ម ក៏ត្រូវ​តែ​ដឹក​តាម​ចំណុះ កុំ​ដាក់​រហូតដល់​ពេញ​ហៀរហូរ ជ្រុះ​តាមផ្លូវ​។ នៅ​ទ្រុង​ឡាន​ទាំងនោះ ក៏ត្រូវ​បិទបាំង​តង់​កៅស៊ូ​ត្រឹមត្រូវ ការពារ​កុំ​ឲ្យ​ដី ខ្សាច់ ក្រួស ថ្ម ធ្លាក់​នៅពេល​ដឹកជញ្ជូន​តាមផ្លូវ​។ ម្យ៉ាងទៀត មុនពេល​ចេញពី​ដេប៉ូ​លក់​ខ្សាច់ ក្រួស ថ្ម ឬក៏​មុនពេល​ចេញពី​រណ្តៅ​ដី ក៏ត្រូវ​តែ​បាញ់​ទឹក ​លាង​កង់ឡាន​ឲ្យ​ស្អាត​​​។ នៅពេល​ទម្លាក់​ខ្សាច់ ដី ក្រួស ថ្ម នៅ​ការដ្ឋាន​ហើយ មុននឹង​ចេញពី​ការដ្ឋាន ក៏ត្រូវ​បាញ់​លាង​សម្អាត​​ឡាន​​នោះ​​ម្តងទៀត​។​

​មាន​រួចមកហើយ ករណី​បងប្អូន​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ក្រួស និង​ដឹក​ថ្ម បម្រើ​ឲ្យ​ការដ្ឋាន​សាងសង់​នានា ពិសេស​នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ព្រែក​ព្នៅ ផ្លូវ​ទំនប់​កប់​ស្រូវ ឬ​មហាវិថី​ឈ្នះ​ឈ្នះ ក៏ដូចជា​នៅ​ផ្លូវ​ស្ពាន​ព្រែក​ហូរ ដល់​ក្រុង​តាខ្មៅ ខេត្តកណ្តាល គឺ​ដោយសារតែ​ឡាន​ដឹក​ដី ដឹក​ខ្សាច់ បានធ្វើ​ឲ្យ​ផ្លូវជាតិ​អ៊ុត​កៅស៊ូ និង​ផ្លូវ​បេតុង ពេលនេះ ក្លាយជា​ដី​ហុយ​ឡើង​ទ្រលោម ស្ទើរតែ​មើលផ្លូវ​លែងឃើញ​។ មួយថ្ងៃៗ មិនដឹង​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ក្រួស​ថ្ម​ប៉ុន្មាន​រយ​ពាន់​គ្រឿង បើក​លើផ្លូវ​នោះ ហើយ​ធ្លា​ក់ដី ធ្លាក់​ខ្សាច់ ធ្លាក់​ថ្ម ចេញពី​ឡាន បង្ក​ជា​ដី​ហុយ​លើផ្លូវ​ទាំងនោះ​។ ដល់ពេល​មាន​ភ្លៀង ផ្លូវ​ទាំងនោះ ក្លាយជា​បែក​ភក់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ផ្សេងទៀត ពិសេស​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​កង់​។​

​ការបង្ក​ឲ្យ​ផ្លូវជាតិ ផ្លូវ​បេតុង ក្លាយជា​ផ្លូវដី​ហុយ​នេះ គឺជា​ការខ្វះ​ការទទួល​ត្រូវ​របស់​ម្ចាស់​ឡាន​ដឹក​ដី​ទាំងនោះ​ផង និង​មួយផ្នែក​ទៀត មកពី​អាជ្ញាធរ​សមត្ថកិច្ច​យើង ធូររលុង​ផង​។ មិនអាច​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម​ឯណា បើកបរ​លើផ្លូវ​ទាំង​ថ្ងៃ ទាំង​ព្រឹក និង​ទាំងយប់ បានឡើយ បើសិនជា​គ្មាន​ការអនុញ្ញាត គ្មាន​ការបង់​លុយ រហូតដល់​ដាក់​ខែ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​តាម​គោលដៅ​ទាំង​នោះទេ​។

​ដូច្នេះ​ក្នុងពេល​ផ្សព្វផ្សាយ​អប់រំ​នេះ ក្រៅតែពី​ឲ្យ​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ក្រួស​ថ្ម និង​ឡាន​ដឹកទំនិញ គោរព​ច្បាប់ កុំ​ដឹក​លើស​ទម្ងន់​ហើយ​នោះ ក៏ត្រូវ​តែ​ឲ្យ​ឡាន​ដឹកជញ្ជូន​ទាំងអស់ គិតគូរ​ពី​សុវត្ថិភាព ត្រូវ​បើកបរ​គោរព​ច្បាប់ចរាចរណ៍ ដោយ​កុំ​បើកបរ​លឿនៗ​ពេក ហើយក៏​ត្រូវ​កុំ​ឲ្យ​ដី ខ្សាច់ ក្រួស​ថ្ម ជ្រុះ​លើផ្លូវ​តទៅទៀត​។ ការ​បោស លាង​សម្អាត​ផ្លូវ ដែលមាន​ដី​ហ៊ុយ ខ្សាច់​ជ្រុះ​ជា​គំនរ​នោះ ក៏ត្រូវ​តែ​ធ្វើ បើ​មិនបាន​រាល់ថ្ងៃ ក៏​សូម​ឲ្យ​បាន​មួយអាទិត្យ​ម្តង​ដែរ​។

​ករណីនេះ អាជ្ញាធរ​សមត្ថកិច្ច​នេះ​ឯង ដែល​ដើរតួនាទី​សំខាន់​ជាងគេ​។ គ្រប់​ផ្លូវ ដែល​ឡាន​ដឹក​ដី ដឹក​ខ្សាច់ ក្រួស​ថ្ម​ទាំងនោះ បើក​ឆ្លងកាត់ ត្រូវតែ​ឲ្យ​ក្រុម​ឡាន​ដឹកជញ្ជូន និង​ម្ចាស់​ការដ្ឋាន ជា​អ្នក​សម្អាត ហើយ​អាជ្ញាធរ​សមត្ថកិច្ច ជា​អ្នកត្រួតពិនិត្យ​ជាប្រចាំ​។ បើ​មិន​គោរព​ទេ ត្រូវ​ផ្អាក​ការដ្ឋាន ឈប់​ឲ្យ​ឡាន​ទាំងអស់នោះ ដឹកជញ្ជូន​ក្រួស​ថ្ម​ខ្សាច់​តទៅទៀត​។ ករណីនេះ មន្ត្រី​ណា​ស៊ីសំណូក ត្រូវរ៉ូវ ចាប់ដៃ​យកលុយ​ពី​ឡាន​ដឹកជញ្ជូន​ទាំងនោះ ក៏ត្រូវ​ដក​ពី​តំណែង និង​ចាប់​បញ្ជូនទៅ​កាត់ទោស នៅ​តុលាការ ដោយ​គ្មាន​ការលើកលែង​។​

​យើង​ធ្វើ​ដូច្នេះ ដើម្បី​ថែរក្សា​ផ្លូវ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង និង​ដើម្បី​សុវត្ថិភាព​អ្នកដំណើរ​ដទៃទៀត​​ផង​​។ សូមអ្នក​បើកបរ​ឡាន​ដឹកជញ្ជូន​ទាំងឡាយ គិតពី​ផលប្រយោជន៍​សង្គមជាតិ និង​អ្នកដទៃ ឲ្យបានច្រើន​ជាង​គិតតែ​ពី​ផលប្រយោជន៍​​ផ្ទាល់ខ្លួ​ន៕