ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត និង​នយោបាយ​របស់​លោក​លន់ ន​ល់ (នៅមានត)

8 ឆ្នាំ មុន

លោក​លន់ ន​ល់ កើត​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩១៣ នៅ​ខេត្តព្រៃវែង​ក្នុង​គ្រួសារ​ខ្មែរ​ដើម​កំណើត​ចិន ។ ឪពុក​របស់​លោក​លន់ ន​ល់ ឈ្មោះ​លន់ ហ៊ិ​ន ម្តាយ​ឈ្មោះ​នួន ហើយ​លោក​ជា​កូន​ទី​២ ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​១០​នាក់

លោក​លន់ ន​ល់ កើត​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩១៣ នៅ​ខេត្តព្រៃវែង​ក្នុង​គ្រួសារ​ខ្មែរ​ដើម​កំណើត​ចិន ។ ឪពុក​របស់​លោក​លន់ ន​ល់ ឈ្មោះ​លន់ ហ៊ិ​ន ម្តាយ​ឈ្មោះ​នួន ហើយ​លោក​ជា​កូន​ទី​២ ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​១០​នាក់ ក្នុង​នោះ​ប្អូនប្រុស​ទី​៧ របស់​គាត់​ឈ្មោះ​លន់ ណុ​ន ជា​មនុស្ស​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ន​យោ​បា​ខ្មែរ​ចាប់តាំងពី​ការ​ចាត់ចែង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ និង​ការ​បង្កើត​របប​សាធារណរដ្ឋ​ខ្មែរ ។

ឪពុក​របស់​លោក​លន់ ន​ល់ ធ្លាប់​ជា​អភិបាលស្រុក នៅ​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ បន្ទាប់​ពី​បាន​ដឹកនាំ​ក្រុម​បង្ក្រាប​ចោរប្លន់​នៅ​ខេត្តព្រៃវែង ។ លោក​លន់ ន​ល់ ទទួល​បានការ​អប់រំ​នៅ​សាលា​សា​សឺ​លូ​ប​-​ឡូ​បា (Chasseloup-Laubat) ក្នុង​ទីក្រុង​សាយ​ហ្ក​ន បន្ទាប់​មក​ចូល​សិក្សា​នៅ​សាលា​យោធា​កម្ពុជា ។

យោង​តាម​ឯកសារ​រៀបរៀង​ដោយ​លោក​ខឿន សា​ឃាង​ថា លោក​លន់ ន​ល់ ជា​មន្ត្រី​ស៊ី​វិល​ក្នុង​សម័យ​អាណានិគម​បារាំង​នា​ឆ្នាំ​១៩៣៧ ។ លោក​បាន​ក្លាយជា​អ្នក​កាន់​អំណាច​រដ្ឋបាល ហើយ​ក៏​បាន​ធ្វើខ្លួន​ឱ្យ​ក្លាយជា​អ្នក​ប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​បារាំង ប្រឆាំង​បង្ក្រាប​ចលាចល​ជា​បន្តបន្ទាប់​នៃ​ការ​ប្រឆាំង​នឹង​អាណានិគម​បារាំង​នា​ឆ្នាំ​១៩៣៩ ។ លុះដល់​ឆ្នាំ​១៩៤៦ លន់ ន​ល់​បាន​ក្លាយជា​ចៅហ្វាយ​ខេត្តក្រចេះ ។ គាត់​បាន​ក្លាយជា​សហការី​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ ហើយ​នៅ​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ នៅ​ពេល​ដែល​គាត់​បាន​បង្កើត​ចលនា​ស្តាំ​និយម​, រាជាធិបតេយ្យ ជា​ក្រុម​នយោបាយ​គាំទ្រ​ឯករាជ​ភាព​ដែល​ធ្វើ​ឲ្យ​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ប្រទេស​កម្ពុជា ខ្លាំង​ឡើង​ៗ ។ លន់ ន​ល់​បាន​ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ​១៩៥២ ហើយ​គាត់​គាត់​បាន​ដឹកនាំ​ប្រតិបត្តិការ​កងទ័ព​ប្រឆាំង​វៀត​មិ​ញ ។

បន្ទាប់​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក គណបក្ស​កំណែទម្រង់​ខ្មែរ (Khmer Renovation) របស់​លន់ ន​ល់  (​រួម​និង​គណបក្ស​ស្តាំ​និយម តូច​ៗ​ដែល​ដឹកនាំ​ដោយ​សម សារី និង​ដាប ឈួ​ន​) បាន​ក្លាយជា​គណបក្ស​ស្នូល​របស់​គណបក្ស​សង្គមរាស្ត្រនិយម​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ សម្រាប់​ប្រជែង​ការ​បោះ​ឆ្នោត ឆ្នាំ​១៩៥៥ ។

លោក​លន់ ន​ល់ ត្រូវ​បាន​តែងតាំង​ជា​នាយសេនាធិការ​កងទ័ព​នៅ​ឆ្នាំ​១៩៥៥ និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​នៅ​ឆ្នាំ​១៩៦០ និង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផង​ដែរ ។

នៅ​ពេល​នោះ លន់ ន​ល់ ជា​អ្នកគាំទ្រ​ម្នាក់​ដែល​ទទួល​បានការ​ទុកចិត្ត​ពី​សម្តេចព្រះ​នរោត្តម សីហ​នុ ។ ឆ្នាំ​១៩៦៣ លន់ ន​ល់់​ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ខណៈ​ដែល​សម្តេចព្រះ​នរោត្តម សីហ​នុ ព្យាយាម​ស្វែងរក​ចលនា «​អព្យាក្រឹត​និយម​» ជា​អន្តរជាតិ​ក្នុង​បំណង​បញ្ចៀស​ប្រទេស​កម្ពុជា​ពី​ការ​ប៉ះពាល់​ដោយ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​២ ។     

នៅ​ឆ្នាំ​១៩៦៦ ការ​បោះ​ឆ្នោត​សភា បាន​ធ្វើ​ឱ្យ​មាន​តុល្យភាព​អំណាច​ចំពោះ​លន់ ន​ល់ និង​សមាសធាតុ​ស្តាំ​និយម​របស់​គណបក្ស​សង្គមរាស្ត្រនិយម​នៅ​ពេល​ដែល​បេក្ខជន​អភិរក្ស និង​ពួក​ស្លាប​ស្តាំ​ត្រូវ​បាន​ជ្រើសរើស​យ៉ាងច្រើន ។ លោក​លន់ ន​ល់ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី ហើយ​គាត់​គឺជា​មនុស្ស​ដែល​ប្រកៀក​ស្មា​គ្នា​ជាមួយ​សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ពួក​កុម្មុយនីស្ត ។ ជាក់ស្តែង នៅ​ចន្លោះ​ឆ្នាំ​១៩៦៦-១៩៦៧ កង​អន្តរាគមន៍​របស់​លន់ លន់ រួម​ជាមួយ​កង​រាជ​តម្រួត​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​បង្ក្រាប​ការ​បះបោរ​របស់​កសិករ​នៅ​សំឡូត ខេត្តបាត់ដំបង ដែល​ត្រូវ​បាន​ញុះញង់​ដោយ​ពួក​កុម្មុយនីស្ត ។ ការ​បះបោរ​នេះ​កើតឡើង​ពី​កសិករ​លក់​ស្រូវ​ទៅ​ឱ្យ​កងទ័ព​កុម្មុយនីស្ត​វៀតណាម​ដែល​ដើរ​ប្រមូល​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​រដ្ឋាភិបាល​សង្គមរាស្ត្រនិយម​។ ការ​បង្ក្រាប​នេះ​មាន​សភាព​ឃោរឃៅ និង មាន​រយៈពេល​ច្រើន​ខែ រហូត​ដល់​មានការ​ប្រយុទ្ធ​ប្រដាប់​អាវុធ និង​មាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​បុគ្គល​ណា​កាត់​បាន​ក្បាល​ពួក​កុម្មុយនីស្ត ។ មនុស្ស​ជា​ច្រើន​បាន​រត់​ចូល​ព្រៃ និង អ្នកខ្លះ​ត្រូវ​បាន​ចាប់ចង​ធ្វើ​ទណ្ឌកម្ម​សួរ​ចម្លើយ​។ សារព័ត៌មាន​នានា នា​សម័យ​នោះ​បាន​ប៉ាន់​ប្រមាណ​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១.០០០​នាក់ ក្លាយជា​ជន​រង​គ្រោះ ហើយ​អ្នកខ្លះ​ទៀត​មាន​គំនុំ​ជាមួយ​រដ្ឋាភិបាល​សង្គមរាស្ត្រនិយម​យ៉ាង​ខ្លាំង ។ លោក​លន់ ន​ល់ ធ្លាប់​បាន​ធ្វើ​ជា​អភិបាលខេត្ត​បាត់ដំបង​នោះ​ដែរ ។

លោក​លន់ ន​ល់ បាន​រង​របួស​ក្នុង​គ្រោះថ្នាក់​រថយន្ត​នៅ​ចុងឆ្នាំ​១៩៦៨ និង​ត្រូវ​បាន​បង្ខំ​ឱ្យ​ថយ​ពី​កិច្ចការ​នយោបាយ​ជា​បណ្តោះអាសន្ន ។ ទោះ​យ៉ាងណា​ក្តី នៅ​ឆ្នាំ​១៩៦៨ លន់  ន​ល់ បាន​វិល​ត្រឡប់​មក​ក្នុង​ឆាកនយោបាយ​វិញ ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​១៩៦៩ គាត់​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី ជា​លើក​ទី​២​។

ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​១៩៧០ លោក​លន់ ន​ល់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មេខ្លោង​ម្នាក់ ក្នុង​ចំណោម​មនុស្ស​សំខាន់​បំផុត​ទាំង​៣​រូប ក្នុង​ការ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ ពី​តំណែង​ជា​ព្រះ​ប្រមុខរដ្ឋ ។

នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​១៩៧០ លោក​លន់ ន​ល់ និង​សិរី​មតៈ បាន​បិទ​កំពង់​ផែ​ព្រះ​សីហ​នុ ជាទី​ដែល​អាវុធយុទ្ធភណ្ឌ ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​លួចលាក់​សម្រាប់​ពួក​វៀត​កុង ទៅ​ឱ្យ​កងទ័ព​វៀតណាម​ខាងជើង ។                            

នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​របស់​លន់ ន​ល់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សម្តេចព្រះ​នរោត្តម សីហ​នុ នៅ​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​១៩៦៩ ដោយសារ​ពេល​នោះ​ប្រទេស​ជាតិ​កំពុង​មាន​ស្ថានភាព​ធ្ងន់​ធ​នោះ​បាន​ផ្ញើ​លិខិត​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ និង​រណសិរ្ស​រំដោះជាតិ​វៀតណាម​ខាងត្បូង​ដោយ​ដាក់​ឱសានវាទ ឱ្យ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ទឹកដី​ខ្មែរ​ឱ្យ​អស់​ក្នុង​រយៈពេល​៤៨​ម៉ោង ពោល​គឺ​មិន​ឱ្យ​យឺត​ជាង​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​១៩៧០ បើ​ពុំនោះ​ទេ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​វិធានការ​យោធា ។ មុន​នេះ លន់ ន​ល់ ធ្លាប់​បាន​ជួប​ប្រធាន​រណសិរ្ស​វៀត​កុង និង​នាយក​មន្ត្រី​វៀតណាម​ខាងជើង​នៅ​ប៉េ​កាំ​ង ជំរុញ​ឱ្យ​ពួក​គេ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា ប៉ុន្តែ​គាត់​ទទួល​បាន​លទ្ធផល​ជាទី​ខកចិត្ត​យ៉ាង​ខ្លាំង ។

នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​១៩៧០ នៅ​ទី​ក្រុងប៉ារីស សម្តេចព្រះ​នរោត្តម សីហ​នុ បាន​មាន​បន្ទូល​ថា​ព្រះ​អង្គ​នឹង​យាង​ត្រឡប់​មក​កម្ពុជា​ក្នុង​ពេល ឆាប់​ៗ​ដើម្បី​រៀបចំ​អព្យាក្រឹតភាព​កម្ពុជា​ឡើង​វិញ ប៉ុន្តែ​ព្រះ​អង្គ​ត្រូវ​យាង​ចាក​ចេញពី​បារាំង​ទៅ​ឈប់​សំចត​នៅ​មូ​ស្គូ និង​ប៉េ​កាំ​ង ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​រដ្ឋាភិបាល​ទាំង​ពីរ​នេះ​ដាក់​គំនៀប​លើ​វៀតណាម​ខាងជើង និង​វៀត​កុង​ឱ្យ​ដក​ចេញពី​ទឹក​ខ្មែរ ។

ដោយ​សំអាង​លើ​សេចក្តី​ប្រកាស​នេះ គេ​ឃើញ​ថារ​ដា្ឋ​ភិ​បាល​ភ្នំពេញ​ដែល​កំពុង​ត្រូវ​បាន​ដឹកនាំ​ជំនួស​ដោយ​លោក​លន់ ន​ល់ ក៏​ដូច​ជា​សម្តេចព្រះ​នរោត្តម សីហ​នុ​ដែរ​កំពុងធ្វើការ​ក្នុង​គោលដៅ​តែ​មួយ ពោល​គឺ​ដើម្បី​បណ្តេញ​កងទ័ព​យួន​កុម្មុយនីស្ត និង​វៀត​កុង​ឱ្យ​ចេញពី​ទឹកដី​កម្ពុជា គ្រាន់តែ​ក្នុង​របៀប​ផ្សេង​គ្នា​ប៉ុណ្ណោះ ។ ដោយហេតុ​នេះ​ធ្វើ​ឱ្យ​គេ​ឆ្ងល់​ថា​ហេតុ​អ្វី​បានជា​ព្រះ​អង្គ​បញ្ចេញ​ប្រតិកម្ម​បែប​នេះ​ទៅ​វិញ ។

ស្ថានភាព​នៅ​កម្ពុជា​ពុំ​មាន​ភាព​ស្រាកស្រាន្ត​សោះឡើយ ។ ទឹកចិត្ត​របស់​រាស្ត្រ​ខ្មែរ​កាន់តែពោរពេញ​ទៅ​ដោយ​កំហឹង ខ្លាំង​ឡើង​ៗ​ចំពោះ​កងទ័ព​វៀតណាម​ខាងជើង និង​ពួក​វៀត​កុង ។ ព្រឹក​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​១៩៧០ បាតុកម្ម​ដ៏​ធំ​មួយទៀត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុខ​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​អង្គការ​កំពូល​នេះ​ចោទប្រកាន់​ឥស្សរជន​ស៊ី​វិល និង​យោធា​មួយ​ចំនួន​ពី​បទ​សមគំនិត​ជាមួយ​វៀតណាម​កុម្មុយនីស្ត ដែល​មនុស្ស​ទាំងនោះ​សុទ្ធ​ជា​មនុស្ស​ក្នុង​រាជវង្ស ឬ​ក៏​ជា​អ្នក​ស្និទ្ធ​នឹង​អ្នក​ម្នាង​ម៉ូ​និក ដូច​ជា អ៊ុំ ម៉ា​ណូ​រិ​ន្ទ ជាដើម។

ស្អែក​ឡើង គឺ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​១៩៧០ បាតុកម្ម​បាន​ចាប់ផ្តើម​កញ្ជ្រោល​ឡើង​ម្តងទៀត​។ សភា​បាន​បន្ត​ការ​ប្រជុំ​តាម​ការ​គ្រោងទុក ។ ការ​ចោទប្រកាន់​ចំពោះ​សម្តេចព្រះ​នរោត្តម សីហ​នុ កាន់តែ​មាន​ភាព ជូរ​ចត់​ឡើង​ៗ ។ រថពាសដែក និង​រថយន្ត​ដឹក​កងទ័ព​ត្រៀមប្រយុទ្ធ បាន​ធ្វើ​ចលនា​ខ្វាត់ខ្វែង​តាម​ដងផ្លូវ ធំ​ៗ​ពាសពេញ​ទីក្រុង ។

យោង​តាម​ឯកសារ ខ្លះ «​លន់ ន​ល់ បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ដកហូត​សម្តេចព្រះ នរោត្តម សីហ​នុ ពី​តំណែង​ជា​ប្រមុខរដ្ឋ​ឡើយ ។ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ បាន​ចាក់​កាស្សែត​ដែល​គេ​លួច​ថត​ពេល​សម្តេចព្រះ​នរោត្តម សីហ​នុ មាន​បន្ទូល​នៅ​ក្នុង​អង្គប្រជុំ​មួយ នៅ​ទី​ក្រុងប៉ារីស ឱ្យ​លន់ ន​ល់​ស្តាប់ ។ ក្នុង​ខ្សែអាត់​នោះ​ព្រះ​អង្គ​បាន​ស្តីបន្ទោស ចំ​ៗ​ឈ្មោះ​នូវ​មនុស្ស​ដែល​ព្រះ​អង្គ​ហៅ​ថា «​ជា​អ្នក​ក្បត់​ព្រះ​អង្គ​» ហើយ​ថា​ព្រះ​អង្គ​នឹង​ដាក់​ទណ្ឌ​ពួក​អ្នក​ទាំងនោះ​ភ្លាម នៅ​ពេល​ព្រះ​អង្គ​យាង​ត្រឡប់​មក​ដល់​ភ្នំពេញ ។ ទោះជា​យ៉ាងណា​ក្តី នាយក​រដ្ឋមន្ត្រី​លោក​សេនាប្រមុខ លន់ ន​ល់ នៅ​តែ​មិន​ប្រាកដ​ថា​នឹង​ញុះញង់​ឱ្យ​សភា​បោះ​ឆ្នោត​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ​នៅឡើយ ។ យប់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​១៩៧០​នោះ ព្រះ​អង្គ​ម្ចាស់ សិរី​មតៈ ដោយ​មាន​មន្ត្រី​យោធា​៣​រូប បាន​ទៅ​ដល់​ភូមិ​គ្រឹះ​របស់​សេនាប្រមុខ​លន់ ន​ល់ ហើយ​ភ្ជង់​កាំភ្លើង​បង្ខំ លន់ ន​ល់ ដែល​កំពុង​ជោកជាំ ដោយ​ទឹកភ្នែក​ឱ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ចាំបាច់​ទាំងឡាយ​ដើម្បី​ដកហូត​សម្តេចព្រះ​នរោត្តម សីហ​នុ ។ ស្អែក​ឡើង​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សភា បាន​បោះ​ឆ្នោត​ជា​ឯក​ឆន្ទ ដកហូត​សម្តេចព្រះ​ន​រោ​ត្ត សីហ​នុ ពី​អំណាច​» ។

ថ្វី​ដ្បិតតែ​ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ តែងតែមាន​បំណង​ដកហូត​សម្តេចព្រះ​នរោត្តម សីហ​នុ ពី​អំណាច​កំពូល​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ព្រះ​អង្គជា «​សែស្រឡាយ​នរោត្តម​» ក៏​ពិតមែន ប៉ុន្តែ​យើង​យល់​ថា ការ​អះអាង​នោះ​នេះ​មិនសូវ​ទំនង​ឡើយ គឺ​យើង​យល់​ថា​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ មិន​ហ៊ាន​ធ្វើ​បែប​នោះ​ចំពោះ​លន់ ន​ល់ ឡើយ ។​   

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» របស់​បណ្ឌិត​សាស្ត្រាចារ្យ​រស់ ច​ន្ត្រា​បុត្រ បាន​តាម​រុករក​ឃើញ​នូវ​រឿង​អាថ៌​កំបាំង​មួយ​ដែល​នាំ​ឱ្យ​លន់ ន​ល់ សម្រេចចិត្ត​អនុញ្ញាត​ឱ្យ​មានការ​ដកហូត​សម្តេចព្រះ​នរោត្តម សីហ​នុ ពី​អំណាច ថា​គឺជា​ល្បិច​របស់​ប្អូនប្រុស​គាត់ គឺ លន់ ណុ​ន ។

រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​១៩៧០ អំណាច​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ នៅ​តែ​មាន​សុវត្ថិភាព​នៅឡើយ ដ្បិត​មនុស្ស​ពីរ​រូប​គឺ លន់ ន​ល់ និង​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ មិន​ទាន់​បើកផ្លូវ ។

ពិត​ហើយ​ថា សិរី​មតៈ កំពុង​តែ​រង់ចាំ​យ៉ាង​អន្ទះសា​បន្ទាប់​ពី​ការ​ប៉ុនប៉ង​របស់​ព្រះ​អង្គ​ក្នុង​ការ​ដកហូត​សម្តេច​សីហ​នុ ចេញពី​អំណាច ដើម្បី​យក​មកុដរាជ្យ ទៅ​បំពាក់​ឱ្យ​មនុស្ស​ណា​ម្នាក់​ដែល​ជា​សែស្រឡាយ​ស៊ី​សុវត្ថិ ។ ទោះជា​យ៉ាងណា​ក្តី ព្រះ​អង្គ​ទំនងជា​មិន​ចង់​ទទួលខុសត្រូវ​រឿង​នេះ​តែ​១​អង្គ​ឯង ទើប​ព្រះ​អង្គ​នៅ​ចាំ​មើល​ការ​ឈាន​មួយ​ជំហាន​មុន​របស់ លន់ ន​ល់ ដែល​ជា​ជំហាន​ចុង​ក្រោយ​ដើម្បី​ទម្លាក់​សម្តេច​សីហ​នុ ខណៈ​លន់ ន​ល់ ហាក់ដូចជា​មិន​ទាន់​ប្រាកដ​ថា​ធ្វើ​យ៉ាងណា ដែល​មាន​ន័យ​ថា នាយក​រដ្ឋមន្ត្រី​រូប​នេះ មិន​ទាន់​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ប៉ះពាល់​ដល់​ឋានៈ​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ​ទេ ។

បណ្ឌិត​សាស្ត្រាចារ្យ​រស់ ច​ន្ត្រា​បុត្រ បាន​ទម្លាយ​ឱ្យ​ដឹង​ថា «​នៅ​យប់​ថ្ងៃ​ទី​១៧ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០​នោះ លន់ ណុ​ន អម​ដោយ​ហង្ស ធន់​ហាក់​, ឆ​ន សុខុម និង​គង់ អ៊​ន បាន​ទៅ​ភូមិ​គ្រឹះ​របស់​លន់ ន​ល់ ហើយ​បាន​ប្រាប់​លោក លន់ ន​ល់ ថា​៖ « លោក​បង ព្រះ អង្គ​ម្ចាស់ សិរី​មតៈ បាន​សម្រេច​ព្រះ​ទ័យ​ដកហូត​តំណែង​របស់​សម្តេច​សីហ​នុ​ហើយ​» ។

លោក​សេនាប្រមុខ លន់ ន​ល់ ដែល​ទើបតែ​ភ្ញាក់​ពី​ដំណេក​ដោយសារ​ប្អូនប្រុស​របស់​គាត់​ដាស់ បន្ទាប់​ពី​ពួក​គេ​បាន​ឈរ​រង់ចាំ​យ៉ាង​យូរ​មក​នោះ បាន​ប្រាប់​ទៅ​លោក​លន់ ណុ​ន វិញ​ថា​៖ «​បើ​មតៈ ព្រមព្រៀង​រួច​ទៅ​ហើយ យើង​មាន​តែ​សម្រេច​ធ្វើ​អីុ​ចឹ​ង​ទាំងអស់​គ្នា !» ។

តាម​ពិត​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ មិន​ទាន់​បាន​ផ្តល់​ការ​យល់ព្រម​នៅឡើយ ។ បន្ទាប់​មក​ទៀត លោក​លន់ ណុ​ន បាន​ចាក​ចេញពីផ្ទះ​បងប្រុស​របស់​គាត់​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ហើយ​បាន​ទូល​ព្រះ​អង្គ​ថា បងប្រុស​របស់​គាត់​គឺ លន់ ន​ល់ បាន​សម្រេចចិត្ត ចាត់ការ​ទម្លាក់​សីហ​នុ​ហើយ ដែល​តាម​ពិត​ទៅ លោក​សេនាប្រមុខ​លន់ ន​ល់ បាន​ចាញ់បោក​គាត់​(​លន់ ណុ​ន​) តែ​ប៉ុណ្ណោះ ។ ដោយហេតុ​នេះ ស្អែក​ឡើង គឺ​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​១៩៧០ រដ្ឋសភា និង​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​បាន​សម្រេច​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ ដកហូត​សម្តេច សីហ​នុ ពី​តំណែង​ជា​ព្រះ​ប្រមុខរដ្ឋ នៅ​ម៉ោង ១៣​និង​៣០​នាទី​» ។

យប់​ថ្ងៃ​ទី​១៨ មីនា ១៩៧០ នាយក​រដ្ឋមន្ត្រី លន់ ន​ល់ បាន​ប្រកាស​បង្កើត​របប​សាធារណរដ្ឋ​មួយ​នៅ​កម្ពុជា នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។ ការ​ប្រកាស​បែប​នេះ បណ្ឌិត​រស់ ច​ន្ត្រា​បុត្រ បាន​អះអាង​ថា ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់ វរសេនីយ៍ត្រី​លន់ ណុ​ន ។ ប៉ុន្តែ​បន្ទាប់​ពី​ត្រូវ​បាន​គេ​រាយការណ៍​ថ្វាយ​អំពី​សេចក្តី​ប្រកាស​នោះ ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ បាន​ជំទាស់ ហើយ​បាន​ស្នើ​ឱ្យ​លើក​សេចក្តី​ប្រកាស​នោះ​ទៅ​ធ្វើ​នៅ ថ្ងៃក្រោយ ។

នៅ​ពេល​ឃើញ​ថា ដំណើរ​នៃ​ការ​បង្កើត​របប​សាធារណរដ្ឋ​មួយ​នៅ​កម្ពុជា​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ដែល​ចង់ឱ្យ ប្រទេស​កម្ពុជា នៅ​ជា​ប្រទេស​រាជាធិប​តេយ្យ តទៅ​ទៀត​នោះ ទើប​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​១៩៧០ លន់ ណុ​ន បាន​បញ្ជា​ឱ្យ​ថា​ច់ ជា (​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម​) រៀបចំ​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​ឈ្មោះ​ថា «​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ស្របគ្នា ខាង​ផ្លូវចិត្ត​គំនិត​» នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក្រុងភ្នំពេញ ។ បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​សំណូមពរ​ឱ្យ​សេនាប្រមុខ​លន់ ន​ល់ បង្កើត​របប​សាធារណរដ្ឋ​មួយ​នៅ​កម្ពុជា ។ បន្ទាប់​ពី​ការ​ជួបជុំ​គ្នា​នៃ​ហ្វូង​បាតុករ​នេះ​ទៅ លន់ ណុ​ន បាន​សន្យា​យ៉ាង​ឱឡារិក​ថា របប​សាធារណរដ្ឋ​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។

ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ និង​មនុស្ស​របស់​ព្រះ​អង្គ​នៅ​តែ​មិន​ព្រម ហើយ​ព្រះ​អង្គ​ម្ចាស់​លេចធ្លោ​ជាងគេ​នៃ​សែស្រឡាយ​ស៊ី​សុវត្ថិ អង្គ​នេះ​លើក​ហេតុផល​ថា ពេលវេលា​ពុំ​ទាន់​មក​ដល់​ឡើយ ហើយ​ថា​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​រូបភាព​នៃ​របប​ថ្មី​នេះ​នៅ​លើ​ឆាក​អន្តរជាតិ និង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​របប​នេះ​នៅ​ក្នុង​សម័យប្រជុំ​អង្គការសហ​ប្រជាជាតិ ឆាប់​ៗ​ខាង​មុខ ។

ទោះជា​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ខំ​រាំង​ខ្ទប់​យ៉ាងណា​ក៏​មិន​បាន​ដែរ ហើយ​ទីបំផុត​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​១៩៧០ បាន​មក​ដល់ ហើយ​របប​សាធារណរដ្ឋ​ខ្មែរ បាន​ប្រកាស​បង្កើត​ឡើង និង​ប្រកាស​ឱ្យ​មានការ​រៀបចំ​ធ្វើបុណ្យ​ទូ​ទាំង​ប្រទេស ។ នេះ​ជា​លើក​ទី​១ និង​តែ​ម្តង​គត់ ដែល​របប​សាធារណរដ្ឋ បាន​ចាប់កំណើត​នៅ​លើ​ទឹកដី​កម្ពុជា ។ ប្រការ​នេះ​ធ្វើ​ឱ្យ​មនុស្ស​នៃ​ភាគី​ទាំង​ទ្វេ​មាន​ទំនាស់​នឹង​គ្នា​កាន់តែ​ស្រួចស្រាល់​ឡើង​ថែម​ទៀត ។ ដោយហេតុ​នេះ​នៅ​ឆ្នាំ​១៩៧០ សេនាប្រមុខ​លន់ ន​ល់ បាន​ក្លាយជា​ប្រធានាធិបតី​ទី​១ និង​តែ​ម្នាក់​គត់​របស់​សាធារណរដ្ឋ​នៅ​កម្ពុជា ។ លន់ ន​ល់ មាន​ឋានៈ​ជា​អគ្គសេនាធិការ​កងទ័ព ហើយ​គាត់​បាន​ចែករំលែក​អំណាច​ជាមួយ​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ដោយ​ប្រគល់​ថ្វាយ​ព្រះ​អង្គ​ឱ្យ​ជា​អ្នក​ទទួល​បន្ទុក​នយោបាយ ពោល​គឺជា​មនុស្ស​ទី​២ បន្ទាប់​ពី​លន់ ន​ល់ ក្នុង​របប​នេះ ។

តាំងពី​ឡើង​កាន់​អំណាច​មក សេនាប្រមុខ លន់ ន​ល់ បាន​ចាប់ផ្តើម​ធ្វើសង្គ្រាម​បណ្តេញ​កងទ័ព​វៀតណាម​ខាងជើង និង​វៀត​កុង​ចេញពី​ទឹកដី​កម្ពុជា ។ ដោយហេតុ​នេះ រដ្ឋាភិបាល​របស់​លន់ ន​ល់​ទទួល​បាន​ជំនួយ​ទាំងស្រុង​ពី​សហរដ្ឋអាមេរិក ដែល​កំពុង​ជួយ​វៀតណាម​ខាងត្បូង ធ្វើសង្គ្រាម​ជាមួយ​វៀតណាម​ខាងជើង ។

ជា​អកុសល​រដ្ឋាភិបាល​សាធារណរដ្ឋ​ខែ្ម​រ​របស់​លន់ ន​ល់ មិន​មានសំណាង​ល្អ​ឡើយ ដោយសារ​អំពើ​ពុក​រលួយ​នៅ​តែ​បន្ត​រស់រាន​មានជីវិត​នៅ​លើ​ទឹកដី​នេះ​ដដែល ហើយ​មាន​សភាព​ធ្ងន់​មិន​ចាញ់​កាលពី​ប្រទេស​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ​ឡើយ​។ មិន​មាន​ករណី​ពុក​រលួយ​ណាមួយ​ត្រូវ​បាន​ដោះស្រាយ​ឡើយ ហើយ​បុគ្គល​ដែល​គេ​ធ្លាប់​បាន​ចោទ​ថា​ពុក​រលួយ​ដល់​កំពូល​ក្នុង​របប​សម្តេចព្រះ​នរោត្តម សីហ​នុ ដូច​ជា​សូ​ស្តែ​ន ហ្វែ​ណ​ង់​ដេ​ស​ជាដើម នៅ​តែ​បន្ត​រស់នៅ​ដោយ​សុខសាន្ត គ្មាន​ទោស ថែម​ទាំង​នៅ​តែ​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​ទៀត​ផង ។ សម្ភារ​សឹក ដែល​ជា​ជំនួយ​របស់​អា​មេ​រិ​ក​មិន​ត្រូវ​បាន​គេ​ប្រគល់​ឱ្យ​កងទ័ព​ដោយ​គ្រប់គ្រាន់​ឡើយ បែរជា​ត្រូវ​គេ​ដាក់​លក់​នៅ​តាម​ផ្សារ​ដូច​ជា​ផ្សារ​អូ​ឡាំ​ពិ​ក​ជាដើម ហើយ​ប្រជាជន​ខ្មែរ​ដែល​ស្រឡាញ់​ជាតិ​បាន​នាំ​គ្នា​លក់​គោក្របី និង​ស្រែ​ចំការ​ទៅ​ទិញ​សម្ភារ​ទាំងនោះ ដើម្បី​ធ្វើ​ដំណើរ​ចូល​សមរភូមិ រីឯ​កងទ័ព​ខ្លះ​នាំ​ទាំង​ប្រពន្ធ​កូន​ទៅ​ជាមួយ​ផង ។

កងទ័ព​របស់​លន់ ន​ល់ ដែល​គ្មាន​បទ​ពិសោធ ពុំ​មាន​យុទ្ធភណ្ឌ​គ្រប់គ្រាន់ ខ្វះ​ការ​ដឹកនាំ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ ត្រូវ​បាន​កងទ័ព​កុម្មុយនីស្ត​វៀតណាម​វាយ​កម្ទេច​ខ្សែត្រៀម និង​សម្លាប់​យ៉ាង​អាណោចអាធ័ម​ជា​បន្តបន្ទាប់ ។

របប​សាធារណរដ្ឋ​ខ្មែរ ត្រឹមតែ​រយៈពេល​៥​ឆ្នាំ​សោះ គឺ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ គេ​ឃើញ​មានការ​ប្តូរផ្លាស់​គណៈរដ្ឋមន្ត្រី​ជា​ច្រើន​លើក​ច្រើន​សា​ដែល​ក្នុង​នោះ គឺ​គណៈ​រដ្ឋមន្ត្រី​របស់​ព្រះ​អង្គ​ម្ចាស់ សិរី​មតៈ​, របស់​លោក ហង្ស ធន់​ហាក់​, របស់​លោក​អុ​ិ​ន តាំ (២​លើក​), របស់ លោក​សឺ​ង ង៉ុ​កថា​ញ់​, របស់​លោក​ឡុ​ង បូ​រ៉េ​ត (៣​លើក​) ។ ប៉ុន្តែ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ណាមួយ​ទទួល​បាន​ជោគជ័យ​ធំដុំ​ឡើយ ។ ចំណុច​គួរ​កត់សម្គាល់​មួយ គឺថា ទោះជា​មានការ​ផ្លាស់​ប្តូរ​ញឹកញាប់​យ៉ាងណា​ក្តី ប៉ុន្តែ​សមាសភាព​នៃ​រដ្ឋមន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​នោះ ភាគច្រើន​គឺជា​មនុស្ស ដដែល​ៗ ពោល​គឺ​ប្តូរផ្លាស់​តែ​នាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ។ ប្រហែល​នេះ​ក៏​ជា​កត្តា​មួយ​ដែល​មាន​ចំណែក​ដល់​ភាព​មិន​ជោគជ័យ​នៃ គណៈរដ្ឋមន្ត្រី​ទាំងនោះ​ដែរ ។

ការ​ផ្លាស់​ប្តូរ​របត់​នយោបាយ​របស់​មហាអំណាច​នាំ​ឱ្យ​អា​មេ​រិ​ក​ព្រម​ទទួលយក​ថា​ជា​អ្នក​ចាញ់​សង្គ្រាម​នៅ​វៀតណាម ។ ប្រការ​នេះ ប្រទេស​កម្ពុជា​លែង​ក្លាយជា​ទឹកដី​ដែល​អា​មេ​រិ​ក​ត្រូវការ​ចាំបាច់​ទៀត​ហើយ ។ ហេតុនេះ​រដ្ឋាភិបាល​អា​មេ​រិ​ក ក៏​បាន​ផ្តាច់ជំនួយ​មក​ឱ្យ​រដ្ឋាភិបាល​លោក​លន់ ន​ល់ ជា​បន្តបន្ទាប់ ។

សម្តេចព្រះ​នរោត្តម សីហ​នុ បាន​មាន​បន្ទូល​ថា នៅ​ពេល​ក្រុម​របស់​ព្រះ​អង្គ​បាន​ចូល​កាន់កាប់​ប្រទេស​កម្ពុជា​នោះ ព្រះ​អង្គ​នឹង​បញ្ជា​ឱ្យ​គេ​បាញ់​សម្លាប់​លន់ ន​ល់ ប្រសិនបើ​ចាំបាច់  ប៉ុន្តែ​បើ​លន់ ន​ល់ ព្រម​ចុះចាញ់ ហើយ​និរទេស​ចេញពី​កម្ពុជា គាត់​នឹង​មិន​តាម​ចាប់ខ្លួន ឬ​តាម​ចងកម្ម​ឡើយ ។ ដោយហេតុ​នេះ​ទើប​ទីបំផុត​សហរដ្ឋអាមេរិក បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ លន់ ន​ល់ ទទួលយក​ជម្រើស​ចុង​ក្រោយ​នេះ ។

ក្នុង​របប​លន់ លន់ មាន​ព្រឹត្តិការណ៍​ជា​ច្រើន ក្នុង​នោះ​ព្រឹត្តិការណ៍​មួយ គឺ​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​ទៅ​លើ​សាលា​គរុកោសល្យ នៅ​ក្រុងភ្នំពេញ ។

ខណៈ​ពួក​ខ្មែរក្រហម​ចូល​ជិត​ដល់​ភ្នំពេញ របប​លន់ លន់ ដែល​កំពុង​មាន​វិបត្តិ​ស្បៀងអាហារ និង​អគ្គិសនី ក្រុម​គ្រូបង្រៀន និង​និស្សិត​នាំ​គ្នា​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ពី​បញ្ហា​នានា តាំងពី​បញ្ហា​អភិបាលកិច្ច និង​បញ្ហា​តម្លៃ​ប្រេងសាំង​ជាដើម ។ លោក  Emopry Swak  ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​ឯកសារ​មួ​ួ​យ​នា​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​១៩៧៣​ថា ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​នា​ម៉ោង​ប្រមាណ​១១​និង​៤៥​នាទី​ព្រឹក​នេះ នៅ​សាលា​គរុកោសល្យ ជា​កន្លែង​ក្រុម​គ្រូបង្រៀន​ធ្វើ​កូដកម្ម​ដោយ​ប្រមូលផ្តុំ​គ្នា​ដ៏​ធំ​មួយ ។

លោក Emory  Swank ទទួល​បាន​របាយការណ៍​សម្ងាត់​ថា​ជន​ស៊ី​វិល​៣​នាក់​បាន​វាយ​ទៅ​លើ​គ្រូបង្រៀន ហើយ​ពួក​គេ​ត្រូវ​បាន​ចាប់ចង ។ បន្ទាប់​ពី​ស្ថានការណ៍​នោះ​ស្ងប់​ស្ងាត់ ស្រាប់តែ​គ្រាប់បែកដៃ​ផ្ទុះ​ឡើង ហើយ​មនុស្ស​ប្រហែល​៥០​នាក់​ស្លៀកពាក់​ស៊ី​វិល​បាន​វាយប្រហារ​ទៅ​លើ​សាលា​គរុកោសល្យ ដោយ​សួរ​រក​ជន​ស៊ី​វិល​ទាំង​៣​នាក់​នោះ​នៅ​ទីណា ។

តាម​របាយការណ៍​ដំបូង​ថា សិស្ស​ចំនួន​២​នាក់​ស្លាប់ និង​៤​នាក់​ទៀត​រង​របួសធ្ងន់ ។

លោក Emory Swank សរសេរ​នៅ​ក្នុង​លិខិត​ឆ្លើយឆ្លង​របស់​លោក​ថា​៖ «​នា​ថ្ងៃ​ទី​៦ មីនា រដ្ឋាភិបាល​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​គ្រូបង្រៀន​ដែល​ធ្វើ​កូដកម្ម​នៅ​ក្នុង​សេចក្តីសម្រេច​មួយ​ដែល​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​ហង្ស ធន់​ហាក់ ។ រដ្ឋាភិបាល​បាន​ប្រកាស​ថា​ខ្លួន​កំពុង​ចាត់វិធានការ​បញ្ឈប់​ការ​ដំឡើង​ថ្លៃ​ប្រេងសាំង​ខុសច្បាប់ ដោះស្រាយ​បញ្ហា​ប្រាក់ខែ ការពារ​មិន​ឱ្យ​នាំ​ចូល​ផលិតផល​មិន​ចាំបាច់ បង្កើន​ចំណូល និង​ដាក់​ចេញ​នូវ​គោលនយោបាយ​ក្បិត​ក្រៀ​ត ។

ទន្ទឹម​នោះ​រដ្ឋាភិបាល​បាន​ស្នើ​ឱ្យ​គ្រូបង្រៀន​ចូល​បង្រៀន​វិញ ដោយ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ ប៉ុន្តែ​គ្រូបង្រៀន​បដិសេធ ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក​លោក​ហង្ស ធន់​ហាក់ បាន​ប្រកាស​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចំនួន​១៦​ចំណុច ដើម្បី​ធ្វើ​ឱ្យ​ស្ងប់​កំហឹង​របស់​គ្រូបង្រៀន ។

របប​សាធារណរដ្ឋ​ខ្មែរ​របស់​លន់ ន​ល់ ដល់ទី​បញ្ចប់​ដោយ​ពួក​ខ្មែរក្រហម​យកជ័យ​ជម្នះ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ។

នា​ថ្ងៃ​ទី​១ ខែមេសា ១៩៧៥ លន់ ន​ល់​បាន​លាលែង​ពី​តំណែង និង​និរទេស​ខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បន្ទាប់​មក​ទៅ​សហរដ្ឋអាមេរិក និង​បាន​តាំង​លំនៅ​ឋាន​ដំបូង​នៅ​រដ្ឋ​ហា​វ៉ៃ ហើយ​នៅ​ឆ្នាំ​១៩៧៩ នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។

លោក​លន់ ន​ល់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៨៥ ។

ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០
សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» របស់​លោក​បណ្ឌិត​រស់ ច​ន្ត្រា​បុត្រ បាន​អធិប្បាយ​អំពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ ១៨​មីនា ១៩៧០​។  ឯកសារ​នោះ​បាន​សរសេរ​ថា បន្ទាប់​ពី​មាន​សមាជជាតិ​លើក​ទី​២៨ ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​១៩៦៩ ខុទ្ទកាល័យ​ព្រះ​ប្រមុខរដ្ឋ បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​នូវ​ការ​យាង​ចេញដំណើរ​នា​ពេល​ខាង​មុខ ឆាប់​ៗ​របស់​ព្រះ​អង្គ​ឆ្ពោះទៅ​ប្រទេស​បារាំង ដើម្បី​ព្យាបាល​ព្រះ​រោគ​នៅ​ទីនោះ ។

ថ្ងៃខែ​គ្រោង​ទុកជា​មុន​សម្រាប់​ព្រះរាជ​ដំណើរ​ចាកចេញ​នេះ ត្រូវ​បាន​កំណត់​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​១៩៧០ ។

នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​១៩៧០ ពេល​ដែល​សម្តេច​គង់​ព្យាបាល​ព្រះ​រោគ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត គេ​បានឱ្យ​ដំណឹង​ថា ព្រះ​អង្គ​នឹង​យាង​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​វេលា​រសៀល​ប្រហែល​ម៉ោង​៤ ។ នៅ​ពេល​ម៉ោង​កំណត់ ក្បួន​ហែហម​មួយ​បាន​ចាក​ចេញពី​នោះ ប៉ុន្តែ​ពុំ​មាន​រូប​សម្តេច​នៅ​ក្នុង​នោះ​ទេ ។ នៅ​វេលា​ប្រហែល​ម៉ោង​៨​យប់ ការ​ចាកចេញ​មួយ​ជា​លើក​ទី​២ ត្រូវ​បាន​គេ​ធ្វើ​របៀប​ក្លែងបន្លំ​ដូច​លើក​ទី​មួ​ួ​យ​ដែរ ។ នៅ​វេលា​ម៉ោង​១១​យប់ អ្នក​ម្នាង​ម៉ូ​និក បាន​យាង​ចាក​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​សភាព​លបលាក់​ជា​សម្ងាត់​ដោយ​គ្មាន​ក្បួន​ហែហម និង​ដោយ​គ្មាន​សម្តេច​ដដែល ។ រឿង​ទាំង​អស់នេះ​បាន​ប្រព្រឹត្ត​ក្នុង​សភាព​ស្ងប់ស្ងៀម​បំផុត ។

តាម​ការ​និយាយ​របស់​ពួក​អ្នក​ដែល​ពេល​នោះ​ស្ថិត​នៅ​វិមាន​រដ្ឋ​ចំការមន ហើយ​ដែល​ទទួល​រ៉ាប់រង​ការពារ​សន្តិសុខ​អ្នក​ម្នាង​បានឱ្យ​ដឹង​ថា ព្រះ​នាង​បាន​យាង​វិល​ត្រឡប់​មក​ចំការមន​វិញ ដើម្បី​រៀបចំ​វ៉ា​លី​ស ។ នៅ​ពេល​នោះ​មានការ​រប៉ាត់រប៉ាយ​យ៉ាង​ខ្លាំង​ដោយ​ការ​ដឹក​ជញ្ជូន​របស់របរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។ វត្ថុ​មាន​តម្លៃ​ជា​ច្រើន​បាន​ត្រូវ​វេច​ខ្ចប់​ដាក់​ឡាំង​មួយ​ចំនួន ។

ស្អែក​ឡើង ថ្ងៃ​ទី​៦ ខែមករា ទើប​សម្តេច​យាង​ចាក​ចេញពី​មន្ទីរពេទ្យ ។ ប៉ុន្តែ​ក្បួន​ហែហម​បាន​បើក​តម្រង់​ឆ្ពោះទៅ​ព្រះ​បរមរាជវាំង​តែ​ម្តង ជាទី​ដែល​សម្តេច​បាន​ទទួល​ការសូត្រ​ជយ​ន្តោ​ថ្វាយព្រះពរ​ពី​សម្តេចព្រះសង្ឃរាជ​ទាំង​២​គណៈ​(​គណៈ​ធម្មយុត្តិ និង​គណៈមហានិកាយ​) នៅ​ប្រាសាទ​ខេ​ម​រិ​ន្ទ ។

បន្ទាប់​មក​ដោយ​មិន​វាង​តាម​ផ្លូវ​ទៅ​រក​ព្រះរាជ​ដំណាក់​ចំការមន ក្បួន​ដង្ហែ​បាន​បើក​ឆ្ពោះ​សំដៅ​ទៅ​អាកាសយានដ្ឋាន​ពោធិ​ចិន​តុង​តែ​ម្តង ។

ការ​ចេញដំណើរ​មួយ​បែប​នេះ មិនសូវ​ដូច​អ្វី​ដែល​គេ​អនុវត្ត​ក្នុង​ឱកាស ផ្សេង​ៗ​នៃ​ការ​ចេញដំណើរ​បែប​ដូច​គ្នា​ឡើយ ព្រោះ​គ្មាន​ភ្លេង​ត្រែ​ប្រគំ​ជា​កិត្តិយស ។ ប្រជាជន​ក៏​ពុំ​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ដឹង ជា​ពិសេស​ស​ទៅ​ទៀត​ក៏​ពុំ​ដឹង​ពី​មូលហេតុ​នៃ​ព្រះរាជ​ដំណើរ​ចាកចេញ​ទាំង​ប្រញាប់ប្រញាល់​នេះ​ដែរ ។

ការ​ចេញដំណើរ​នេះ​ហាក់ដូចជា​ការ​ភៀសខ្លួន​មួយ ។ ពួក​អ្នក​សង្កេតការណ៍​ខ្លះ​បាន​រាយការណ៍​ថា ពេញ​រយៈពេល​នៃ​ការ​គង់នៅ​របស់​ព្រះ​អង្គ​នៅ​ប្រទេស​បារាំង សម្តេចព្រះ​ប្រមុខរដ្ឋ​បាន​ស្ថិត​នៅ​ក្នុង​សភាព​គ្មាន​ដឹង​នូវ​អ្វី​ទាំងអស់ ដែល​គេ​ជំនុំ​គ្នា​ក្បត់​នៅ​ក្រុងភ្នំពេញ ជា​រៀងរាល់ថ្ងៃ​ព្រះ​អង្គ​បាន​បំភ្លេច​តថភាព​ទាំងស្រុង​របស់​ប្រទេស​ជាតិ​ថែម​ទៀត ព្រះ​អង្គ​សព្វព្រះទ័យ​គ្រប់គ្រង​បរិយាកាស​មួយ​នៅ​កន្លែង​និរទេស​ខ្លួន​តាំងពី​ពេល​នោះ​ម្ល៉េះ ។

ព្រឹត្តិការណ៍ ផ្សេង​ៗ​ដែល​នាំ​ទៅ​ដល់​ការ​ដកហូត​មុខ​តំណែង​ព្រះ​អង្គ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​១៩៧០ ក្នុង​ខេត្ត​ទល់ដែន​ស្វាយ​រៀង ។ នៅ​ថ្ងៃ​នោះ​ប្រជាជន​នៅ​ទីរួមខេត្ត និង​នៅ​តាម​ភូមិ​នានា​ក្នុងស្រុក​ច​ន្ទ្រា កំពង់​រោទ៍ រំដួល និង​រមាស​ហែក បាន​ធ្វើ​បាតុកម្ម​ពេល​ដំណាលគ្នា​ប្រឆាំង​នឹង​វត្តមាន​របស់​កងទ័ព​វៀតណាម​ខាងជើង និង​វៀត​កុង ដែល​បោះទីតាំង​នៅ​ក្នុង​ទឹកដី​ខ្មែរ ។ ព្រោះថា​នៅ​ក្នុង​តំបន់​នេះ ពួក​អ្នកស្រុក​មានការ​ឈឺចាប់​កាន់តែ ខ្លាំង​ឡើង​ៗ ចំពោះ​កងទ័ព​ទាំងនោះ ដែល​ចាប់ផ្តើម​បង្កើត​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មិនមែន​ជា​ប្រទេស​របស់​ខ្លួន​តាំងពី​ពេល​នោះ​ម្ល៉េះ ។ ពួក​អ្នកកាន់កាប់​ទាំងនោះ​ដែល​តាម​បន្ទូល​ជា​ធម្មតា​របស់​សម្តេច​ថា​ជា «​មិត្ត​» នោះ​បាន​ដាក់​ប​ង្ខ​ខំ​ចំពោះ​ប្រជាជន​កម្ពុជា នូវ​ការ​កំណត់ព្រំដែន​ក្នុង​ការ​ធ្វើ​ដំណើរ ការ​ប្រមូល​យក​រទេះគោ និង​មនុស្ស សម្រាប់​ជួយ​ដឹក​ជ​ញ្ចូ​ន​សម្ភារ របស់​ពួក​គេ ហើយ​នៅ​កន្លែង​ខ្លះ​ពួក​គេ​ថែម​ទាំង​បាន​បង្ខំ​ឱ្យ​ទទួលយក​ការ​គ្រប់គ្រង​មួយ​ដែល​នាំ​ឱ្យ​អំពល់​ថែម​ទៀត ដើម្បី​កុំឱ្យ​គេ​និយាយ​ថា​ខ្លួន​មក​ធ្វើ​អាណានិគម ។

ការ​ប្រព្រឹត្ត​ទាំងនេះ​របស់​វៀតណាម​ខាងជើង និង​ពួក​វៀត​កុង​គ្មាន​នរណា​ម្នាក់​មិនដឹង​នោះ​ទេ​។ ក្រុម​មជ្ឈដ្ឋាន​ប្រជាជន គេ​បាន​និយាយ​ពី​រឿង​នេះ​តាំង​តែ​ពី​ច្រើន​ឆ្នាំ​មក​ហើយ ។

សម្តេច​សីហ​នុ​ផ្ទាល់​ធ្លាប់​បាន​មាន​បន្ទូល​ពី​ការ​កាន់កាប់​តំបន់​ព្រំដែន​ទាំងឡាយ​ដោយ​ពួក​វៀតណាម​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែរ ។ ដូចនេះ​ហើយ​បានជា​នៅ​ពេល​បើក​សម័យប្រជុំ​លើក​ទី​២ របស់​រដ្ឋសភា​ប្រចាំឆ្នាំ​១៩៦៩-១៩៧០ ព្រះ​អង្គ​បាន​ថ្លែង​ប្រកាស​ថា ៖ «​បន្ទាប់​ពី​បាន​ប្រកាស​ថា​ទទួលស្គាល់ និង​គោរព​ព្រំដែន​របស់​យើង ពួក​គេ​មិន​ឈប់​រំលោភ​បំពាន​តំបន់​ព្រំដែន​យើង ឡើយ​» ។ ម្យ៉ាងទៀត​ក្នុង​បណ្តា​ឆ្នាំ​១៩៦៦-១៩៧០ ត្រូវ​បាន​កត់សម្គាល់​ដោយ​យុទ្ធនាការ​ពិតប្រាកដ​មួយ​សំដៅ​ប្រឆាំង​នឹង​ពួក​កុំ​មុ​យ​នី​ស្ត​នៅ​ខាងក្នុង​ប្រទេស ប៉ុន្តែ​ក៏​ប្រឆាំង​នឹង​ប្រទេស​ចិន វៀតណាម​ខាងជើង និង​វៀត​កុង​ផង​ដែរ ។ នៅ​ក្នុង​រឿង​នេះ​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​បង្កើន​ការ​ថ្លែង​សុន្ទរកថា ការ​ធ្វើ​សន្និសីទកាសែត​រឹតតែ​ច្រើន​ឡើង​ថែម​ទៀត ។

ដូច្នេះ​នៅ​ដើមឆ្នាំ​១៩៧០ មតិ​ជាតិ​បាន​ត្រៀម​រៀបចំ​ប្រឆាំង​នឹង «​ការ​ឈ្លានពាន​ជាយថាហេតុ​មួយ​» របស់​វៀតណាម​រួច​ស្រេច​ទៅ​ហើយ រួម​ទាំង​ការ​បើកផ្លូវ​ឆ្ពោះទៅ​រក​ការ​ផ្សះផ្សា​ជាមួយ​សហរដ្ឋអាមេរិក​វិញ​ផង ។

នៅ​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​១៩៧០ បាតុកម្ម​យ៉ាង​ធំ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​រដ្ឋធានី បន្ទាប់​ពី​មាន​បាតុកម្ម​នៅ​ខេត្តស្វាយរៀង ។ គេ​មិន​អាច​និយាយ​ថា បាតុកម្ម​នេះ​បាន​កើត​មាន​ឡើង​ដោយ ឯង​ៗ​ទាំងស្រុង​នោះ​ទេ ។ បទបញ្ជា ផ្សេង​ៗ​បាន​ដាក់​ចេញពី​«​លើ​» ទៅ​កាន់​អ្នក​ទទួលខុសត្រូវ នីមួយ​ៗ​នៃ​គ្រឹះស្ថានសិក្សា ទីស្តីការរដ្ឋមន្ត្រី និង​សហគ្??