ប្រយ័ត្នប្រើរថយន្តដែលមានពណ៌និងស្លាកលេខឆុងទៅនឹងថ្ងៃកំណើតរបស់អ្នក ។ ត្រង់ចំណុចនេះប្រហែលជាអ្នកមិនសូវជឿទេមើលទៅ ប៉ុន្តែង៉ូវហេងល្អ ហុងស៊ុយល្អពិតជាមានមែនពេលអ្នកទិញរថយន្តដែលមានពណ៌ ស្លាកលេខ ត្រូវនឹងហុងស៊ុយថ្ងៃកំណើតរបស់អ្នក ។ ដូចនេះតើអ្នកគួរជ្រើសរើសពណ៌រថយន្តអ្វី ហើយស្លាកលេខរថយន្តលេខប៉ុន្មាន និងលេខប៉ុន្មានដែលត្រូវចៀសសវាង ដើម្បីឱ្យត្រូវនឹងហុងស៊ុយថ្ងៃកំណើតរបស់អ្នក ? សូមមើលហុងស៊ុយនៃការប្រើប្រាសពណ៌និងស្លាកលេខរថយន្តដូចខាងក្រោម៖

១-អ្នកកើតថ្ងៃចន្ទ ជ្រើសរើសពណ៌ខៀវ, ផ្ទៃមេឃ ជួយឱ្យក្លាយជា អ្នកគួរឱ្យលើកតម្កើង ឬគោរពរាប់អាន។ ពណ៌ស្ករ, មាស ជួយបង្កើនអំណាច កិត្តិយស កេរ្តិ៍ឈ្មោះ។ ពណ៌ស, លឿងខ្ចី ជួយឱ្យជោគជ័យក្នុងជីវិត និងការងារ ព្រោះមានអ្នកជួយឧបត្ថម្ភគាំទ្រ ។ ពណ៌ប្រផេះ, ត្នោត ជួយបង្កើនភាពរលូន ក្នុងជីវិត ។ ពណ៌ស្វាយចាស់ ជួយបង្កើនឱ្យមាន ជោគលាភ វាសនាខ្ពង់ខ្ពស់ ។ ពណ៌បៃតង ជួយឱ្យមានមន្តស្នេហ៍ មេត្តាធម៌ និងការគួរឱ្យគោរព។ ពណ៌មិនគួរប្រើ ពណ៌ក្រហម និងផ្កាឈូក។ ស្លាកលេខយានយន្ត មិនគួរមានលេខ ៣ និង ៨ ។

២-អ្នកកើតថ្ងៃអង្គារ ពណ៌ស ជួយឱ្យអ្នកដទៃមានទំនុកចិត្ត។ ពណ៌ក្រហម ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។ ពណ៌ត្នោត, ប្រផេះ ៖ ជួយឱ្យចាកឆ្ងាយពីឧបសគ្គ សត្រូវ និងបញ្ហាផ្សេងៗ។ ពណ៌ផ្ទៃមេឃ ៖ ជួយបង្កើនជោគលាភ វាសនា និងបារមី។ ពណ៌បៃតង ៖ ជួយឱ្យសម្រេចបំណង ព្រោះមានអ្នកជួយឧបត្ថម្ភគាំទ្រ។ ពណ៌ទឹកក្រូច, មាស ៖ ជួយឱ្យមានសិរីមង្គល ក្នុងជីវិត។ ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ខ្មៅ ពណ៌ស្វាយ និងពណ៌ខៀវ។ ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៧ និង ៩ ។

៣-អ្នកកើតថ្ងៃពុធ ៖ ពណ៌បៃតង ជួយឱ្យអ្នកដទៃមានទំនុកចិត្ត និងការជឿជាក់។ ពណ៌ក្រហម, មាស ៖ ជួយឱ្យការងាររលូន ទៅមុខល្អ។ ពណ៌ក្រហម, ផ្កាឈូក ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។ ពណ៌លឿង ៖ ជួយឱ្យសម្រេចកិច្ចការធំ។ ពណ៌ខ្មៅ ៖ ជួយឱ្យរួចផុតពីឧបសគ្គ សត្រូវ និងបញ្ហាផ្សេងៗ។ ពណ៌ស្ករ ៖ ជួយឱ្យមានជោគលាភ។ ពណ៌ផ្ទៃមេឃ, ខៀវ ៖ ជួយឱ្យមាន លាភ បារមី វាសនាល្អ។ ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ត្នោត ពណ៌ប្រផេះ និងពណ៌ស្វាយ។ – ស្លាកលេខយានយន្ត មិនគួរមានលេខ ៖ ៨ និង ៧ ។
៤-អ្នកកើតថ្ងៃព្រហស្បតិ៍ ៖ ពណ៌ក្រហម ៖ ជួយឱ្យអ្នកដទៃជឿទុកចិត្ត។ ពណ៌ផ្កាឈូក ៖ ជួយឱ្យសម្រេចបំណង ព្រោះមានអ្នកចាំជួយឧបត្ថម្ភគាំទ្រ។ ពណ៌ខៀវ, ផ្ទៃមេឃ ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។ ពណ៌មាស, លឿង ៖ ជួយឱ្យចាកឆ្ងាយពី ឧបសគ្គ សត្រូវ និងបញ្ហាផ្សេងៗ។ ពណ៌ខ្មៅ, ស្វាយចាស់ ៖ ជួយឱ្យមានជោគលាភ មន្តស្នេហ៍ គួរឱ្យគោរព។ ពណ៌មិនគួរប្រើ ៖ ពណ៌បៃតង។ ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៤ និង ៦” ។

៥-អ្នកកើតថ្ងៃសុក្រ ៖ ពណ៌ឈាមជ្រូក, ពណ៌ក្រហម ៖ ជួយឱ្យមាន អ្នកគោរពកោតក្រែង។ ពណ៌ខ្មៅ ៖ ជួយរឿងលុយកាក់។ ពណ៌ស ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពី គ្រោះថ្នាក់ផ្សេងៗ។ ពណ៌សំបកមង្ឃុត ៖ ជួយរីកចម្រើនផ្នែកលុយកាក់ និងទំនុកចិត្ត។ ពណ៌បៃតង ៖ មានអ្នកជួយទំនុកបម្រុង។ ពណ៌ត្នោត, ប្រផេះ, មាស ៖ មានមេត្តា មានមន្តស្នេហ៍។ ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ផ្ទៃមេឃ និង ពណ៌ខៀវ ។ ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៣ និង ៦។
៦-អ្នកកើតថ្ងៃសៅរ៍ ៖ ពណ៌ទឹកក្រូច, លឿងចាស់ ៖ ចម្រើនខាង លុយកាក់ និងភាពរឹងប៉ឹងមាំមួន។ ពណ៌ខ្មៅ ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។ ពណ៌ខៀវ, មាស ៖ មានមេត្តា មានមន្តស្នេហ៍ ទទួលការទំនុកបម្រុងពីមនុស្សចាស់ ធ្វើឱ្យមានជោគលាភ។ ពណ៌សំបកមង្ឃុត ៖ ជួយចម្រើនថាមពល ឱ្យរលូនក្នុងជីវិត។ ពណ៌ជម្ពូ ឬផ្កាឈូក ៖ ជួយឱ្យមានអ្នកទំនុកបម្រុង។ ពណ៌ផ្ទៃមេឃ ៖ ជួយឱ្យសម្រេចជោគជ័យ ក្នុងជីវិត និងការងារ។ ពណ៌បៃតង ៖ ជួយឱ្យមានអំណាច កិត្តិយស មានឈ្មោះបោះសំឡេង។ ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ក្រហម។ ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ១ និង ៥ ។

៧-អ្នកកើតថ្ងៃអាទិត្យ ៖ពណ៌ស្វាយចាស់ ៖ ជួយឱ្យមានជោគជ័យ និងបារមី។ ពណ៌ខ្មៅ ៖ ជួយឱ្យមានអំណាច កិត្តិយស កេរ្តិ៍ឈ្មោះ។ ពណ៌ត្នោត, ប្រផេះ ៖ ជួយឱ្យគេជឿជាក់។ ពណ៌មាស ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុត ពីគ្រោះថ្នាក់ផ្សេងៗ។ ពណ៌ស្ករ ៖ ជួយឱ្យមានស្ថេរភាពក្នុងជីវិត។ ពណ៌បៃតង ៖ ជួយឱ្យចាកឆ្ងាយពីឧបសគ្គ សត្រូវ ឬបញ្ហាផ្សេងៗ។ ពណ៌ក្រហម, ផ្កាឈូក ៖ ជួយឱ្យសម្រេចកិច្ចការងារ ព្រោះមានអ្នកចាំជួយឧបត្ថម្ភគាំទ្រ។ ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ស ឬលឿងទុំ។ ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ១ និង ២ ៕ សាន សារិន
ចែករំលែកព័តមាននេះ