ខេត្តតាកែវ៖ នៅឯស្រុកទ្រាំង ខេត្តតាកែវ នៅក្នុងខែកក្កដា កន្លងទៅនេះ មានក្រុមប្រឹក្សាស្រុក ចំនួន ៦នាក់ បានឆ្លងជំងឺកូវីដ១៩។ មកដល់ពេលនេះ ត្រូវបានសម្រាកព្យាបាល នៅសាលាគរុកោសល្យខេត្ត និងបានជាសះស្បើយអស់ហើយ។
ប៉ុន្តែនៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ លទ្ធផល បានចេញមកថា លោក ឈួន ផានី អភិបាលស្រុកទ្រាំង និងក្រុមប្រឹក្សាស្រុកម្នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្ត យកសំណាក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។ ទន្ទឹមនឹងការឆ្លងជំងឺកូវីដ១៩ លើលោកអភិបាលស្រុកទ្រាំងរួចមក ជំងឺនេះ ក៏បានឆ្លងដល់ប្រពន្ធ និងកូន ៤នាក់ទៀតផងដែរ។ ទាំង ៦នាក់នោះ ត្រូវបានរថយន្តពេទ្យ ដឹកយកមកព្យាបាល នៅសាលាគរុកោសល្យខេត្ត កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ រួចហើយ។
លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បាប់ប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២១ នេះថា ចំពោះស្ថានភាពជំងឺកូវីដ១៩ នៅខេត្តតាកែវ មិនទាន់ថយចុះនៅឡើយទេ គឺកាន់តែធ្ងន់ធ្ងរ បើទោះជាក្រុមគ្រូពេទ្យ បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ព្យាបាលស្ទើរមិនមានពេលសម្រាកក៏ដោយ ក៏ស្ថានភាពនៃការរីករាលដាល មិនបានថយចុះឡើយ។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបន្តទៀតថា រាល់ថ្ងៃនេះ ប្រជាពលរដ្ឋ ក៏ដូចជាពលករ កំពុងធ្វើចត្តាឡីស័កកំរិត២ សរុបមានចំនួន ៥១៩នាក់ ស្រី ២០៦នាក់ ក្នុងនោះ រួមមាន៖ នៅសេវិនដេអីន សរុប ៤០នាក់ ស្រី ១២នាក់។ នៅសាលាគរុកោសល្យភូមិភាគ សរុប ១០០នាក់ ស្រី ៤៣នាក់។ នៅមន្ទីរពេទ្យស្រុកបាទី ៥៣នាក់ ស្រី ២៨នាក់។ នៅមន្ទីរពេទ្យអង្គបុរី ៨១នាក់ ស្រី ៣៤នាក់ នៅមន្ទីរពេទ្យស្រុកប្រតិបត្តិ គិរីវង់ ៧១នាក់ ស្រី ២១នាក់។ នៅមន្ទីរពេទ្យស្រុកកោះអណ្តែត ៦៣នាក់ ស្រី ១៨នាក់ នៅព្រៃកប្បាស ១០២នាក់ ស្រី ៤៣នាក់ និងនៅអង្គរកា ៩នាក់ ស្រី ៧នាក់។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ថា នៅទូទាំងខេត្តតាកែវ បានធ្វើតេស្ត រកឃើញអ្នកវិជ្ជមាន កូវីដ១៩ សរុបចំនួន ៥ ៤៩១ នាក់ ស្រី ៣ ២៦៤នាក់។ ក្នុងនោះ អ្នកវិជ្ជមាន កំពុងព្យាបាល មានចំនួន ១ ០៥០នាក់ ស្រី ៤០៨ នាក់ (ស្ថានភាពអ្នកជំងឺ គឺមានសភាពធម្មតាទាំងអស់)។ ចំណែកករណីជាសះស្បើយ មានចំនួន ៤ ៤៦០នាក់ ស្រី ២ ៦៣៥នាក់ និងបញ្ជូនទៅសម្រាកព្យាបាលនៅភ្នំពេញ ចំនួន ១២នាក់ ស្រី ៥នាក់ (៩នាក់ ទៅព្រីមៀសែនសុខភ្នំពេញ ២នាក់ ទៅមន្ទីរពេទ្យហ្លូងម៉ែ និងម្នាក់ ទៅមន្ទីរពេទ្យចាក់ចង្រែ)។ រីឯករណីស្លាប់ នៅខេត្តតាកែវ មានចំនួន ១២៣នាក់ ស្រី ៧៦នាក់។
លោកប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតែមិនបានថយចុះសោះ ហើយកាលពីថ្ងៃទី៧សីហា មានអ្នកធ្វើតេស្តវិជ្ជមាន ករណីថ្មី ចំនួន ៥២នាក់ ស្រី ២៣នាក់ ក្នុងនោះ មាន៖ ១.ស្រុកត្រាំកក់ ចំនួន ៣នាក់ ស្រី ២នាក់ ២.ស្រុកបាទី ២នាក់ ស្រី ២នាក់ ៣.ស្រុកគិរីវង់ ១២នាក់ ស្រី ៦នាក់ ៤.ស្រុកព្រៃកប្បាស៩នាក់ ស្រី ០៦នាក់ ៥.ស្រុកអង្គរបុរី ២នាក់ ៦.ក្រុងដូនកែវ ម្នាក់ ៧.ស្រុកកោះអណ្តែត ០៥នាក់ ស្រី ម្នាក់ ៨.ស្រុកទ្រាំង ១០នាក់ ស្រី ០៣នាក់ និង៩. ស្រុកបុរីជលសា ៨នាក់ ស្រី ៣នាក់។
ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ នៅខេត្តតាកែវ ក៏ត្រូវបានលោកប្រធានមន្ទីរ លើកឡើងថា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ អ្នកបានចាក់វ៉ាក់សាំង សរុបមានចំនួន ២៣៧ ០២០ នាក់ ស្រី ១២៥ ៣០៦នាក់។ ក្នុងនោះ រួមមាន៖ Sinopharm ៣៩៦៩០នាក់ ស្រី ២០៣៨៥នាក់ Sinovac ១៩២ ២៦៤នាក់ ស្រី ១០២២២១នាក់ និងJanssen/J&J ចំនួន ៥០៦៦ ស្រី ២៧០០នាក់។ រីឯការចាក់លើកទី២ មានចំនួនអ្នកបានចាក់សរុប ១៣០ ៩៣៥នាក់ ស្រី ៧០២១៦នាក់ ក្នុងនោះ រួមមាន Sinopharm ១៤៥២៣នាក់ ស្រី ៧៣១៦ នាក់ Sinovac ១១៦៤១២ នាក់ ស្រី ៦២៩០០នាក់៕
ចែករំលែកព័តមាននេះ