ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវីជូង ជូងី ៖ ទោះមិនបានសិទ្ធធ្វើនយោបាយពេលនេះ តែលោកមិនបោះបង់ឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជាង ២ ខែ​មក​ហើយ ​ដែល​លោក ជួង ជូ​ងី មេធាវី​របស់​អតីត​បក្ស​ប្រឆាំង​បាន​ដាក់​សំណើរ​សុំ​សិទ្ធិ​ធ្វើ​យោ​បាយ​វិញ តែ​ហាក់​គ្មាន​សញ្ញា​វិជ្ជមាន​ថា…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជាង ២ ខែ​មក​ហើយ ​ដែល​លោក ជួង ជូ​ងី មេធាវី​របស់​អតីត​បក្ស​ប្រឆាំង​បាន​ដាក់​សំណើរ​សុំ​សិទ្ធិ​ធ្វើ​យោ​បាយ​វិញ តែ​ហាក់​គ្មាន​សញ្ញា​វិជ្ជមាន​ថា លោក​នឹង​ទទួល​បាន​សិទ្ធ​ធ្វើ​នយោបាយ​ឆាប់​ៗ​នេះ​ទេ ដោយសារ​តែ​លោក​នៅ​ជាប់​រឿង​ក្តីក្តាំ​ង​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

យ៉ាងណាមិញ ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព លោក ជួង ជូ​ងី បានឱ្យ​ដឹង​ថា​លោក​មិន​អស់សង្ឃឹម​នោះ​ទេ ព្រោះ​បើសិនជា​លោក​មិន​ទទួល​បាន​សិទ្ធ​ធ្វើ​នយោបាយ​ពេល​នេះ ក៏​លោក​នឹង​រង់ចាំ​រហូត​ផុត​ការ​កំណត់​របស់​សាលក្រម​តុលាការ​កំពូល ពេល​នោះ​លោក​នឹង​ធ្វើ​នយោបាយ​ឡើង​វិញ​ ។

លោក ជួង ជូ​ងី បាន​ដាក់​សំណើសុំ​ទៅ​ក្រសួងមហាផ្ទៃ​តាំងពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២១ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ក្រសួងមហាផ្ទៃ​ឡើង​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​រូប​នេះ ។ តែ​យ៉ាងណាមិញ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ករណី​លោក​ជួង ជូ​ងី គឺ​មិន​ទាន់​អាច​ផ្តល់​សិទ្ធ​នយោបាយ​ឡើង​វិញ ក៏​ព្រោះតែ​លោក ជួង ជូ​ងី នៅ​មានរឿង​ក្តីក្តាំ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ ។

លោក ជូ​ង ជូ​ងី បាន​លើក​ឡើង​ថា ការ​មិន​ផ្តល់​សិទ្ធិ​ធ្វើ​យោ​បាយ មិន​បាន​ធ្វើ​ឱ្យ​លោក​មានការ​ប្រឈម និង​អស់​ថវិកា​អ្វី​នោះ​ទេ ហើយ​លោក​ក៏​គិត​ថា​លោក​មិន​អាច​ទទួល​បាន​សិទ្ធ​ធ្វើ​ន​យោ​យ​បាយ​ឆាប់​ដែរ ។ ការ​មិន​សង្ឃឹម​នេះ គឺ​ក្រោយ​ពី​លោក​ទទួល​បាន​ព៏​ត៌​មាន​អំពី​ការ​ប្រកាស​របស់ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មិន​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​អតីតមន្ត្រី​គណបក្សប្រឆាំង​ណា​ដែល​មាន​បំណង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ហើយ​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ​។

លោក​ជូ​ង ជូ​ងី បាន​បញ្ជាក់​ថា «​ខ្ញុំ​បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​តាំងពី​ថ្ងៃ​ទី​២៤​ខែមិថុនា​ទៅ​ក្រសួងមហាផ្ទៃ​រួច ហើយ ហើយ​រហូត​មក​ដល់​ពេល​នេះ អត់​មាន​ចម្លើយ​តប​ពី​ក្រសួង មហាផ្ទៃ​នោះ​ទេ ប៉ុ​ន្ទែ​គ្រាន់តែ​ខ្ញុំ​ឃើញ​តាម​បណ្តាញ​សង្គម​ថាស​ម្តេច​នាយក​រដ្ឋមន្ត្រី​មិន អនុញ្ញាត​ឲ្យ​លោក​ធ្វើ​នយោបាយ​ទេ​»​។

សូម​រម្លឹក​ថា សម្តេច​តេ​ជោ កាលពី ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​រឹត​បន្តឹង​លើ​ការ​ស្នើ​សុំ​នីតិសម្បទា ធ្វើ​នយោបាយ​របស់​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ទៀត ដែល​ជាប់​បម្រាម​តុលាការ ដោយ​សម្តេច​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ សំណើ​របស់​អ្នក​ទាំងនោះ នឹង​ត្រូវ​ទុក​ពេល​ពិចារណា​មួយ​រយៈ​សិន​។ ក្នុង​នោះ សម្តេច​តេ​ជោ ក៏​បាន​រំលឹក​អំពី​ការ​បដិសេធ​មិន​ស្នើ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ជូន​ដល់ អតីត​សមាជិក​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប នោះ​គឺ លោក ជួង ជូ​ងី និង លោក ញ៉ឹម គឹ​ម​ញ៉ុ​ល​។ សម្តេច​តេ​ជោ បាន​ថ្លែង​នា​ពេល​នោះ​ថា «​ចាប់ពី​ពេល​នេះ​ទៅ ត្រូវ​ពិនិត្យ​សិន បើ​មិន​អ​ញ្ចឹ​ង​ទេ ត្រូវ​ចាំ​ដល់​ខែ​១១ ឆ្នាំ​២០២២ អាហ្នឹង​រួច​ផុត​ពី​ផ្លូវច្បាប់​ហើយ ចង់​ធ្វើ​អី​ធ្វើ​ទៅ​»​។

ទាក់ទិន​នឹង​ការ​រឹត​បន្តឹង​ក្នុង​ការ​ផ្តល់​សិទ្ធិ​នយោបាយ​នយោបាយ​ដល់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​នេះ​ផង​ដែរ លោក​មេធាវី​ជូ​ង ជូ​ងី លើក​ឡើង​ថា «​នេះ​ជា​សិទ្ធិ​របស់​សម្តេច​! សម្តេច​ចង់​ឲ្យ​អ្នក​ធ្វើ​អ្នក​នោះ​បាន​ធ្វើ ហើយ​សម្តេច មិន​ចង់​ឲ្យ អ្នក​ធ្វើ​អ្នក​នោះ​អត់​!»​។ លោក​បន្ត​ថា ការ​មិន​ទាន់​បាន​សិទ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ លោក​មិន​ខាតបង់​អ្វី​នោះ​ទេ តែ អ្នក​ខាត​គឺ​សង្គម ពីព្រោះ​ថា​អ្នកនយោបាយ​លះបង់​ទាំង​ពេលវេលា និង​គំនិត និង​ការ​ប្រឈម​នានា និង​ថវិកា​ផង​ដែរ ។

យ៉ាងណាមិញ លោក​អះអាង​ថា «​ប៉ុន្តែ​ខ្ញុំ​មិន​បោះបង់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ តែ​រង​ចាំ​ផុត​ការ​កំណត់​សាលា​ក្រម​តុលាការ កំពូល​លោក​នឹង​ធ្វើ​នយោបាយ​ឡើង​វិញ​» ។ ទោះបីជា​ប្រកាស​ធ្វើ​នយោបាយ​នៅ​ក្រោយ​ពេល​ច្បាប់​បាន​អនុញ្ញាត​អាច​ធ្វើ​យោ​បាយ​ឡើង​វិញ​យ៉ាងណា​ក្តី​លោក​មេធាវី ជូ​ង ជូ​ងី​មិន​ទាន់​បាន​បញ្ជាក់​លោក​នឹង​ចូល​ធ្វើ​នយោបាយ ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ទេ ដោយសារ​គណបក្សប្រឆាំង​ត្រូវ​បាន​រំលាយ​ហើយ ពេល​អតីតមន្ត្រី​គណបក្សប្រឆាំង​បាន​បង្កើត​មាន​ចំនួន​ច្រើន​។ លោក​ថា​៖«​ខ្ញុំ​មិន​ទាន់​គិត​ថា​ទៅ​ជាមួយ​ក្រុម​គណបក្ស​នយោបាយ​នោះ​ទេ ពីព្រោះ​ថា​ពេល​នេះ​យើង​មិន​ទាន់​បាន​ទួល​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ​។ តែ​ពេល​យើង​មាន សិទ្ធិ​ធ្វើ​នយោបាយ​នោះ​យើង​ពិចារណា​ទៅ​ក្រុម​ណា ។ តែ​ពេល​នេះ​យើង​មិន​ទាន់​ពិចារណា ទៅ​ក្រុម​ណា​នោះ​ទេ​» ។

គួរ​បញ្ជាក់​ផង​ដែរ លោក ជួង ជូ​ងី ត្រូវ​តុលាការ​កំពូល​កាត់ទោស​មិន​ឱ្យធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ជាមួយនឹង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨​នាក់ ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​សំណើ​ទៅ​កាន់​ក្រសួង​មហា​ផ្ទះ​កាលពី​ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ស្នើ​សុំ​នីតិសម្បទា​នយោបាយ​ឡើយ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ